អានតួអត្ថបទ
Facebook-Analytica

អាជ្ញាធរ​អង់គ្លេស​ចុះ​ឆែកឆេរ ​Cambridge Analytica​ ក្នុង​រឿងរ៉ាវ​ទិន្ន័យ​របស់​Facebook

កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសោរ៍ ទៅ២៤មីនា អាជ្ញាធរអង់គ្លេស បានចុះទៅឆែកឆេរ ប្រមូលយកម៉ាស៊ីនផ្ទុកទិន្ន័យរបស់ក្រុមហ៊ុន Cambridge Analytica នៅទីក្រុងឡុងដ៍។ ការចុះ​ឆែកឆេរនេះ គឺបន្ទាប់ពីមានផ្ទុះរឿងអាស្រូវថា ក្រុមហ៊ុននេះ បានស្រូបយកទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើFacebook ប្រមាណ៥០លានគណនី ដើម្បីយកទៅវិភាគ និងលក់បន្ត។ ដោយសារតែរឿងអាស្រូវនេះ ក្រុមហ៊ុនFacebook កំពុងតែទទួលរងសំពាធនយោបាយ កាន់តែខ្លាំងឡើង ចំណែកភាគហ៊ុនក៏បានធ្លាក់ចុះប្រមាណ៨%។

សមត្ថកិច្ច​កំពុង​ឆែកឆេរ​​ទាំង​កណ្តាល​យប់ ក្នុងអាគារ​របស់​Cambridge Analytica ។ ក្រុងឡុងដ៍ ថ្ងៃទី​២៣ មីនា ២០១៨
សមត្ថកិច្ច​កំពុង​ឆែកឆេរ​​ទាំង​កណ្តាល​យប់ ក្នុងអាគារ​របស់​Cambridge Analytica ។ ក្រុងឡុងដ៍ ថ្ងៃទី​២៣ មីនា ២០១៨ REUTERS/Henry Nicholls
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ចអង់គ្លេសនៃការិយាល័យត្រួវពិនិត្យទិន្ន័យព័ត៌មានវិទ្យា មានគ្នាប្រមាណ​១៨​នាក់ បានចុះទៅឆែកឆេរ ប្រមូល​យកសម្ភារៈបច្ចេកវិទ្យាស្តុកទិន្ន័យរបស់ក្រុមហ៊ុន Cambridge Analytica។ អ្នកនាំពាក្យការិយាល័យនេះ បានបញ្ជាក់ថា ការឆែកឆេរបានចប់សព្វគ្រប់ ហើយពេលនេះ ក្រុមអ្នកជំនាញ​ កំពុងតែធ្វើការត្រួតពិនិត្យ លើម៉ាស៊ីនស្តុកទុនទិន្ន័យរបស់ក្រុមហ៊ុននេះ។

បើតាមសម្តីអ្នកនាំពាក្យដដែល បានឲ្យដឹងថា ការឆែកឆេរនេះ ធ្វើឡើង ក្នុងក្របខណ្ឌនៃការអង្កេត ស្តីពីការលួចស្តុក និងប្រើប្រាស់ទិន្ន័យឯកជនរបស់អ្នកប្រើប្រាស់ Facebook ដែលគេសង្ស័យថា ក្រុមហ៊ុនCambridge Analytica បានធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ។ ការិយាល័យត្រួតពិនិត្យទិន្ន័យព័ត៌មានវិទ្យា របស់អង់គ្លេស (ICO) បានធ្វើការស្នើសុំ ទៅចៅក្រុមតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ ដើម្បីអាចចុះទៅឆែកឆេរ រកភស្តុតាង។

សូមបញ្ជាក់ថា ក្រុមហ៊ុនCambridge Analytica កំពុងតែជាប់ចោទក្នុងរឿងអាស្រូវដ៏ធំ ថាបានបូមប្រមូលយកទិន្ន័យឯកជនរបស់អ្នកប្រើប្រាស់Facebook ប្រមាណជា៥០លានគណនី យកទៅវិភាគដើម្បីផលិតជាកម្មវិធីផ្សេង ដោយយោងលើកត្តាចិត្តសាស្ត្រ ចំណង់ចំណូលចិត្ត និងទំនោរនយោបាយរបស់អ្នកប្រើប្រាស់ម្នាក់។ ទិន្ន័យទាំងនេះ ត្រូវបានគេសង្ស័យថា ក្រុមហ៊ុននេះ យកទៅលក់បន្ត ឲ្យក្រុមការងារឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ។ សម្រាប់អង់គ្លេស គេកំពុងតែសង្ស័យថា ក្រុមហ៊ុននេះ ក៏អាចប្រមូលទិន្ន័យ ដើម្បីលក់បន្ត ឲ្យគេយកទៅប្រើប្រាស់ ក្នុងការអូសទាញសម្លេងឆ្នោត កាលពីក្នុងអំឡុង​ពេលបោះឆ្នោតប្រជាមតិ​ Brexit

យ៉ាងណាមិញ Facebook កំពុងតែរងសំពាធយ៉ាងខ្លាំង ថាមិនបានធ្វើអ្វីសោះ ក្នុងការការពារទិន្ន័យឯកជននៃអ្នកប្រើប្រាស់ របស់ខ្លួន។ ថ្វីបើនាយក Facebook បានចេញមកសុំទោសជាសាធារណៈ តែចរន្តរិះគន់Facebook នៅមិនទាន់ថមថយឡើយ។ សភាអង់គ្លេស សភាអឺរ៉ុប និងសភាអាមេរិក មានគំរោងហៅតំនាងFacebook ទៅឆ្លើយបំភ្លឺទៀតផង។

ដោយឡែក កាលពីថ្ងៃសៅរ៍ទី២៤មីនា នេះដែរ មានដំណឹងមួយទៀត បានលេចឮតាមរយៈអ្នកប្រើប្រាស់ជនជាតិណូវែលហ្សេឡង់ម្នាក់ ថា Facebook បានប្រមូលដោយស្វ័យប្រវត្តិ នូវទិន្ន័យនៃការហៅទូរស័ព្ទចេញ ចូល របស់អ្នកប្រើប្រាស់ប្រព័ន្ធ Androïd បើទោះជាមិនបានប្រើកម្មវិធីគ្រប់គ្រងដោយFacebook ក៏ដោយ។ មកទល់ពេលនេះ គេមិនទាន់ទទួលបានការបំភ្លឺណាមួយ ពីFacebook ទាក់ទិននឹងដំណឹងនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ