rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី អាមេនី ប្រល័យពូជសាសន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​១០០​ឆ្នាំកន្លង អំពើ​​ប្រល័យ​ពូជសាសន៍​អាមេនី​នៅ​តែ​បន្ត​ចម្រូង​ចម្រាស

media
ស្លាក​រំលឹក​វិញ្ញាណក្ខន្ធ​ជនជាតិ​អាមេនី​ស្លាប់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ នៅ​ក្រុង​Marseille ប្រទេស​បារាំង AFP PHOTO / BORIS HORVAT

២៤មេសា១៩១៥-២៤ មេសា ២០១៥ គឺ​ជា​គម្រប់​ខួប​១០០​ឆ្នាំ​គត់ ដែល​អំពើ​ប្រល័យ​ពូជសាសន៍​អាមេនី​បាន​ផ្ទុះ​ឡើង​នៅ​ចក្រភព​អូតូម៉ង់។ ទាហាន​តួកគី​បានកាប់​សម្លាប់​​ ជនជាតិ​អាមេនី​អស់​ប្រមាណ​​មួយលាន​នាក់​កន្លះ​។ មួយ​សតវត្សរ៍​កន្លង តួកគី​បាន​​ទទួល​ស្គាល់​ថា​មាន​អំពើ​ឃោរឃៅ​សម្លាប់​មនុស្ស​មែន ប៉ុន្តែ​បដិសេធ​ពាក្យ​ថា « ប្រល័យ​ពូជសាសន៍ »។ មួយ​សតវត្សរ៍​ក្រោយ​ ប្រធានាធិបតី​អាមេនីសង្ឃឹម​ថា​នឹង​អាច​ផ្សះផ្សា​ទំនាក់ទំនង​ការ​ទូត​ជា​ធម្មតា​ជាមួយ​តួកគី​បាន​ឡើង​វិញ។ នៅ​ថ្ងៃ​ស្អែក​ ប្រមុខ​រដ្ឋ​បរទេស​ជា​ច្រើន មាន​ជាអាទិ៍​ប្រធានាធិបតី​បារាំង រុស្ស៊ី សែរប៊ី … នឹង​អញ្ជើញ​​ទៅ​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​១០០ឆ្នាំ នៃ​ការ​សម្លាប់រង្គាល​ជនជាតិ​​អាមេនី​ ក្បែរ​ប្រធានាធិបតី​អាមេនី។


អំពើ​ប្រល័យ​ពូជ​សាសន៍​ជនជាតិ​អាមេនី​ បាន​កើត​ឡើង​នៅ​អំឡុង​ឆ្នាំ ១៩១៥-១៩១៨។ ​ចក្រភព​​អូតូម៉ង់​ លុងខ្លួន​​នឹង​សង្គ្រាមលោក​លើក​ទី​មួយ​ និង​ដែល​ទំនង​ជា​ប្រភព​ដើម​នាំ​ឱ្យ​ចក្រ​ភព​នៃ​រលំរលាយ ហើយ​ក្លាយមក​ត្រឹម​ជា​សាធារណរដ្ឋ​តួកគី តាំង​ពី​ឆ្នាំ​១៩២៣​ រហូត​មក​ទល់​នឹង​ពេល​បច្ចប្បន្ន​នេះ។

 
ចក្រភព​អូតូម៉ង់ បាន​ចាប់​ដៃ​ធ្វើ​សម្ព័ន្ធ​មិត្ត​របស់​អាល្លឺម៉ង់ អ៊ីតាលី​ និង​ចក្រភព​អូទ្រីស-ហុងគ្រី បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​ម្ខាង​ទៀត​គឺ បារាំង​អង់គ្លេស និង​រុស្ស៊ី។ ដោយ​មាន​បរិបទ​សង្គ្រាម​ផង បូក​ផ្សំ​នឹងការ​បះបោរ របស់​ពលរដ្ឋ​អាមេនី​ផង និង​ខ្លាច​អាមេនី​ចង​សម្ព័ន្ធ​ភាព​នឹង​រុស្ស៊ី ផង របប​ដឹកនាំ​យុវជន​តួកគី​ ដែល​ជា​អ្នក​គ្រប់គ្រង​ចក្រភព​អូតូម៉ង់ ក៏​បាន​លេស​រៀប​ចំ​ផែនការ​កាប់​សម្លាប់ជនជាតិ​អាមេនី​ ជា​ពីរ​ដំណាក់កាល។

នៅ​ថ្ងៃទី ២៤​មេសា ២០១៥ រដ្ឋាភិបាល​គណៈកម្មាធិការ​សហភាព​និង​វឌ្ឍនភាព បាន​សម្រេច​ កម្ទេច​ជា​បឋម​ ក្រុម​បញ្ញវន្ត​ និង​អភិជន​ជាតិ​អាមេនី នៅ​ក្នុង​រដ្ឋធានី និង​ខេត្ត​ក្រុង​ធំៗ​របស់​ចក្រភព ក្រោម​បទ​ក្បត់​ជាតិ ដោយ​ជម្លៀស​ចេញ​ដោយ​បង្ខំ ទាំងហ្វូងៗ។ ប្រុសៗ​ត្រូវ​បាញ់​សម្លាប់​ភ្លាម ចំណែក​ស្ត្រី​និងកុមារ ត្រូវ​បញ្ជូន​ទៅ​កាន់​ជំរំ​លត់ដំ​។ ចំនួន​ជន​ត្រូវ​ជម្លៀស​ចេញ​ កើន​ឡើង​ជា​លំដាប់​ ជាង​បី​ម៉ឺន​នាក់​នៅ​ខែ​មេសា ជាង​១០ម៉ឺន​នៅ​ខែ​ឧសភា​ ជាង​ម្ភៃ ជាង​សាមសិប​ម៉ឺន​នៅ​ខែ​បន្ត​បន្ទាប់ បញ្ជូន​ទៅ​កាន់​ទីវាល​រហោឋាន​នៅ​ស៊ីរី ឬ​អ៊ីរ៉ាក់។ ក្នុង​ចំណោម​ជាង​មួយ​លាន​ពីរ​សែន​នាក់ មាន​តែ​មិន​ដល់​កន្លះ លាន​ផង​បាន​ទៅ​ជំរំ។

ដំណាក់កាល​ទីពីរ គឺ​ចាប់​ពី​ឆ្នាំ​១៩១៦​ទៅ ពេល​នោះ​កងកម្លាំង​សម្ព័ន្ធមិត្ត​រុស្ស៊ី បាន​សម្រុក​កាន់​តែ​ខ្លាំង​។ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ចំពោះ​ជនភៀសខ្លួន​ក្នុង​ជំរំ​លត់ដំ​ ?! ជំរំលត់ដំ ក្លាយ​ជា​រណ្តៅ​ខ្មោច។ ក្នុង​រយៈ​ពេល​៥​ខែ​ ជនអាមេនី ជាង​១៩​ម៉ឺន​នាក់​ត្រូវ​ប្រល័យ​ជីវិត​នៅ​ក្នុង​ជំរំ​ Deir ez-Zor ។

​តួកគី​មិន​បដិសេធ​ជា​និច្ច ថា​គ្មាន​ការ​សម្លាប់​រង្គាល​​បែប​ប្រល័យ​ពូជសាសន៍​ទេ

ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ គឺ​ដូច​ជា​ត្រូវ​ត្រលប់​ស្ថាបនា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ឡើង​វិញ​។ ហើយ​បើ​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ គឺ​ត្រូវ​មាន​ការ​កាត់​ទោស​។ មាន​បទ​ឧក្រិដ្ឋ ត្រូវ​ស្វែង​រក​ឧក្រិដ្ឋជន … ការ​ប្រល័យ​ពូជសាសន៍​អាច​នឹង​ធ្វើ​ឱ្យ​របប​ដឹកនាំ​បី​ជំនាន់​របស់​តួកគី​មាន​ជាប់​ពាក់ព័ន្ធ​ អ្នក​ធ្លាប់​ជា​វីរៈបុរស​របស់​តួកគី​អាច​ក្លាយ​ជា​ឧក្រិដ្ឋជន​ក៏​ថា​បាន​។ បើ​ទទួល​ស្គាល់​កំហុស អាច​នឹង​ត្រូវ​មាន​ការ​ទារ​សំណង បើ​ទោះ​បី​ជា​ថអាមេនី​មិនទាមទារ​ក៏​ដោយ​ ក៏​ច្បាប់អាច​​តម្រូវបាន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តួកគី​ដែលជា​អ្នក​​ស្នង​ពី​ចក្រភព​អូតូម៉ង់ តែង​បដិសេធ​ជា​និច្ច​ សកម្មភាព​​​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​នេះ និង​បាន​បើក​យុទ្ធនាការ​ រៀប​ចំ​ឃោសនា​ថា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេញ​ពិភពលោក។ តួកគី​​តែង​គំរាម​​សង​សឹក​​លើ​ផ្នែក​សេដ្ឋកិច្ច​ លើ​ប្រទេស​ណា​ដែល​ហ៊ាន​ថ្កោល​ទោសអំពើ​ឃោរឃៅ​ប្រល័យ​​​ពូជសាសន៍​ ឬ​ទទួល​ស្គាល់​ថា​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។ ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​លោក​​ក៏​ដូច្នេះ​ដែរ​ ថ្នាក់​ដឹកនាំ​ប្រទេស​​នៅ​លើ​លោក​សុទ្ធ​​តែមាន​សតិសម្បជ្ជញ្ញៈ​  ប៉ុន្តែ​នៅ​ពេល​ត្រូវ​ប្រឈម​មុខ​នឹង​ផលប្រយោជន៍​​សេដ្ឋកិច្ច បញ្ហា​អាមេនី​ត្រូវ​រក្សា​ក្នុង​សៀវភៅ​កំណត់​ហេតុ​សិន​ហើយ។

ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ​ ដើម្បី​ផ្សះផ្សា

 
អាមេនី បាន​ឈាន​ចូល​ដល់​បរិបទ​ថ្មី ! ​ អាមេនី​ខ្លួន​ឯង​ក៏​បាន​ទទួល​ឯករាជ្យ។ មួយ​សតវត្ស​រ៍​កន្លង​ ពិធី​រំលឹក​ខួប​ក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ ! មាន​ប្រមុខ​រដ្ឋ​បរទេស​ជា​ច្រើន​រូប​ចូល​រួម​ មាន​អាទិ៍​​ប្រធានាធិបតី​បារាំង និង​រុស្ស៊ី ដែល​អាច​បញ្ជាក់​បាន​អំពី​សាមគ្គី​ភាព និង​​អំពី​ទំនួល​ខុសត្រូវ​​ប្រវត្តិសាស្ត្រ។

សង្គម​ស៊ីវិល​តួកគី​មួយ​ចំនួន​​ហ៊ាន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​។ សហគមន៍​អន្តរជាតិ​បាន​ទទួល​ស្គាល់ កាន់​​តែ​​ច្រើន​ឡើងៗ ​​ ​ប្រល័​យ​ពូជសាសន៍​​លើ​ជនជាតិ​អាមេនី​ ផ្តើម​ដោយ​សហភាព​អឺរ៉ុប បុរី​វ៉ាទីកង់​ សភា​អូទ្រីស​ក៏​ទើប​បាន​ងើប​សម្រួប​ឥរិយាបថ​មួយ​នាទី ជា​កិច្ច​ទទួល​ស្គាល់​​ការ​សម្លាប់​រង្គាល​បែប​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី។ អាល្លឺម៉ង់​ ក៏​នឹង​អាច​ប្រកាស​ឆន្ទៈ​ក្នុង​ទិស​តែ​មួយ​​នេះ​ដូច​គ្នា​នៅ​ពេល​ខាង​មុខ។ តំណាង​រាស្ត្រ​អាមេរិក ក៏​ជំរុញ​ឱ្យ​លោក​អូបាម៉ា​ប្រកាស​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​អាមេនី​។

ប្រធានាធិបតី​ និង​នាយករដ្ឋមន្ត្រី​តួកគី បច្ចុប្បន្ន​ក៏​បាន​ទទួល​ស្គាល់​ ថា​មាន​អំពើ​កាប់​សម្លាប់​ ហើយ តែ​លោក​នៅ​តែ​បដិសេធ​ជានិច្ច​ថា​មិន​មែនការ​ប្រល័យ​ពូជសាសន៍ ឬ​ជា​ឧក្រិដ្ឋកម្ម​​គ្រោង​ទុកទេ។ ប្រធានាធិបតី​អាមេនី​ផ្ទាល់​ ក៏​រង់​ចាំ​ថ្ងៃ​ស្អែក​នេះ រង់ចាំ​សារ​របស់ប្រមុខ​ដឹកនាំ​​តួកគី​ ក្នុង​ឱកាស​ខួប​១០០​ឆ្នាំ ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ផ្សះផ្សា​ជាតិ​នឹង​គ្នា​ឡើង​វិញ។ ខួប​១០០​ឆ្នាំ​ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ក្រុង យ៉េរ៉េវាន់ ប្រទេស​អាមេនី ក្រោម​ស្លាក​សន្តិភាព។ ជា​ការពិត​ណាស់​ដែល​ថា​អាមេនី​ត្រូវ​ការ​ឮ​ពាក្យ​ ទទួល​ស្គាល់​ « អំពើ​ប្រល័យ​ពូជសាសន៍ »​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​អាមេនី​បាន​ប្រកាស​ចរចា​ស្វែង​រក​ទំនាក់ទំនង​ជា​ធម្មតា​ជាមួយ​តួកគី​ឡើង​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទេ។ អាមេនី​តួកគី​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​​ភ្ជាប់​ទូត​និង​បើក​ព្រំដែន នៅ​ឆ្នាំ​២០០៩ ប៉ុន្តែ​ត្រូវ​សភា​ទាំង​សង​ខាង​ជំទាស់៕