អានតួអត្ថបទ

ព័រទុយហ្គាល់​បោះឆ្នោតក្រោម​បទ​ពិសោធន៍​រឹតត្បិត​ថវិកា និង​វិបត្តិក្រិក

បន្ទាប់​ពី​បាន​ឆ្លង​កាត់​ផែនការ​រឹតត្បិត​អស់​រយៈ​ពេល​បួន​ឆ្នាំ​ជាប់​គ្នា នៅ​ថ្ងៃអាទិត្យ​នេះ ព័រទុយហ្កាល់​រៀប​ចំ​បោះឆ្នោត​ជ្រើសរើស​សភាថ្មី។ ​ដោយ​គ្មាន​ស្រពិច​ស្រពិល និង​ថ្វី​ដ្បិត​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង តែ​គណបក្ស​កាន់​អំណាច ជា​រដ្ឋាភិបាល​ចម្រុះ​ស្តាំ​និយម​ នៅ​តែ​នាំមុខ​ លើ​គណបក្ស​ប្រឆាំង​សង្គមនិយម។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ចុងក្រោយ។

នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ លោក​Pedro Passos Coelho (កណ្តាល) ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃទី​២ តុលា ២០១៥
នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ លោក​Pedro Passos Coelho (កណ្តាល) ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃទី​២ តុលា ២០១៥ REUTERS/Rafael Marchante
ផ្សាយពាណិជ្ជកម្ម

ម្ចាស់​ឆ្នោត​ព័រទុយហ្កាល់​ទំនង​ជា​ត្រៀម​ខ្លួន​​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ចម្រុះ​ស្តាំ​កណ្តាល​និយម បន្ត​ដឹក​នាំ​ប្រទេស​មួយ​អាណត្តិ​ទៀត ជាមួយ​នឹងចេតនា​ផ្តល់​​ការ​គាំទ្រ​៣៧%​សម្រាប់​គណបក្ស​កាន់​អំណាច និង​៣៣%​ដល់​គណបក្សប្រឆាំង​សង្គមនិយម។ ព្រោះ​ពលរដ្ឋ​ព័រទុយហ្កាល់​ហាក់​បាន​យល់ កាន់​តែ​​ច្បាស់​ អំពី​ភាព​ចាំបាច់​នៃ​នយោបាយ​រឹត​ត្បិត​ថវិកា។

រដ្ឋាភិបាល​ចម្រុះ​ព័រទុយហ្កាល់​របស់​លោកនាយករដ្ឋមន្ត្រី Pendro Passo Coelho បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១១ ក្នុង​ពេល​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ហៀប​ក្ស័យ​ធន។ ដាក់​ក្រោម​អាណាព្យាបាល​របស់​សហភាពអឺរ៉ុប មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​កណ្តាល​អឺរ៉ុប​  និង​ការ​រឹតត្បិត​ថវិកា​យ៉ាង​ណែនមិនធ្លាប់​មាន​​រយៈ​ពេល​បួន​ឆ្នាំ ៖ ដំឡើង​ពន្ធដារ​ បញ្ចុះ​ប្រាក់​ខែ​មក ប្រទេស​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​  អត្រា​អ្នក​អត់ការងារ​បាន​ថយ​ចុះ​ ! ពលរដ្ឋ​ព័រទុយហ្កាល់​ពិត​ជា​មិន​ចង់​ឃើញ​គណបក្ស​សង្គម​និយម​ វិល​មក​កាន់​អំណាច​ និង​វិល​មក​ចំណាយ​ថវិកា​រដ្ឋ​ខ្ជះខ្ជាយ​ នាំ​ប្រទេស​ឱ្យ​ត្រលប់​រក​ស្ថានការណ៍​ដូច​កាលពី​បួន​ឆ្នាំ​មុន​ឡើយ។

 
នេះ​ជា​អំណះអំណាង​ដ៏​ប្រពៃ​មួយ​របស់​បក្សកាន់​អំណាច​​ ក្នុង​ការ​យក​ឈ្នះគណបក្ស​សង្គម​និយម។ លើសពីនេះ​ទៀត វិបត្តិ​ក្រិក ត្រូវ​បាន​ពលរដ្ឋ​ព័រទុយហ្កាល់​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត និង​ប្រៀប​ប្រដូច​គណបក្ស​សង្គមនិយម​ព័រទុយហ្កាល់​ទៅ​នឹង​គណបក្ស​ស៊ីរីហ្សា​របស់​ក្រិក ជា​ហេតុធ្វើ​ឱ្យ​គណបក្ស​ស្តាំ​និយម​អាច​ទាញ​យក​ចំណេញ​បាន។

ប៉ុន្តែ​ប្រមុខ​គណបក្ស​សង្គម​និយម​ ជា​បុគ្គល​មាន​សមត្ថភាព​ខ្ពស់​ខាង​ចរចា​ ដូច្នេះ​ថ្វី​បើ​មាន​មនោគមវិជ្ជា​នយោបាយ​ខ្វែង​គ្នា​បន្តិច​មែន តែ​គេ​អាច​ចាប់​ដៃ​ជាមួយ​ក្រុម​ឆ្វេង​និយម​ផ្សេង​ទៀត​ ដើម្បី​បង្កើន​សំឡេង។ យោង​ទៅ​តាម​លទ្ធផល​ឆ្នោត​ ព័រទុយហ្កាល់​អាច​នឹង​មាន​រដ្ឋាភិបាល​ចម្រុះ​សង្គម​និយម​ជាមួយ​អ្នក​ឆ្វេង​ជ្រុល​ផង​ក៏​ថា​បាន។ សម្រាប់​ពេល​នេះ​អ្នក​ដែល​ឈ្នះ​ខ្លាំង គឺ​អាច​ជា​អ្នក​​អវត្តមាន​មិន​ទៅ​បោះឆ្នោត (៤១,៩% នៅ​ឆ្នាំ​២០១១)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ