rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាល្លឺម៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​អឺរ៉ុប​ពួតដៃ​គ្នា កសាង​កម្លាំង​តុល្យភាព​ថ្មី ​ទប់​ជាមួយ​សហរដ្ឋ​អាមេរិក

media
លោក Heiko Maas រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ Odd ANDERSEN / AFP

កាលពីថ្ងៃពុធ ទី១៣ មិថុនា លោក រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ បានថ្លែងថា សហភាពអឺរ៉ុបទាំងមូល ត្រូវតែពួតដៃគ្នា កសាងកម្លាំងតុល្យភាពមួយឲ្យរឹងមាំ ដើម្បីទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ការប្រកាសនេះ គឺនៅក្រោយពេលដែល លោកដូណាល់ ត្រាំ បានសម្រេចចិត្តជាបន្តបន្ទាប់ ដើរចេញឆ្ងាយពីអឺរ៉ុប ដែលធ្លាប់តែជាសម្ព័ន្ធមិត្តជាមួយនឹងអាមេរិក មិនថាក្នុងបញ្ហានយោបាយការបរទេស ឬវិស័យសេដ្ឋកិច្ច។


ពួកយើងទាំងអស់គ្នា នៅអឺរ៉ុប ត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីកសាងនូវកម្លាំងធ្ងន់មួយ ដោយប្រុងប្រយត្ន័ និងដើម្បីធានាបាននូវតុល្យភាព ជាមួយនឹងសហរដ្ឋអាមេរិក បើសិនជាសហរដ្ឋអាមេរិក ហ៊ានដើរជាន់គំនូសក្រហម។ នេះគឺជាប្រសាសន៍របស់លោក Heiko Maas រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាល្លឺម៉ង ដែលថ្លែងក្នុងសន្និសីទ ស្តីពីគំរោងសម្រាប់សហភាពអឺរ៉ុប នៅទីក្រុងប៊ែកឡាំង។

លោករដ្ឋមន្ត្រីអាល្លឺម៉ង់ បន្តថា នៅពេលណាដែលរដ្ឋាភិបាលអាមេរិក ហ៊ានរុះរើ ឬច្រានចូលនូវតំលៃរួមរបស់យើង ហ៊ានទាត់ចោលយ៉ាងព្រហើន នូវផលប្រយោជន៍រួម ក៏ដូចជាគោលនយោបាយរួម ដែលយើងទាំងអស់គ្នាបានសម្រេច​ យ៉ាងដូច្នេះ គឺយើងចាំបាច់ ត្រូវតែឆ្លើយតបទៅវិញ ដោយម៉ឹងម៉ាត់បំផុត ដើម្បីប្រឆាំងនឹងគោលនយោបាយ បែបអត្មានិយម គ្មានហេតុផល របស់លោកដូណាល់ ត្រាំ។

សូមបញ្ជាក់ថា ការសម្រេចច្រានចោលនូវតំលៃរួម ក៏ដូចជាទាត់ចោលនូវផលប្រយោជន៍រួមនេះ គឺលោករដ្ឋមន្ត្រីអាល្លឺម៉ង់ ចង់សំដៅទៅលើការសម្រេចរបស់លោកដូណាល់ ត្រាំ កន្លងមក ដែលបានដកខ្លួនអាមេរិក ចេញពីសន្ធិសញ្ញាក្រុងប៉ារីសស្តីពីអាកាសធាតុ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចុងក្រោយទាក់ទិននឹងការសម្រេចដំឡើងពន្ធនាំចូល កប់ពពកមកលើផលិតផលអឺរ៉ុបជាដើម។

ក្រៅពីគោលនយោបាយអត្មានិយមរបស់លោក ដូណាល់ ត្រាំនេះ លោករដ្ឋមន្ត្រីអាល្លឺម៉ង់ ក៏បានអំពាវនាវផងដែរ ថាឲ្យ​ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ពួតដៃគ្នា ឈរលើគោលជំហររួម ដើម្បីតតាំងនឹងការបំពានច្បាប់អន្តរជាតិ របស់រុស្ស៊ី ព្រមទាំងតតាំង ជាមួយនឹងមហច្ឆិតាវាទទីរបស់ចិន ដែលកំពុងតែប្រើគ្រប់វិធី ដើម្បីបំបែកបំបាក់ សាមគ្គីភាព​របស់សហភាពអឺរ៉ុប។

ជាចុងក្រោយ លោករដ្ឋមន្ត្រីអាល្លឺម៉ង់ បានលើកឡើងថា សណ្តាប់ធ្នាប់សន្តិសុខពិភពលោកបច្ចុប្បន្ន បានប្រែប្រួល មិនដូចមុនទៀតឡើយ។ ប្រឈមមុខនឹងបញ្ហានេះ វាជាការចាំបាច់ណាស់ ដែលអឺរ៉ុប ត្រូវតែរឹងមាំ និងសហការគ្នាឲ្យបានល្អ ក្នុងវិស័យកងទ័ព។ លោក រដ្ឋមន្ត្រី បានអបអរចំពោះការសហការក្នុងវិស័យយោធា រវាងកងទ័ពបារាំង និងកងទ័ពអង់គ្លេស បើទោះបីជាអង់គ្លេស បានចាកចេញពីអឺរ៉ុបក៏ដោយ៕