អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​​បារាំង​​ជំនុំ​ជម្រះ​ជា​លើកទីមួយ​ ​ជនសង្ស័យ​​​​ប្រល័យ​​ពូជសាសន៍​ នៅ​រវ៉ាន់ដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ថ្ងៃ​អង្គារ​ទី ៤ ដល់​ថ្ងៃ​ទី ២៨ មីនា តុលាការ​បារាំង ក្នុង​ទីក្រុង​ប៉ារីស បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រល័យពូជសាសន៍ ដែល​បាន​កើត​ឡើង កាលពី​​២០​ឆ្នាំ មុន នៅ ប្រទេស​រវ៉ាន់ដា។ ជនសង្ស័យ Pascal Simbikangwa ជាតិ​រវ៉ាន់ដា ត្រូវ​តុលាការ​បារាំង​ចោទប្រកាន់​ពីបទ​ផ្សំគំនិត ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​សម្លាប់​ប្រជាជន​រវ៉ាន់ដា មក​ពី​ជាតិ​ពិន្ធុ​ទុតស៊ីស ៨សែននាក់ តែក្នុង​រយៈពេល ១០០​ថ្ងៃ។

ក្នុង​រយៈពេល​១០០​ថ្ងៃ អំពើ​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជន​រវ៉ាន់ដា ៨សែន​នាក់ នៅឆ្នាំ១៩៩៤
ក្នុង​រយៈពេល​១០០​ថ្ងៃ អំពើ​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជន​រវ៉ាន់ដា ៨សែន​នាក់ នៅឆ្នាំ១៩៩៤
ផ្សាយពាណិជ្ជកម្ម

Pascal Simbikangwa​ជា​អតីត​ប្រធាន​ឯកភាព​ស៊ើបការណ៍ សម្ងាត់​របស់​លោក​ប្រធានាធិបតី មក​ពី​ជាតិ​ពិន្ធុ​អូទូ។ Pascal Simbikangwa ជនជាតិ​អូទូ ជាស្ថាបនិក​ម្នាក់​នៃវិទ្យុ​ជាតិ រវ៉ាន់ដា ដែល​កាលពីខែ​មេសា ឆ្នាំ ១៩៩៤ បាន​អំពាវនាវ​ឲ្យ​មាន ការប្រមាញ់ សម្លាប់​ក្រុមប្រជាជន​ទុតស៊ីស។ អំពើហិង្សា​សម្លាប់​រង្គាល​ទៅលើ​ក្រុមជាតិ​ពិន្ធុ​ទុតស៊ីស បានកើតឡើង បន្ទាប់ពី​មាន​អំពើ​ភេរវកម្ម​បំផ្ទុះ​យន្តហោះ ដែល​សម្លាប់​លោក​ប្រធានាធិបតី មក​ពី​ជាតិ​ពិន្ធុ​អូទូ។
 

Pascal Simbikangwa​ក្នុង​បទ​ផ្សំគំនិត​បង្កើត​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ តាម​ការស៊ើបអង្កេត​របស់​តុលាការ នៅក្នុង​ពេល​មាន​អំពើ​ហិង្សា កាលពី​ឆ្នាំ ១៩៩៤ Pascal Simbikangwa បាន​ចែកចាយ​អាវុធ និង​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ប្រជាជន​ទុតស៊ីស។

 

២០​ឆ្នាំក្រោយ​អំពើ​ប្រល័យពូជសាសន៍ នៅ​រវ៉ាន់ដា បារាំង បាន​បើក​សវនាការ​ជាលើកទីមួយ កាត់ទោស​ជនសង្ស័យ​ប្រល័យពូជសាសន៍ នៅ​រវ៉ាន់ដា។

 

ហេតុអ្វី​បាន​ជាបារាំង​កាត់ទោស​Pascal Simbikangwa​ដែល​ជា ជនជាតិ​រវ៉ាន់ដា ហើយ​បទឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ដែល​តុលាការ​បាន​ចោទ បាន​កើតមាន​នៅ ប្រទេស​រវ៉ាន់ដា?

 

តុលាការ​បារាំង​អាច​បើក​សវនាការ​កាត់ទោស​ Pascal Simbikangwa​ដោយសារ​តែ​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ រូបនេះ ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​បាន នៅក្នុង​ទឹកដី​បារាំង។

 

បន្ទាប់ពី​អំពើហិង្សា Pascal Simbikangwa ក៏ដូចជា​ប្រជាជន​រវ៉ាន់ដា មក​ពី​ជាតិពិន្ធុ​អូទូ បាន​លួចរត់​គេច​ចេញពី​ប្រទេស​ដោយសារ​តែ​ខ្លាច​ការសម្លាប់​សងសឹក​ពីក្រុម​ទុតស៊ីស​ដែល​បាន​ប្រយុទ្ធ​ឈ្នះ​ចូល​កាន់អំណាច។ Pascal Simbikangwa បាន​រត់ទៅជ្រកពួន នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន មុន​នឹង​មក​រស់នៅ​ដោយសុខស្រួល ​នៅ​កោះ ម៉ាយូត របស់​បារាំង នៅឆ្នាំ ២០០៥។ ទើបតែ​នៅ​ឆ្នាំ ២០០៨ ដែល​ Pascal Simbikangwaត្រូវ​បាន​អាជ្ញាធរ​បារាំង​ចាប់ខ្លួន ក្រោម​ឈ្មោះ បន្លំ Safari ពីបទ​ជួញដូរ​អត្តសញ្ញាណបណ្ណ។ Pascal Simbikangwa​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក បួនឆ្នាំ។ ប៉ុន្តែ ដោយសារ​តែ​ឈ្មោះ​ Pascal Simbikangwa​ត្រូវ​បាន​ស្វែងរក​ប៉ូលិស​អន្តរជាតិ Interpol ទើប​ចៅក្រមស៊ើបអង្កេត​​បារាំង​សម្រេច​បើក​សំណុំរឿង​ស៊ើបអង្កេត​លើ​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​ Pascal អាច​ចូលរួម​ផ្សំគំនិត។

 

ថ្វីត្បិត​ថា បទឧក្រិដ្ឋ​មិន​បាន​កើតមាន នៅក្នុង​ប្រទេស​បារាំង ហើយ​ប្រជាជន​បារាំង ក៏​មិន​មែន​ជា​ជនរងគ្រោះ ប៉ុន្តែ បារាំង​បាន​ប្រើ​ដែន​យុត្តាធិកា​សកល Compétence universelle នៃ​តុលាការ​ក្នុង​ស្រុក ដើម្បីអាច​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រល័យពូជសាសន៍ ហើយ​ដែល​ជនសង្ស័យ កំពុង​ស្ថិតនៅក្នុង​ទឹកដី​បារាំង។

 

នេះ​ជា​លើកទីមួយ និង​ជា​ប្រវត្តិសាស្រ្ត ដែល​បារាំង បើកសវនាការ​ប្រភេទនេះ។ ប៉ុន្តែ បារំាង​មិនមែន​ជាប្រទេស​តែមួយដែល​ប្រើ​ដែន​យុត្តាធិការ​សកលនេះទេ។ អាល្លឺម៉ង់ ប៊ែលហ្សិក អេស្ប៉ាញ កាណាដា អ៊ីស្រាល ឬ​ស៊ុយអែដ​ជា​ដើម​សុទ្ធតែ​បានលើកយក​ដែន​យុត្តាធិការ​សកល​នេះ​មក​ប្រើប្រាស់។ ជាក់ស្តែង ប្រទេស​ស៊ុយអែដ​ទើប​តែ​ប្រើ​ដែនយុត្តាធិការ​សកលនេះ កាល ពី​ពាក់​កណ្តាល​ឆ្នាំ មុន ដើម្បី​កាត់ទោស​ជនជាតិ​រវ៉ាន់ដា​ម្នាក់​ពី បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

 

បើតាម សមាគម​ជនរងគ្រោះ​រវ៉ាន់ដា គេ​បាន​ដាក់​ពាក្យ​បណ្តឹង​ជាង​២០ ប្រឆាំង​នឹង​ជនជាតិ​រវ៉ាន់ដា ដែល​រស់នៅ​នៅ​ប្រទេស​បារាំង។ ពួកគេ​ទាំង​នោះបាន​ចូលរួម​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ សម្លាប់​មនុស្ស នៅ​រវ៉ាន់ដា ប៉ុន្តែ តុលាការ​បារាំង​មិន​ព្រម​ចាត់ការ​ទាល់តែសោះ។

 

នៅក្រោយ​អំពើ​ហិង្សា កាលពី​ឆ្នាំ ១៩៩៤ ជនជាតិ​រវ៉ាន់ដា ជាច្រើន ដែល​សង្ស័យថា បាន​ប្រើ​អំពើ​ហិង្សា​សម្លាប់​ប្រជាជន​ទុតស៊ីស ដូចជា​ភរិយា​ម៉េម៉ាយ​របស់​អតីត​ប្រធានាធិបតី​អូទូ​ជាដើម បាន​រត់​មកសុំ​សិទ្ធិជ្រកកោន​នៅ​បារាំង។ ប៉ុន្តែ បារាំង​មិន​ដែល​នឹកនា​ចង់​បើក​សវនការ ផ្តន្ទាទោស​ទៅលើ​ជនជាតិ​អូទូ​ទាំងនោះទេ។ នៅមុន ពេល និង​ក្នុង​ពេល​ដែល​អំពើ​ហិង្សា និង​សកម្មភាព​សម្លាប់​រង្គាល​ទៅលើ​ប្រជាជន​ទុតស៊ីស បាន​ផ្ទុះ​នៅទូទាំង​ប្រទេស កងទ័ព​បារាំង​បាន​នៅ​ឈរ​នៅខាងភាគី​រដ្ឋាភិបាល​អូទូ ដែល​ជា​អ្នកពន្យុះ​ឲ្យ​សម្លាប់​ប្រជាជន​ទុតស៊ីស។

 

ជំហរនេះ​បាន​ធ្វើ​ឲ្យ​បារាំង និង​ប្រជាជន​រវ៉ាន់ដា​នៅ​តែ​មើលមុខគ្នា​មិនចំ។ កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ គណៈកម្មការ​រវ៉ាន់ដា​បាន​បង្ហាញ​របាយការណ៍​ដែល​បាន​ចោទទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ប្រទេស​បារាំង ពីរឿង​ប្រល័យពូជសាសន៍ ដោយ​ថា បារាំង​បាន​ដឹងជាមុន ឬ​ចូលរួម​ក្នុង​ផែនការ​សម្លាប់​រង្គាល​ប្រជាជន​ទុតស៊ីស កាលពី​ឆ្នាំ ១៩៩៤។ តាមអ្នកជំនាញខ្លះ គេ​នៅតែ​ឃើញ ជំហរ​ការពារ​របស់​បារាំង​ទៅលើ​​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា។ ជាក់ស្តែង បារាំង​បាន​បដិសេធ​មិន​ធ្វើ​បត្យាប័ន បញ្ជូន​ជនសង្ស័យ​រវ៉ាន់ដា ទៅ​ឲ្យ​តុលាការ​នៅ​រវ៉ាន់ដា​កាត់ទោស ទៅតាម​ការស្នើ​របស់​សមាគម​ជនរងគ្រោះទេ។ រហូតមក អាជ្ញាធរ​បារាំង​អះអាងថា គេ​មិន​អាច​ធ្វើ​បត្យាប័ន ដោយសារ​តែ​គេ​មិន​សូវជឿ​ទុកចិត្ត​លើ​អព្យាក្រិតភាព​របស់​តុលាការ​ក្នុង​ស្រុក​រវ៉ាន់ដា។ មេធាវី​របស់​ក្រុមអូទូ វាយតម្លៃថា កូនក្តី​របស់ខ្លួន ប្រាកដ​ជាមិន​បាន​ទទួល​យុត្តិធម៌ ក្នុង​តុលាការ​ក្នុង​ស្រុក​រវ៉ាន់ដា ទេ ព្រោះ​តុលាការ​នោះ បង្កើត​ដោយ​ក្រុម​ជនរងគ្រោះ​ទុតស៊ីស។

 

បារាំង​បាន​និយាយ​ការពារ​ខ្លួន ពី​រឿង​ពន្យារពេល មិនបើក​ជំនុំជម្រះ កន្លងមក។ ទីមួយ​ទាក់ទង​នឹង​ភាពស្មុគស្មាញ​នៃ​សំណុំរឿង​ផ្ទាល់។ តាមអាជ្ញាធរ​បារាំង ដោយសារ​តែ​បទល្មើស​កើតឡើង ២០​ឆ្នាំ​មកហើយ នៅ​រវ៉ាន់ដា ហើយ គ្មាន​ភស្តុតាង​ជា​ឯកសារ​ទៀតនោះ គេ​ពិបាក​នឹង​បើក​ការស៊ើប​អង្កេត ប្រឆាំង​នឹង​ជនសង្ស័យ​រវ៉ាន់ដា នៅ​ប្រទេស​បារាំង។ ក្នុង​ករណី​ជនសង្ស័យ Pascal Simbikangwa សវនការ​នឹង​ប្រព្រឹត្ត​ទៅ​គ្មាន​ឯកសារ​ជា ភស្តុតាង។ គឺជាសវនកា​ដែល​មាន​ការសួរ​តទល់​គ្នា រវាង​ជនជាប់ចោទ និង​សាក្សី ដែល​ជា​ជនរងគ្រោះ ឬ​អ្នកជិតខាង​របស់​Pascal Simbikangwa ដែល​នឹង​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ពី​រវ៉ាន់ដា។ យ៉ាងណាក៏ដោយ បទចោទប្រកាន់​របស់​តុលាការ​ទៅលើ​ Pascal Simbikangwa ហាក់មាន​លក្ខណៈ​ស្រាល ដោយសារតែ តុលាការ​គ្រាន់តែបាន​ចោទ​ Pascal Simbikangwa ថាបាន​ផ្សំគំនិត​ឲ្យមាន​អំពើ​ប្រល័យពូជសាសន៍ ប៉ុន្តែ​មិន​មែន​ជា​ជនដៃដល់ មេឃាតករ ក្នុងពេល​ដែល​Pascal Simbikangwa​ ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​រវ៉ាន់ដា ជាឧក្រិដ្ឋជន​សម្លាប់​មនុស្ស ឈាមត្រជាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ