អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ដោះលែង​ស្ថាបនិក​វីគីលីក Julian Assange

គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ ឱ្យ​ស៊ុយអែត និង​អង់គ្លេស​បិទ​បញ្ចប់​ការបំពារបំពាន​​លើ​​ស្ថាបនិក​វីគីលីក លោក Julian Assange ដែល​បង្ខំ​ចិត្តបង្ឃាំង​ខ្លួន​ឯង​​ តាំង​ពី​ជាង​បី​ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​រស់​សំងំតែ​​ក្នុង​ស្ថានទូត​​អេក្វាទ័រ ប្រចាំ​ទីក្រុង​ឡុងដ៏​។ ប៉ុន្តែ​ស៊ុយអែត និង​អង់គ្លេស មិនខ្វល់​នឹង​ការ​​បង្គាប់​​របស់ស្ថាប័ន​​អង្គការ​សហប្រជាជាតិ​​មួយ​នេះ​ទេ។

លោក Julian Assangeស្ថាបនិក WikiLeaksថ្លែង​ពី​ស្ថានទូត​អេក្វាទ័រ​នៅ​ក្រុង​ឡុងដ៍
លោក Julian Assangeស្ថាបនិក WikiLeaksថ្លែង​ពី​ស្ថានទូត​អេក្វាទ័រ​នៅ​ក្រុង​ឡុងដ៍ REUTERS/John Stillwell/Pool
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ការ​បំពារបំពាន​​ចាប់​ឃុំ​ស្ថាបនិក​វីគីលីក​ ថា​ខុស​ច្បាប់ ! អង្គការ​មិន​ត្រឹម​តែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស៊ុយអែត និង​អង់គ្លេស បិទ​បញ្ចប់​ការ​ឃុំ​ឃាំងនេះ​​ទេ តែ​បាន​ជំរុញ​ឱ្យ​ប្រទេស​ពីរ​នេះ​គោរព​សិទ្ធ​ និង​ផ្តល់​សំណងជំងឺ​ចិត្ត​​ដល់​លោក​ Julian Assange ផង។ ព្រោះ​សម្រាប់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ រាល់​គ្រប់​ទម្រង់​នៃ​បំបិទ​សេរីភាពឯកជន​​​របស់​បុគ្គល​គឺ​ឃុំឃាំង​ដោយ​បំពាន។

 
សូម​បញ្ជាក់​ថា Julian Assange បានបង្ខំ​ចិត្ត​​រត់​ចូល​ទៅ​រស់​នៅក្នុង​ស្ថានទូត​អេក្វាទ័រប្រចាំ​​ទីក្រុង​ឡុងដ៍​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១២ មក ដើម្បី​គេច​ពី​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​អង់គ្លេស​និង​ស៊ុយអែត ដែល​បើក​អង្កេត​បឋម​មួយ​ប្រឆាំង​នឹង​លោក​ Julian Assange ក្នុង​បទ​ចាប់​រំលោភ​ស្ត្រី​ភេទ​កាលពី​ឆ្នាំ​២០១០។ លោក​ Julian Assange បាន​បដិសេធ​និង​បាន​បន្ទោស​​ស៊ុយអែត ថា​​យក​លេស​តាម​ចាប់​ខ្លួន​លោក​ ដើម្បី​ប្រគល់​យក​ទៅ​អាមេរិក ព្រោះតែ​លោក​បាន​ទម្លាយ​រឿង​សម្ងាត់​យោធា​និង​ការ​ទូត​​ ឱ្យ​​កក្រើក​ពិភពលោក លើ​ទំព័រ​វិបសៃត៍​វីគីលីក Wikileaks។

យល់​ថា​ជា​ជន​រងគ្រោះ ទើប​លោក​ Julian Assange បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ ព្រោះ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​តែ​មួយ​គត់​​ដែល​លោក​អាច​ប្តឹងផ្តល់​បាន។ តាំង​ពី​មុនចេញ​សាលក្រម​ លោក​ Julian Assange បាន​អះអាង​​នឹង​ដើរ​ចេញ​ពី​ស្ថានទូត​អេក្វាទ័រ​ ឱ្យ​ប៉ូលិសអង់គ្លេស​ចាប់ ​​ប្រសិន​បើលោក​ចាញ់​ក្តីទល់​នឹង​អង់គ្លេស​និង​ស៊ុយអែត​។ ផ្ទុយ​ទៅ​បើ​គណៈកម្មាធិការ​គាំទ្រ​លោក លោក​ត្រូវ​ការ​យក​លិខិត​ឆ្លង​វិញ តែ​មិន​បាន​បញ្ជាក់​អំពី​ផែនការ​ត្រូវ​ធ្វើ​ឡើយ។

ប៉ុន្តែ​សេចក្តី​សម្រេច​ចិត្ត​​របស់ស្ថាប័ន​នេះ​ គ្មាន​លក្ខណៈ​បង្ខំ​ទេ ! នេះ​ជា​ប្រតិកម្មរបស់​អង់គ្លេស ដែល​គេ​អាច​កាត់​យល់​បាន​ថា​ ប្រសិន​បើ​លោក Julian Assange ហ៊ាន​ដើរ​ចេញ​ពី​ស្ថានទូត​អេក្វាទ័រ នឹង​ត្រូវ​ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួន​ភ្លាម។ ចំណែក​ខាង​ស៊ុយអែត​វិញ យល់​ថា សេច​ក្តី​សម្រេច​ចិត្ត​របស់​​អង្គការ​សហប្រជាជាតិនេះ គ្មាន​ប៉ះពាល់​ដល់ច្បាប់ និង​​​ដំណើរការ​អង្កេត​បឋម​ប្រឆាំង​នឹង​ម្ចាស់​វីគីលីក​ឡើយ។ អង់គ្លេស​និង​ស៊ុយអែត បាន​សម្តែងការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​​​របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ