អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គ្រោះថ្នាក់ក្រឡាប់​រថភ្លើង​សម្លាប់មនុស្ស​៧៧​នាក់ នៅអេស្ប៉ាញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​យប់​ថ្ងៃ​ពុធ​ទី ២៤ កក្កដា គ្រោះថ្នាក់​ក្រឡាប់​រទេះភ្លើង បាន​សម្លាប់​មនុស្ស​យ៉ាងហោច ៧៧​នាក់ និង​របួស ១៤៣​នាក់​នៅក្នុង​ប្រទេស​អេស្ប៉ាញ។ រថភ្លើង​រត់ក្នុងល្បឿនលឿន​ បាន​​បើក​ចេញពី​ទីក្រុង​ម៉ាដ្រីឌ ជួបគ្រោះថ្នាក់ នៅ​បួន​គីឡូម៉ែត្រ​មុន​ទៅដល់​ទីក្រុង​Saint-Jacques de Compostelle ដែល​ជាទីក្រុង​គោលដៅ និង​ស្ថិតនៅ​ភាគពាយ័ព្យ​អេស្ប៉ាញ។ សោកនាដកម្ម​​បាន​កើតមាន​នៅមួយ​ថ្ងៃមុន ការប្រារព្ធពិធីបុណ្យ​របស់​អ្នកកាន់​សាសនា​គ្រឹស្ត​នៅ​ទីក្រុង​ Saint-Jacques de Compostelle ក្នុង​តំបន់​Galice។ នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​ដែល​មាន​ដើមកំណើតនៅ​Galice​បាន​ចូលរួមសំដែងទុក្ខ​ជាមួយ​ប្រជាជន​អេស្ប៉ាញ និង​ត្រូវ​ចុះ​ទៅ​កន្លែង​​កើតហេតុ នៅថ្ងៃ​ព្រហស្បតិ៍។

សាកសព​អ្នកធ្វើដំណើរ​ជាច្រើន​ត្រូវ​គេ​អូសចេញ​ពី​ទូរថភ្លើង​ដែល​ក្រឡាប់​ចេញ​ពី​ផ្លូវដែក​កាលពី​យប់​ថ្ងៃ​ពុធ​ទី ២៤ កក្កដា ២០១៣
សាកសព​អ្នកធ្វើដំណើរ​ជាច្រើន​ត្រូវ​គេ​អូសចេញ​ពី​ទូរថភ្លើង​ដែល​ក្រឡាប់​ចេញ​ពី​ផ្លូវដែក​កាលពី​យប់​ថ្ងៃ​ពុធ​ទី ២៤ កក្កដា ២០១៣ REUTERS/Oscar Corral
ផ្សាយពាណិជ្ជកម្ម

 

អាជ្ញាធរ​អេស្ប៉ាញ​ដែល​កំពុង​ញាប់ដៃ ញាប់​ជើង​ជួយ​សង្រ្គោះ​អ្នកដំណើរ​ដែល​រងរបួស មិន​ទាន់​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជាផ្លូវការ​នៅឡើយទេ​អំពីមូលហេតុ​ដែល​ធ្វើ​ឲ្យ​រថភ្លើង​ក្រឡាប់  ដោយ​គេរង់ចាំ មើល​ប្រអប់ខ្មៅ​ដែល​ផ្ទុកព័ត៌មាន​រទេះភ្លើង។

ប៉ុន្តែ កាសែត​ក្នុង​ស្រុក​អេស្ប៉ាញ​ចេញផ្សាយ​នៅថ្ងៃពុធ​នេះ បាន​ទម្លាក់​កំហុស​ទៅលើ​ការបើក​ល្បឿន​លឿន​ហួសកំណត់​របស់​រទេះភ្លើង​ដែល​ធ្វើ​ឲ្យ​រទេះភ្លើង ក្រឡាប់​ខ្ទាតចេញពី​ផ្លូវដែក។ បើតាម​កាសែត នៅចំណុចផ្លូវបត់​ចូលទីក្រុង រទេះភ្លើង ទាំងអស់​(បើទោះបី​ជា​រថភ្លើង ល្បឿនលឿន Le TGV) ត្រូវ​តម្រូវ​ឲ្យ​បន្ថយល្បឿន និង​បើក​ក្នុងល្បឿន​តែ​៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយមូលហេតុ​ថា នៅផ្លូវបត់មាន​លក្ខណៈ តូចចង្អៀត និង​ស្មុគស្មាញ​ដោយសារតែ​មាន​ផ្ទះ​ប្រជាជន​ច្រើន នៅ​ក្បែរនោះ។ ប៉ុន្តែ រថភ្លើង កាលពីថ្ងៃ​ពុធ បាន​បើកដល់​ទៅ​ល្បឿន​ជាង ១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​ហួសល្បឿន​កំណត់​ដល់​ទី​ពីរ​ដង។

តាមរូបភាព​ដែល​ទូរទស្សន៍​​ថតបាន ទូ​រថភ្លើង​មួយចំនួន​បាន​ខ្ទាត​ចេញពី​ផ្លូវដែក និង​បុក​គរ​លើ​គ្នា ចំណែក​ទូរ​មួយ​ទៀត បាន​ខ្ទាត​ប៉ើងឆ្ងាយ​ចេញពី​ផ្លូវដែក ដែល​នេះ​បង្ហាញ​ពី​កម្រិត​ប៉ះទង្គិច​ដែល​មាន​លក្ខណៈខ្លាំង។

អ្នកបើក​រទេះភ្លើង​ផ្ទាល់​ដែល​រងរបួស​ស្រាល​ត្រង់ខ្នង បាន​ចេញ​មុខ​មក​សារភាព​ថា គឺ​កំហុស​”មនុស្ស” ​ដែល​បណ្តាល​ឲ្យ​រទេះភ្លើង​ក្រឡាប់។ តាម​អ្នកកាច់ចង្កូត​រទេះភ្លើង គាត់បាន​ធ្វេសប្រហែល មិនអាច បន្ថយល្បឿន​បាន​ទាន់ពេល។ គាត់មិនអាច​បន្ថយល្បឿន ក៏​គំហុក ទៅតាម​ស្ថានភាព​ផ្លូវដែក​ដែល​ផ្លាស់ប្តូរ​ភ្លាមៗ គឺ​ចេញពី​ផ្លូវដែក​សម្រាប់​រថភ្លើង រត់ក្នុង​ល្បឿន​លឿន ២០០​គីឡូម៉ែត្រ មក​ចូល​ផ្លូវដែក​សម្រាប់​តែ​រថភ្លើង​ធម្មតា ដែល​អាច​រត់ក្នុង​ល្បឿន តែ៨០​គីឡូម៉ែត្រនោះទេ។

គ្រោះថ្នាក់លើកនេះ មិនមែន​ត្រឹម​បង្ក​ដោយ​មនុស្ស​ទេ ប៉ុន្តែ គឺ​ជាកំហុស​បច្ចេកទេស​សុទ្ធសាធ​របស់​ក្រុមហ៊ុនអយស្ម័យាន​អេស្ប៉ាញ។ អ្នកបើករថភ្លើង បាន​តវ៉ា​ថា ផ្លូវដែក​សម្រាប់​រថភ្លើង​ធម្មតា ធ្វើ​ឡើង​ដោយ​មិនស៊ីគ្នា គឺ​មិន​សមទទួល​រទេះភ្លើង​រត់ក្នុង​ល្បឿនលឿនទេ។ អ្នកបើកបរ​រថភ្លើង ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​បាន​រអ៊ូរទាំ​ពី​ភាព​មិនប្រក្រតី​របស់​ផ្លូវរទេះភ្លើងនេះ ចាប់តាំងពី​គេ​ដាក់​ឲ្យ​ដំណើរការ ឆ្នាំ ២០១១។ កន្លងមក ឲ្យ​តែ​ពេល​មក​ដល់​ចំណុច​បត់ ដែល​ជាកន្លែង​ កើតហេតុ កាល​ពី​យប់ រទេះភ្លើង​ល្បឿនលឿន​តែងតែ​ផ្អៀង​ទៅម្ខាង បន្តិច ដែល​តែងតែ​ធ្វើ​ឲ្យអ្នកធ្វើ​ដំណើរ​ញ័រ ផើតពោះ​រាល់​តែ​លើក។

បើតាម​អ្នកវិភាគខ្លះ អាជ្ញាធរ​មិន​បាន​អភិវឌ្ឍន៍​ផ្លូវដែក ជាពិសេស​នៅចំណុច​បត់ចូលទីក្រុង ដោយសារ​តែ​ដី​នៅ​តំបន់នោះ​ដែល​សំបូរ​ប្រជាជន​រស់នៅ មាន​តម្លៃថ្លៃ ខ្លាំង។
អេស្ប៉ាញ​ជា​ប្រទេស​អឺរ៉ុប​ទីមួយ​ដែល​មាន​ផ្លូវដែកវែង ជាងគេ ប្រមាណ ៣៥០០​គីឡូម៉ែត្រ។ ជាប់ចំណាត់ថ្នាក់​លេខពីរ​បន្ទាប់ពី​ប្រទេស​ចិន។ អេស្ប៉ាញ​ចំណាយ​លុយច្រើន​ដើម្បី​អភិវឌ្ឍ​ផ្លូវដែក​របស់ខ្លួន ដោយ​ក្នុងមួយឆ្នាំ ថវិកា​ប្រមាណ ១០០​លាន​អឺរ៉ូ​ត្រូវគេ​ចាយ​ដើម្បី​រក្សា និង​ជួសជុល​ផ្លូវដែក ក្នុង​ទូទាំងប្រទេស។

ក្រុមហ៊ុន​អយស្ម័យាន​រដ្ឋ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ថា បើទោះជា​រដ្ឋាភិបាល​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា ប៉ុន្តែ រដ្ឋ​មិន​បាន​កាត់បន្ថយ​ថវិកា​ដើម្បី​ជួសជុល និងរក្សា​ផ្លូវដែកទេ។ ផ្លូវដែក​ដែល​ទើបជួប​គ្រោះថ្នាក់​ក្រឡាប់រទេះភ្លើង ទៀតសោត​ទើប​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ២០១១​កន្លងទៅ។

អាជ្ញាធរ៖​គ្រោះថ្នាក់ក្រឡាប់​រថភ្លើងថា​បណ្តាលមកពី​ការវាយប្រហារ​ភេរវកម្ម
អេស្ប៉ាញ​ឧស្សាហ៍​រងទទួល​ការវាយប្រហារ​ពីក្រុមភេរវជនអ៊ីស្លាម ឬ​ក្រុមភេរវជន​ETA​ដែល​ប្រយុទ្ធទាមទារ​ឯករាជ្យភាព​ឲ្យ​ប្រជាជន​Basque នៅអេស្ប៉ាញ។ ប៉ុន្តែ លើកនេះ មន្រ្តី​អេស្ប៉ាញ​មិន​បាន​គិតថា គ្រោះថ្នាក់ក្រឡាប់​រទេះភ្លើង​លើកនេះ មាន​ជាប់​ទាក់ទង​នឹង​គម្រោង​ធ្វើ​វិច្ឆេទកម្ម ឬ​ក៏​ជាស្នាដៃ​របស់​ក្រុម​ភេរវជន​ណាមួយ​ទេ។

យ៉ាងណាក៏ដោយ ការ​ដែល​គេ​សង្ស័យ​ថា ការក្រឡាប់​រទេះភ្លើង លើកនេះ អាច​ជា​ស្នាដៃ​របស់​ក្រុមភេរវជន ព្រោះ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថភ្លើង មាន​ច្រើន​ពេក។ គឺ​ជា​សោកនាដកម្ម សម្លាប់​មនុស្ស​យ៉ាងច្រើន មិនធ្លាប់​មាន​ នៅអេស្ប៉ាញ​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយនេះ។ សោកនាដកម្ម​​នេះ​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​អំពើភេរវកម្ម បំផ្ទុះគ្រាប់បែក របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​បានវាយប្រហារ​រទេះភ្លើង នៅក្នុង​ទីក្រុង​ម៉ាដ្រីឌ កាលពី​ឆ្នាំ ២០០៤ ដែល​កាលណោះ បាន​សម្លាប់​មនុស្ស​១៩១នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ