rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ទំនាក់ទំនងរុស្ស៊ី-កម្ពុជា ឈានចូលដំណាក់ថ្មី

ដោយ កែវ ឆាយា

គ្រាន់តែ ក្នុង​កន្លះឆ្នាំ​ចុងក្រោយ គូភាគី បានធ្វើការ​ផ្លាស់ប្តូរ​ទស្សនកិច្ច ថ្នាក់​ប្រមុខ​រដ្ឋាភិបាល ដែលជា​ករណី​មិនធ្លាប់​មាន​ទេ។ បើកាលពី​ខែវិច្ឆិកា​ឆ្នាំមុន លោក នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ បានបំពេញ​ជាលើកទី១ ទស្សនកិច្ច នៅប្រទេស​កម្ពុជា នោះ ក្នុងសប្តាហ៍​នេះ គឺទស្សនកិច្ច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅរុស្ស៊ី ដើម្បី​ពង្រីក និង ពង្រឹង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ដែលទើប​គម្រប់​បាន ៦០ឆ្នាំ។ តើនា​កិច្ចចរចា ក្នុង ថ្ងៃ១៧ ឧសភា​កន្លងទៅ ប្រមុខរដ្ឋាភិបាល​រុស្ស៊ី និងកម្ពុជា បាន​សំណេះសំណាល​គ្នា​យ៉ាងណា មុននឹង ប្រព្រឹត្ត​ទៅពិធី​ចុះហត្ថលេខា លើឯកសារ​ទ្វេភាគី​មួយចំនួន ក្នុងវិស័យ​ដែលជា អាទិភាព សម្រាប់​ប្រទេសទាំងពីរ។

 

ថ្ងៃអង្គារ ១៧ឧសភា បន្ទាប់ពី​បានអញ្ជើញ​មកដល់​ក្រុងម៉ូស្គូ នៅពេល​ព្រឹក រំលងតែ ប៉ុន្មាន​ម៉ោងសោះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ត្រូវ​ទទួល​ជួបសន្ទនា ដោយ​ឥត​បង្អែរ បង្អង់ ជាមួយ​សមភាគី រុស្ស៊ី។ កិច្ចចរចា​នេះ បាន​ប្រព្រឹត្ត​ទៅ នៅឯ​និវេសនដ្ឋាន​រដ្ឋាភិបាល​រុស្ស៊ី Gorki ជាយ​ក្រុងម៉ូស្គូ នៅ​ចម្ងាយ ១៥គ.ម. ពី​រដ្ឋធានី​រុស្ស៊ី។

 
ក្នុងបរិយាកាស​លំអ​ដោយ​ទង់ជាតិ​សហព័ន្ធ​រុស្ស៊ី និង ទង់ជាតិ​រាជាណាចក្រកម្ពុជា មុននឹង​ផ្តើម កិច្ចចរចា លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ បាន​ថ្លែងទៅលោក ហ៊ុន សែន ៖ ”ទើបប៉ុន្មាន​ថ្ងៃមុនសោះ នៅ​ប្រទេស​រុស្ស៊ី មាន​ប្រារព្ធខួបទី៦០ នៃទំនាក់​ទំនង​ការទូត រវាង​រុស្ស៊ី និងកម្ពុជា។ ប្រាកដ​ណាស់ ដែលក្នុង ៦ ទសវត្សរ៍​កន្លងទៅ មាន​ព្រឹត្តិការណ៍​ច្រើន​ណាស់ បាន កើត​ឡើង នៅតាម​ប្រទេស​យើងទាំង​ពីរ។ ប៉ុន្តែឥឡូវ សំខាន់បំផុត គឺសម្លឹង​មើល​ទៅ​អនាគត។ ហាក់បីថ្មីៗ​សោះ គឺកាល​ពី​ខែ​វិច្ឆិកាឆ្នាំ​ទៅមិញ ខ្ញុំបាន​ទៅជា​ភ្ញៀវនៃ​ប្រទេស​ឯកឧត្តម។ ខ្ញុំនៅចងចាំ ដោយ​កក់ក្តៅ​អំពី​ទស្សនកិច្ចនោះ។ ខ្ញុំសូម​សំដែង​អំណរគុណ​ជាថ្មី ចំពោះ​ការទទួលគណៈ ប្រតិភូ​យើងខ្ញុំ យ៉ាង​រាក់ទាក់ក្រៃ និង​ចំពោះ​កិច្ចចរចា​ប្រកបដោយ​ផ្លែផ្កា ដែលបានប្រព្រឹត្តទៅ នៅកម្ពុជា។ ហើយ​លើកនេះ យើង​មាន​លទ្ធភាព ពិភាក្សា​គ្រប់តែបញ្ហា គឺនៅ​ប្រទេស​រុស្ស៊ី ផ្ទាល់។ ខ្ញុំសូម​ស្វាគមអបអរ​សាទរ ឯកឧត្តម ដោយស្មោះ​អស់ពីចិត្ត នៅ​លើទឹកដីរុស្ស៊ី”។

ជាចម្លើយតប​វិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ទៅលោក មេដវេដេវ ៖ “ពីចំណែកខ្ញុំ ខ្ញុំសូមសំដែង​អំណរគុណ​ឯកឧត្តម ចំពោះទស្សនកិច្ច ដែលឯកឧត្តម បានបំពេញ នៅប្រទេសកម្ពុជា​យើងខ្ញុំ។ ទស្សនកិច្ចនោះ ជាទស្សនកិច្ច​ប្រវត្តិសាស្ត្រ ពីព្រោះ ឯកឧត្តម ជា នាយករដ្ឋមន្ត្រី​រុស្ស៊ីទី១ ដែលបានធ្វើ​ទស្សនកិច្ច នៅកម្ពុជា។ ជំនួប​ដែលបានប្រព្រឹត្ត​ទៅ បាន ផ្តល់សន្ទុះថ្មី ដល់ទំនាក់ទំនង រវាង​ប្រទេសទាំងពីរ។ ខ្ញុំរីករាយ ជាពន្លឹក នឹង​ជំនួប​ថ្ងៃនេះ នៅម៉ូស្គូ។ ម៉ូស្គូ ជាក្រុង​ល្អស្អាត ដែល​ខ្ញុំធ្លាប់​បាន​មកកាន់ កាលពីជាង ៣០ឆ្នាំមុន ហើយខ្ញុំឃើញ​នៅទីនេះ មាន​ការអភិវឌ្ឍន៍ និង វឌ្ឍនភាព​ធំធេង ក្រោម ការដឹកនាំ របស់ឯកឧត្តម។

ពេលចាប់​ផ្តើមកិច្ចចរចា លោកមេដវេដេវ មាន​ប្រសាសន៍ ៖ ”រុស្ស៊ី ចាត់ទុក​កម្ពុជា “សឹង​ជាដៃគូ​យុទ្ធសាស្ត្រ” របស់ខ្លួន។ គ្រាន់តែ​ក្នុងមួយឆ្នាំ​កន្លងទៅ ទំហំ ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ បានកើនឡើង​ប្រមាណ ៤០%។ ប៉ុន្តែ បើគិតជា ទឹកប្រាក់ គឺវានៅ​មិនទាន់ឆ្លើយ​ស្រប​នឹង​សក្តានុពល ប្រទេស​ទាំងពីរ នៅឡើយ។ មិនតែប៉ុណ្ណោះ នៅពីមុខ រុស្ស៊ី និង កម្ពុជា មាន​ទស្សនវិស័យ​ដ៏ល្អ សម្រាប់​សហប្រតិបត្តិការ វិស័យ​ថាមពល។ រុស្ស៊ី ត្រៀមសង់ នៅកម្ពុជា ជា​សំណង់នានា វិស័យថាមពល ត្រៀម​លក់ទៅ កម្ពុជា គឺគ្រឿង​បច្ចេកទេស សម្រាប់​ផ្នែកថាមពល ផ្នែក​ការងារ​ជីកបូមប្រេង និង ជីករ៉ែ​ណា ដែលជាវត្ថុធាតុ​ដើម មានតម្លៃ។ ប្រទេស​ទាំងពីរ មាន​បំណង សហការគ្នា​កាន់តែស្វាហាប់ ក្នុងវិស័យ កសិកម្ម ទូរគមនាគមន៍ ព័ត៌មានវិទ្យា ហើយប្រាកដ​ណាស់ ក្នុងវិស័យ​ទេសចរណ៍។ កម្ពុជា ជា​ប្រទេស​ដែលគួរ​ឲ្យ​ចាប់អារម្មណ៍​យកចិត្តទុកដាក់​ក្រៃលែង ដោយ​ប្រាសាទអង្គរ ជា បេតិកភណ្ឌពិភពលោក ដែលខ្ញុំ​មានភ័ព្វសំណាង​បានទៅឃើញ​ផ្ទាល់ភ្នែក។

លោក ហ៊ុន សែន ពីចំណែ​កខ្លួន បន្ថែមថា ៖ “គូភាគី នឹងដាក់ឲ្យ​ដំណើរការ ជើង​យន្តហោះ​ ផ្ទាល់ រវាងរុស្ស៊ី និង​កម្ពុជា។ បែប​ដូច្នេះ យើង នឹងបង្កើន​ចំនួន​អ្នកទេសចរ​រុស្ស៊ី ដែលទៅ​សម្រាក​លំហែកាយ នៅតាម​រមណីយដ្ឋាន ប្រទេស កម្ពុជា។ កម្ពុជា​ក៏មានសំណើ ប្រកប​ដោយសំណូមពរ សុំ​ឲ្យ​រុស្ស៊ី ផ្តល់​អាហាររូបករណ៍ កាន់តែ ច្រើនឡើង ដល់​និស្សិត​កម្ពុជា សម្រាប់​គេបន្តការសិក្សា នៅតាមគ្រឹះស្ថាន​ឧត្តមសិក្សារុស្ស៊ី។

លោកហ៊ុនសែន ក៏រៀបរាប់ថា ៖ “ក្នុងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានរដ្ឋមន្ត្រី ៤រូប ដែល​ចេះ​ភាសា​រុស្ស៊ី។ ហើយអ្នកបកប្រែ​របស់ ខ្ញុំ គឺ រូបលោក​រដ្ឋមន្ត្រី​ក្រសួងអប់រំ ដែលខ្ញុំបាន​សុំគាត់ ឲ្យ​ធ្វើជា អ្នកបកប្រែ​ឲ្យខ្ញុំ។

តាមកាសែត​ក្រុងម៉ូស្គូ Komsomolskaya Pravda កត់សម្គាល់ នៅថ្ងៃបន្ទាប់​មក ប្រសាសន៍នោះ របស់​លោក នាយករដ្ឋមន្ត្រី​កម្ពុជា បានញ៉ាំង​ឲ្យមាន​ការភ្ញាក់ផ្អើល ពីខាងគណៈប្រតិភូ​រុស្ស៊ី ដែល បានវត្តមាន នាកិច្ចចរចា។ ត្រង់ចំណុច​នេះ គួរដកឃ្លា​និយាយថា ក្នុង​ប្រវត្តិនៃ​ទំនាក់ទំនង​ការទូត៦០ឆ្នាំ រវាងរុស្ស៊ី និងកម្ពុជា តាមតួលេខ​ក្រសួង​ការបរទេស​រុស្ស៊ី មានពលរដ្ឋកម្ពុជា ប្រមាណ ៨.៥០០នាក់ បានទទួល ការសិក្សា នៅ រុស្ស៊ី និងនៅតាម សាធារណរដ្ឋ​ទៀត នៃ​អតីតសហភាព​សូវៀត ហើយបច្ចុប្បន្ន ក្នុង​ប្រទេស​រុស្ស៊ី​សម័យថ្មី ក្រោយពីសហភាពសូវៀតរលំទៅ មាននិស្សិតកម្ពុជា ជិត ២០០នាក់ នៅបន្តការសិក្សា។ តាមតួលេខ​ក្រសួងអប់រំ​រុស្ស៊ី បច្ចុប្បន្ន រដ្ឋាភិបាល​រុស្ស៊ី ផ្តល់ ក្នុងមួយឆ្នាំៗ គឺ​អាហារូបករណ៍ ដល់​និស្សិត​ខ្មែរ ៣០នាក់។

ជាលទ្ធផល​នៃ​កិច្ចចរចា នៅម៉ូស្គូ ថ្ងៃ១៧​ឧសភា ភាគីរុស្ស៊ី និង កម្ពុជា បានចុះ​ហត្ថលេខា លើ កញ្ចប់​ឯកសារ ដែលប៉ះ​លើវិស័យ ​ថាមពលបរមាណូ , យោធា ,ទូរគមនាគមន៍ , ព័ត៌មានវិទ្យា និង​កីឡា។

ថ្លែងក្នុងពិធីនោះ លោក ហ៊ុន សែន លំអិត​ថា ពេលដែល​លោកនាយករដ្ឋមន្ត្រី​មេដវេដេវ បំពេញ ទស្សនកិច្ច នៅកម្ពុជា មានចុះបាន កិច្ចព្រមព្រៀង​ទ្វេភាគីចំនួន ៦ច្បាប់ ហើយឥឡូវ ឯកសាររួម​ដែលមាន​ចុះគឺ​ឡើងដល់ ៨ច្បាប់ ឯណោះ។ ទាក់ទង នឹងកិច្ចព្រមព្រៀង​វិស័យ ថាមពលបរមាណូ លោកហ៊ុន សែន បានសន្យាថា “ អាជ្ញាធរកម្ពុជា ប្រាថ្នា​អភិវឌ្ឍ ថាមពល បរមាណូ សម្រាប់បម្រើ​តែគោលដៅ​ស៊ីវិល ប៉ុណ្ណោះ ដោយមិន​បណ្តោយឲ្យកម្ពុជា រំលោភ បំពាន​ឡើយ លើ សន្ធិសញ្ញា​ដែលហាមប្រាម​ការសាយភាយ​អាវុធ​នុយក្លេអ៊ែរ។

តាមប្រសាសន៍​លោក មេដវេដេវ ៖ ចង្កោម​ឯកសារចុះ​នោះ ដែលប្រមើលនូវ សហប្រតិបត្តិកា ររហូត​ដល់ឆ្នាំ២០២០ នឹងចាក់ជាគ្រឹះ សម្រាប់សមិទ្ធិ គម្រោង​រួមរបស់​ប្រទេសទាំងពីរ។ អំពី​កិច្ចចរចា ដែល​បាន​ប្រព្រឹត្តទៅ លោក មេដវេដេវ បានទាញយក​សេចក្តីសន្និដ្ឋាន​ថា ៖
-ជំនួប​ជាមួយ​លោកនាយករដ្ឋមន្ត្រី​កម្ពុជា បានប្រព្រឹត្តទៅក្នុង​បរិយាកាសមិត្តភាព។
-រុស្ស៊ី​ចាត់ទុក រាជាណាចក្រកម្ពុជា ជាដៃគូសំខាន់​ណាស់។
-ហើយរុស្ស៊ីសង្ឃឹម​អភិវឌ្ឍ​ទំនាក់​ទំនង តាមគ្រប់​មធ្យោបាយ ជាមួយមិត្ត​កម្ពុជា​របស់ខ្លួន៕

 

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?