អានតួអត្ថបទ

ភេរវកម្មប៉ារីស ស្រាវ​​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​នៅ​ជំរំ​ជនភៀសខ្លួន​អូទ្រីស

មានការ​ចាប់​ខ្លួន​ជនសង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ប៉ារីស​ថ្ងៃទី ១៣​វិច្ឆិកា ពីរនាក់ នៅ​ក្នុង​ជំរំជនភៀសខ្លួន​ Salzbourg ភាគ​ខាង​លិច​ប្រទេស​អូទ្រីស ដែល​មាន​ទេសចរបរទេស​ចេញ​ចូល​ទស្សនា​យ៉ាង​ច្រើន។​ នេះ​បើ​តាម​ប្រភព​តុលាការ​អូទ្រីស ផ្សព្វផ្សាយជាផ្លូវការ​​នៅ​ថ្ងៃពុធ​ទី ១៦ ធ្នូ តែ​បដិសេធ​មិន​បញ្ជាក់​អំពី​សញ្ជាតិ​របស់​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​ទេ។

ការអង្កេត​ភេរវកម្ម​នៅ​ប៉ារីស នាំដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ពីរ​នាក់ នៅ​ជំរំ​ជនភៀស​ខ្លួន​អូទ្រីស
ការអង្កេត​ភេរវកម្ម​នៅ​ប៉ារីស នាំដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ពីរ​នាក់ នៅ​ជំរំ​ជនភៀស​ខ្លួន​អូទ្រីស AFP/AFP
ផ្សាយពាណិជ្ជកម្ម

ធ្វើ​ដំណើរ​មក​ពី​តំបន់​ដើម​បូព៌ា ជន​សង្ស័យ​ទាំង​ពីរ មាន​សញ្ជាតិ​បារាំង ម្នាក់​មាន​ដើមកំណើត​អាល់ហ្សេរី និង​ម្នាក់​ទៀត​ប៉ាគីស្ថាន ​បាន​មក​ស្នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួនSalzbourg ប្រទេស​អូទ្រីស តាំង​ពីខែ​តុលា ដើម្បី​រង់​ចាំ​បញ្ជា ចេញ​ធ្វើ​ភេរវកម្ម​ថ្មី​ទៀត។ នេះ​បើ​តាម​ប្រភព​សារព័ត៌មានក្នុង​ស្រុក​អូទ្រីស ដែល​បាន​បញ្ជាក់​ទៀត ជនជាប់​សង្ស័យមាន​ពាក់ព័ន្ធ​នឹង​អង្គការ​ភេរវនិយម​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ដំណើរពី​ស៊ីរី មក​អូទ្រីស ជាមួយ​​អត្តឃាតជន​​បំផ្ទុះ​គ្រាប់​បែក ពីរ​នាក់​​នៅ​ក្បែរ​ស្តាត​ប៉ារីស ​និង​ដែល​មានលិខិត​ឆ្លង​ដែន​ស៊ីរី​នៅ​ក្បែរ​ខ្លួន។ ​ប៉ុន្តែ​ប៉ូលិស​និង​ក្រសួង​មហាផ្ទៃ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​លើចំណុច​នេះ។

 
ប្រសិន​បើ​ដូច​ការ​អះអាងរបស់​កាសែត​អូទ្រីសមែន នោះ​គេទំនង​ជា​​នឹង​អាច​ប្រមូល​ព័ត៌មាន​ សម្រាប់​ផ្តល់​ឈ្មោះ​ឱ្យ​អត្តឃាតជនស្លាប់​បាត់​បាន​បន្ថែម​ទៀត។ សូម​បញ្ជាក់​ថា រហូត​មក​ទល់នឹង​ពេល​នេះ ការ​អង្កេត​​បារាំង​ បាន​រក​ឃើញ​អត្តសញ្ញាណ​ភេរវជន​តែ​៦​នាក់ ក្នុង​ចំណោម​៩​នាក់ស្លាប់ ក្នុង​វាយប្រហារ​ភេរវកម្មថ្ងៃទី ១៣​វិច្ឆិកា ​​នៅ​ស្តាត នៅ​សាលប្រគុំ​តន្រ្តី​បាតាក្លង់ នៅ​តាម​ភោជនីដ្ឋាន និង​នៅ​សាំងដេនី​ជាយក្រុង​ប៉ារីស​​ថ្ងៃទី​១៨វិច្ឆិកា។ ពីរ​នាក់​ស្លាប់​នៅ​ស្តាត និង​ម្នាក់​នៅ​ក្នុង​ផ្ទះ​ពេល​ប៉ូលិស​សម្រុក​តាម​ចាប់ មិន​ទាន់​ដឹង​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​នេះដែរ ​តុលាការ​បារាំង​​ចោទ​ប្រកាន់​មនុស្ស​ពីរនាក់ និង​៨​នាក់​នៅ​ត្រូវ​ជាប់​ចោទ​និ​ងជាប់​ឃុំ​នៅ​ប៊ែលហ្សិក។ ឯ​ក្រុម​ជន​រងគ្រោះ បាន​ទាមទារ​ឱ្យ​ប៉ូលិស​បារាំង​សើរើ​ស្រាវ​​អង្កេត​តាំង​ពី​ឆ្នាំ​២០១០មក។ ព្រោះ​សារព័ត៌មានបារាំង​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​បាន​ទម្លាយព័ត៌មាន​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទាក់ទង​នឹង​ភេរវកម្ម​នៅ​ប៉ារីសនេះថា សាល​ប្រគុំ​តន្ត្រី បាតាក្លង់ ពិត​ធ្លាប់​ស្ថិតរង​ការគំរាម​កំហែង​ភេរវកម្ម ហើយ​ប៉ូលិស​បារាំង​បាន​​​​​អង្កេត​​​តាំង​ពី​ឆ្នាំ​២០១០​​រួច ក្រោយ​ពី​បាន​ទទួល​តម្រុយ​ពី​​ជនជាប់​សង្ស័យ​ធ្វើ​ភេរវកម្ម​នៅ​អេហ្ស៊ីប ឆ្នាំ​២០០៩ ថា Farouk Ben Abbes ចង់​វាយប្រហារ​បាតាក្លង់។ ប៉ុន្តែ​ប៉ូលិស​អង្កេត​បារាំង​បាន​​បិទ​សំណុំ​រឿង​នេះ​ទៅវិញ​នៅ​ឆ្នាំ​២០១២ ព្រោះ​​គ្មាន​រក​ឃើញ​អ្វី។ តែ​នៅ​ថ្ងៃ​នេះ​គេ​ដឹង​ថា Farouk Ben Abbes គឺ​ជា​មនុស្ស​ជំនិត​របស់ Fabien Clain​អ្នក​ប្រកាស​ទទួល​​ស្គាល់​ភេរវកម្ម​ថ្ងៃទី​១៣​វិច្ឆិកា ជា​ស្នាដៃ​​​អង្គការ​រដ្ឋ​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ