rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី រុស្ស៊ី ឧស្ម័ន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពូទីន និង អ៊ែរដូហ្កាន់ ជួប​ជជែក​គ្នា​នៅ​ក្រុង​បាគូ ​ស្តី​ពី​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន

media
ពូទីន និង អ៊ែរដូហ្កាន់ ពេលជួប​ជជែក​គ្នា​នៅ​ក្នុង​បាគូ​ស្តី​ពី​ការសាងសង់​បំពង់​បង្ហូរ​ឧស្ម័ន REUTERS

វេទិកា​ប្រកូត​កីឡា​អឺរ៉ុប​ ដែល​កំពុង​តែ​បើក​ធ្វើឡើង​នៅ​ទីក្រុង​បាគូ ​រដ្ឋធានី​ប្រទេស​អាហ្ស៊ែកបៃហ្សង់ ​នៅ​ថ្ងៃ​សៅរ៍​ទី ​១៣ ​មិថុនា​នេះ ​គឺ​ជា​ឱកាស​មួយ ​ដែល​លោក ​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​បាន​ជួប​ជជែក​គ្នា ​ដោយ​​ផ្ទាល់​ជាមួយ​លោក ​អ៊ែរដូហ្កាន់ ​ប្រធានាធិបតី​តួគី។ តាម​ការ​រាយការណ៍​របស់​ អ្នក​យក​ព័ត៌មាន​ផ្លូវកា​រ​ របស់​រុស្ស៊ី ​បាន​បញ្ជាក់​ថា​ថ្នាក់​ដឹកនាំ​ទាំង ​ពីរ​នឹង​ជជែក​​គ្នា​ ពី​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ ព្រម​ទាំង​វិបត្តិ​នៅ​ប្រទេស​ស៊ីរី​ ផង​ដែរ។


ទីក្រុង​បាគូ ​រដ្ឋធានី​ប្រទេស​អាហ្ស៊ែកបៃហ្សង់ ​បាន​បើក​ឆាក​រៀបចំ​ការ​ប្រកួត​កីឡា​អឺរ៉ុប ​នៅ​ថ្ងៃ​សៅរ៍​ទី ១៣​មិថុនា។ ពិធី​សម្ភោធ​ប្រកួត​កីឡា​អឺរ៉ុប ​ប៉ុន្តែ​គ្មាន​ថ្នាក់​ដឹកនាំ​ប្រទេស​អឺរ៉ុប​ខាង​លិច​ណា ​ទៅ​ចូលរួម​ទាល់តែ​សោះ ​ដោយសារ​តែ​គេ​នាំ​គ្នា​ធ្វើ​ពហិការ ​ប្រឆាំង​នឹង​ប្រទេស​អាហ្ស៊ែកបៃហ្សង់ ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​របស់​រដ្ឋ​អំណាច​ប្រទេស​នេះ។

យ៉ាងណា​ក៏ដោយ ​លោក​ អ៊ែរដូហ្កាន់ ​ប្រធានាធិបតី​តួគី ​ និង​លោក ​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ  ​ដើម្បី​ឆ្លៀត​ឱកាស​ជួប​ពិភាក្សាគ្នា​លើ​កិច្ចការ​សំខាន់​មួយ​ចំនួន។ លោក ពូទីន បាន​និយាយ​បែប​ចំអក ​ថា​ តួគី​មក​ចូលរួម​កម្មវិធី ​គឺ​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ទាំង​មូល​ហើយ ​មិន​បាច់​ចាំអ្នក​ផ្សេង​ទៀត​មក​ក៏​បាន​ដែរ។ នេះ​ជា​សម្តី​លេង​សើច ​ក្នុង​ន័យ​ពេបជ្រាយ ​ដោយសារ​តែ​តួគី ​មាន​ចេតនា​ ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

លោក​ពូទីន ​ ដែល​អម​ដំណើរ​ដោយ ​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ​នឹង​មន្ត្រី​រុស្ស៊ី​ ទទួល​បន្ទុក​កិច្ចការ​ថាមពល ​ព្រម​ទាំង​លោក ​Alexis Miller​ ប្រធាន​ក្រុមហ៊ុន​ Gazprom ​រុស្ស៊ី​ផង​ដែរ​នោះ ​បាន​ជួប​ពិភាក្សា​គ្នា ​ដោយ​បិទ​ទ្វារ​ជិត ​ជាមួយ​ភាគី​តួគី។ សំណុំ​រឿង​សំខាន់ ​ដែល​ត្រូវ​ជជែក​គ្នា ​គឺ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន ​ដែល​​រុស្ស៊ី​ចង់​សាងសង់​ឆ្លង​កាត់​ប្រទេស​តួគី ​ដើម្បី​នាំ​យក​ឧស្ម័ន​ ទៅ​លក់​នៅ​អឺរ៉ុប​ខាង​លិច។ ក្រៅពី​ចំនុច​នេះ ​ថ្នាក់​ដឹកនាំ​ទាំងពីរ​ ក៏​បាន​ពិភាក្សា​គ្នា ​ពី​បញ្ហា​វិបតិ្ត​នៅ​ស៊ីរី​ផង​ដែរ។

សូម​បញ្ជាក់​ថា ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ ដែល​មាន​ឈ្មោះ​ថា TurkStream ត្រូវ​បាន​រុស្ស៊ី​ស្នើរ​ឡើង ​ដើម្បី​បង្ហូរ​ឧស្ម័ន​ចេញ​ពី​តំបន់​សមុទ្រ​កាសព្យែន ​ក្នុង​ទឹកដី​រុស្ស៊ី ​កាត់​តាម​ក្រោម​សមុទ្រ​ខ្មៅ ​ក្នុង​ដែន​ទឹក​តួគី។ បន្ទាប់​មកទៀត ​បំពង់​បង្ហូរ​នឹង​ធ្វើ​ការ​ចែក​ចាយ ​កាត់​តាម​ទេស​ ប៊ុលហ្គារី ​និង​ក្រិក ​ដើម្បី​នាំ​ឧស្ម័ន​ ចូល​ទៅ​ដល់​ប្រទេស​ផ្សេងៗ ​នៅ​ប៉ែក​អឺរ៉ុប​ខាងលិច។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​នេះ ​គឺ​រុស្ស៊ី​បាន​ស្នើ​ឡើង ​ដើម្បី​បញ្ចៀស ​កុំ​ឲ្យ​រំពឹង​តែ​លើ​ការ​បង្ហូរ​ឧស្ម័ន ​កាត់​តាម​ដី​អ៊ុយក្រែន។ បច្ចុប្បន្ន​នេះ ​៦០%​ភាគរយ​នៃ​ឧស្ម័ន​របស់​រុស្ស៊ី ​ដែល​នាំ​ចូល​ទៅ​អឺរ៉ុប ​គឺ​កាត់​តាម​អ៊ុយក្រែន​ទាំង​អស់។ ដោយឡែក ​គម្រោង ​TurkStream ​នេះ​ក៏​គឺ​ជា​គម្រោង​ របស់​រុស្ស៊ី ​ដើម្បី​ប្រជែង​ជាមួយ​​​​គម្រោង​របស់ ​សហភាព​ អឺរ៉ុប​មួយ ​ដែល​មាន​ឈ្មោះ​ថា​Nabucco  ដែល​ជា​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្មន័​ដែរ ​តែ​កាត់​តាម​ដីគោក​តួគី ​ហើយ​មិន​មាន​ការ​ចូលរួម​ពី​សំណាក់ ​ក្រុមហ៊ុនGazprom របស់​រុស្ស៊ី​ទេ។ តួគី បាន​បញ្ចេញ​ឥរិយាបថ ​ជ្រើសរើស​យក​គម្រោង​របស់​រុស៊្សី ​ប៉ុន្តែ​កិច្ច​សន្យា​ផ្លូវការ​នៅ​មិនទាន់​​បាន​​ចុះ​ហត្ថលេខា​នៅ​ឡើយ​ទេ។ បើ​តាម​ការ​សន្និដ្ឋាន ​គឺ​ភាគី​ទាំងពីរ​នៅ​មិន​ទាន់​ត្រូវ​គ្នា ​លើ​តម្លៃ​ឧស្ម័ន។ ដោយ​ឡែក ​ខាង​រុស្ស៊ី​បាន​អះអាង​ថា ​បើ​ត្រូវ​រ៉ូវគ្នា ​ការដ្ឋាន​សាងសង់​ នឹង​ចាប់ផ្តើម​នៅ​ចុង​ខែ​នេះ ​តែ​ម្តង៕