អានតួអត្ថបទ
គៀរហ្ស៊ីស្តង់-រុស្ស៊ី

គៀរហ្ស៊ីស្តង់ ស្នើ​ឲ្យ​រុស្ស៊ី​តម្លើង​ជា ៤ដង ថ្លៃ​ជួល​ដែនដី​ខ្លួន​ប្រើ​ជា​មូលដ្ឋាន​យោធា

សំណើ​នេះ​ទើប​បាន​ត្រូវ​ដាក់​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ គៀរហ្ស៊ីស្តង់ ដែល​សំអាង​លើ​លេស​ថា ថ្លៃ​ជួល​ដែល​មាន​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ចុះ​តាំង​ពី​១៥ឆ្នាំ​មុន ក្នុង​ទំហំ​តែ​៤លាន ៥សែន​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំ គឺ​វា​ស្រុត​ចុះ​ទាប​ជ្រុល​ទៅ​ហើយ​ ក្រោម​ឥទ្ធិពល​នៃ​អតិផរណា។

គៀរហ្ស៊ីស្តង់ ស្នើ​ឲ្យ​រុស្ស៊ី​តម្លើង​ជា ៤ដង ថ្លៃ​ជួល​ដែនដី​ខ្លួន​ប្រើ​ជា​មូលដ្ឋាន​យោធា
គៀរហ្ស៊ីស្តង់ ស្នើ​ឲ្យ​រុស្ស៊ី​តម្លើង​ជា ៤ដង ថ្លៃ​ជួល​ដែនដី​ខ្លួន​ប្រើ​ជា​មូលដ្ឋាន​យោធា ©Reuters
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

កែវ ឆាយា

ជា​បឋម​​ គួរ​និយាយ​ថា​បច្ចុប្បន្ន រុស្ស៊ី​មាន​នៅ​លើ​ដែនដី​គៀរហ្ស៊ីស្តង់ គឺ​សំណង់​យោធា ៤កន្លែង ដែល​ពី​ក្នុង​នោះ សំខាន់​ជាង​គេ គឺ​មូលដ្ឋាន​កង​អាកាស​​នៅ​ជាយ​ក្រុង Kant ប៉ែក​ខាង​ជើង​ប្រទេស​នោះ ចម្ងាយ​ប្រមាណ​៣០គ.ម.ពី​រដ្ឋធានី Bichkek។ រីឯ​សំណង់​៣​ទៀត គឺ​ទី​១៖ មូលដ្ឋាន​ល្បង​ពិសោធន៍​សព្វាវុធ សម្រាប់​​យក​ទៅ​បំពាក់​នាវា​មុជ​ទឹក វា​ស្ថិត​នៅ​បឹង Issyk-Kul។ ទី២៖ គឺ​មជ្ឈមណ្ឌល​ធ្វើ​ទូរគមនាគមន៍​ទៅ​ចម្ងាយ​ឆ្ងាយៗ របស់​កង​នាវា​សមុទ្រ​រុស្ស៊ី វា​ស្ថិត​ក្នុង​ខេត្ត Tchou។ ទី៣៖ គឺ​ស្ថានីយ​ខាង​តាម​ដាន​ការ​រញ្ជួយ​ផែនដី​ដោយ​ស្វ័យប្រវត្ត វា​ស្ថិត​ក្នុង​ខេត្ត Djalal-Abad ភារកិច្ច​របស់​វា គឺ​តាម​ដាន​ពិនិត្យ​មើល តើ​នៅ​កន្លែង​ណា ​ដែល​មាន​ធ្វើ​ការ​ពិសោធន៍​បំផ្ទុះ​អាវុធ​បរិមាណូ ក៏​ដូច​ជា​ការ​ប្រើ​អាវុធ​នេះ​ផ្ទាល់​តែ​ម្តង។ គិត​ជា​សរុប សំណង់​ទាំង​៤​នេះ រាយ​លើ​ផ្ទៃ​ដី ៨៦៦ ហិកតា។

តើ​អ្វី​ទៅ ដែល​ភាគី​គៀរហ្ស៊ីស្តង់​ចង់​បាន​ពី​រុស្ស៊ី? ទន្ទឹម​នឹង​ការ​តម្លើង​ជា​៤ដង គឺ​ពី​៤លាន ៥សែន ដល់​១៨លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ នូវ​ថ្លៃ​ជួល​ដី​របស់​គៀរហ្ស៊ីស្តង់ សំរាប់​រុស្ស៊ី​ពង្រាយ​សំណង់​ទាំង​នេះ។ ទីក្រុង Bichkek ក៏​ស្នើ​ម៉ូស្គូ​ឲ្យ​ចុះ​ជា​កិច្ចព្រមព្រៀង​ថ្មី​ដែល​ពន្យារ​វត្តមាន​យោធា​រុស្ស៊ី នៅ​គៀរហ្ស៊ីស្តង់​សំរាប់​អំឡុង​ពេល ៤៩ឆ្នាំ​តែ​ម្តង។ រួច​យក​ល្អ ចុះ​ជា​កិច្ចព្រមព្រៀង​ថ្មី​នេះ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​សភា​នៅ​គៀរហ្ស៊ីស្តង់​ដែល​នឹង​ប្រព្រឹត្ត​ទៅ ថ្ងៃទី១០ តុលា​ខាង​មុខ។ ចំណុច​ដែល​គួរ​ឲ្យ​កត់​សំគាល់​ពិសេស​ គឺ​ថា​​រហូត​មក​ទល់​ឥឡូវ ថ្លៃ​ជួល​នោះ​តែង​បាន​ត្រូវ​រុស្ស៊ី បង់​ទៅ​ឲ្យ​គៀរហ្ស៊ីស្តង់ គឺ​ក្នុង​ទម្រង់​ជា​ការ​បញ្ជូន​ទៅ នូវ​សព្វាវុធ​ប្លែកៗ។

ទាំង​ឥឡូវ​សោត បើ​កិច្ច​ព្រមព្រៀង​ថ្មី​មាន​ចុះ​មែន​នោះ ទីក្រុង Bichkek ក៏​នៅ​តែ​ប្រាថ្នា​ទទួល​ពី​ម៉ូស្គូ​ដដែល ជា​សព្វាវុធ​ ប៉ុន្តែ​ក្នុង​ទំហំ​ច្រើន​ជាង​មុន។ កិច្ច​ព្រមព្រៀង​ថ្មី​ក៏​ត្រូវ​ចែង​អំពី​លក្ខន្តិកៈ​យោធា​រុស្ស៊ី ដែល​វត្តមាន​លើ​ដែនដី​គៀរហ្ស៊ីស្តង់។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​គៀរហ្ស៊ីស្តង់ លោក Koudaiberdiev ក៏​គ្រោង​លើក​យក​មក​ពិភាក្សា នៅ​ទី​ក្រុង​ម៉ូស្គូ ទាំង​បញ្ហា​ឲ្យ​រុស្ស៊ី​ជួយ​សាង​សង់​នៅ​ប៉ែក​ខាង​ត្បូង​គៀរហ្ស៊ីស្តង់ ជិត​ទីក្រុង Osh ក្រុង​ដែល​ប៉ុន្មាន​ខែ​មុន បោក​កញ្ជ្រោក​ដោយ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​រវាង​ជាតិ Krghiz និង​ជាតិOuzbek ជា​មជ្ឈមណ្ឌល​សំរាប់​បណ្តុះបណ្តាល​ក្របខ័ណ្ឌជាតិ​គៀរហ្ស៊ីស្ស ជា​ពួក​អ្នក​បើក​យានយន្ត​ពាសដែក ពួក​ជួសជុល​យានយន្ត​នេះ ពួក​អ្នក​ឯកទេស​ខាង​ទូរគមនាគមន៍ ជា​ដើម។

តាម​ដែល​កាសែត​រុស្ស៊ី​ខ្លះ​លេខ​ថ្ងៃ​នេះ​សរសេរ ទីក្រុង​ម៉ូស្គូ​មិន​ប្រញ៉ាប់​ប្រញ៉ាល់​ចុះ​ជា​កិច្ចព្រមព្រៀង​ថ្មី​នោះ ដោយ​នៅ​ចាំ​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី១០ តុលា​ខាង​មុខ​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ