rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ខួប២​សតវត្ស​របស់ កាល ម៉ាក្ស៖ ប្រត្យក្ស​ភាព​នៃ​ទ្រឹស្តីម៉ាក្ស នៅតែ​បង្កភាព​ចម្រូងចម្រាស់​

ដោយ ម៉ម ពិសី

ថ្ងៃទី ៥ ឧសភានេះ គឺជាថ្ងៃខួបគំរប់ ២០០ឆ្នាំ របស់ កាល ម៉ាក្ស​ ដែលជាទស្សនវិទូម្នាក់ ដ៏ល្បី ហើយដែលស្នាដៃវិភាគរបស់គាត់ បានក្លាយជាមូលដ្ឋានគ្រិះ នៃមនោគមវិជ្ជា​កុម្មនុយនីស្តិ។ ជិត ២សតវត្សកន្លងមកនេះ ទ្រឹស្តីនិងការយល់ឃើញរបស់ កាល ម៉ាក្ស នៅតែបង្កជាភាពចម្រូងចម្រាស មានទាំងអ្នកគាំទ្រសរសើរ ​មានទាំងអ្នកបដិសេធ មិនទទួលយក។ ខណៈ ដែលមនុស្សមួយចំនួន លើកឡើងអំពី វិនាសកម្ម ការកាប់សម្លាប់​ និងការដឹកនៃផ្តាច់ការ នៃរបបកុម្មុយនីស្តិ រដ្ឋាភិបាលចិន ក៏ដូចជាវៀតណាម​ឯណោះ នៅតែបន្តលើកតម្កើង កាល ម៉ាក្ស ថាជាបិតានៃលទ្ធិកុម្មុយនីស្តិនៃប្រទេសរៀងៗខ្លួន បើទោះបីជាបច្ចុប្បន្ន ប្រទេសទាំង២នេះ កំពុងអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី យ៉ាងពេញដៃក៏ដោយ។

ត្រូវធ្វើខួបរំលឹក ឬ ត្រូវប្រឆាំង?

កាល ​ម៉ាក្ស (Karl Marx) ក៏ដូចជាទ្រឹស្តីរបស់គាត់ នៅតែបង្ក ធ្វើឲ្យមនុស្សប្រកែក វែកញែកនឹងគ្នា។ ម្ខាងគឺមានអ្នកគាំទ្រ សរសើរ ថា កាល ម៉ាក្ស វិភាគមិនខុសទេ អំពីផលវិបាកនៃរបបមូលធននិយម តាំងតែពីជំនាន់មុន ហើយវាកាន់តែត្រូវ សម្រាប់ពេលបច្ចុប្ប​ន្ននេះទៀត។ តែសម្រាប់អ្នកខ្លះវិញ គឺគេមិនអាចបំភ្លេចបានទេ អំពីរបបផ្តាច់ការកុម្មុយនីស្តិ ដែលបានកាប់សម្លាប់ ធ្វើបាបមនុស្សជាច្រើនជំនាន់ ក្នុងនាមទ្រឹស្តីមនោគមន៍វិជ្ជា របស់ កាល ម៉ាក្សនេះ។

កាល ម៉ាក្ស កើតនៅថ្ងៃទី ៥ ឧសភា ឆ្នាំ១៨១៨ នៅភូមិ Trèves ដែលជាក្រុងតូចមួយ នៅភាគខាងលិច​អាល្លឺម៉ង់ មិនឆ្ងាយប៉ុន្មានពីព្រំដែនបារាំង និងលុយហ្សំបួរ។ ស្នាដៃធំមហិមា របស់កាល​ ម៉ាក្ស គឺ សៀវភៅ២ក្បាល មួយឈ្មោះ ថា មូលធន និងមួយទៀត ឈ្មោះថា សេក្តីប្រកាសនៃបក្សកុម្មុយនីស្តិ។ សៀវភៅ ទាំង២នេះ កាល ម៉ាក្ស បានសរសេរវិភាគ ពីផលវិបាកនៃគំរូសេដ្ឋកិច្ចមូលធននិយម ព្រមទាំងបានលើកឡើងនូវដំណោះស្រាយនានា ដែលញ៉ាំងឲ្យវណ្ណៈកម្មករ ពលករ ក្រោកតស៊ូ ប្រឆាំងនឹងអ្នកកាន់អំណាចមូលធន ដែលជាអ្នកបូបជញ្ជក់ ផលចំណេញ។ គឺស្នាដៃវិភាគទាំង២ក្បាលនេះហើយ ដែលធ្វើឲ្យកេរ្តិ៍ ឈ្មោះ ក៏ដូចជាទ្រឹស្តី របស់ កាល ម៉ាក្ស រីកសាយភាពភាពពេញអឺរ៉ុប នៅចុងសតវត្សទី១៩ ហើយក៏បានក្លាយជា​មូលដ្ឋានគ្រិះ នៃរបបកុម្មុយនីស្តិផ្តាច់ការ ដែលជាទូទៅ គេតែងនិយមហៅថា លទ្ធិម៉ាកស៊ីស្ម៍ (Marxisme)។

សម្រាប់ការរំលឹកខួប ២សតវត្ស នៃកំណើតរបស់ កាល ម៉ាក្ស នៅថ្ងៃនេះ គឺមានចម្រូងចម្រាស់​ខ្លាំងដោយសារតែមានកម្មវិធីដើម្បីអបអរ វិភាគស្វែងយល់ផង និងមានកម្មវិធី​បែបប្រឆាំង ច្រានចោលរាល់ទ្រឹស្តីរបស់ ម៉ាក្ស ដែរ។ ជារួម មានសរុបមិនតិចជាង ៦០០កម្មវិធីទេ មានដូចជា ការតាំងពិព័ណ៌ ការប្រគុំតន្ត្រី ការសម្តែងល្ខោន ព្រមទាំងសន្និសីទ វេទិការជជែកដេញដោលយោបល់ ជាច្រើនផ្សេងទៀត។ តែទន្ទឹមនឹងនេះ ក៏មានកម្មវិធី ជួបជុំ ដើម្បីថ្កោលទោសទ្រឹស្តី ម៉ាកស៊ីស្ម៍នេះដែរ ថាលិទ្ធិនេះហើយ ដែលបានធ្វើបាបប្រជាជន បំបិទសិទ្ធិសេរីភាព កាប់សម្លាប់មនុស្ស ក្នុងនាមរបបកុម្មុយនីស្តិ។

ដូចយើងដឹងហើយ អាល្លឺម៉ង់ ធ្លាប់ត្រូវពុះចែកជា២ នៅក្រោយសង្រ្គាមលោកលើកទី២ ដែលម្ខាងជារបបសេរីមូលធននិយម និងម្ខាងទៀត ជារបបកុម្មនីស្តិម៉ាក្ស ឡេនីន ក្រោម​នឹម​របស់សហភាពសូវៀត។ សម្រាប់​ប្រជាជន​អាល្លឺម៉ង់ខាងកើត ដែលធ្លាប់រស់នៅយ៉ាងលំបាក​វេទនា ឬដែលមានសាច់ញាតិស្លាប់ ដោយសារ​តែ​របបកុម្មុយនីស្តិនេះ គឺពួកគេ មិនអាចបំភ្លេចបានងាយៗនោះទេ។ ដូចគ្នាដែរ របបកាប់សម្លាប់ របស់ខ្មែរក្រហម នៅកម្ពុជាយើង ក៏ធ្វើឡើង ក្នុងនាមទ្រឹស្តីកុម្មុយនីស្តិនេះដែរ។

ចិនធ្វើអំណោយ រូបសំណាកកំពស់ជាង៥ម៉ែត្រ

រដ្ឋាភិបាលចិន បានធ្វើអំណោយ ជារូបសំណាក​មួយដ៏ធំ កំពស់ជាង ៥ម៉ែត្រ ធ្វើពីស្ពាន់ ដើម្បីរំលឹកខួប២០០ឆ្នាំ របស់កាល ម៉ាក្សនេះ។ អភិបាលក្រុង Trèves ត្រូវបានគេរិះគន់ជាខ្លាំង ថាបានយល់ព្រមទទួលអំណោយនេះពីចិន។ សម្រាប់អ្នកដែលគេរិះគន់ គឺការទទួលអំណោយរូបសំណាក កាល ម៉ាក ពីសំណាក់​ចិន ដែលជាប្រទេសកុម្មុយនីស្តិផ្តាច់ការ បែបនេះ គឺមិនខុសពី ទីក្រុងនេះ លើកតម្កើង ស្ញប់ស្ញែងលទ្ធិកុម្មុយនីស្តិផ្តាច់ការនោះទេ។ វាជារឿងដែលគេមិនអាចទទួលយកបានទេ ព្រោះដោយសារ​​​តែ​​ទ្រឹស្តី កាល ម៉ាក្ស នេះហើយ ដែលរបបកុម្មុយនីស្តិ បានសម្លាប់មនុស្សរាប់សិបលាននាក់។

ដូច្នេះ​ហើយ បានជាមានបាតុកម្មជាច្រើន ដែលគ្រោងនឹងធ្វើ នៅថ្ងៃសៅរ៍នេះ នៅឯទីក្រុង Trèves ដើម្បីប្រឆាំងនឹងរូបសំណាកនេះ ក៏ដូចជាប្រឆាំង និងការលើកតម្កើង បុគ្គល កាល ម៉ាក្សនេះតែម្តង។ តែយ៉ាងណា ក្នុងចំណោមក្រុមដែលធ្វើបាតុក​ម្មតវ៉ានេះ ក៏មានក្រុមមួយចំនួន ជាពួកចាំកេងចំណេញនយោបាយដែរ ដូចជាក្រុម AfD ដែលជាបក្សស្តាំនិយមជ្រុល មានទំនោរបែបណាហ្ស៊ីសសម័យថ្មី។​ ក្រុមនេះ ជាក្រុមដែលតែងតែធ្វើបាតុកម្មហឹង្សា ប្រឆាំងជាអាថទិ៍​ ជនភៀសខ្លួន ឬជនអន្តោប្រវេសន៍។

លោក Dieter Dombrovski ប្រធានសមាគមន៍ នៃជនរងគ្រោះដោយរបបផ្តាច់ការកុម្មុយនីស្តិ បានថ្លែងថា​ ក្រុមលោក និងធ្វើបាតុកម្ម ឲ្យកងរំពង ប្រឆាំងនិងការសម្ភោធរូបសំណាក ព្រមទាំងប្រឆាំងនឹង ការលើកតម្កើង គោរពបូជា ទ្រឹស្តី ម៉ាកស៊ីស្ម៍ នេះ។ លោកបន្ថែមថា គឺដោយឈរលើទ្រឹស្តីរបស់ កាល ម៉ាក្សនេះហើយ ដែលរបបផ្តាច់ការកុម្មុយនីស្ត បានបន្តកសាងខ្លួនរហូតមកដល់សព្វថ្ងៃនេះ។

វិភាគក្នុងសតវត្សទី១៩  ត្រូវដល់សតវត្សទី២១?

ជិត២០០ឆ្នាំមកនេះ ការជជែកដេញដោល អំពីភាពប្រត្យក្ស នៃការវិភាគរបស់ កាល ម៉ាក្ស នៅតែពុះកញ្ជ្រោលដដែល។ ជាពិសេស បច្ចុប្បន្ននេហ គំរូសេដ្ឋកិច្ចមូលធននិយម កំពុងតែជួបបញ្ហា បង្កឲ្យមានគំលាតគ្នា រវាងអ្នកមាន និងអ្នកក្រ កាន់តែច្រើន នៅទូទាំងពិភពលោក។ អ្នកវិភាគមួយចំនួន ដែលភាគច្រើន មានទំនោរបែបសង្គមនិយម តែងតែលើកឡើងថា គំនិតវិភាគរបស់ កាល ម៉ាក្ស ត្រឹមត្រូវច្រើនណាស់ ដែលត្រូវតាំងតែពីជំនាន់ក្នុងសង្គម កាលដែលគាត់មានជីវិត ហើយត្រូវរហូតដល់សព្វថ្ងៃ។

ជំនាន់ កាល ម៉ាក្ស គឺជាការចាប់ផ្តើមដំបូង នៃគំរូសេដ្ឋកិច្ចមូលធន ឧស្សហកម្ម។ កាល ម៉ាក្ស បានលើកឡើង នៅក្នុងជំនាន់គាត់ អំពីគ្រោះថ្នាក់ឬផលវិបាក ដែលសេដ្ឋកិច្ច ត្រូវស្ថិតក្នុងដៃរបស់ពួកមូលធន ឬម្ចាស់ភាគហ៊ុន។ ហើយជាងនេះទៅទៀត ការប្រើប្រាស់គ្រឿងចក្រកាន់តែសំបូរបែប បានបំផ្លាញតំលៃការងារ តំលៃពលកម្មរបស់មនុស្ស។ មកដល់សម័យបច្ចុប្បន្ននេះទៀត បញ្ហាទាំងនេះនៅតែចោទឡើងដដែល។​ អស់ពីប្រឈម​មុខនឹងគ្រឿងចក្រ ពលករ កម្មករ​ បច្ចុប្បន្ន កំពុងតែអស់ការងារធ្វើ ដោយសារតែគ្រឿងយន្ត បច្ចេកវិទ្យាទំនើប ដើរដោយប្រព័ន្ធកុំព្យូទ័រ ឬបញ្ញាសិប្បនិម្មិត ជាដើម។

លោក Ulrich Kater អ្នកសេដ្ឋកិច្ច នៅធនាគារ Dekabank បាននិយាយថា អ្វីដែលបានកើតឡើង នៅជំនាន់ កាល ម៉ាក្ស មិនខុសគ្នា ពីអ្វី ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះទេ។ ការសង្កេតឃើញ ក៏ដូច​ជាការវិភាគរបស់ កាល ម៉ាក្ស ពិតជានៅតែមានភាពប្រត្យក្ស មកដល់បច្ចុប្បន្ន។ ចំណែក លោក Patrick Artus អ្នកវិភាគនៅធនាគារ Natixis បានលើកឡើងថា​ អ្វីដែលម៉ាក្ស ធ្លាប់បានទាយទុក ថា កម្លាំងពលកម្ម ឬប្រាក់ខែរបស់កម្មការពលករ និងចុះថោក ដើម្បីបំណេញការចំណេញឲ្យកាន់តែច្រើន ដល់ពួកម្ចាស់ហ៊ុន។ ការវិភាគនេះគឺត្រឹមត្រូវណាស់ ព្រោះបច្ចុប្បន្ន គឺដូច្នេះមែន។ ប្រាក់ខែបុគ្គលិកកាន់តែតិច ខណៈដែលពួកម្ចាស់ភាគហ៊ុន កើបប្រមូលប្រាក់ចំណេញរាប់រយលាន ចូលហោប៉ៅ។

ប៉ុន្តែ លោក Thomas Piketty អ្នកស្រាវជ្រាវ ផ្នែកប្រវត្តិទស្សននយោបាយ និងសេដ្ឋកិច្ច ដ៏ល្បីមួយរូប បានលើកឡើងថា ការសិក្សាលើទ្រឹស្តីរបស់ កាល ម៉ាក្ស មានតំលៃជាប្រវត្តិសាស្ត្រ ក៏ប៉ុន្តែ ទ្រឹស្តីនិងការវិភាគរបស់គាត់ មិនអាចយកមកអនុវត្ត នៅក្នុងសង្គមបច្ចុប្បន្ន សតវត្សទី២១ នេះបានទេ។ លោកបន្ថែមថា វាជាការយល់ច្រឡំ ដែលយើងគិតថា កាល ម៉ាក្ស បានចែងជាទ្រឹស្តី ជាគំរូ ដែលត្រូវអនុវត្តតាមឲ្យដូ​ច។ មិនដូច្នោះទេ គំនិតវិភាគរបស់ កាល ម៉ាក្ស គឺជាគំនិតវិភាគក្នុងសម័យកាលរបស់គាត់តែប៉ុណ្ណោះ។

សម្រាប់ចិន និងវៀតណាម មេដឹកនាំគេសុទ្ធតែអះអាងថា ត្រូវតែបន្តលើកតំកើង ថែររក្សាកេរ្តិ៍តំណែល លទ្ធិម៉ាក ឡេនីន នេះតទៅទៀត ព្រោះវាជាមូលដ្ឋានគ្រិះនៃរបបគេ។ តើបើយើងក្រឡេកមើលឲ្យស៊ីជម្រៅ ទ្រឹស្តីរបស់ កាល ម៉ាក្ស លែងមានខ្លឹមសារអ្វីទៀតហើយ សម្រាប់ចិន និង វៀតណាម ដែលបច្ចុប្បន្ន កំពុងប្រឡូកយ៉ាងសកម្ម ក្នុងគំរូសេដ្ឋកិច្ចទីផ្សារសេរី។ វាជារឿងបោលបញ្ឆោតទាំងស្រុង។ គេរក្សាទុកលទ្ធិម៉ាកស៊ីស្ម៍ ក៏ដោយសារ​តែលទ្ធិនេះហើយ ដែលបានជ្រោមជ្រែង ឲ្យមនុស្សគោរពគណបក្សតែមួយ ដែលមានអំណាចដឹកនាំប្រទេស ការលើកតំកើង កាល ម៉ាក្ស នៅតាមប្រទេសទាំងនេះ ក៏គឺជាឧបករណ៍នយោបាយ ដើម្បីប្រមូលអូសទាញយុវជនតែប៉ុណ្ណោះ។ ធាតុពិត គឺអំណាចក្តោបក្តាប់ ឯតំលៃពិតប្រាកដនៃទ្រឹស្តីរបស់ កាល ម៉ាក្ស គឺគេមិនខ្វល់ឡើយ៕

អាមេរិក​គំរាម​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

លោកត្រាំ ទាមទារ​ឲ្យ​ស៊ើប​អង្កេត​លើ​FBI ​ដោយចោទថា​ស៊ើបការណ៍​​សំងាត់​​លើ​​ក្រុម​ការងារ​លោក

វេណេស៊ុយអេឡា​បោះឆ្នោត​ប្រធានាធិបតី ចំពេល​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​ដុនដាប​ខ្លាំង

សហភាពអឺរ៉ុប​បញ្ជូន​តំណាង​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា ​ក្នុង​ការ​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន

ជំនួបកំពូលអឺរ៉ុប-បាល់កង់៖​អឺរ៉ុប​ប្រទាញប្រទង់​គ្នា​​ក្នុង​រឿង​បាល់កង់ តែ​ឯកភាព​គ្នា​ដើម្បី​ទប់​លោក​ដូណាល់ ត្រាំ

ព្យុងយ៉ាង​គំរាម​លុប​ចោល​ជំនួប រវាង​លោក ត្រាំ និង គីម ជុងអ៊ុន

ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា

អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

ជន​ដៃ​ដល់​បង្កការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស ជា​ជនជាតិ​បារាំង​ ដើមកំណើត​រុស្ស៊ី

អ៊ីរ៉ាក់​រៀបចំ​បោះឆ្នោតសភា​លើក​ទី១ ក្រោយ​ទទួល​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម

ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រ​លើកលែង​ទោស​មេបក្ស​ប្រឆាំង​អាន់វ៉ា

បារាំង​ចេញមុខ​រក​មធ្យោបាយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

មហោស្រព​កាន​ក្រោម​សម្ពាធ​នៃ​រឿងអាស្រូវ​រំលោភផ្លូវភេទ

បារាំង៖ ១ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ម៉ាក្រុង ​កំណែទម្រង់​ក៏ច្រើន ​ការ​តវ៉ា​ក៏ច្រើន

ហេតុអ្វី​បាន​ជា​លីបង់​មិន​ធ្លាក់​ខ្លួន​ក្នុង​សង្រ្គាម ដូច​ប្រទេស​ជិតខាង?

New York Times៖​លោក​ដូណាល់ ត្រាំ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ដើម្បី​កាត់​បន្ថយ​ទ័ពអាមេរិក​នៅ​កូរ៉េខាងត្បូង

​លោក​ម៉ាក្រុង​​ទៅ​​នូវែលកាឡេដូនី មុន​ប្រជាមតិទាមទារ​ឯករាជ្យពីបារាំង

បារាំង ចង់​ស្ថាបនា​ផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយ​អូស្ត្រាលី