អានតួអត្ថបទ

អាមេរិក អឺរ៉ុប និងអូតង់ រួមគ្នា​ចោទ​រុស្ស៊ី ថាធ្វើ​សកម្មភាព​វាយប្រហារបែបព័ត៌មានវិទ្យា

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃប្រទេសសមាជិកអង្គការអូតង់ រួមជាមួយនឹងសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ទី៤តុលា រុស្ស៊ីត្រូវបានគេចោទប្រកាន់ពីគ្រប់មាត់ ថាបានធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា។ អង្គភាពចារកិច្ចរបស់កងទ័ពរុស្ស៊ី ត្រូវបានអាមេរិក អូតង់ និងសហភាពអឺរ៉ុប ​ចោទថា គឺជាឧបករណ៍របស់រុស្ស៊ី ដើម្បីធ្វើសកម្មភាពវាយប្រហារ លួចទិន្នន័យ និងបំភ្លៃព័ត៌មាន ដើម្បីបំភ័ន្តមតិមហាជន ជាដើម។ សហភាពអឺរ៉ុប និងអូតង់ បានអំពាវនាវ ឲ្យរដ្ឋាភិបាលរុស្ស៊ី បញ្ឈប់នូវសកម្មភាព​ ដែលគ្មានការទទួលខុសត្រូវនេះ ជាបន្ទាន់។ ចំណែក​ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសចោទប្រកាន់ជាផ្លូវការ លើមនុស្ស៧នាក់ ដែលធ្វើការឲ្យអង្គភាពចារកិច្ចរបស់កងទ័ពរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis និយាយនៅវេទិការរបស់អង្គការ OTAN។ ក្រុងព្រុុចសែល ថ្ងៃទី៤ តុលា ២០១៨​
រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis និយាយនៅវេទិការរបស់អង្គការ OTAN។ ក្រុងព្រុុចសែល ថ្ងៃទី៤ តុលា ២០១៨​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសព្រមគ្នា ដោយបានចាត់ទុកសកម្មភាពវាយប្រហាររបស់រុស្ស៊ី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ថាជាសកម្មភាពហឹង្សាយូកូង និងគ្មានការទទួលខុសត្រូវ។ ការប្រកាសនេះ គឺបន្ទាប់ពីអាជ្ញាធរប្រទេសហូឡង់ បានអះអាងថា អង្គភាពចារកិច្ចរបស់កងទ័ពរុស្ស៊ី គឺជាអ្នកនៅពីក្រោយការប៉ុនប៉ង ចូលមកបំផ្លាញប្រព័ន្ធកុំព្យូទ័រ របស់អង្គការប្រយុទ្ធប្រឆាំងនឹងអាវុធគីមី ដែលមានទីតាំងនៅប្រទេសហូឡង់។ ប្រមុខដឹកនាំស្ថាប័នធំៗរបស់សហភាពអឺរ៉ុប បានលើកឡើងព្រមគ្នាថា ទង្វើរបស់រុស្ស៊ីនេះ គឺជាទង្វើ ដែលបំពានលើច្បាប់ការពារស្ថាប័​នអន្តរជាតិ។

ដូចគ្នាដែរ លោកអគ្គលេខាធិការអង្គការអូតង់ បានលើកឡើងថា​ រុស្ស៊ីត្រូវតែបញ្ឈប់សកម្មភាព គ្មានការទទួលខុសត្រូវនេះ ជាបន្ទាន់។ សកម្មភាព​ទាំងនោះ មានដូចជា ការប្រើកម្លាំងគំរាមប្រទេសក្បែរខាង ការប្រើវិធីផ្សេងៗចូលច្រៀត លូកដៃកកូរកកាយក្នុងការបោះឆ្នោតរបស់ប្រទេសផ្សេង ព្រមទាំងយុទ្ធនាការឃោសនាបំភ្លៃ ប្រឌិតព័ត៌មានមិនពិតជាដើម។

សូមបញ្ជាក់ថា ក្រៅពីអង់គ្លេស អូស្ត្រាលី កាណាដា ដែលបានប្រកាសព្រមៗគ្នា កាលពីថ្ងៃទី៤តុលា ថា​រុស្ស៊ីបានធ្វើ និងបានប៉ុនប៉ងធ្វើសកម្មភាពវាយប្រហារប្រទេសគេ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះ នៅរសៀលថ្ងៃដដែល ហូឡង់ បានប្រកាសថា ប្រទេសខ្លួនក៏គឺជាជនរងគ្រោះ របស់រុស្ស៊ីដែរ។ ប្រព័ន្ធបច្ចេកវិទ្យានៃអង្គការប្រយុទ្ធប្រឆាំងនឹងអាវុធគីមី ដែលមានទីតាំងនៅហូឡង់ ត្រូវបានភ្នាក់ងារចារកិច្ចរបស់កងទ័ពរុស្ស៊ី ប៉ុនប៉ងចូលមកបំផ្លាញ។

សកម្មភាពវាយប្រហារស្រដៀងគ្នា ដែលមានប្រភពចេញពីរុស្ស៊ី គឺមានកាន់តែច្រើន កាន់តែសាហាវ  និងកាន់តែស្មុគស្មាញពិបាកនឹងទប់ទល់។ យ៉ាងណាមិញ លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលមានវត្តមាននៅក្នុងពេលប្រជុំនេះដែរ បានលើកឡើងថាចំពោះមុខអ្នកកាសែតថា កងទ័ពអាមេរិក និងធ្វើការចែក​រំលែក សមត្ថភាព និងបច្ចេកទេស ជាមួយប្រទេសសមាជិកជា​សម្ព័ន្ធមិត្តទាំងអស់ ដើម្បីប្រយុទ្ធទប់ទល់ នឹងសកម្មភាពបំពានរបស់រុស្ស៊ី ឲ្យមានប្រសិទ្ធិភាព។ លោកបានលើកឡើងថា មានប្រទេស៤ មានអង់គ្លេស ដាណឺម៉ាក អេស្តូនី និងហូឡង់ ដែលបានយល់ព្រម សហការដាក់ឲ្យដំណើរការ​នូវប្រព័ន្ធចែករំលែក ប្រភពទិន្នន័យបច្ចេកវិទ្យាព័ត៌មានវិទ្យា រួចស្រេចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ