អានតួអត្ថបទ
អៀរឡង់

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ ដើម្បី​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ

នៅ​ថ្ងៃ​អាទិត្យ ទី២១ វិច្ឆិកា​​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​អៀរឡង់​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​វិសាមញ្ញ​របស់​ខ្លួន ដើម្បី​អនុម័ត​ផែនការ​ត្បិតត្បៀត​ក្នុង​គោលដៅ​ជួយ​ស្រោចស្រង់​ប្រទេស​ឲ្យ​រួច​ផុត​ពី​វិបត្តិ។ គឺ​មាន​តែ​តាម​រយៈ​ការ​បង្ហាញ​នូវ​​ឆន្ទៈ​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ជា​មុន​ទេ ទើប​ប្រទេស​អៀរឡង់​អាច​នឹង​សុំ​ឲ្យ​សហភាពអឺរ៉ុប​ជួយ​សង្រ្គោះ​ខ្លួន​ជា​ក្រោយ។

រដ្ឋាភិបាល​អៀរឡង់​បើក​កិច្ចប្រជុំ ដើម្បី​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ
រដ្ឋាភិបាល​អៀរឡង់​បើក​កិច្ចប្រជុំ ដើម្បី​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ ©AFP/Peter Muhly
ផ្សាយពាណិជ្ជកម្ម

01:39

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

រដ្ឋាភិបាល​នៃ​ប្រទេស​អៀរឡង់​ត្រូវ​សន្សំសំចៃ​ប្រាក់​ឲ្យ​បាន ១៥ ០០០​លាន​អឺរ៉ូ​ក្នុង​រយៈពេល ៤​ឆ្នំា ដើម្បី​កាត់​បន្ថយ​ឧុនភាព​សាធារណៈ​ដែល​បាន​ដំាក្បាល​ចុះ​រហូត​ដល់​ទៅ ៣២% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក មាន​ន័យ​ថា ត្រូវ​កាត់​បន្ថយ​ពី ៣២% មក​នៅ​ត្រឹម ៣% ដែល​ជា​កំរិត​អតិបរមា​សម្រាប់​ប្រទេស​ស្ថិត​ក្នុង​តំបន់​អឺរ៉ូ។

នេះ​ពិត​ជា​វិធានការ​មួយ​ដ៏​ពិបាក​នឹង​សម្រេច​ឲ្យ​បាន ព្រោះថា រដ្ឋាភិបាល​អៀរឡង់​បាន​សម្រេច​រួច​ហើយ​ក្នុង​ការ​បញ្ចុះ​ប្រាក់ខែ​មន្រ្តី​រដ្ឋការ និង​លុបចោល​ការងារ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សាធារណៈ។ ឥឡូវ​នេះ រដ្ឋាភិបាល​នឹង​ត្រូវ​ចាត់​វិធានការ​ថ្មីៗ​បន្ថែម​ទៀត​ដោយ​ចៀស​មិន​រួច។ ដោយ​ចៀស​មិន​រួច ព្រោះ​ថា នេះ​​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដើម្បី​អាច​ទទួល​ជំនួយ​ដែល​នឹង​អាច​មាន​រហូត​ដល់​ទៅ ១០០ ០០០​លាន​អឺរ៉ូ​ពី​សហភាព​អឺរ៉ុប​ក្នុង​ការ​ស្រោចស្រង់​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន​ដែល​កំពុង​ជួប​ការ​លំបាក។

សំណួរ​ដែល​ចោទ​គឺ​ថា តើ​ផែនការ​ត្បិតត្បៀត​ដែល​រដ្ឋាភិបាល​អៀរឡង់​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ថ្ងៃ​នេះ ពិត​ជា​ឆ្លើយ​តប​នឹង​ការ​ទន្ទឹង​រង់ចំា​របស់​សហភាព​អឺរ៉ុប​ដែរ ឬ​ទេ ?

នៅ​ក្នុង​ជំនួប​កំពូល​អូតង់​ក្នុង​ប្រទេស​ព័រទុយហ្កាល លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​អៀរឡង់​ចាត់​វិធានការ​ដំឡើង​ពន្ធ​លើ​ក្រុមហ៊ុន​ក្នុង​ស្រុក។ ពន្ធ​លើ​ក្រុមហ៊ុន​នៅ​អៀរឡង់​មាន​អត្រា​ទាប​រហូត​ដល់​ទៅ ៣ដង បើ​ប្រៀបធៀប​នឹង​ប្រទេស​បារំាង ឬ​ប្រទេស​អាល្លឺម៉ង់។

ខុស​ពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អឺរ៉ូ អៀរឡង់​បាន​រំពឹង​យ៉ាង​ខ្លំាង​លើ​នយោបាយ​បន្ធូរបន្ធយ​សារពើពន្ធ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគទុន។ ក៏​ប៉ុន្តែ​ដើម្បី​អាច​ងើប​ចេញ​ពី​វិបត្តិ​បាន ប្រទេស​អៀរឡង់​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​សើរើ​ឡើង​វិញ​នូវ​នយោបាយ​សារពើពន្ធ​របស់​ខ្លួន​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ