អានតួអត្ថបទ
អាកាសធាតុ-បារាំង

អាកាសធាតុ៖ សីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​បារាំង និង​តាម​ប្រទេស​មួយ​​ចំនួន​នៅអឺរ៉ុប

រលកសីតុណ្ហភាពក្តៅខ្លាំង ខុសពីធម្មតា នៅមិនទាន់ទៅណាឆ្ងាយទេ ពីប្រទេសអឺរ៉ុបមួយចំនួន។ តាមការព្យាករណ៍ នៅថ្ងៃចន្ទនិងថ្ងៃអង្គារនេះ នៅបារាំង សីតុណ្ហភាព អាចឡើងដល់៣៧អង្សារសេ រីឯតំបន់ខ្លះ ក្នុងប្រទេសអេស្ប៉ាញ សីតុណ្ហភាព អាចឡើងដល់​​៤៤​អង្សារសេ។ នេះគឺជារលកកំដៅ យ៉ាងកម្រ សម្រាប់តំបន់អឺរ៉ុប ដែលប្រជាជនមិនសូវជា​មាន​ទំលាប់​ ​ជាមួយ​នឹងសីតុណ្ហភាពខ្ពស់បែបនេះ។ អាជ្ញាធរបានចេញបទបញ្ជា និងការណែនាំជាច្រើន ដើម្បីបង្កាគ្រោះថ្នាក់ដល់សុខភាព ជាពិសេស សម្រាប់មនុស្ស​ដែលងាយរងគ្រោះ ដូចជាកុមារ និងមនុស្សចាស់។

មនុស្សម្នា​​នាំគ្នា​លេងទឹក នៅទីលាន​​Trocadero ខាង​មុខ​តួអេហ្វែល ​ក្រុង​ប៉ារីស។
មនុស្សម្នា​​នាំគ្នា​លេងទឹក នៅទីលាន​​Trocadero ខាង​មុខ​តួអេហ្វែល ​ក្រុង​ប៉ារីស។ GERARD JULIEN / AFP
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍កន្លងមកហើយ ដែលសីតុណ្ហភាពឡើងក្តៅទៅ នៅប្រទេសបារាំង។ នៅពាក់កណ្តាលភាគខាងត្បូងបារាំង នៅថ្ងៃចន្ទ និងថ្ងៃអង្គារស្អែក សីតុណ្ហភាព អាចឡើងដល់៣៦អង្សារសេ នៅក្រុងបកដូ ហើយ៣៧អង្សារសេ នៅទូលូហ្សជាដើម។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ សីតុណ្ហភាពមធ្យមទូទាំងបារាំង បានឡើងខ្ពស់បំផុត បើគិតរាប់ ចាប់ពីគ្រោះកំដៅខ្លាំង កាលពីឆ្នាំ២០០៣ ដែលបានបណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់។

បើយោងតាមអាជ្ញាធរឧត្តុនិយមបារាំង បានឲ្យដឹងថា ចាប់ពីល្ងាចថ្ងៃអង្គារ សីតុណ្ហភាពអាចនឹងធ្លាក់ចុះវិញ ដោយសារតែមានចំហាយខ្យល់សមុទ្រអាត្លង់ទិក នឹងអណ្តែតមកដល់នាំភាពត្រជាក់។ តែយ៉ាងណា អាជ្ញាធរបារាំង នៅតែអំពាវនាវ ឲ្យមានការប្រុងប្រយ័ត្ន សម្រាប់មនុស្សដែលងាយរងគ្រោះ នឹងសីតុណ្ហភាពក្តៅខ្លាំងនេះ។

សូមបញ្ជាក់ថា មនុស្សចាស់ជរា គឺជាអ្នកងាយរងគ្រោះបំផុត ប្រឈមមុខ​នឹងសីតុណ្ហភាព​ក្តៅ​ខុស​ធម្មតាបែបនេះ។ ករណីឆ្នាំ២០០៣ បានផ្តល់បទពិសោធន៍ច្រើន​ ឲ្យដល់អាជ្ញាធរបារាំង ក្នុងការចាត់វិធានការ សង្រ្គោះបន្ទាន់។ សម្រាប់ពេលនេះ ក្នុងចំណោមមណ្ឌលសង្រ្គោះបន្ទាន់៦៥០កន្លែង នៅទូទាំងប្រទេសបារាំង គឺមានចំនួន២៥ ដែលកំពុងប្រឈម និងអ្នកជម្ងឺច្រើន ហើយដែលភាគច្រើន គឺជាតំបន់ទេសចរណ៍។

សីតុណ្ហភាពឡើងក្តៅខ្លាំង មួយផ្នែកធំ ក៏ដោយសារតែ ស្រទាប់អូហ្សូន មានកំរាស់ផ្សែងពុលកាន់តែក្រាស់ ដែលស្រទាប់នេះ បានហ៊ុំព័ទ្ធកំដៅឲ្យនៅងំ។ ដើម្បីបញ្ជៀសបញ្ហានេះ  កុំឲ្យធ្ងន់ធ្ងរជាងនេះ អាជ្ញាធរក្រុងជាច្រើននៅបារាំង បានចេញវិធានការកាត់បន្ថយការធ្វើចរាចរណ៍រថយន្ត តាមរយៈការដាក់កំហិត ឲ្យបើកបរឆ្លាស់គ្នាមួយថ្ងៃម្នាក់ រវាងរថយន្តមានផ្លាកលេខគូ និងលេខសេស។ បន្ថែមពីនេះ យានយន្តដែលមិនស្ថិតក្នុងប្រភេទគោរពបរិស្ថាន ឬដែលបញ្ចេញផ្សែងពុលច្រើន នឹងត្រូវហាមឃាត់ មិនឲ្យធ្វើចរាចរណ៍ទេ។ អាជ្ញាធរក្រុងប៉ារីស បានបញ្ចុះតម្លៃសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជំរុញឲ្យប្រជាជន ជិះឲ្យបានច្រើន ជាជាងការប្រើយានយន្តផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា ប្រទេសអឺរ៉ុបសឹងតែទាំងអស់ ដែលកំពុងប្រឈមមុខនឹងសីតុណ្ហភាពក្តៅខ្លាំងនេះ។ ភាគខាងត្បូងអេស្ប៉ាញ និងព័រទុយហ្កាល់ សីតុណ្ហភាព នឹងឡើងក្តៅរហូតដល់៤៤អង្សារ នៅថ្ងៃអង្គារ។ នៅក្នុងខែកក្កដា មានមនុស្សស្លាប់ប្រមាណ៧០នាក់នៅកាណាដា ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។ នៅកូរ៉េខាងត្បូង មានស្លាប់ជិត៣០នាក់ ក្នុងរវាង៣សប្តាហ៍ចុងក្រោយនេះ។ បើតាមរបាយការណ៍ស្រាវជ្រាវ នៃវិទ្យាស្ថានបច្ចេកវិទ្យា​រដ្ឋម៉ាសាជូសេត បានព្យាករណ៍ទុកថា កំដៅផែនដី នឹងឡើងកាន់ខ្លាំង ដោយនៅរវាងឆ្នាំ២០៧០ នៅតំបន់មួយចំនួននៃភពផែនដី ​គឺមនុស្សមិនអាចរស់នៅបានទេ ដោយសារតែក្តៅខ្លាំងពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ