អានតួអត្ថបទ
អាល្លឺម៉ង់-អាហ្រ្វិក

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ផ្តើម​ទស្សនកិច្ច​មួយជុំវិញ​ទ្វីបអាហ្រ្វិក

នៅ​ថ្ងៃ​អាទិត្យ ទី៩ តុលា លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គឺឡា មែរកិល​បាន​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីបអាហ្វ្រិក​រយៈពេល ៣ថ្ងៃ ក្នុង ៣ប្រទេស គឺ​ម៉ាលី នីហ្សេ និង​ប្រទេស​អេត្យូពី។ បន្ទាប់​មក​នៅ​ថ្ងៃ​ពុធ ទី១២ តុលា លោកស្រី​មែរកិល​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​វិញ​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាហ្រ្វិក​មក​ពី​ប្រទេស​ឆាដ និង​ប្រទេស​នីហ្សេរីយ៉ា។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ផ្តើម​ទស្សនកិច្ច​មួយជុំវិញ​ទ្វីបអាហ្រ្វិក
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ផ្តើម​ទស្សនកិច្ច​មួយជុំវិញ​ទ្វីបអាហ្រ្វិក REUTERS/Stefanie Loos
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានបទ​អាទិភាព​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្គឺឡា មែរកិល។ « វិធានការ​ដ៏​ប្រពៃ​ក្នុង​ការ​ប្រឆាំង​នឹង​លំហូរ​ជនអន្តោប្រវេសន៍ គឺ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​នៅ​អាហ្រ្វិក ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​កំចាត់​អំពើ​ពុករលួយ » នេះ​ជា​សារ​ដែល​លោកស្រី​មែរកិល​ត្រូវ​ថ្លែង​ទៅ​កាន់​ថ្នាក់ដឹកនាំ​ប្រទេស​ម៉ាលី នីហ្សេរីយ៉ា និង​ប្រទេស​អេត្យូពី។

ម៉ាលី​ជា​ប្រទេស​ដែល​លោកស្រី​មែរកិល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​មុន​គេ និង​ដែល​លោកស្រី​ត្រូវ​បាន​លោក​ប្រធានាធិបតី​ម៉ាលី​ផ្ទាល់ខ្លួន​ទៅ​ទទួល​នៅ​ឯ​ព្រលានយន្តហោះ។ ចំណែក​ប្រធានបទ​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​លើក​ទៅ​ជជែក​មាន​ច្រើន ពិសេស​បញ្ហា​សន្តិសុខ និង​ការ​អភិវឌ្ឍ។ មន្រ្តីជាន់ខ្ពស់​ម៉ាលី​ម្នាក់​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​ដែល​បាន​ទទួល​ស្គាល់​ឯករាជ្យ​ប្រទេស​ម៉ាលី​មុន​គេ អាល្លឺម៉ង់​ជា​ប្រទេស​ស្ថិត​ក្នុង​ជម្រើស​អាទិភាព​របស់​ម៉ាលី។

រដ្ឋអំណាច​ទីក្រុង​បាម៉ាកូ​បាន​កោតសរសើរ​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៊ែរឡាំង។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៣ និង​ដើម្បី​ជួយ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ម៉ាលី អាល្លឺម៉ង់​បាន​ដក​លុយ​ពី​ហោប៉ៅ​ឲ្យ​ម៉ាលី​ចំនួន ១០០លានអឺរ៉ូ។ នៅ​ក្នុង​ទស្សនកិច្ច​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ពេល​នេះ​ទៀត បាម៉ាកូ និង​ប៊ែរឡាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ រួម​មាន អភិបាលកិច្ចល្អ កសិកម្ម ឬ​មួយ​ក៏​ផ្នែក​ទឹកស្អាត។ ក្រៅ​ពី​នេះ ក៏​មាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​ផង​ដែរ។ បច្ចុប្បន្ន​នេះ មាន​ទាហាន​អាល្លឺម៉ង់​ប្រមាណ​ជា ១០០នាក់​កំពុង​ចូលរួម​នៅ​ក្នុង​បេសកកម្ម​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទឹកដី​ម៉ាលី និង​មួយ​ចំនួន​ទៀត​កំពុង​ជួយ​បង្ហាត់បង្រៀន​ទាហាន​ម៉ាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ