អានតួអត្ថបទ
អៀរឡង់

អៀរឡង់ប្រទេស​កាតូលិក​បំផុត នឹង​ព្រម​ឱ្យ​មាន​​អាពាហ៍ពិពាហ៍​​​​ភេទ​ដូចគ្នា​ ?

អាច​ចាត់​ទុក​ជាប្រទេស​​ ដំបូង​​គេបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​​អនុញ្ញាត​ឱ្យ​មាន អាពាហ៍ពិពាហ៍​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ស្រប​ច្បាប់​តាម​រយៈ​ប្រជាមតិ ក្នុង​ខណៈ​ដែល​មាន​ប្រទេស​ជាង​២០​ ទទួល​ស្គាល់​​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ត្រឹមសភា។ ​នៅថ្ងៃ​សុក្រ​នេះ បណ្តា​ពល​រដ្ឋ​អៀរឡង់ ត្រូវ​បញ្ចេញ​មតិ ថ្នាក់​ជាតិ តាម​រយៈ​សន្លឹក​ឆ្នោត ថា​ ព្រម​ឬ​ប្រឆាំង។ ជា​ប្រទេស​ដែល​ប្រកាន់​ប្រពៃណី​កាតូលិក​យ៉ាង​ខ្ជាប់​ខ្ជួន​​ សាសនា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សង្គ​ម ប៉ុន្តែ​បើ​ជឿ​តាម​ការ​ស្ទង់​មតិ អ្នក​គាំទ្រ​ឱ្យ​​មាន​​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នឹង​ត្រូវ​នាំ​មុខ​ដល់​ទៅ៦០%។

ផ្ទាំង​ឃោសនា​គាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា នៅ​តាម​ដង​ផ្លុវ​ក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់
ផ្ទាំង​ឃោសនា​គាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា នៅ​តាម​ដង​ផ្លុវ​ក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់ AFP PHOTO / PAUL FAITH
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេសអៀរឡង់ បើ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ នៅ​ពេល​មាន​ការ​កែប្រែ​ច្បាប់​  ត្រូវ​ឆ្លង​កាត់​​​​សភា ហើយ​បន្ទាប់​មក​ត្រូវ​​សុំការ​អនុម័ត​ពី​ប្រជាពលរដ្ឋ​ ដោយ​ផ្ទាល់ តាម​រយៈ​ប្រជាមតិ។ ប៉ុន្តែ​ប្រជាមតិ​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​​គេមើល​ឃើញ​ថា​ជា​របត់​ថ្មី​របស់​អៀរឡង់ ព្រោះ​ថា​ អៀរឡង់​ជា​ប្រទេស​​មាន​ជំនឿ​ស៊ុប​ និង​មាន​ប្រពៃណី​ចាក់​ឬស​ចាក់​គល់​ ជា​អ្នក​កាតូលិក។ ឥលូវ​ស្រាប់​តែ​ ត្រូវ​និយាយ​អំពី​ ការ​ពង្រីក​​​​អត្ថន័យ​នៃ​ពាក្យថា​អាពាហ៍​ពិពាហ៍  ការ​បង្កើត​ច្បាប់​ឱ្យ​​​មនុស្ស​ស្រលាញ់​​​ភេទ​ដូច​គ្នា​អាច​រៀបការ និង​ទទួល​ការពារ​ពី​ច្បាប់​ដូច​គូ​ស្វាមី​ភរិយា​​ដទៃ។ ប៉ុន្តែ​ច្បាប់​នេះ​កំណត់​ត្រឹម​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ មិន​បូក​បញ្ចូល​នឹង​ការ​ស្មូម​​កូនទេ។ ​បើ​​ជឿ​តាម​ការស្ទង់​មតិ ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ទទួល​យក​ទៀត ព្រោះ​មាន​សំឡេង​គាំទ្រ​ដល់​ទៅ ៦០% ប្រឆាំង​២០% និង​មិន​ទាន់​សម្រេច​ចិត្ត​២០%។

 

​ស្រលាញ់​ភេទ​ដូច​គ្នា ៖ ពី​ការ​ដាក់​ទោស​ ទៅ​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់

ការ​ស្រលាញ់​ភេទ​ដូច​គ្នា ជា​ប្រធានបទ​ដែល​មិន​អាច​ប៉ះពាល់​បាន​សោះ​ នៅ​អៀរឡង់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ នៅក្នុងទសវត្សរ៍​ឆ្នាំ​៦០ និង​៧០ ពាក្យ​ថា​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​ហាមឃាត់​​ដោយ​វិហារ​កាតូលិក​ និង​បង្ហាត់​បង្រៀន​នៅ​សាលា​ថា​ទង្វើ​ស្រលាញ់​ភេទ​ដូចគ្នា​គឺ​ជា​អពើ​​លីលា។ រហូត​ដល់​ឆ្នាំ​១៩៧៣ ច្បាប់​អៀរឡង់​ហាម​ឃាត់​ស្រ្តី​មាន​ប្តី​​មិន​ឱ្យ​ធ្វើ​ជា​អ្នក​រដ្ឋការ។ មក​ទល់​នឹងថ្ងៃ​នេះ​ទៅ​ហើយ ស្ត្រី​គ្មាន​សិទ្ធិ​រម្លូត​កូន​ទេ លើក​លែង​តែ​​ជីវិត​ម្តាយ​ត្រូវ​រង​ការ​គំរាម​គំហែងដល់ស្លាប់។​

ស្រលាញ់​ភេទ​ដូច​គ្នា​ ជា​ទង្វើ​ឧក្រិដ្ឋ និង​ទើប​​លែង​មាន​ទោស នៅ​​ឆ្នាំ​១៩៩៣ ពោល​គឺ​២៣ក្រោយ​ប្រទេស​បារាំង និង​២៦​ឆ្នាំ​ក្រោយ​ប្រទេស​អង់គ្លេស។ តាំង​ពី​​ឆ្នាំ​២០១០មក​ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​រួម​រស់​ជា​មួយ​គ្នា​ដោយ​ស្រប​ច្បាប់​ ក្នុង​​នាម​​ជា​ជីវិត​គូស្រករ គ្រាន់​តែ​គ្មាន​សិទ្ធិ​​ គ្មាន​​ជំនួយ​គ្រួសារ គ្រប់គ្រង​កូន​ ដូច​​ជីវិត​គ្រួសារប្តី​ប្រពន្ធ​។ ប៉ុន្តែ​ ថ្ងៃ​នេះ​​អៀរឡង់​នាំ​គ្នា​​ធ្វើ​ការ​តស៊ូ​មតិ​ យ៉ាង​ស្មោះត្រង់​ និង​រលូន​ ស្តី​អំពី​ការ​ទទួល​ស្គាល់​ តាម​ផ្លុវ​ច្បាប់ និង​អនុញ្ញាត​ឱ្យ​មាន​​អាពាហ៍​ពិពាហ៍​រវាង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ឱ្យ​ក្លាយ​ជា​ប្តី​ប្រពន្ធ​ដូច​គូ​ធម្មតា។ ខុស​ឆ្ងាយ​ស្រឡះ​អំពី​ទិដ្ឋភាព​​នៅ​ទីក្រុង​ប៉ារីស និង​នៅ​ប្រទេស​បារាំង​ កាលពី​ឆ្នាំ​២០១៣ ក្នុង​ពេល​ដែលបារាំង​​អនុម័ត​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។

អ្នក​នយោបាយ​អៀរឡង់​គាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា

​អ្នក​ប្រឆាំង គឺ​ក្រុម​អ្នក​សាសនា គ្រិស្ត កាតូលិក អេវ៉ង់ហ្សេឡិក ប្រូតេស្តង់ ... ឬ​ជា​សមាគមន៍​ស៊ីវិល​ ​ ដែល​ជា​អ្នក​អភិរក្ស​និយម​ ចង់​រក្សា​តម្លៃ​គ្រួសារ ម្តាយជា​​ស្រី ឪពុក​ជា​បុរស។ សម្រាប់​ក្រុម​​​តំណាង​​សាសនា គេ​ត្រូវ​តែ​ការ​ពារជំហរ​​​បោះឆ្នោត​ប្រឆាំង​ ព្រោះ​ដឹង​ថា​ការ​ស្រលាញ់​​ភេទ​ដូច​គ្នាជា​ទង្វើ​ផ្ទុយ​នឹងធម៌​ព្រះ​។ ក្រុម​នេះ​កំពុង​ធ្វើ​ការ​ឃោសនា​​មិន​បន្ធូរ​ដៃ​ដែរ បើ​ទោះ​បី​ជា​ដឹង​ថា​ មាន​​សំឡេង​ប្រជាជន​ផ្អៀង​ទៅ​រក​និន្នាការ​គាំទ្រ​ឱ្យ​មានច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ក៏​ដោយ ! 

ប៉ុន្តែ​ក៏​មាន​មិន​ខ្វះ​ដែរ​ក្រុម​អ្នក​សាសនា​ដែល​ផ្តាច់​ខ្លួន​ទៅ​​​គាំទ្រច្បាប់​នេះ ជាមួយ​​​​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ក្រុម​សហជីព ក្រុម​អង្គការមនុស្សធម៌ និស្សិត និង​ជាពិសេស​ក្រុម​អ្នក​នយោបាយ​​។គណបក្ស​នយោបាយ​របស់​អៀរឡង់​ទាំង​អស់ ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា មិន​ថា​ជា​ក្រុម​អ្នក​ឆ្វេង ឬ​ស្តាំ​និយម​ទេ បាន​បង្ហាញ​លក្ខណៈ​របស់​ខ្លួន គាំទ្រ​ទាំង​អស់​គ្នា​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា។ រដ្ឋាភិបាល​ចម្រុះ​ដែល​ជា​អ្នក​អភិរក្ស​ខ្លាំង​ផ្នែក​សង្គម និង​បក្ស​ពលករ​ ឡើង​ដឹកនាំ​ប្រទេស​តាំង​ពី​ឆ្នាំ​២០១១​មក ចង់​ធ្វើ​វិសោធនកម្ម​​ច្បាប់​អាពាហ៍ពិពាហ៍​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​តាំង​​ដំបូង​ភ្លាម​ម៉្លេះ។ នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ បាន​ថែម​ទាំង​ថត​រូប​យ៉ាង​សង្ហារ​ក្នុង​រង្គសាល​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ទៀត​ផង។

វិហារ​កាតូលិក​​បាត់​បង់​​​អំណាច

វិហារ​កាតូលិក ដែល​​មាន​ឥទ្ធិពល​ខ្លាំង​នៅ​អៀរឡង់​ ព្រោះ​សាសនាចក្រ​​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ មាន​អំណាច​គួរ​ឱ្យ​រអា។ អ្វី​ដែល​ចេញ​ពី​​វិហារ​កាតូលិក ច្រើន​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​បញ្ជា មិន​អាច​ប្រកែក​ឬ​ប្រឆាំង​បាន​ទេ។

ប៉ុន្តែ​ ការ​ទម្លាយ​រឿង​អាស្រូវ​ ទាក់ទង​នឹង​សកម្មភាព​របស់​សង្ឃ​កាតូលិក កាលពី​ឆ្នាំ​១៩៩០ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​មិន​ទាន់​ពេញ​វ័យ​ ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​វង្វង់​អ្នក​សាសនា​ ដោយ​មាន​មេ​កើយ​ជួយ​ការពារ​​ បាន​ធ្វើ​ឱ្យ​វិហារ​កាតូលិក​បាត់​បង់​​ឥទ្ធិពល​របស់​ខ្លួន​បន្តិច​ម្តងៗ។ ថ្វី​ដ្បិត​តែ​ពេល​នេះ មាន​ពលរដ្ឋ​អៀរឡង់ ជាង ៨៤%​ តាំង​ខ្លួន​ជា​អ្នក​កាតូលិក ប៉ុន្តែ​ភាគ​ច្រើន​​ទៅ​វិហារ​សូត្រ​ធម៌ តែ​ពេល​បុណ្យ​ធំៗ​ដូច​ជា​បង្កក់​កូន​ រៀប​ការ​ ឬ​ស្លាប់​ប៉ុណ្ណោះ។

នៅ​ក្នុង​រដ្ឋធានី និង​ក្រុង​ធំៗ​ គេ​ឃើញ​អំពី​ទិដ្ឋភាពអៀរឡង់​អត់​ឱន​ និង​បើក​ចំហ ប៉ុន្តែ​បើ​មើល​ឱ្យ​ស៊ី​ជម្រៅ អៀរឡង់​មិនរីករាយ​ស៊ីវីល័យ​ប៉ុន្មាន​ទេ។ ថ្វី​បើ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​មាន​សិទ្ធិ​ពេញ​លេញ​ អាច​រៀប​ការ​នឹង​គ្នា​បាន​ អៀរឡង់​មិន​មែន​ជា​ប្រទេស​ក្រីក្រ និង​ឯការ​ដូច​មុន​មែន​ ប៉ុន្តែ​អៀរឡង់​នៅ​តែ​រក្សា​លក្ខណៈ​ពិសេស​របស់​ខ្លួន​ជា​និច្ច​ គឺ​ស្ត្រី​អៀរឡង់​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជិត​ខាងដូច​យ៉ាង​អង់គ្លេស​ដើម្បី​រម្លូត​កូន ព្រោះ​ច្បាប់​ក្នុង​ប្រទេស​មិន​អនុញ្ញាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ