អានតួអត្ថបទ

ក្រិក​ផ្តល់​សំណើ​ថ្មី​ ធ្វើ​សម្បទាន​ខ្លាំង​ដល់​ម្ចាស់​បំណុល

ជា​សំណើ​ហ្មត់ចត់ គួរ​ឱ្យ​ជឿ​ទុក​ចិត្ត និង​​សុទិដ្ឋនិយម ! នេះ​ជា​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​របស់​ថ្នាក់​ដឹកនាំ​បារាំង ក្រោយ​ពី​បាន​ទទួល​គម្រោង​ធ្វើ​​កំណែទម្រង់​ ដែល​រដ្ឋាភិបាល​ក្រិក​បញ្ជូន​​មក​ឱ្យ​ម្ចាស់​បំណុល សហភាព​អឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​អង្គការ​មូលនិធិ​រូបិយវត្ថុ ​បាន​ទាន់ពេល​វេលា​ ដើម្បី​អាច​ចរចា​ស្វែង​រក​កិច្ច​ព្រមព្រៀង​បិទ​បញ្ចប់​វិបត្តិ​។ គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ រដ្ឋាភិបាល​ក្រិក​សុខ​ចិត្ត​ធ្វើ​សម្បទាន​ខ្លាំង ដំឡើង​ពន្ធ ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​ មិន​ខុស​អ្វី​​ពី​សំណើរបស់​ម្ចាស់​បំណុល ដែល​ពលរដ្ឋ​ក្រិក​ច្រាន​ចោល​ក្នុង​ប្រជាមតិទេ​។ សភា​ក្រិក​ ត្រូវ​បញ្ចេញ​មតិ​យោបល់​លើ​សំណើ​ថ្មី​នេះ​ ចាប់​ពី​ថ្ងៃ​ពី​សុក្រ​ទៅ។

លោក Alexis Tsipras (ស្តាំ) ប្រគល់​គម្រោង​កំណែទម្រង់​ទៅ​ឱ្យ​ប្រធាន​ក្រុម​ចាយ​ប្រាក់​អឺរ៉ូ Jeroen Dijsselbloem (ឆ្វេង)
លោក Alexis Tsipras (ស្តាំ) ប្រគល់​គម្រោង​កំណែទម្រង់​ទៅ​ឱ្យ​ប្រធាន​ក្រុម​ចាយ​ប្រាក់​អឺរ៉ូ Jeroen Dijsselbloem (ឆ្វេង) REUTERS/Petros Giannakouris/Pool
ផ្សាយពាណិជ្ជកម្ម

ជា​មួយ​ឯកសារ​កម្រាស​១៣​ទំព័រ មាន​ចំណង​ជើងថា “សកម្មភាព​ជា​អាទិភាព​និង​កិច្ចសន្យា" ​​​ បញ្ជូន​ទៅដល់​ដៃ​​ម្ចាស់​បំណុល​ ទាន់​ពេល​វេលា ក្រិកធ្វើ​គ្រប់​យ៉ាង​ដើម្បី​​​បំពេញ​ចិត្ត​អឺរ៉ុប ដើម្បី​អាច​ទទួល​បាន​វិញ​នូវ​ប្រាក់​កម្ចី ៥៣,៥​ពាន់​លាន​អឺរ៉ូ សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​២០១៨ និង​ការ​សង​បណ្តាក់​វែង។ ក្រិក​បាន​សន្យា​ធ្វើ​កំណែទម្រង់​ជា​ប្រព័ន្ធ​។

 

ដំឡើង​ពន្ធ ៖ ក្រិក​គ្រោង​នឹង​ដំឡើង​ពន្ធ​លើ​តម្លៃបន្ថែម ដែល​ពី​មុន​មក​ជា​ចំណុច​ខ្ទាស់​គ្នា​ខ្លាំងជា​មួយ​ម្ចាស់​បំណុល​ពី ឱ្យ​ឡើង​ដល់ ២៣% រាប់​ទាំង​វិស័យ​ភោជនីដ្ឋាន  លើក​លែង​តែ​ផលិតផល​មូលដ្ឋាន​ដូច​ជា​អគ្គិសនី​ សណ្ឋាគារ​ ត្រូវ​រក្សា​ទុក​ត្រឹម​១៣%​ដដែល​។ ឯផលិតផល​ថ្នាំ​ សៀវភៅ​ សំបុត្រ​ល្ខោន​ ៦%។ ពន្ធ​លើ​សហគាស​ ក្រុមហ៊ុន​នឹង​ឡើង​ពី​២៦% ទៅ​ ២៨%។ លុបចោល​ការ​អនុគ្រោះ​ពន្ធ​នៅ​តាម​តំបន់​កោះ។

ប្រាក់​និវត្តន៍ ៖ ដំឡើង​អាយុ​ចូល​និវត្តន៍​ដល់​៦៧​ឆ្នាំ ឬ ៦២​ឆ្នាំ​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ការ​គ្រប់​៤០​ឆ្នាំ ដោយ​ឡើង​បន្តិច​ម្តង​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២២។

ចំណាយ​យោធា ៖ កាត់​បន្ថយ​ចំណាយ​យោធា ១០០​លាន​អឺរ៉ូ​​នៅ​ឆ្នាំ​២០១៥ និង​២០០​លាន​នៅ​ឆ្នាំ​២០១៦។ ម្ចាស់​បំណុល​ទាមទារ​កាត់​បន្ថយ​ដល់​ទៅ​៤០០​លានអឺរ៉ូ។

បើក​ទូលាយ​ទីផ្សារ ៖ រដ្ឋាភិបាល​ក្រិក​បាន​ព្រមព្រៀង​លក់​ភាគ​ហ៊ុន​រដ្ឋ​ដែល​នៅ​សេសសល់​​ក្នុង​ផ្នែក​ទូរគមនាគមន៍​ឱ្យ​ទៅ​ឯកជន​គ្រប់គ្រង។ កំពង់ផែ Pirée ​និង​ក្រុង Thessalonique ​ ក៏​នឹង​ត្រូវ​ដាក់​ឱ្យ​ឯកជន​ដេញ​ថ្លៃ​ដែរ។ វិស័យ​សាធារណៈ​ក៏​នឹង​ត្រូវ​ធ្វើ​ទំនើបកម្ម​ដោយ​​ចាត់​វិធានការ​មួយ​ចំនួន​ធំ។

នៅ​ក្នុង​គម្រោង​កំណែទម្រង់​ថ្មី​នេះ ក្រិក​ចង់​ដាក់​ឱ្យ​មាន​វិធាន​ជា​បទ​ដ្ឋាន​បំណុល​សាធារណៈ​ ១៨០%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ សុំ​កម្ចី​៥៣​ពាន់​លានកន្លះ​ដើម្បីសង​បំណុល​គេ​ និង​៣៥​ពាន់​លាន​សម្រាប់​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច។ ​“ការកាត់​បន្ថយ​បំណុល” ត្រូវ​បាន​ក្រិក​និយាយ​តិច​តួច​បំផុត​។ តែ​ជា​ទូទៅ​ ដើម្បី​បើក​កិច្ចចរចា​ជាមួយ​ម្ចាស់​បំណុល​ឡើង​វិញ រដ្ឋាភិបាល​ក្រិក​បាន​ធ្វើ​សម្បទាន​ច្រើន​ ច្រើន​ហួស​​ពី​ការ​គិត ហួស​ឆ្ងាយ​ពី​គម្រោង​ចាស់​ដែល​ប្រជាពលរដ្ឋ​ក្រិក​បាន​ច្រាន​ចោល​​ ក្នុង​សម័យ​បោះឆ្នោត​ប្រជាមតិ​ទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ