អានតួអត្ថបទ
អ៊ិតាលី-ជនភៀសខ្លួន

អ៊ីតាលី នឹងចាប់​ឃាត់​នាវា​សង្រ្គោះ​ជនភៀសខ្លួន ​២​គ្រឿង​របស់​អង្គការ​មនុស្ស​ធម៌​អាល្លឺម៉ង់

មួយសប្តាហ៍ បន្ទាប់ពីបានប្រកែក មិនអនុញ្ញាតឲ្យនាវាសង្រ្គោះជនភៀសខ្លួន របស់អង្គការមនុស្សធម៌បារាំងមួយគ្រឿង ចូលទៅចតនៅកំពង់ផែអ៊ីតាលី កាលពីថ្ងៃសៅរ៍ទី២៣មិថុនា រដ្ឋាភិបាលអ៊ីតាលី បានប្រកាសថា គេនឹងចាប់ឃាត់ទុក នូវនាវា២គ្រឿង របស់អង្គការមនុស្សធម៌អាល្លឺម៉ង់ ដោយចោទថានាវាទាំងនោះ ជានាវាខុសច្បាប់ ហើយធ្វើសកម្មភាពជួយជនភៀសខ្លួន ដោយខុសច្បាប់។

នាវា Lifeline ដែល​បាន​សង្រ្គោះ​​ជនភៀសខ្លួន ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។
នាវា Lifeline ដែល​បាន​សង្រ្គោះ​​ជនភៀសខ្លួន ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ Hermine Poschmann/Misson-Lifeline/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក Danilo Toninelli រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីតាលី បានប្រកាស​ថា នាវា២គ្រឿង មួយឈ្មោះ Lifeline របស់អង្គការអាល្លឺម៉ង់ Mission-Lifeline និងមួយគ្រឿងទៀត ឈ្មោះSeefuchs របស់អង្គការអាល្លឺម៉ង់Sea-Eye នឹងត្រូវអាជ្ញាធរអ៊ីតាលី ចាប់ឃាត់ទុក ដើម្បីធ្វើការត្រួតពិនិត្យពីភាពស្របច្បាប់។

លោករដ្ឋមន្ត្រីអ៊ីតាលីដដែល បានឆ្លៀតបន្ថែមថា នាវាទាំង២នោះ មានដោតទង់ហូឡង់។ អ៊ីតាលី ក៏បានសួរទៅកាន់អាជ្ញាធរប្រទេស​ហូឡង់​រួចហើយ ហើយអាជ្ញាធរហូឡង់ បានអះអាងថា នាវាទាំងពីរនោះ​កំពុង​ធ្វើ​ចរាចរណ៍​ដោយ​ខុសច្បាប់  ព្រោះមិនមានចុះបញ្ជីរត្រឹមត្រូវតាមច្បាប់ នៅហូឡង់ទេ។ ដោយឡែក តំណាង​របស់ហូឡង់ ប្រចាំសហភាពអឺរ៉ុប បានប្រតិកម្មនៅលើទំព័រ Twitter ថានាវា Lifeline Seefuchs មិនបានធ្វើចរាចរណ៍ ដោយដោតទង់ជាតិរបស់ហូឡង់ទេ។

សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាវា Lifeline បានសង្រ្គោះបានជនភៀសខ្លួន ក្នុងសមុទ្រមេឌីទែរ៉ាណេ ចំនួន២២៦នាក់។ បច្ចុប្បន្ន នាវានេះ កំពុងតែស្វែងរកកំពង់ផែជិតបំផុត ដើម្បីចូលចតនៅអ៊ីតាលី។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី បានចោទនាវារបស់អង្គការនេះ ថាបានធ្វើខុសច្បាប់ ចូលទៅស្រង់យកជនភៀសខ្លួន ក្នុងដែនទឹកប្រទេសលីប៊ី ខណៈដែលអាជ្ញាធរលីប៊ី កំពុងតែហៀបនឹងសង្រ្គោះយក​​ទៅខាង​លីប៊ី​ទៅហើយ។ តែយ៉ាងណា តំណាងអង្គការអាល្លឺម៉ង់ Lifeline បានអះអាងថា គេបានសង្រ្គោះជនភៀសខ្លួន ក្នុងដែនទឹកអន្តរជាតិ ដោយគោរពត្រឹមត្រូវ ទៅតាមបទដ្ឋានច្បាប់សមុទ្រ ហើយក្នុង​នាម​ជា​អង្គការមនុស្សធម៌ គេមានកាតព្វកិច្ចបញ្ជូនជនភៀសខ្លួន ទៅកាន់កំពង់ផែ ដែលមានសុវត្ថិភាព​ និងនៅកៀកបំផុត។

គួរកត់សំគាល់ថា បញ្ហាជនភៀសខ្លួនក្នុងសមុទ្រ កំពុងតែបង្កជាជម្លោះនៅអឺរ៉ុប បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់អ៊ីតាលី បានចូលមកកាន់តំណែង។ រដ្ឋាភិបាលថ្មីនេះ គឺជារដ្ឋាភិបាល ដែលប្រឆាំងនឹងការមកដល់របស់​ជនភៀសខ្លួន ហើយមានជំហររិះគន់ខ្លាំង លើភាពអសកម្មរបស់សហភាព​អឺរ៉ុប ក៏ដូចជាប្រទេសអឺរ៉ុបផ្សេងទៀត ដែលមិនជួយរំលែកការ​លំបាក​របស់​អ៊ីតាលី ​ក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួននេះ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលថ្មីអ៊ីតាលីនេះ បានបដិសេធ មិនឲ្យនាវាសង្រ្គោះ ​Aquarius របស់អង្គការមនុស្សធម៌បារាំង ដែលមានផ្ទុក​ជនភៀស​ខ្លួន​ជាង​៦០០នាក់ ចូលទៅចតក្នុងកំពង់ផែខ្លួនទេ។ បញ្ហានេះ សឹងតែបានបង្ក ឲ្យកើតជាវិបត្តិការទូត រវាងអ៊ីតាលីនឹងបារាំង។ ទីបំផុត រដ្ឋាភិបាលអេស្ប៉ាញ បានចេញមុខទទួលយកនាវាបារាំង ឲ្យចូល​ចត។ បញ្ហាជនភៀសខ្លួននេះ គឺជាសំណុំរឿងធំបំផុត នៅក្នុងជំនួបកំពូល​អឺរ៉ុប ដែលនឹងបើកទ្វារនៅថ្ងៃអាទិត្យ​ទី ២៤មិថុនានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ