អានតួអត្ថបទ
អ៊ីរ៉ាក់-បារាំង

បញ្ហា​តំបន់​កួកឌីស្ថាន ​ជា​ស្នូល​នៃ​ជំនួប​ រវាង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​និង​ប្រធានាធិបតី​បារាំង

លោក ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​បាន​ទៅដល់​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​ដើម្បី​ជួប​ពិភាក្សា ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង។ សំណុំរឿង​ប្រយុទ្ធ​ប្រឆាំង ​នឹង​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីស្លាម ​ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ទាំងពីរ​ លើក​មក​និយាយ ​ព្រម​ជាមួយ​នឹង​បញ្ហា ​តំបន់​ស្វយ័ត ​កួកឌីស្ថាន ​បន្ទាប់​ពី​មេដឹកនាំ​តំបន់​នេះ ​បាន​ធ្វើ​ប្រជា​មតិ​ផ្តាច់​ខ្លួន​ចេញ​ពី​ ដែនដី​អ៊ីរ៉ាក់។ អ៊ីរ៉ាក់​ កំពុង​ឈាន​ទៅ​ជួប​វិបត្តិ​មួយ​ថ្មី​ទៀត ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជីហាត ​អង្គការ​រដ្ឋ​អ៊ីស្លាម។

លោក ប្រធានាធិបតី​បារាំង Emmanuel Macron​ និង​លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ់ាក់​ Haider Al-Abadi នៅទីក្រុង​ប៉ារីស ថ្ងៃទី ៥ តុលា ២០១៧​
លោក ប្រធានាធិបតី​បារាំង Emmanuel Macron​ និង​លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ់ាក់​ Haider Al-Abadi នៅទីក្រុង​ប៉ារីស ថ្ងៃទី ៥ តុលា ២០១៧​ REUTERS/Ludovic Marin/Pool
ផ្សាយពាណិជ្ជកម្ម

មួយ​រយៈពេល​ចុងក្រោយ​នេះ​ កងទ័ព​អ៊ីរ៉ាក់ ​កំពុង​តែ​ឈាន​ទៅ​យក​ឈ្នះ ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​ លើ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ជ័យ​ជំនះ​របស់​កងទ័ព​អ៊ីរ៉ាក់​ ត្រូវបាន​ជួយ​ជ្រោមជ្រែង  ​ដោយ​កងទ័ព​សម្ព័ន្ធមិត្ត ​ដែល​ក្នុង​នោះ ​គឺ​មាន​កងទ័ព​បារាំង។​ លោក ​Haidar Al Abadi ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ មិន​បាន​ភ្លេច​លើក​សរសើរ ​ពី​​កិច្ច​សហការ​នេះ​ទេ ​នៅ​ចំពោះមុខ​ លោក​ប្រធានាធិនតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង។

សង្រ្គាម​ដណ្តើម​យក​ដែន​ដី​មក​កាន់​កាប់​វិញ​ ពី​ដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ី​ស្លាម ​ ហាក់​កំពុង​ខិត​ទៅ​រក​ទីបញ្ចប់ ​ តែ​ស្រាប់​តែ​អ៊ីរ៉ាក់ ​ត្រូវជួប​នឹង​វិបត្តិ​មួយ​ទៀត ​ ​គឺបញ្ហា​បំបែក​ទឹកដី​សុំ​ឯករាជ្យ ​របស់​ក្រុម​ជនជាតិ​កួក។  ក្រុម​ជនជាតិ​កួក ​នៅ​តំបន់​ស្វយ័ត ​កួកឌីស្ថាន ​បាន​ធ្វើការ​បោះឆ្នោត​ប្រជាមតិ ​ផ្តាច់ខ្លួន​ចេញ​ពី​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ទី ​២៥​កញ្ញា។

នៅទីក្រុងប៉ារីស  ​លោក ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​និយាយ​ថា  ​អ៊ីរ៉ាក់ ​មិន​ចង់​បានទេ ​នូវ​ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​យោធា ​ជាមួយ​នឹង​ក្រុម​ជនជាតិ​កួករដ្ឋាភិបាល​អ៊ីរ៉ាក់ ​សុំ​អំពាវនាវ ​ឲ្យ​តំបន់​កួកឌីស្ថាន ​ពិចារណា​ឡើងវិញ ​ មិន​ត្រូវ​ធ្វើឲ្យ​បែក​បាក់ ​សាមគ្គី​ជាតិ ​ក្នុង​កាលៈទេសៈ​ ​ដ៏​គ្រោះថ្នាក់​នេះ​ទេ។ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ បាន​ឆ្លៀត​និយាយ​រំលឹក​ អំពី​តួនាទី ​របស់​ក្រុម​កងកម្លាំង​កួក ​ ដែល​បាន​ជួយ​សហការ​យ៉ាង​ម៉ឺងម៉ាត់​ ជាមួយ​កងទ័ព​អ៊ីរ៉ាក់ ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ តែ​យ៉ាងណា ​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ បាន​និយាយថា​ រដ្ឋាភិបាល​កណ្តាល​របស់​អ៊ីរ៉ាក់ ​មិន​អាច​ទទួល​យក​ការ​បំបែក​ទឹកដី ​ដែល​តំបន់​កួកឌីស្ថាន​ទាមទារ​នោះ​ឡើយ។

ចំណែក​លោក​ប្រធានាធិបតី​បារាំង​ បាន​បញ្ជាក់​ថា ​បារាំង​គាំទ្រ ​និង​នៅ​ពីក្រោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ជានិច្ច។ ​បារាំង​រងចាំ​សហការ​ជួយ ​ដើម្បី​កសាង​ស្ថាប័ន​រដ្ឋាបាល ​និង​សេដ្ឋកិច្ច​អ៊ីរ៉ាក់​​ឡើង​វិញ។ ទាក់ទិន ​និង​បញ្ហា​តំបន់​កួកឌីស្ថាន ​ លោក​ម៉ាក្រុង ​បាន​និយាយ​ថា ​រដ្ឋាភិបាល​បារាំង ​ មិន​គាំទ្រ​ជា​ដាច់ខាត​ នូវ​រាល់​ការ​ប៉ុនប៉ង​ពុះ​ច្រៀក​អ៊ីរ៉ាក់​ជា​ពីរ​ជា​បី ​ព្រោះវា​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ចុះ​ខ្សោយ។

តែយ៉ាង​ណា ​រដ្ឋាភិបាល​បារាំង​ សំណូមពរ​ ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ ពិចារណា ​ធ្វើ​កំណែទម្រង់​ចាំបាច់ ​ដើម្បី​ផ្តល់​សិទ្ធិ​ជូន​ប្រជាជន​កួក​ នៅ​តំបន់​កួកឌីស្ថាន ​ឲ្យ​សមស្រប​​ ដើម្បី​ធ្វើឲ្យ​ពួក​គេ​ អាច​រួមរស់​ជាមួយ​ប្រជាជាតិ​អ៊ីរ៉ាក់ ​តទៅទៀត ​ប្រកប​ដោយ​ភាព​កក់ក្តៅ។ លោក​ម៉ាក្រុង​បន្ថែម​ថា ​បើសិន​អ៊ីរ៉ាក់​យល់​ព្រម ​ បារាំង​សុខចិត្ត​ធ្វើ​ជា​អាជ្ញាកណ្តាល​ ដឹកនាំ​ការ​ចរចា​មួយ ​ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ ​រវាង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​ក្រុម​ជនជាតិ​កួក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ