អានតួអត្ថបទ
កូតឌីវ័រ-តុលាការព្រហ្មទណ្ឌអន្តរជាតិ

បក្សព័ន្ធគាំទ្រលោក បាក់បូ វាយបកចោទប្រទេសបារាំងនិងលោក Ouattara ប្រធានាធិបតីកូតឌីវ័របច្ចុប្បន្នវិញ

 នៅ​ថ្ងៃ​ទី​៣លើ​ការ​ជំរំជំរះ​ទោស​អតីត​ប្រធានាធិបតី​កូតឌីវ័រ​នៅ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ​នា​ទីក្រុង​ឡាអេ ឥឡូវ​ដល់​វេន​ចុង​ចោទ​វិញ​ម្តង​ដែល​គាំទ្រ​លោក ឡូរ៉ង់ បាក់បូ ឡើង​និយាយ​តវ៉ា​​តុលាការដើម្បីបញ្ចាក់​ពី​ជំហរ​របស់​ពួកគេ​។ ​មេធាវី​របស់​អតីតប្រធានាធិបតី​កូតឌីវ័រ​ នៅ​ថ្ងៃ​ទី​១កុម្ភៈ បាន​ធ្វើការ​វាយ​បក​ចោទ​ប្រកាន់​យ៉ាង​ចំហរ​ទៅ​លើ​ក្រុម​ដ៏​ទៃ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​​​ក្នុង​វិបត្តិ​កូតឌីវ័រ​​ក្រោយ​បន្ទាប់​ពី​ការ​ បោះឆ្នោត​ប្រធានាធិបតី​ នា​អំឡុង​ឆ្នាំ​២០១០-២០១១ ក្នុង​នោះ​ក៏​មាន​ប្រទេស​បារាំង​និង​ប្រធានាធិបតី​កូតឌីវ័រ​បច្ចុប្បន្ន​ Alassane Ouattara ដែរ។ 

បក្សព័ន្ធគាំទ្រលោក​ Gbagbo តាមដានការជំនំជំរះដោយផ្ទាល់តាមទូទស្សន៍នៅថ្ងៃបើ់កសវនាការថ្ងៃទី២៨មករា២០១៦នៅ Gagnoa.
បក្សព័ន្ធគាំទ្រលោក​ Gbagbo តាមដានការជំនំជំរះដោយផ្ទាល់តាមទូទស្សន៍នៅថ្ងៃបើ់កសវនាការថ្ងៃទី២៨មករា២០១៦នៅ Gagnoa. REUTERS/Thierry Gouegnon
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ទី​១​កុម្ភៈ​ គឺ​ដល់​វេន​ខាង​ក្រុម​ជន​ជាប់​ចោទ​វិញម្តង​ដែល​ត្រូវ​លើក​បង្ហាញ​​ពី​យុទ្ធសាស្រ្ត​ធំៗ​​របស់​ខ្លួន​ដើម្បី​ជំរាប​ជូន​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នា​អំឡុង​ពេល​សវនាការកាត់ទោស​អតីត​ប្រធានាធិបតី​កូតឌីវ័រ លោកLaurent Bagbo ដែលមាន​អាយុ​៧០​ឆ្នាំ​និង​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុវជន ពី​បទ​ឧក្រឹដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ។

គួររំលឹកថា ​ជន​ជាប់ចោទ​ទាំង​ពីរ​រូប ត្រូវ​​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រឹដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ ក្រោម​បទចោទ​ប្រកាន់​ធំៗ​ចំនួន​៤​ដែល​មាន ឃាដកម្ម ប៉ុនប៉ង​ធ្វើ​ឃាត រំលោភ​បំពាន​ផ្លូវភេទ​និង​ប្រើ​អំពើ​ហិង្សា​បង្ក្រាប ព្រមទាំង​សកម្មភាព​អមនុស្ស​ធម៌​ផ្សេងៗទៀត នៅ​រវាង​ថ្ងៃ​ទី​២៧​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១២​មេសា ២០១១។​ កាលនោះ លោក ឡូរ៉ង់បាក់បូ ​បាន​បដិសេធ​ចំពោះ​ជ័យជំនះ ​របស់​លោក​​អាឡាសាន វ៉ាត់តារ៉ា នៅ​ក្នុង​ការ​បោះឆ្នោត ប្រធានាធិបតី​កូតឌីវ័រ ថ្ងៃ​ទី​២៨​វិច្ឆិកា​២០១០ និង​ក៏​មិន​ព្រម​ចុះចេញ​ពី​អំណាច ដោយស្រែកទាមទារ​ថា​លោក​ជា​អ្នក​ឈ្នះឆ្នោត។ កត្តា​នេះហើយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ប៉ះទង្គិច​អាវុធរវាង​កងកម្លាំង​ប្រដាប់​អាវុធ​ស្រប​ច្បាប់​កូតឌីវ័រ​និង​ក្រុម​អាវុធ​និង​ឧទ្ទាម​ដែល​គាំទ្រ​ខាងលោក​វ៉ាត់តារ៉ា។ សង្គ្រាម​នៅ​កូតឌីវ័រ ​ក្នុង​រយៈពេល​៥​ខែ​ បាន​បណ្តាល​ឲ្យ​មាន​ប្រជាជន ស្លាប់​ជាង​៣០០០​នាក់ ស្រ្តី​ជាង​១៥០ នាក់​ត្រូវ​បាន​គេ​ចាប់​រំលោភ។​​​

                                              
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១​កុម្ភៈ ​លោក Emmanuel Altit   មេធាវី​របស់​លោក Laurent Bagbo បាន ថ្លែង​បញ្ជាក់ពី​ជំហរ​យ៉ាង​ច្បាស់​របស់​លោក ដោយ ​បាន​​វាយប្រហារ​ចោទប្រកាន់បក​​ទៅ​លើ​រូបលោក​ប្រធានាធិបតី​កូតឌីវ័រ​បច្ចុបុ្បន្ន​និង​​​បក្សព័ន្ធ​ស់​លោកវិញ ដោយ​អះអាង​ថា ​លោក​វ៉ាត់តារ៉ា បានគ្រោងការណ៍​គិត​ទុក​ជាមុន​​ ក្នុង​ការ​ធ្វើ​សង្គ្រាម​ដើម្បី​ដណ្តើម​យក​អំណាចមក​កាន់​​កាប់​នៅក្រោមកណ្តាប់ដៃរបស់លោក​។

លោកមេធាវី ​ Emmanuel Altit ថែម​ទាំង​បាន​ស្តីបន្ទោស​ផង​ដែរ​ដល់​លោកស្រី Fatou Bensouda រដ្ឋអជ្ញា​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​CPI ថា​មិន​បាន​ធ្វើ​ដឹង​ឮ ​អំពី​សកម្មភាព ហិង្សា​ព្រៃផ្សៃ​នានា​ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​លោក វ៉ាត់តារា ​និង​តួនាទី​​របស់​បារាំង​នៅ​ក្នុង​វិបត្តិ​កូតឌីវ័រ​។ មេធាវី​របស់​លោក​ឡូរង់បាក់បូរ បាន​ចោទ​ទីក្រុង​ប៉ារីស​ ថា​បាន​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​ដល់​កងកម្លាំង​ស្និទ្ធ​នឹង​លោក​វ៉ាត់តារ៉ា​​ក៏ព្រមទាំង​បានជួយ​គាំទ្រនៅ​ក្នុង​ការ​វាយលុក ​ទោះបីជា​មាន​ការ​ដាក់ទណ្ឌកម្ម​ពី​អសប​ក៏ដោយក្តី រហូត​ដល់ លោក​​បាក់បូ បាន​ធ្លាក់​ចេញ​ពី​អំណាច​នៅ​ខែ​មេសា​ឆ្នាំ ២០១១។

មេធាវី​របស់​លោក​ឡូរ៉ង់ បាក់បូ បាន​ធ្វើ​សេចក្តីសន្និដា្នន​ចោទ​ថា “បារាំង មិន​ចង់​បាន​សន្តិភាព​​មួយ​ដោយ​ការ​ចរចា​ឡើយនៅក្នុងវិបត្តិកូតឌីវ័រ”៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ