អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​កូឡុំប៊ី​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១៦

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ជ័យលាភី​ណូបែល​សន្តិភាព ​ដែល​ពិភពលោក​រង់ចាំ​ជាង​គេ​បំផុត ត្រូវ​បាន​ប្រកាស​ប្រគល់​ទៅ​ឱ្យ​លោក​ប្រធានាធិបតី​កូឡុំប៊ី ហ័នម៉ានុយអែល សិនតូស Juan Manuel Santos ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​រក​ឃើញ​សន្តិភាពជាមួយ​ពួក​ឧទ្ទាម​ហ្វាក ! ប៉ុន្តែ​​ដូច​ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​រដូវ​ណូបែល​ម្តងៗ និង​ជា​ពិសេសនៅ​​មុន​ថ្ងៃ​ប្រកាស​លទ្ធផល គេ​តែង​តែឮ​ការ​បំប៉ោង​ព័ត៌មាន ទស្សនទាយ​ ស្មាន​ថា​ឈ្មោះ​នេះ ឬ​ឈ្មោះ​នោះ​សក្តិសម​ នឹង​ក្លាយ​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព។ តើ​ដំណើរការ​ជ្រើសរើស​ជ័យលាភី​ណូបែល​មាន​ដំណើរ​យ៉ាង​ដូចម្តេច​ខ្លះ ?

លោក Juan Manuel Santos ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៦
លោក Juan Manuel Santos ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៦ REUTERS/Jose Miguel Gomez/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូឡុំប៊ី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៦

មាន​អាយុ​៦៥​ឆ្នាំ ប្រសូត​ចេញ​ពី​គ្រួសារ​ត្រកូល​ខ្ពស់​​នៅ​បូហ្កូតា លោក ហ័នម៉ានុយអែល សិនតូស បាន​ចូល​ប្រលូក​ក្នុង​នយោបាយនៅ​​ឆ្នាំ​១៩៩១ និង​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ ប្រធានាធិបតី​កូឡុំប៊ីនៅ​ឆ្នាំ​២០១០។ លោក​បាន​ផ្តើម​ជីវិត​ការងារ​ដំបូង​ឡើយ ជា​អ្នក​កាសែត ដោយ​បាន​ទទួល​ជ័យលាភី និង​កោត​សរសរើ​​ពី​មហាក្សត្រ​អេស្ប៉ាញផ្ទាល់​តែ​ម្តង។

នៅ​ថ្ងៃ​​នេះ គណៈកម្មការ​ណូបែល បាន​ប្រកាស​ប្រគល់​​​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ចំពោះ​ស្នាដៃ​ ដែល​លោកបាន​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​សន្តិ ភាព​ជាមួយ​ពួក​ឧទ្ទាមកុម្មុយនិស្ត​​ប្រដាប់​អាវុធបដិវត្តិ​កូឡុំប៊ី ហ្វាក។ លោក សិនតូស បាន​ដឹកនាំ​ការ​ប្រយុទ្ធ​បង្ក្រាប​ពួក​ហ្វាក​ឱ្យ​ចុះខ្សោយ​ដើម្បី​បង្ខំ​ពួក​គេ​ឱ្យ​ចូល​ចរចា កាល​នៅ​ជា​រដ្ឋមន្ត្រីការពារ​ជាតិ។ ចាប់​​ចរចា​​​ដោយ​ស្ងាត់ៗ នៅ​​​ពេល​លោក​ឡើង​​កាន់​អំណាច​ភ្លាម និង​ជា​​ផ្លូវការ​នៅ​ឆ្នាំ​២០១២ ការ​ចរចា​បាន​​​សម្រេច​ដូច​បំណង​រហូត​បាន​ចុះ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃទី ២៦ កញ្ញា បិទ​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម​រ៉ាំរ៉ៃ ជាង​៥២​ឆ្នាំ។ ប៉ុន្តែ​នៅ​ពេល​មាន​កិច្ចព្រមព្រៀងសន្តិភាព​​បែរ​ជា​ប្រជាពលរដ្ឋ​កូឡុំប៊ី​ភាគ​ច្រើន បោះឆ្នោត​ប្រជាមតិ​​ច្រានចោល​កាលពី​ថ្ងៃទី​២ តុលា ទៅ​វិញ។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​គណៈកម្មការ​ណូបែល​ មិន​រង្គើ​​ចិត្ត​ឡើយ។  គណៈកម្មការ​យល់​ថា ការ​ច្រាន​ចោល​កិច្ចព្រមព្រៀង​របស់​កុឡុំប៊ី​មិន​មែន​មាន​ន័យ​ថា ដំណើរការ​សន្តិភាព​បាន​ស្លាប់​ឡើយ។ ហើយ​ត្រូ​វ​តែ​លើក​ទឹក​ចិត្ត​ ដល់បុគ្គល​ដែល​​ហ៊ាន​ប្រថុយប្រថាន គ្រប់​យ៉ាង​ ​មិន​ខ្លាច​បាត់​បង់​អំណាច​នយោបាយ ដើម្បី​សន្តិភាព និង​លើក​ទឹក​ចិត្ត​ដល់​រាល់​គ្រប់​ការ​ផ្តួចផ្តើម​​គំនិត​ល្អៗ​ ជា​គន្លឹះ​នាំសន្តិភាព​ឱ្យ​កូឡុំប៊ី។ នេះ​បើ​តាម​ប្រសាសន៍​របស់​របស់​ប្រធានគណៈកម្មការ​ណូបែល​ ដែល​គោរព​តាម​ប្រពៃណី​ណូបែល មិន​ពន្យល់​អំពី​មូលហេតុ​ថា​ ហេតុអ្វី​មិនរំលែក​ជ័យលាភីណូបែល​សន្តិភាព​​ឱ្យ​មេដឹកនាំ​ហ្វាក​ទន្ទឹម​នឹង​លោក​សិនតូស​ទេ។

ដំណើរ​ការ​ជ្រើសរើស​ជ័យ​លាភីណូបែល​សន្តិភាព
 

កាលវិភាគ​នៃ​ការ​ជ្រើសរើស​ជ័យលាភី​រង្វាន់​ណូបែល​
កាលវិភាគ​នៃ​ការ​ជ្រើសរើស​ជ័យលាភី​រង្វាន់​ណូបែល​ prix nobel

រង្វាន់​ណូបែល គឺ​មរតក​ និង​ជា​បង្កើត​​ឡើង​​ដោយ លោក អាល់ហ្វ្រេត ណូបែល ជនជាតិ ស៊ុយអែត ដើម្បី​លើក​សរសើរ​ដល់​អ្នក​ដែល​បាន​ខិត​ខំ​ស្វែង​រក​សន្តិភាព និង​បំរើប្រយោជន៍​មនុស្សជាតិ​។ ដំណើរ​នៃ​ការ​ជ្រើសរើស​ជ័យ​លាភី មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ! មាន​ន័យ​ថា គណៈកម្មការ​ណូបែល​បានចាប់​ពីការ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​មក​ ដើម្បី​អាច​ប្រកាស​ផ្តល់​ជ័យលាភី​​ នៅ​ឆ្នាំ​២០១៦​នេះ​បាន។

គណៈកម្មការ​ណូបែល​ដែល​មានសមាជិក​​៥​នាក់ តែង​តាំង​ដោយ​​សភាន័រវែស ចាប់​ទទួលសំណើ “ជាពាក្យ​សុំ” ​ស្នើ​​បេក្ខភាព​ណូបែល មក​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក តាំង​ពី​កញ្ញា រហូត​ដល់​តែ​កុម្ភៈ​។ ​ ​ ការ​បញ្ជូន​សំណើ​បេក្ខភាព​ណូបែល​មាន​លក្ខណៈ​សាមញ្ញ​បំផុត ​គ្រាន់​តែ​បញ្ជាក់​ឈ្មោះ និង​មូល​ហេតុ​ដែល​គួរ​ផ្តល់​រង្វាន់​ណូបែល​ដល់​ជន​នោះ​ជា​ការ​ស្រេច។ អ្នក​ដែល​អាច​ធ្វើសំណើ​បេក្ខភាព​នេះបាន ត្រូវ​តែ​ជា​នាយកសាកលវិទ្យាល័យ​ ជាសាស្រ្តាចារ្យ ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ ផ្នែក​ប្រវត្តិសាស្ត្រ ឬ​ទំនាក់ទំនង​អន្តរជាតិ ជា​សមាជិកសភា ជា​រដ្ឋមន្ត្រី ជា​អតីត​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ឬ​ជា​សមាជិក​ស្ថាប័ន​អង្គការអន្តរជាតិ​ដើម្បី​សន្តិភាព … ដូច្នេះ​ បេក្ខជន​សម្រាប់​រង្វាន់​ណូបែល​សន្តិភាព​មាន​ភាព​ចម្រុះ​ខ្លាំង​ណាស់ ! នេះ​បើ​តាម​ការ​ធានាបញ្ជាក់​​របស់​គណៈកម្មការ​ណូបែល។ ប៉ុន្តែ​បុគ្គលម្នាក់​មិន​អាច​ស្នើ​បេក្ខភាព​ខ្លួន​បាន​ទេ។

នៅរវាង​ពី​ខែ​កុម្ភៈ ដល់​ខែ​មីនា គណៈកម្មការចាប់​ផ្តើម​ធ្វើ​ជា​បញ្ជី​ និង​ជម្រុះ​យក​តែ​បេក្ខភាព​ដែល​សក្តិសម​បំផុត​ និង​ដែល​គ្មាន​នរណា​អាច​ដឹង​បាន​ឡើយ។ បញ្ជី​ឈ្មោះ​នេះ ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ក្រុម​ប្រឹក្សា​ ន័រវែស ឬ​អន្តរជាតិ ដើម្បី​ធ្វើ​ការ​សិក្សា​ និង​ធ្វើ​របាយការណ៍​លម្អិត ទាក់ទង​នឹង​បេក្ខភាព​នីមួយៗ នៅ​រវាង​ពី​ខែ​មេសា​រហូត​ដល់​ខែ​សីហា មុន​នឹង​ដាក់​ជូន​ទៅ​ឱ្យ​គណៈកម្មការ​ណូបែល​សម្រេច។ នៅ​ក្នុង​ការ​​ប្រជុំ​លើក​ទី​មួយ គណៈកម្មការ​ធ្វើ​ជម្រើស​រក្សា​បេក្ខភាព​តែ​ជាង​ម្ភៃ​នាក់​ប៉ុណ្ណោះ។ ​ពេល​ខ្លះ​ គណៈកម្មការ​ អាចទៅ​សាកសួរ​អ្នក​ឯកទេស ឬ​ក្រុម​ជំនាញ​អន្តរជាតិ​ផ្សេងៗ ដើម្បី​បាន​​ព័ត៌មាន​លម្អិត​បន្ថែម។ គណៈកម្មការ​មាន​កម្មវត្ថុ​ចំបង គឺ​​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ លើ​ជម្រើស​ផ្តល់​ ​រង្វាន់​ណូបែល​សន្តិភាព​​ដល់​ជ័យលាភីណា​ម្នាក់។ វា​ជា​ការ​កម្រ​បំផុត​ដែល​ការ​ផ្តល់​ជ័យលាភី​សម្រេច​ត្រឹម​សំឡេងភាគ​ច្រើន។ ការ​បោះឆ្នោត​សម្រេច​ផ្តល់​ជ័យលាភី ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​តុលា ហើយ​ពិធី​ប្រគល់​ពាន​រង្វាន់ ត្រូវ​ប្រារព្ធ​ធ្វើនៅ​ថ្ងៃទី ១០ ធ្នូ នៅ​ក្រុង​អូស្លូ ជាមួយ​នឹង​ការ​ប្រគល់មេដាយ​មាស សញ្ញាប័ត្រ​ និង​ថវិកា ជាង​៨លាន​អឺរ៉ូ។
 
រក្សា​ការ​សម្ងាត់​៥០​ឆ្នាំ

គណៈកម្មការ​ណូបែល​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ថា គ្មាន​ទេ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ បញ្ជី​ឈ្មោះ​បេក្ខភាព​ណូបែល​សន្តិភាព។ ជា​គោលការណ៍ គណៈកម្មការ​ណូបែល អាច​ឆ្លើយ​ថា​មែន ឬ​មិន​មែន ជននេះ​ឬ​ជន​នោះ ស្ថាប័ន​នេះ​ ស្ថាប័ន​នោះ មាន​ឈ្មោះ​ក្នុង​បញ្ជី​បាន នៅ​៥០​ឆ្នាំខាង​មុខ។ បញ្ជី​ឈ្មោះបេក្ខជន​ណូបែល នឹង​ត្រូវ​រក្សា​ជា​សម្ងាត់រហូត ហើយ​អាច​ទម្លាយ​បាន នៅ​៥០​ឆ្នាំ​ក្រោយ តែ​ប៉ុណ្ណោះ។

តែ​ឈ្មោះបេក្ខភាព​​ដែល​សារព័ត៌មាន បាន​ព្រលយ​និង​ផ្សព្វផ្សាយ​កន្លង​មក អាច​ជា​ការ​បំប៉ោង​ព័ត៌មាន ក៏​ថា​បាន និង​ជួនកាល​មក​ពី​ពួក​គេ​បាន​ទទួល​ព័ត៌មាន​ខ្សឹបខ្សៀវ​ពី​ខាង​អ្នក​ដាក់​សំណើ​បេក្ខភាព ដែល​ពួក​គេ​មិន​ស្ថិត​នៅ​ក្រោម​វិន័យ និង​បញ្ញត្តិ​ថា​ត្រូវ​រក្សា​ការ​សម្ងាត់​រយៈ​ពេល​៥០​ឆ្នាំ​ឡើយ។ ពួក​គេ​អាច​សូត្រ​​ឈ្មោះ​បេក្ខជន ឬ​ស្ថាប័ន​ខ្លះ ​ដែល​គេ​គាំទ្រ ដោយ​ទាំង​មិន​ដឹង​ថា បេក្ខភាព ជាប់ចូល​ក្នុង​បញ្ជីរបស់​គណៈកម្មការ​ណូបែល​ឬ​ក៏​អត់​ផង។ បេក្ខភាព​ដែល​គណៈកម្មការ​ណូបែល​បាន​ទទួល​នៅ​ឆ្នាំ​២០១៦នេះ មាន​ឡើង​ដល់​ទៅ ៣៧៦​ ក្នុង​នោះ ២២៨ ជា​បុគ្គល និង​១៤៨ ជា​អង្គការ​ស្ថាប័ន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ