អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បើ​លុយ​​អឺរ៉ូ​ធ្លាក់​ថ្លៃ​ស្មើ​ដុល្លារ​អាមេរិក តើ​ជា​ដំណឹង​អាក្រក់​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរ​សប្តាហ៍​ក្រោយ​ផែនការ​ ​៦០​ពាន់​លាន​ របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ទិញ​បំណុល​ជា​រៀង​រាល់​​ខែ រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៦​មក ប្រាក់​អឺរ៉ូ​បាន​​បន្ត​ធ្លាក់​ថ្លៃ​យ៉ាង​លឿន​ បើ​ប្រៀប​ទៅ​នឹង​ប្រាក់​ដុល្លារ ដែល​កាន់​តែ​ទាក់​ទាញ​ខ្លាំង​សម្រាប់​អ្នក​វិនិយោគ។ នៅ​ថ្ងៃសុក្រ​ទី ១៣​មីនា ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ថ្លៃ​ទាប​បំផុតជា​លើក​ទី​មួយ​គិត​ចាប់​ពី​ឆ្នាំ​២០០៣​មក ដោយ១អឺរ៉ូដូរ​បាន​តែ​១,០៥ដុល្លារអាមេរិក។ តម្លៃដ៏ទាប​ដែល​សឹង​​តែ​ធ្វើ​ឱ្យ​គ្រប់​គ្នា​អត់​គិត​មិន​បាន​ ថា​នៅ​ថ្ងៃ​ខាង​មុខ​ ប្រាក់​អឺរ៉ូ និង​ដុល្លារ​មាន​តម្លៃ​ស្មើ​គ្នា។ ប្រសិន​បើ​ដូច្នេះ​មែន តើ​ជា​ដំណឹង​អាក្រក់ ឬ​ដំណឹង​ល្អ សម្រាប់​អឺរ៉ុប ?!

តើ​ប្រាក់​អឺរ៉ូ នឹង​ធ្លាក់​ថ្លៃ​មក​ស្មើ​ប្រាក់​ដុល្លារ នៅ​ពេល​ខាង​មុខ​ឬ ?
តើ​ប្រាក់​អឺរ៉ូ នឹង​ធ្លាក់​ថ្លៃ​មក​ស្មើ​ប្រាក់​ដុល្លារ នៅ​ពេល​ខាង​មុខ​ឬ ? © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​លើកដំបូង​គិត​ចាប់​ពី​ឆ្នាំ​២០០៣​មក ដែល​ប្រាក់​អឺរ៉ូ​បាន​ស្គាល់​ការ​ធ្លាក់​ថ្លៃ ដល់​កំរិត​ទាប​បែប​នេះ (មួយ​អឺរ៉ូ​ដូរ​បាន​មិន​ដល់​១,០៥​ដុល្លារ​សហរដ្ឋ​អាមេរិក​ផង នៅ​ថ្ងៃសុក្រ​ទី ១៣​មីនា២០១៥)។ ក្នុង​រយៈពេល​តែ​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​សោះ ប្រាក់​អឺរ៉ូ បាន​បាត់​បង់​តម្លៃ​អស់​១៣%។ មិនតែប៉ុណ្ណោះ រូបិយបណ្ណ​អឺរ៉ុប ក៏​បាន​ធ្លាក់​ចុះ​ដែរ​នៅ​ចំពោះ​មុខ​ប្រាក់​យេនជប៉ុន  និង​លុយ​ហ្វ្រង់​ស៊្វីស។ ដំណើរ​ធ្លាក់​ចុះ​យ៉ាង​លឿន​នេះ​បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​គិត​ថា ប្រាក់​អឺរ៉ូ​អាច​នឹង​មាន​តម្លៃ​ស្មើ​លុយ​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ណា​មួយ។

 
បាតុភូត​អឺរ៉ូ​ស្មើ​ដុល្លារ​មិន​អាច​ច្រាន​ចោល​បាន​ទេ ព្រោះ​ការគិត​ទុក​បញ្ចុះ​ជាមុន​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ពិត​កើត​ឡើង ៖ អឺរ៉ូ​ត្រូវ​បន្ត​ធ្លាក់​​ថ្លៃទៀត រួច​បន្ទាប់​មក​ទើប​អឺរ៉ូ​នឹង​រើប​ឡើង​វិញ​ទៅ​រក​តម្លៃ​ដើម គឺ​មួយ​អឺរ៉ូ​ដូរ​បាន​១,២០​ដុល្លារអាមេរិក។ ធនាគារធំៗ បាន​ភ្នាល់​រួច​ជា​ស្រេច​ទៅ​ហើយ​ថា អឺរ៉ូ​នឹង​ធ្លាក់​ថ្លៃ​មក​ស្មើ​ដុល្លារ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ធនាគារ​អាល្លឺម៉ង់​ហ៊ាន​ទាយ​ថា​នៅ​ដាច់​ឆ្នាំ​២០១៥​នេះ​គេ​នឹង​បាន​ឃើញ​មួយ​អឺរ៉ូ​ដូរ​បាន​មួយ​ដុល្លារ​ហើយ។ ចំណែក​ធនាគារ​ស្វ៊ីស បានព្យាករ​​ថា​អឺរ៉ូ​នឹង​ធ្លាក់​ក្រោម​ដុល្លារ នៅ​១២​ខែ​ទៀត (1 €=0.98$) រួច​នឹង​បន្ត​ធ្លាក់​ទៀត មក​ត្រឹម មួយ​អឺរ៉ូ​ដូរ​បាន​តែ​ពី 0.80$-0.95$ ដុល្លារ នៅ​ឆ្នាំ​២០១៦។

ឥទ្ធិពល​នៃ​ប្រាក់​អឺរ៉ូ​ថោក​ចំពោះ​​អឺរ៉ុប

អឺរ៉ូ​ថ្លៃ ជា​ប្រការ​ល្អ សម្រាប់​ពលរដ្ឋ​ដែល​ចង់​ដំណើរ​ទេចរណ៍ ទៅ​ប្រទេស​ផ្សេង ប៉ុន្តែ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​គឺ​មិន​ប្រសើរ​សោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​បាត់បង់​ភាព​ប្រកួត​ប្រជែង ជាមួយ​ដៃ​គូ។ ជាក់ស្តែង​ក្នុង​ករណី​ប្រទេស​ស៊្វីស ដែល​ល្បី​ខាង​មាន​សុខភាព​សេដ្ឋកិច្ច​ល្អ​ ក៏​មិន​អាច​គេច​ផុត​ពី​បាតុភូត​រូបិយបណ្ណ​ឡើង​ថ្លៃ​ខ្លាំង​ពេក នាំ​ឱ្យ​ភាព​ប្រកួត​ប្រជែង​ធ្លាក់​ចុះ​នេះ​ដែរ។ រដ្ឋាភិបាល​ស្វ៊ីស​បាន​ទប់​រហូត​មក​ឱ្យ​ប្រាក់​លុយ​ហ្វ្រង់ស៊ីស​ស្ថិ​ត​នៅ​ក្នុង​កំរិត ១,២០ហ្វ្រង់ = ១ អឺរូ តែ​កាលពី​ពាក់​កណ្តាល​ខែ​មករា ធនាគារ​ជាតិ​ស្វ៊ីស​បាន​ប្រកាស​ដំណឹង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​លែង​ទប់​ ជា​ហេតុ​ធ្វើ​ឱ្យ​រូបិយបណ្ណ​មួយ​នេះ​ស្ទុះ​ឡើង​ថ្លៃ​ដល់​ទៅ​២០% (១អឺរ៉ូ=១,០៥ហ្វ្រង់)។ ជា​លទ្ធផល ស្វ៊ីស​បាត់​បង់​ការ​ប្រកួត​ប្រជែង​ខ្លាំង ក្រុមហ៊ុន​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​ទប់​ទល់។ ក្រុមហ៊ុន​ខ្លះ​បាន​សុខ​ចិត្ត​បង្កើន​ម៉ោង​ធ្វើ​ការ​ដល់​ទៅ ៤៥​ម៉ោង ក្នុង​មួយ​សប្តាហ៍ ដោយ​ផ្តល់​ប្រាក់​ខែ​​៤០​ម៉ោង។

ដូច្នេះ​បើ​​​វិល​មក​និយាយ​អំពី​ប្រាក់​អឺរ៉ូ​វិញ​ អឺរ៉ូ​ទាប​មិន​មែន​ជា​ដំណឹង​អាក្រក់​ទាំង​ស្រុង​ទេ។ ជា​ទូទៅ សម្រាប់​តំបន់​ចាយប្រាក់​អឺរ៉ូ លុយ​ចុះ​ថ្លៃ​ជា​ភាព​ចាំបាច់ ព្រោះ​ការ​ធ្លាក់​ថ្លៃ​នេះ​នឹង​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​អតិផរណា និង​សម្រួល​ដល់​ពាណិជ្ជកម្ម​ក្នុង​ស្រុក (អឺរ៉ុប)។ ជាពិសេស​នៅ​ក្នុង​បរិបទ​ដែល​អឺរ៉ុប​មាន​តម្រូវការ​ក្នុង​ស្រុក​ទាប​ខ្លាំង​យ៉ាងដូច្នេះ។

ការសិក្សា​មួយ​ ចេញ​ផ្សាយ​កាលពី​ខែ​មករា​២០១៤ បាន​បង្ហាញ​ថា ប្រសិន​បើ​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ​ មាន​អត្រា​ប្តូរ​ធ្លាក់ចុះ​ត្រឹម​១០% នោះ​នឹង​ការ​កំណើន​នាំ​ចេញ​ប្រមាណ​ជា​៧,៥%​ ជា​មធ្យម។ ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ ប្រធានាធិបតី​បារាំង​ សម្តែង​ការ​រីករាយ​នៅ​សប្តាហ៍​នេះ ចំពោះ​​ឥទ្ធិពលជា​​វិជ្ជមាន​ សម្រួល​ដល់​សកម្មភាព​សេដ្ឋកិច្ច​ នៃ​ការ​ចុះ​ថ្លៃ​​របស់​ប្រាក់​អឺរ៉ូ ស្ទើរ​ស្មើ​ប្រាក់​អាមេរិក។ លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​​ប្រកាស​អំពី​មោទនភាព​នេះ​ថា ៖ “នៅ​ពេល​មាន​អត្រា​ការ​ប្រាក់ទាប លុយ​អឺរ៉ូ​ជិត​ស្មើ​លុយ​ដុល្លារ​អាមេរិក ជំរុញ​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​មាន​សមត្ថភាព​ធ្វើ​វិនិយោគ​ នោះ​កំណើន​សេដ្ឋកិច្ច​នឹង​កើត​មាន​​ជាក់​ពុំ​ខាន”។ អាល្លឺម៉ង់​ដែល​ជាប់​ចិត្ត​នឹង​ប្រាក់​អឺរ៉ូ​ថ្លៃ​ខ្ពស់​ ក៏​ជា​អ្នក​ទទួលផល​ប្រយោជន៍​ច្រើន​ដែរ​ ជាពិសេស​លើ​វិស័យ​នាំ​ចេញ​ ដែល​អាល្លឺម៉ង់​មាន​ឯកទេស​ខ្លាំង។

ក្រុមហ៊ុន​នាំ​ចេញ​ក្នុង​វិស័យ​ឧស្សាហកម្ម (រថយន្ត អេឡិចត្រូនិក សម្ភារៈ​ដឹកជញ្ជូន ​និង​កសិកម្ម​ ជាអ្នក​ទាញ​ប្រយោជន៍​ធំ​ពី​ប្រាក់​អឺរ៉ូ​ទាប​ស្ទើរ​ស្មើ​ដុល្លារ។ ប៉ុន្តែ​វិស័យ​ចូល​ អាច​នឹង​ត្រូវ​ក្រញាញ់​មុខ​បន្តិច។ ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ​វិញ ផលិត​ផល​នាំ​ចូល​អាច​នឹង​ឡើង​ថ្លៃ​ជាង​មុន​ ពលរដ្ឋ​អាច​នឹង​មាន​ទស្សនវិស័យ​ថ្មី ងាក​មក​សំលឹង​មើល​ផលិតផល​។ តែ​កញ្ចប់​ថវិកា​រង​ផល​ប៉ះពាល់​តិច​ ដោយ​ហេតុ​តែ​ទន្ទឹម​គ្នា​នេះ តម្លៃ​ប្រេង​ពិភពលោកក៏​ចុះ​ថ្លៃ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ