អានតួអត្ថបទ

បែលហ្សិក ៖ ប៉ូលិស​ពីរ​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត

ប៉ូលិស​ពីរ​នាក់​បាន​រង​ការ​វាយប្រហារ​ ដោយ​កាំបិត នៅ​ល្ងាចថ្ងៃ​សៅរ៍​​ម្សិលមិញ ពេល​កំពុង​បំពេញការងារ​រក្សា​សន្តិសុខ នៅ​មុខ​ទីស្នាក់ការ​តែម្តង។ នាយក​រដ្ឋមន្ត្រី​បែលហ្សិក បាន​បរិហារ​ទង្វើ​​ហិង្សា​នេះ និង​អះអាង​ថា អាច​ជាសកម្មភាព​វាយប្រហារ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម បើ​យោល​ទៅ​លើ​ភស្តុតាង​បឋម។

ទីស្នាក់ការ​ប៉ូលិស ដែល​រងការ​វាយប្រហារ​ដោយ​កាំបិត ថ្ងៃសៅរ៍​ទី ៦ សីហា ២០១៦ នៅ​ក្បែរ​ក្រុង​ព្រុចសែល
ទីស្នាក់ការ​ប៉ូលិស ដែល​រងការ​វាយប្រហារ​ដោយ​កាំបិត ថ្ងៃសៅរ៍​ទី ៦ សីហា ២០១៦ នៅ​ក្បែរ​ក្រុង​ព្រុចសែល FRED DUBOIS / BELGA / AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​វាយប្រហារ​លើ​ប៉ូលិស បាន​កើត​នៅ​មុខ​ទីស្នាក់ការ​មួយ នៅ​ក្បែរ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ដោយ​មាន​ជន​ម្នាក់​ដក​កាំបិត​ពី​កាបូបស្ពាយ​ខ្នង ស្ទុះ​យ៉ាង​លឿន​ចូល​ទៅ​កាប់​មុខ​ប៉ូលិសស្ត្រី​ពីរ​នាក់ឱ្យ​​រង​របួស ដោយ​ស្រែក​ថា “ព្រះជាធំ” មុន​នឹង​ប៉ូលិស​ទី​បី​ចូល​មក​ទាន់ ដក​កាំភ្លើង​បាញ់​ បង្ក្រាប​ឧក្រិដ្ឋជន​ឱ្យ​ស្លាប់ ពេល​ទៅ​ដល់​មន្ទីរពេទ្យ។

លោកនាយករដ្ឋមន្ត្រី បែលហ្សិក បាន​​បញ្ចេញ​ប្រតិកម្ម​ភា្លម ថ្កោល​ទោសដាច់ខាត​​អំពើ​វាយប្រហារ​ និងផ្ញើ​សេចក្តី​ឈឺឆ្អាល​ដល់​ជនរងគ្រោះ​ព្រមទាំង​គ្រួសារ និងប៉ូលិស​បែលហ្សិក​ជា​ទូទៅ។ សម្រាប់​លោកប្រមុខ​រដ្ឋាភិបាល ថ្វីបើ​គេ​ត្រូវ​រក្សា​ប្រុង​ប្រយ័ត្ន​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ដោយ​ប្រាកដ​ភ្លាម​ក៏​ដោយ ក៏​មាន​ភស្តុតាង​ដំបូង​នាំ​ អាជ្ញាធរ​ឱ្យ​គិតថា​អាច​ជា​ការ​វាយប្រហារ​ភេរវកម្ម ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​ដៃ​ដល់​ទេ។

ការ​វាយប្រហារ​នេះ កើត​ឡើង​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​ភេរវកម្ម​ខ្លាំង​ និង​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​ខ្សែ របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម នៅ​តាម​ប្រទេស​ជិតខាង​ ដូច​ជា​បារាំង​និង​អាល្លឺម៉ង់។  ព្រុចសែល ដែល​ជា​ទីក្រុង​របស់​អឺរ៉ុប និង​មាន​ស្ថាប័ន​អឺរ៉ុប​និង​អូតង់​តាំង​នៅ​ច្រើន ​ ទើប​រង​ភេរវកម្ម​នៅ​អាកាសយានដ្ឋាន​ និង​ស្ថានីយ៍​រថភ្លើង​ក្រោមដី សម្លាប់​មនុស្ស​អស់ ៣២​ នាក់ កាលពី​ថ្ងៃទី ២២​មីនា​កន្លង​ទៅ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា ការិយាល័យ​ទទួល​បន្ទុក​វាយ​តម្លៃ​​ការ​គំរាម​កំហែងភេរវកម្ម កំពុង​ធ្វើ​សិក្សា​ហានិភ័យ​ភេរវកម្ម។ បែលហ្សិក បានដាក់​ប្រទេស​ក្នុង​ភាព​​​អាសន្ន​ភេរវកម្ម​កំរិត​ខ្ពស់ទី​បី ក្នុង​ចំណោម​កំរិត​ខ្ពស់​បំផុត​ទាំង​បួន មាន​ន័យ​ ប្រទេស​អាចនិង​ទំនង​ជា​ត្រូវ​​រង​ការ​​វាយប្រហារ​ភេរវកម្ម។
នាយក​រដ្ឋមន្ត្រី​បែលហ្សិក ត្រូវ​ដឹកនាំ​កិច្ច​​ប្រជុំ​​ក្រុមប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់ នៅ​ថ្ងៃអាទិត្យ​នេះ។ កាលពី​ថ្ងៃទី ៣០​កក្កដា បែលហ្សិក​បាន​ចាប់​ខ្លួន​ជនមនុស្ស​១២​នាក់ ជាប់​សង្ស័យ​រៀប​ផែនការ​ភេរវកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ