អានតួអត្ថបទ

​ណូបែលសន្តិភាព​ កំពុង​រង​សម្ពាធ​នយោបាយ ?

ជ័យលាភី​រង្វាន់​ណូបែលសន្តិភាព​ឆ្នាំ​២០១៥ គឺ​ក្រុម​​​ចតុ​ភាគី​ទុយនីស៊ី Quatet ដែល​បាន​ដឹកនាំ​ការ​ចរចា​ស្ថាបនា​ប្រទេស​លើ​វិថី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​ពហុបក្ស​ បន្ទាប់​ពី​បដិវត្ត​ផ្កាម្លិះ​២០១១។​ ណូបែល​សន្តិភាព​ជា​រង្វាន់​ដ៏​មាន​តម្លៃ និង​កត្តិយស​ខ្ពង់ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​លោក។ ដូច​ជា​រៀង​រាល់​ឆ្នាំ​ ក្រៅ​អំពី​ការ​បំប៉ោង​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ទាក់​ទង​នឹង​ឈ្មោះ​ជ័យ​លាភី នៅ​ឆ្នាំនេះ​មាន​ពាក្យ​ចចាម​អារាម និង​ការ​ចោទ​ប្រកាន់ច្រើន ​ប៉ះពាល់​ដល់​គណៈកម្មាធិការ​ណូបែល​តែ​ម្តង ថា​មាន​ពាក់​ព័ន្ធ​នឹង​នយោបាយ។

លោក Alfred Nobel ស្ថាបនិក​ពាន​រង្វាន់​ណូបែល​សន្តិភាព​
លោក Alfred Nobel ស្ថាបនិក​ពាន​រង្វាន់​ណូបែល​សន្តិភាព​ Alpha Zeta/public domain
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការណូបែល​បាន​សម្រេច​ផ្តល់​រង្វាន់​ជ័យលាភី​ណូបែល​សន្តិភាព​ដល់អង្គការ​ចតុភាគី​ទុយនីស៊ី ដែល​ ក្រោយ​បដិវត្ត​ផ្កា​ម្លិះ​ឆ្នាំ​២០១១ បាន​ដឹកនាំ​កិច្ចចរចា​ជាតិ រហូត​បាន​ឆ្លង​ផុត​អន្តរកាល​ ក្លាយ​ជា​ប្រទេស​ទុយនីស៊ី​ប្រជាធិបតេយ្យ​ពហុបក្ស។

 

មាន​រចនា​សម្ព័ន្ធ​ប្រសូត​ចេញ​ពី​សង្គម​ស៊ីវិល ការ​​ដឹកនាំ​​ “កិច្ច​ចរចា”​ រវាង​​បក្ស​អ៊ីស្លាម​និយម Ennahda កំពុង​កាន់​អំណាច និង​បក្ស​ប្រឆាំង ដើម្បី​នាំ​ប្រទេស​ឱ្យ​ដើរ​ចេញ​ពី​វិបត្តិ​​នយោបាយ បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៥​តុលា ២០១៣ ក្នុង​កម្មវត្ថុ​​បង្កើត​រដ្ឋាភិបាល​ឯករាជ្យ និង​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី។

ក្រុម​ដឹកនាំ​ការ​ចរចាជាតិ គឺ​ជា​បន្សំ​ចតុភាគី ៖ សហជីព​សហភាព​ការងារ​ទុយនីស៊ី សហព័ន្ធ​និយោជក Utica សម្ព័ន្ធសិទ្ធិមនុស្ស និង​ក្រុម​មេធាវី​ជាតិ បាន​​ចាប់​ដៃ​គ្នា​ធ្វើ​សកម្មភាព​ដោះស្រាយ​​វិបត្តិ​នយោបាយជាតិ​។ អង្គការ​ទាំង​បួន​នេះ​ បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ទុយនីស៊ី ដោយ​ក្លាយ​ខ្លួន​ជា​អ្នក​ចរចា​ ជាមួយ​បក្ស​នយោបាយ លើ​​​ផែនទី​ចង្អុល​ផ្លូវ​ដ៏​ច្បាស់​លាស់ រហូតសម្រេច​​ការ​អនុម័ត​ច្បាប់​រដ្ឋធម្មនុញ្ញ នៅ​ខែ​មករា​២០១៤។

លទ្ធផល​ដែល​បាន​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​បក្ស​អ៊ីស្លាម​និយម Ennahda និង​បាន​ធ្វើ​ឱ្យ​ជម្លោះ​រវាង​បក្ស​អ៊ីស្លាមនិយម​ និង​បក្ស​ប្រឆាំង​អ៊ីស្លាម​បាន​ធូរ​ស្បើយ​។ ហើយ​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ ទុយនីស៊ី​បាន​បោះឆ្នោត​ជា​ថ្មី​ នាំ​​លោក អេស៊ិបស៊ី​ជា​ក្លាយ​ជា​ប្រធានាធិបតី។
រង្វាន់​ណូបែល​សន្តិភាព​ដែល​ឧទ្ទិស​ដល់​ជោគជ័យ​នៃ​ដំណើរ​ឆ្លង​អន្តរកាល​ទៅ​រក​លទ្ធិប្រជាធិបេតយ្យ​​ទុយនីស៊ី​នេះ​ បាន​ទទួល​ការ​ស្វាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្រុម​ចតុភាគី​អ្នក​ដឹកនាំ​ការ​ចរចាជាតិ​ទុយនីស៊ី  ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៥
ក្រុម​ចតុភាគី​អ្នក​ដឹកនាំ​ការ​ចរចាជាតិ​ទុយនីស៊ី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៥ REUTERS/Anis Mili

សមាសភាព​គណៈកម្មាធិការ​ណូបែល

រង្វាន់​ណូបែល គឺ​ជា​មរតក​បន្សល់​ទុក​ដោយ​លោក អាល់ហ្វេត ណូបែល សម្រាប់​ប្រគល់​ជូន​ដល់​ឥស្សរជន​នយោបាយ ឬ​សហគមន៍​ណា​ដែល​បានចំណាយ​-ពលីកម្លាំង​ ដើម្បី​សន្តិភាព​មនុស្សធម៌ សិទ្ធិមនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ។ តាម​បណ្តាំ​របស់​លោក​ណូបែល ជ័យលាភី​ត្រូវ​សម្រេច​ជ្រើស​រើ​សដោយ​​​គណៈកម្មាធិការ​មួយ គឺ​គណៈកម្មាធិការ​ណូបែល​។

គណៈកម្មាធិការ​នេះ មាន​សមាជិក​៥​នាក់ បោះឆ្នោត​ជ្រើស​តាំង​ដោយ​សភា​ន័រវែស។
តាំង​ពី​ថ្ងៃ​ទី ១ កុម្ភៈ​មក គណៈកម្មាធិការ​បាន​ទទួល​សិក្សា​បេក្ខភាព​ជ័យលាភី​ណូបែល​សន្តិភាពមក​ពី​គ្រប់​ជ្រុង​នៃពិភពលោក និង​ត្រូវ​រក្សា​ជា​សម្ងាត់​រហូត​ដល់​ថ្ងៃទី ៩ តុលា​ ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ។ ពួក​គេ​តែង​ជួប​ពិភាក្សា​គ្នា​ ជា​រៀង​រាល់​ខែ​ដើម្បី​ស្វែង​រក​ការ​ព្រមព្រៀង​លើ​ឈ្មោះ​ជ័យលាភី។ មាន​តែ​ សមាជិក​គណៈកម្មាធិការ​ ទាំង​៥​នាក់ និង​លេខា​ម្នាក់​ប៉ុណ្ណោះ ​ដែល​ដឹង​ឈ្មោះ​បេក្ខជន​ណូបែល​សន្តិភាព។

​ភាព​ចម្រូង​ចម្រាស​ផ្ទៃក្នុង

ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​គណៈកម្មាធិកា​​​ណូបែល ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩០១ ក្នុង​ថ្ងៃ​ជួប​ប្រជុំ​ការងារ​ជា​លើក​ដំបូង កាលពី​ខែ​មីនា ស្រាប់​តែ​មានការ​ប្តូរ​ផ្លាស់​ប្រមុខ​ដឹកនាំ​កណ្តាលទី​ បើ​ទោះ​បី​ជា​ប្រធាន​បាន​ប្រកាស​ជា​សាធារណៈ​ចង់​រក្សា​តួនាទី​ដដែលក៏ដោយ។ អនុប្រធាន​គឺ​លោកស្រី Kaci Kullmann Five បាន​ឡើងមក​ធ្វើ​ប្រធាន​​ជំនួស ដោយ​គ្មាន​ការ​ពន្យល់​បំភ្លឺ​អ្វី​ទាំង​អស់។ ឯ​លោក Thorbjorn Jagland ជា​ប្រធាន​ត្រូវ​បាន​ទម្លាក់​មក​ត្រឹម​ជា​សមាជិក​ធម្មតា​វិញ។

ការ​ប្តូរ​ផ្លាស់​ដោយ​ឥត​គ្រោង​ទុក​នេះ បាន​ចិញ្ចឹម​ចិត្ត​ឱ្យ​គ្រប់​គ្នា​ចោទ​សួរ​អំពី​ធាតុ​ពិត​នៃ​ឯករាជភាព​របស់​គណៈកម្មាធិការ ថា​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ឬ​សម្ពាធ​របស់​អ្នក​កាន់​អំណាច​​ន័រវែស។ ន័រវែស​ដែល​​​តាំ​ង​ពី​ឆ្នាំ​២០១៣​មក អ្នក​ស្តាំ​និយម​ មាន​​​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​​សភា​ ទើប​អាច​ធ្វើ​ការ​ប្តូរផ្លាស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​បច្ចុប្បន្ន​នេះ​បាន។

លើស​ពី​នេះ​ទៅ​ទៀត​ អតីត​លេខារយៈ​ពេល​២៥​ឆ្នាំ​​​របស់​គណៈកម្មាធិការ​លោក Geir Lundestad ទើប​បាន​ចេញ​ផ្សាយ​សៀវភៅ​ ទម្លាយ​​ថា ប្រធាន​គណៈកម្មាធិការ​ដែលទើប​​ខ្ទាត​ចេញ​ពី​តំណែង​កាលពី​មីនា និង​ប្រធាន​ថ្មី សុទ្ធតែ​​ជា​មនុស្ស​ម៉ឺងម៉ាត់​ក្នុងការងារ ប៉ុន្តែ​ខ្សោយ។ ខ្សោយ​សម្រាប់​ប្រឈម​នឹង​​សម្ពាធ​ពី​ខាង​ក្រៅ។ បើ​តាម​​អតីត​លេខា​គណៈកម្មាធិការ​ដដែល កាលពី​ឆ្នាំ​២០១០ រដ្ឋមន្ត្រីការបរទេស​ន័រវែស បាន​លូក​ដៃ​ចូល​មក​ព្រមាន​ប្រធាន​គណៈកម្មាធិការ​ ដល់​ទៅ​ពីរ​លើក​ អំពី​ផលវិបាក​អវិជ្ជមាន​ចំពោះ​ន័រវែស ទាក់ទង​នឹង​ការ​ផ្តល់​ជ័យលាភី​ដល់​សកម្មជនសិទ្ធិមនុស្ស​ចិន លីវ សៀបូ។ សម្រាប់​អតីត​លេខា​គណៈកម្មាធិការ​ណូបែល នេះ​គឺ​ជា​ការ​សាកល្បង​ជ្រៀត​ជ្រែក​ ដាក់​សម្ពាធ​លើ​គណៈកម្មាធិការ​ពី​សំណាក់​អ្នក​នយោបាយ​ន័រវែស។  

រង្វាន់​ណូបែល​សន្តិភាព​និង​រឿង​អាស្រូវ

ដោយ​ឡែក ក្នុង​រយៈ​ពេល​គណៈកម្មាធិការ​មាន​លោក  Thorbjorn Jagland ​ជា​ប្រធាន ការ​ផ្តល់​​ជ័យលាភីតែង​មាន​ភ្ជាប់​ដោយ​រឿង​អាស្រូវ​ជានិច្ច ៖ នៅ​ឆ្នាំ​២០០៩ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ត្រូវ​ប្រគល់​ទៅ​ឱ្យលោក​អូបាម៉ា ដែល​ទើប​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក មិន​ទាន់​ទាំង​បាន​ធ្វើ​ការ​អ្វី​ច្បាស់​លាស់​ផង។ នៅ​ឆ្នាំ​២០១២ គណៈកម្មាធិការ​សម្រេច​ផ្តល់​ជ័យលាភី​ឱ្យ​សហភាពអឺរ៉ុប ក្នុង​ខណៈ​ដែល​លោក Thorbjorn Jagland ខ្លួន​ឯង​មាន​តួនាទី​ទីពីរ​គឺ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ទទួល​បន្ទុក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ។ តើ​ទាំងនេះ​អាច​បញ្ជាក់​បាន​ពី​កង្វះ​ឯករាជភាព​របស់​គណៈកម្មាធិការ​ណូបែល​បាន​ទេ ?!

គណៈកម្មាធិការ​ពង្រឹង​ឯករាជភាព

ដោយសារ​តែ​រឿង​អាស្រូវ និង​ការ​ទម្លាយ​​ព័ត៌មាន​ដ៏​ចម្រូង​ចម្រាស​នេះ​ហើយ បាន​ជា​នៅ​ឆ្នាំ​នេះ គណៈកម្មាធិការ ​ខ្មូរ​មុខ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​ការ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​​លាក់មុខ គ្មាន​ការ​ធ្លាយ​ព័ត៌មាន​អ្វី​រអេក​រអូច​ទាក់ទង​នឹងឈ្មោះ​​បេក្ខជន​ជ័យលាភី​អ្វី​សោះ រហូត​ទាល់​តែ​ដល់​ម៉ោង​ប្រកាស​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្តង​ទើប​ពិភពលោក​បាន​ដឹង។ ប៉ុន្តែ​ទាំង​នេះ ប្រហែល​ជា​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ជម្រើស​ជ័យលាភី​ទេ ! សូម​បញ្ជាក់​ថា​ រង្វាន់​ណូបែល​សន្តិភាព​ ជា​រង្វាន់​នយោបាយ​។ គណៈកម្មាធិការ មិន​ដែលភ័យ​ខ្លាច​នឹង​ការ​រិះគន់ ឬ​ការ​តស៊ូ​មតិ​អ្វី​ទាក់​ទង​នឹង​សេចក្តី​សម្រេច​ផ្តល់​រង្វាន់​ឡើយ​។

ប៉ុន្តែ​ចំពោះ​សមាភាព​នៃ​គណៈកម្មាធិការ​វិញ អាច​នឹង​នៅ​បន្ត​ជា​ភាព​ចម្រូងចម្រាស​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត។ ជា​ធម្មតា សមាជិក​គណៈកម្មាធិការ គឺ​ជា​ឥស្សរជននយោបាយ ជា​បញ្ញាវន្ត​ ជា​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​មាន​ឯកទេស​ផ្នែក​នយោបាយ​ភូមិសាស្ត្រ​ ច្បាប់ ឬ​វិទ្យាសាស្ត្រ​នយោបាយ ... នៅ​ថ្ងៃ​ក្រោយ អតីត​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រីការបរទេស អាច​នឹង​ត្រូវ​លែង​ឈរ​ឈ្មោះ​ឱ្យ​សភា​បោះ​ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការផង​​ ដើម្បី​ពង្រឹង​ឯករាជភាព​គណៈកម្មាធិការណូបែល។ តែ​គ្រប់​សមាជិក​ទំនង​សុទ្ធ​តែ​ជា​ឥស្សរជន​ជាតិ​ន័រវែស​ទាំង​អស់​ គ្មាន​បរទេស​ណា​អាច​ចូល​ក្នុង​រង្វង់​ណូបែល​ដែល​ជា​កាដូ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក​អាល់ហ្វ្រេត ណូបែល សម្រាប់​ន័រវែស​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ