អានតួអត្ថបទ

អ.ស.ប៖ បារាំង​ត្រូវបំភ្លឺ​​ឲ្យច្បាស់​ ពីការ​ប្រើ​កំលាំង​ជ្រុល​របស់​សមត្ថកិច្ច លើ​ក្រុម​អាវកាក់​លឿង

ពីទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ ទី៦មីនា តំណាងឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ​ បានថ្លែងទៅកាន់ប្រទេសបារាំង ថា រដ្ឋាភិបាលបារាំង ត្រូវតែបំភ្លឺឲ្យបានច្បាស់ ទាក់ទិនទៅនឹងករណី ប្រើកម្លាំងជ្រុលហួសហេតុ ពីសំណាក់សមត្ថកិច្ចបារាំង បង្រ្កាបទៅលើ​ក្រុមបាតករអាវកាក់ពណ៌លឿង។ រដ្ឋាភិបាល​បារាំងបានឆ្លើយតបទៅវិញ ទាំងភ្ញាក់ផ្អើលផង ថាបារាំងក្នុងនាម​ ជាប្រទេសប្រជាធិបតេយ្យ​មួយដ៏ធំ ពុំមានការបង្រ្កាប​បាតុកម្ម ដោយហិង្សារហូតស្លាប់បាតុករនោះទេ។ ទោះយ៉ាងនេះក្តី រដ្ឋាភិបាល​​បារាំង កំពុងតែស្រាវជ្រាវយ៉ាងល្អិតល្អន់រួចទៅហើយ ជុំវិញករណីហិង្សាកន្លងមក។

ក្រុម​អាវកាក់លឿង​ «gilets jaunes» ដុត​បំផ្លាញ​រថយន្ត នៅ​មហា​វិថី​​Saint Germain ក្រុង​ប៉ារីស ថ្ងៃទី​​៥មករា ​២០១៩​
ក្រុម​អាវកាក់លឿង​ «gilets jaunes» ដុត​បំផ្លាញ​រថយន្ត នៅ​មហា​វិថី​​Saint Germain ក្រុង​ប៉ារីស ថ្ងៃទី​​៥មករា ​២០១៩​ REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្ទរកថាមួយ នៅទីក្រុងហ្សឺណែវ លោកស្រី Michelle Bachelet ឧត្តមស្នងការជាន់ខ្ពស់ទទួល​បន្ទុក​សិទ្ធិមនុស្ស​ បានលើកឡើងថា៖ រដ្ឋាភិបាលបារាំង ត្រូវតែធ្វើការបំភ្លឺ ឲ្យបានច្បាស់ ស្តីពីករណីប្រើកម្លាំងជ្រុលហួសហេតុ ពីសំណាក់សមត្ថកិច្ច ​ ដែលបង្ក្រាបចលនាបាតុកម្មអាវកាក់ពណ៌លឿង ​នាពេល៣ខែ​​កន្លងមកនេះ។ លោកស្រីបន្តថា៖ យើងសូមជំរុញឲ្យរដ្ឋាភិបាលបារាំង បន្តនូវវប្បធម៌សន្ទនា ក្នុងសង្គម

មិនបានប៉ុន្មានម៉ោងផង លោក Benjamin Griveaux អ្នក​​នាំពាក្យ​រដ្ឋាភិបាលបារាំង បាន​ឆ្លើយ​តប​ទៅ​លោកស្រី Michelle Bachelet វិញថា ៖ ជារឿងធម្មតាទេ ដែលបារាំង ត្រូវស្តាប់និងធ្វើតាមការស្នើរបស់អង្គការសហប្រជាជាតិ។ លោកបន្ថែមថា៖ ជានិច្ចជាកាល រដ្ឋាភិបាលបារាំង តែងតែមានគោលជំហរច្បាស់លាស់ មិនដែលលាក់លៀមអ្វីទាំងអស់។ ក្នុងករណី​មាន​ការសង្ស័យណាមួយ ស្តីពីការប្រើកម្លាំងជ្រុលហួសហេតុ ពីសំណាក់សមត្ថកិច្ចនរគបាល​ គឺតែងតែ​​មាន​​ការ​​អង្កេត​​តាមដាន យ៉ាងម៉ដ្ឋចត់

អ្នកនាំពាក្យរដ្ឋាភិបាលបារាំងរូបនេះ ក៏​បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញបារាំង ត្រូវជាប់​ឈ្មោះ​ក្នុងបញ្ជី របស់ឧត្តមស្នងការសិទ្ធិមនុស្ស ថាជាប្រទេសមានការបង្ក្រាបបាតុកម្ម​ដោយហិង្សា ក្បែរទៅនឹងប្រទេសហៃទី ឬប្រទេសវ៉េណាស៊ុយអេឡាជាដើម។ លោក Benjamin Griveaux លើកឡើងថា៖ “ការបង្រ្កាបបាតុកម្មកន្លងមកនៅបារាំង មិនមានមនុស្សស្លាប់សូម្បីតែម្នាក់ ខណៈនៅហៃទី ឬនៅវ៉េណេស៊ុយ​អេឡា មានបាតុករស្លាប់រាប់រយនាក់។ លោកបន្ថែមថា បារាំង​ជាប្រទេស​ប្រជាធិប​តេយ្យ​​មួយ​ដ៏ធំ ក្នុងចំណោមសាមជិកអង្គកាសហប្រជាជាតិ។ កត្តាសេដ្ឋកិច្ច កត្តាសង្គមកិច្ច គឺរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ដោះស្រាយ ដោយផ្អែកលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនជាចំបង”

គួររំលឹកថា ឆ្លងកាត់សកម្មភាពតវ៉ា រយៈពេលប្រមាណ៣ខែមកនេះ រដ្ឋាភិបាលបារាំង ត្រូវបានមតិមួយចំនួនរិះគន់ ថាបានប្រើកម្លាំងជ្រុលហួសហេតុ ក្នុង​ការបង្រ្កាបបាតុករអាវ​កាក់​ពណ៌លឿង។ មាន​ការ​ស៊ើបអង្កេត យ៉ាងហោចណាស់១៦២ករណី ដែលកំពុងដំណើរការ ដើម្បីស្វែងរក ថាតើនគរបាល ពិតជាបានប្រើកម្លាំងហួសហេតុមែនឬយ៉ាងណា។ ទោះយ៉ាងនេះក្តី​ សម្រាប់អាជ្ញាធរបារាំង វាជាករណីយកិច្ចរបស់អាជ្ញាធរ ដែល​​ត្រូវ​​បំបែក​ហ្វូង​បាតុករហិង្សា ដែលបានបង្កអគ្គីភ័យ និងបាន​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន នៅរៀងរាល់ដង ក្នុងពេលបាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ