អានតួអត្ថបទ

អូទ្រីស៖ វីដេអូ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​រុស្ស៊ី កំពុង​បោកបក់​បក្ស​ស្តាំ​ជាតិ​និយមជ្រុល

វិបត្តិនយោបាយ កំពុងតែបោកបក់រដ្ឋាភិបាលចម្រុះអូទ្រីស ដែលកើតចេញពីការផ្សំគ្នា រវាងបក្សស្តាំអភិរក្សនិយម និងបក្សស្តាំជាតិនិយមជ្រុល។ រដ្ឋមន្ត្រីមកពីបក្សស្តាំជាតិ​និយមជ្រុល អាចនឹងត្រូវបង្ខំចិត្ត លាចេញពីដំណែងទាំងអស់ បន្ទាប់ពីមេបក្សរបស់ខ្លួន ត្រូវជាប់ក្នុងរឿងអាស្រូវមួយដ៏ធ្ងន់ធ្ងរ។ ឯកសារវីដេអូលួចថតមួយ ទើបតែត្រូវបានបែកធ្លាយ ដែលក្នុងនោះ មេបក្សស្តាំជាតិនិយមជ្រុល បាននិយាយសន្យាថា​ នឹងបើកផ្លូវវិនិយោគ ឲ្យក្រុមហ៊ុនរុស្ស៊ី បើសិនជារុស្ស៊ីជួយជ្រោមជ្រែងបក្សខ្លួន​ឲ្យឈ្នះឆ្នោត។

លោក Heinz-Christian Stracheមេបក្ស​ស្តាំជាតិនិយមជ្រុល FPÖ និងជា​អនុ​អធិកាបតី​អូទ្រីស កំពុង​ជាប់​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹងរុស្ស៊ី​
លោក Heinz-Christian Stracheមេបក្ស​ស្តាំជាតិនិយមជ្រុល FPÖ និងជា​អនុ​អធិកាបតី​អូទ្រីស កំពុង​ជាប់​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹងរុស្ស៊ី​ REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលចម្រុះអូទ្រីស ដែលផ្សំឡើង ដោយបក្សស្តាំអភិរក្សនិយម និងបក្សស្តាំជាតិនិយមជ្រុល ត្រូវចែកផ្លូវគ្នា បន្ទាប់ពីបានចាប់ដៃគ្នា បានជាងមួយឆ្នាំ។ លោក Sebastian Kurz អធិកាបតី​អូទ្រីស បានប្រកាសថា នឹងរៀបចំការបោះឆ្នោតមុនអាណត្តិ នៅខែកញ្ញខាងមុខ។

ខ្យល់ព្យុះ បានចាប់ផ្តើមបោកបក់ នៅថ្ងៃទី​១៧ ឧសភា បន្ទាប់ពីមានវីដេអូមួយបែកធ្លាយ។ វីដេអូ ដែលគេលួចថតបានដោយសម្ងាត់ នៅក្នុងផ្ទះវីឡាមួយ នៅលើកោះIbiza ប្រទេសអេស្ប៉ាញ គេឃើញរូបលោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិកាបតី​អូទ្រីស និយាយទៅកាន់ស្ត្រីម្នាក់ ដែលអះអាងថាខ្លួន ជាមនុស្ស ស្និទនឹងអ្នកមានអំណាចនៅរុស្ស៊ី។ មេបក្សជាតិនិយមជ្រុលអូទ្រីសរូបនេះ បានសន្យា​ជាមួយស្ត្រីនោះថា លោកនឹងធ្វើគ្រប់យ៉ាង ដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុក រកស៊ីនៅអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែង បក្សរបស់លោកឲ្យឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ លោកម្នាក់នេះ បានលើកឡើងអំពី យុទ្ធសាស្ត្រវាយលុក និងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មាន  ដោយយកគំរូដូចនៅ​ហុងគ្រី។

សូមកត់សំគាល់ថា វីដេអូនេះ​ ប្រៀបបាននឹងដុំថ្មធ្លាក់ពីលើមេឃ មកសង្កត់ពីលើប្រព័ន្ធនយោបាយអូទ្រីស។ ភ្លាមៗ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងពីតំណែងអនុអធិកាបតី។ លោក Sebastian Kurz អធិកាបតីអូទ្រីស បានទាមទារ ឲ្យលោក Herbert Kickl រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដែលជាអនុប្រធានបក្សស្តាំជាតិនិយាមជ្រុល ត្រូវតែចុះចេញពីតំណែងដែរ ដើម្បីបើកផ្លូវ ឲ្យមានការស៊ើបអង្កេតលើរឿងរ៉ាវវីដេអូនេះ ឲ្យមានតម្លាភាព​។ នៅថ្ងៃចន្ទ ទី​២០ឧសភា បក្សស្តាំជាតិនិយមជ្រុល បានអះអាងថា បើរដ្ឋមន្ត្រី​មហាផ្ទៃរបស់ខ្លួន ត្រូវគេដកចេញ នោះរដ្ឋមន្ត្រីទាំង៤ផ្សេងទៀតរបស់ខ្លួន ក៏នឹងដើរចេញដូចគ្នា។

គួររំលឹក​ថា ថ្ងៃអាទិត្យទី ២៦ឧសភា ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ ក្នុងចំណោមគណបក្សនយោបាយ គេសង្កេតឃើញចលនាស្តាំជាតិនិយមជ្រុល មានសន្ទុះកាន់តែខ្លាំង តាមរយៈការឃោសនា ស្តីពីបញ្ហាអសន្តិសុខ បញ្ហាអន្តោប្រវេសន៍ជាដើម។ នៅអ៊ីតាលី នៅបារាំង ឬនៅអាល្លឺម៉ង់ ក្រុមបក្សស្តាំជាតិនិយមជ្រុលនេះ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយរុស្ស៊ី ហើយបានទទួលជំនួយ ជាគំនិតយុទ្ធសាស្ត្រ ពីលោក Steve Banon អតីតមនុស្សជំនិត​របស់លោកដូណាល់ ត្រាំ។

សម្រាប់អ្នកនយោបាយគាំទ្រអឺរ៉ុប ក្រុមបក្សស្តាំជាតិ​និយមជ្រុលនេះ​ គឺជាគ្រោះថ្នាក់ធំដល់សាមគ្គីភាព​របស់អឺរ៉ុប ព្រោះក្រុមបក្សស្តាំនិយមជ្រុល មានទំនោរជាតិនិយម បិទទ្វារ ហើយបំផុសគំនិតមនុស្ស ឲ្យស្អប់គ្នាទៅវិញទៅមក។ លោកស្រីអង់ហ្គេឡា មែរគែល បានលើកឡើង ថា រឿងអាស្រូវវីដេអូ នៅអូទ្រីស គឺជាមេរៀនមួយ ប្រាប់ទៅ​អ្នកនយោបាយទាំងអស់ ឲ្យប្រុងប្រយត្ន័ កុំលក់ក្បាលឲ្យប្រទេសផ្សេង ដែលគេចង់​បំផ្លាញអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ