អានតួអត្ថបទ

ណូបែល​សេដ្ឋកិច្ច​ ផ្តល់​ជ័យលាភី​ដល់​សេដ្ឋកិច្ចវិទ្យូ​វិភាគ​ពី​សមភាពចំណូល​និង​ចំណាយ

គណៈកម្មាធិការ​ណូបែល បាន​ប្រកាសនៅ​ថ្ងៃ​ចន្ទ​ទី ១២ តុលានេះ ផ្តល់​​​​ជ័យ​លាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០១៥ ដល់លោក Angus Deaton ​សញ្ជាតិ​អាមេរិក-​អង់គ្លេស ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​ ស្តី​អំពីសមភាព​នៃ​​ការ​ចាយ​វាយ និង​ប្រាក់​ចំណូល ជាពិសេស​ការ​ចំណាយ​របស់​អ្នក​មាន​ជីវភាព​ក្រីក្រ។

លោក Angus Deatonអាយុ​៦៩​ឆ្នាំ​ជា​ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​ពីការចាយវាយ
លោក Angus Deatonអាយុ​៦៩​ឆ្នាំ​ជា​ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​ពីការចាយវាយ REUTERS/Maja Suslin/
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​៦៩​ឆ្នាំ កើត​នៅ​តំបន់​អេកូស​ប្រទេស​អង់គ្លេស ជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ Princeton​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក​ លោក Angus Deaton បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៥ ចំពោះ​ស្នាដៃ​វិភាគ​ អំពី​ទំនាក់​ទំនង​រវាង ការចាយ​វាយ ភាព​ក្រីក្រ និង​សុខុមាលភាព។

 

លោកបាន​ធ្វើ​សិក្សា​លើ​ចំណុច​បី​ជា​សំខាន់ ៖ តើ​អ្នក​ចាយ​ត្រូវ​បែង​ចែក​ចំណាយ​ខ្លួន​យ៉ាង​ដូច​ម្តេច ? នៅ​ក្នុង​សង្គម​មួយ​តើ​គេ​ត្រូវ​ចាយ​វាយ​និង​សន្សំ​ទុក​ប៉ុន្មាន ? តើ​ត្រូវ​វាស់​វែង​សុខុមាលភាព​របស់​ខ្លួន​យ៉ាង​ដូចម្តេច ? តាម​រយៈ​សំណួរ​នេះ លោក ឌីតុន បាន​ធ្វើការ​វិភាគ​យ៉ាង​ស៊ីជម្រៅ​ ដល់​ឬស​គល់​នៃ​បញ្ហា ដូច​ជា​ទំនាក់ទំនង​រវាង​ប្រាក់​ចំណូល​និង​បរិមាណ​នៃ​ថាមពល​ដែល​ទទួល​ទាន​ចូល​ និង​ទំហំ​នៃ​ការ​រើសអើង​ភេទ​នៅ​ក្នុង​រង្វង់​គ្រួសារ។

សម្រាប់​រាជបណ្ឌិត​សភា​ស៊ុយអែត ដែល​ជា​គណៈកម្មាធិការ​ណូបែល​ផ្នែកសេដ្ឋកិច្ច​ ដើម្បី​យល់​អំពី​នយោបាយ​សេដ្ឋកិច្ចដែលនាំ​​ដល់​សុខុមាលភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ គេ​ត្រូវ​យល់​ជា​បឋម​ជម្រើស​បុគ្គល​ផ្នែកចាយ​វាយ​បរិភោគ​សិន។ « ​លោក​អេហ្គូ ឌីតុន​ បានជួយ​យើង​ឱ្យ​​​យល់​កាន់​តែ​ច្បាស់បញ្ហា​នេះជាងគេ​។ ដោយ​ភ្ជាប់​ជម្រើស​បុគ្គល​ច្បាស់​លាស់ ទៅ​នឹង​លទ្ធផល​សមូហភាព ការស្រាវជ្រាវ​របស់​លោក ជា​ចំណែក​មួយ​នៃ​ការ​ប្តូរ​ផ្លាស់​មីក្រូ​សេដ្ឋកិច្ច មាក្រូ​សេដ្ឋកិច្ច និង​សេដ្ឋកិច្ច​អភិវិឌ្ឍន៍។ »

នៅ​ក្នុង​សៀវភៅ​ « ការ​លំហែ ៖ សុខភាព ភាព​ស្តុកស្តម្ភ និង​ប្រភព​នៃ​វិសមភាព » ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៣ លោក បាន​រៀបរាប់​លម្អិត​ អំពី​ថា​តើ​មនុស្សជាតិ​ បាន​បង្កើនសុខុមាលភាព​ ដ៏​អស្ចារ្យ​តាំង​ពី​ពីរ​សតវត្សរ៍​កន្លះ​មុន​យ៉ាង​ដូចម្តេច ? អាយុ​យឺនយូរ​របស់​មនុស្ស​ និងការ​ជម្នះ​លើ​រោគា​ខ្លះ​ ​ជា​សាក្សី។ ប៉ុន្តែ​លោក​ក៏​បាន​ពន្យល់​ដែរ​អំពី​ការ​ជឿន​លឿន ​ដែល​អម​ទៅ​ដោយ​វិសមភាព និង​គម្លាត​កាន់​តែ​ខ្លាំង។ លោកបាន​បរិហារ​កម្មវិធី​ផ្តល់​ជំនួយអភិវឌ្ឍន៍​​អន្តរជាតិ របស់ក្រុម​បស្ចឹម​លោក ក្នុង​ការជួយ​​ជនទីទ័ល​ ឱ្យ​ចេញ​ផុត​ពី​ភាព​​ក្រីក្រថា​នៅ​មាន​កំរិត។

ទាក់ទង​នឹង​បច្ចុប្បន្នភាព​ដ៏​ក្តៅ​គគុក​​វិញ​ ស្តីពី​បញ្ហា​អន្តោប្រវេសន៍​ស្វែង​រក​ជីវិត​ប្រសើរ​នៅ​អឺរ៉ុប លោក Angus Deaton ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា នេះ​គឺ​ជាលទ្ធផល​នៃ​​ការ​អភិវឌ្ឍន៍​មិន​ស្មើ​ភាព​គ្នា​រាប់​រយ​ឆ្នាំ​ ! ដែល​ធ្វើឱ្យ​​ចំណែក​មួយ​នៃ​ពិភពលោក​ជួប​ភាព​យឺតយ៉ាវ​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ