rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីតាលី លីប៊ី ជនភៀសខ្លួន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីតាលី និងលីប៊ី​ បង្កើត​កម្លាំង​ពិសេស ​ប្រឆាំង​ក្រុម​ឈ្មួញ​ទុច្ចរិត​ជួញដូរ​ជន​ភៀសខ្លួន

media
ជនភៀសខ្លួន ដែល​ត្រូវ​អាជ្ញាធរ​លីប៊ី ​ឃាត់​បាន​នៅ​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ។ ថ្ងៃទី​២៤​ វិច្ឆិកា​ ២០១៧ REUTERS/Hani Amara

រដ្ឋាភិបាលអ៊ីតាលី​ និងអជ្ញាធរលីប៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃសៅរ៍ ទី៩ធ្នូម្សិលមិញ ក្នុងការបង្កើតកម្លាំងពិសេស រួមគ្នាមួយ​ ដើម្បីប្រយុទ្ធប្រឆាំង នឹងបណ្តាញទុច្ចរិត ដែលរកស៊ីចាប់បង្ឃាំង និងលក់ជនភៀសខ្លួន ដែលមានបំណងឆ្លងសមុទ្រ​ ទៅកាន់ទ្វីបអឺរ៉ុប។ នេះគឺជាជំហានដំបូង នៅក្នុងការសន្យារួមគ្នា ដើម្បីបង្ការ និងបោសសំអាត បណ្តាញទុច្ចរិត ហើយនឹងឈានទៅជួយសង្រ្គោះ ជនភៀសខ្លួន បានទាន់ពេលវេលា។


លោក Marco Minniti រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី បានទៅដល់ទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ីកាលពីថ្ងៃសៅរ៍ ទៅ ៩ធ្នូ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងបង្កើតកម្លាំងពិសេស​រួមគ្នា ​របស់អាជ្ញាធរប្រទេសទាំងពីរ ដើម្បីបោសសំអាត បណ្តាញជួញដូរមនុស្សខុសច្បាប់។ យោងតាមលិខិតប្រកាសរបស់រដ្ឋាភិបាល​បង្រួបបង្រួមជាតិលីប៊ី GNA បានឲ្យដឹងថា កម្លាំងពិសេសរួមគ្នានេះ នឹងត្រូវបង្កើតឡើងដោយ​ ក្រុមការងារស៊ើបការសម្ងាត់ ក្រុមការឆ្មាំសមុទ្រ និងការិយាល័យរបស់រដ្ឋអាជ្ញា នៃប្រទេសទាំងសងខាង។

យោងតាមលិខិតដដែល បានឲ្យដឹងថា លោករដ្ឋមន្ត្រីអ៊ីតាលី បានសរសើរ ពីកិច្ចប្រឹងប្រែង ក្នុងការចាប់ស្ទាក់ទូកជនភៀសខ្លួន បានទាន់ពេលវេលា តែយ៉ាងណា រដ្ឋមន្ត្រី​អ៊ីតាលី បានឆ្លៀតលើកឡើងថា នៅ​មានបណ្តាញទុច្ចរិតច្រើនណាស់ នៅលីប៊ី ដែលកំពុង​បន្តឃុំឃាំងជនភៀសខ្លួន​ហើយចាប់បង្ខំឲ្យពួកគេបង់ប្រាក់ មុននឹងបញ្ជូនឲ្យពួកគេឆ្លង​សមុទ្រ។ រដ្ឋាភិបាលលីប៊ី បានទទួលស្គាល់ ក្នុងសប្តាហ៍កន្លងទៅនេះ ថាមាន​ជនភៀសខ្លួន​ប្រមាណជា ៥សែននាក់ ដែលកំពុងត្រូវគេបង្ឃាំងទុក ដោយខុសច្បាប់ បន្ថែម​ពី​ចំនួន២០ម៉ឺននាក់ ដែលស្ថិតនៅក្នុងមណ្ឌលទាំង៤២ គ្រប់គ្រងដោយរដ្ឋាភិបាល។

រដ្ឋាភិបាលលីប៊ី បានទទួលស្គាល់ដែរថា ខ្លួនត្រូវការជំនួយបន្ថែម ដើម្បីរៀបចំត្រួតពិនិត្យឲ្យបានម៉ដ្ឋចត់ នៅតាមព្រំដែនភាគខាងត្បូងលីប៊ី ដែលជាច្រកសម្រុកចូល របស់ក្រុម​ជនភៀសខ្លួន ដែលធ្វើដំណើរមកពីតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។ អ៊ីតាលី បានអះអាងថា ប្រទេសអឺរ៉ុបខាងលិចរួមទាំងអ៊ីតាលី សន្យាផ្តល់ប្រាក់៣៥លានអឺរ៉ូ ឲ្យទៅលីប៊ី នៅ​​សប្តាហ៍ក្រោយ។

គួរកត់សំគាល់ថា កន្លងមកអ៊ីតាលីត្រូវបានអង្គការមនុស្សធម៌នានា ចោទប្រកាន់ថាបាន​ជះ​ប្រាក់ ដើម្បីឲ្យលីប៊ី ចាប់បង្ឃាំងជនភៀសខ្លួនទុក ធ្វើឲ្យរីករាលដាលកើតជា បណ្តាញទុច្ចរិត​ឃុំឃាំងជនភៀសខ្លួន។ បញ្ហានេះ រឹតតែរីកធំ បន្ទាប់ពីអ្នកយកព័ត៌មានទូរទស្សន៍ CNN ​បានចុះទៅយកព័ត៌មាន ពីករណីលក់ដេញថ្លៃជនភៀសខ្លួន ពីឈ្មួញមួយទៅឈ្មួញ​មួយ យ៉ាងអមនុស្សធម៌ជាទីបំផុត។

អ៊ីតាលី បាននិយាយការពារខ្លួនថា ប្រទេសខ្លួន ស្ថិតក្នុងស្ថានភាពមួយ ដែលមិនអាចទប់ទល់ឈ្នះទេ នឹងការមកដល់យ៉ាងគំហុក របស់ជនភៀសខ្លួនរាប់សែននាក់។ ឆ្នាំ​២០១៦​កន្លងទៅ ជនភៀសខ្លួនជាង១១ម៉ឺននាក់ បានមកដល់អ៊ីតាលីតាមសមុទ្រមេឌីទែរ៉ាណេ។ ចំណែកលីប៊ីវិញ បានលើកឡើងពីអស្ថិរភាពនយោបាយ និងសន្តិសុខរបស់​​ប្រទេស​ខ្លួន ទើបធ្វើឲ្យខ្លួន មិនអាចមានលទ្ធភាពទប់ទល់បណ្តាញទុច្ចរិត​ជួញដូរ​ជន​ភៀសខ្លួន​នេះ ឲ្យមានប្រសិទ្ធិភាពបាន។ ទោះយ៉ាងណា គេសង្ឃឹមថាប្រាក់រាប់​លានអឺរ៉ូ ដែលគេសន្យាជួយលីប៊ីនេះ នឹងមិនធ្លាក់ទៅក្នុងដៃមន្ត្រីពុករលួយលីប៊ីទៅចុះ៕