អានតួអត្ថបទ
សហភាពអឺរ៉ុប

អឺរ៉ុបទាមទារ​ឲ្យ​សមាជិក បន្ត​លុប​បំបាត់​ឋានសួគ៌​ពន្ធដារ ខណៈ​ប្រទេស​ម៉ាល់ត៍ សំណូមពរ​ឲ្យ​បន្ថយ​ល្បឿន

កាលពី​ថ្ងៃ​សៅរ៍ទី​ ៨មេសា ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ម៉ាល់ត៍ ​ក្នុង​ប្រធានបទ​ទប់​ស្កាត់​ឋាន​សួគ៌​ពន្ធដារ ​និង​ការ​គេចពន្ធ​របស់​សហគ្រាស​ធំៗ។​​ ស្របពេល​ដែល​គណកម្មការ​អឺរ៉ុប ​ ជម្រុញ​ឲ្យ​ប្រទេស​សមាជិក​ទាំង​អស់ ​ខិតខំ​ធ្វើ​កំណែទម្រង់ ​ដើម្បី​លប់​បំបាត់​ឋានសួគ៌​ពន្ធដារ​នេះ ​ប្រទេស​ម៉ាល់ត៍ ​បែរ​ជា​ស្នើ​ឲ្យ​មាន​ការ​បន្ថយ​ល្បឿន ​កុំ​ឲ្យ​ធ្វើ​វា​ជ្រុល​ហួសហេតុ ​ ព្រោះ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ក្រុមហ៊ុន​នានា ​ព្រមទាំង​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ទាំងមូល។

លោក Pierre Moscovici នៅ​ចន្លោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ (ស្តាំ)  និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិក
លោក Pierre Moscovici នៅ​ចន្លោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ (ស្តាំ) និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិក Reuters
ផ្សាយពាណិជ្ជកម្ម

ឋានសួគ៌​ពន្ធដារ​ រឺ​ការ​គេច​វេស​មិន​បង់​ពន្ធ​ បង្វិល​ប្រាក់​ចំណេញ​ទៅ​កាន់​ទី​កន្លែង​ផ្សេង ​ដែល​មានអត្រា​ពន្ធទាប គឺជា​បញ្ហា​ដែល​សហភាព​អឺរ៉ុប​ បាន​ជួប​ប្រទះ​ជា​យូរ​ឆ្នាំ​មក​ហើយ។ បញ្ហា​នេះ ​ បាន​ធ្វើ​ឲ្យ​ចំណូល​រដ្ឋ​ធ្លាក់​ចុះ ​ ហើយ​ក៏​ធ្វើ​​ឲ្យ​ប្រជាជន​ទូទៅ ​អស់​សង្ឃឹម​បាត់បង់​ជំនឿ​ចិត្ត ​ ដោយសារ​តែ​ឃើញ​ក្រុមហ៊ុន​សហគ្រាស​ធំៗ ​ កើប​ប្រាក់​ចំណេញ​ក្នុង​ប្រទេស​ខ្លួន​ ហើយ​ទៅ​បង់​ពន្ធ​បន្តិច​បន្តួច​ ​នៅ​ឯប្រទេស​ផ្សេង​ទៅវិញ។

 
ក្រោយ​ផ្ទុះ​រឿង​អាស្រូវ ​ Panama Papers ​ដែល​ធ្វើ​ឲ្យ​បែក​ធ្លាយ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ខ្មោច​ជាច្រើន ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​មាន​តែ​ឈ្មោះ ​ដើម្បី​គេច​ចេញ​ពី​ការ​បង់ពន្ធ​រដ្ឋ​នោះ ​សហភាព​អឺរ៉ុប ​ បាន​ចាប់ផ្តើម​ជម្រុញ​ប្រទេស​សមាជិក​ខ្លួន ​ឲ្យ​ប្រឹងប្រែង​លប់​បំបាត់​បញ្ហា​នេះ ​ដើម្បី​តម្លាភាព ​ និង​សមភាព​ក្នុង​វិស័យ​ពន្ធដារ។

បញ្ហា​នេះ ​ គឺជា​កម្មវត្ថុ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​៨​មេសា ​នៅ​ប្រទេស​ម៉ាល់ត៍។ លោក ​Pierre Moscovici​ អ្នក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​នៃ​គណកម្មការ​អឺរ៉ុប​ បាន​លើក​ឡើង​ថា ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ ត្រូវតែ​ប្រឹងប្រែង​បន្ត​ទៀត ​ក្នុងការ​ធ្វើ​កំណែទម្រង់ ​ក្នុង​វិស័យ​ពន្ធដារ​រៀងៗ​ខ្លួន ​ដើម្បី​ទប់ស្កាត់​សកម្មភាព​គេច​មិន​បង់​ពន្ធ ​ ព្រមទាំង​បញ្ចប់​ការ​ប្រកួត​ប្រជែង​ដោយ​មិន​ស្មើភាព​រវាង​ប្រទេស​សមាជិក​ដូចគ្នា ​ក្នុង​វិស័យ​ពន្ធដារ។

ផ្ទុយទៅវិញ​ ប្រទេស​ម៉ាល់ត៍ ​អ្នក​ទទួល​បន្ទុក​រៀបចំ​កិច្ច​ប្រជុំ ​ បែរ​ជា​ស្នើ​សុំ​តាម​រយៈ​ឯកសារ​កំរាស់​៧ទំព័រ​របស់​ខ្លួន​ថា ​ សហភាព​អឺរ៉ុប ​ ត្រូវតែ​បន្ថយ​ល្បឿន ​ មិន​ត្រូវ​ធ្វើ​បាប​ក្រុមហ៊ុន​សហគ្រាស​ធំៗ ​ ច្រើន​ជ្រុល​ពេក​ទេ ​ ព្រោះ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​វិស័យ​វិនិយោគ ​ និង​ពាណិជ្ជកម្ម ​ របស់​សហភាព​អឺរ៉ុប។

សំណើរនេះ​ ត្រូវបាន​ទទួល​ការ​គាំទ្រ ​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប៊ែលហ្ស៊ិក ​ និង​លុយហ្សំបួរ​ផង​ដែរ​ ដោយ​ប្រទេស​ទាំង​នេះ​លើកឡើង​ថា ​សហភាព​អឺរ៉ុប​ត្រូវ​តែ​បន្ថយ​ល្បឿន ​ក្នុងការ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ពន្ធដារ​នេះ​ ព្រោះ ​ប្រទេស​ដ៏ទៃ​​នៅ​​តំបន់​អាស៊ី ​រឺ​អាមេរិក​ គេ​អាច​អូស​ទាញ​យក​ផល​ចំណេញ​ទៅ​អស់។

គួររំលឹក​ដែរ​ថា ​ ប្រទេស​ដូច​ជា​ម៉ាល់ត៍ ​ អៀរឡង់ ​ ​រឺ​ក៏​លុចហ្សំបួរ​នេះ​ហើយ ​ ដែល​ល្បី​ជាងគេ​ថា ​ជា​ឋានសួគ៌​ពន្ធដារ ​ ព្រោះ​ប្រទេស​ទាំង​នេះ ​បាន​ធ្វើការ​អូសទាញ​ក្រុមហ៊ុន​សហគ្រាស​ធំៗ ​ ឲ្យ​បង្វិល​ប្រាក់​ចំណេញ ​ទៅ​ចុះ​បញ្ជីរ​នៅ​ប្រទេស​ខ្លួន ​ ព្រោះ​មាន​ពន្ធ​លើ​ប្រាក់​ចំណេញ​ ទាបជាង​ប្រទេស​ដ៏ទៃ។ ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន ​ ដូចជា​ក្រុមហ៊ុន​ Apple​ Amazon​ McDonald’s ​និង ​Starbucks ​ជាដើម ​ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ស៊ើបអង្កេត ​ ថា​បាន​រៀប​ចំ​បន្លំ​បង្វិល​ប្រាក់​ចំណេញ ​ទៅកាន់​ប្រទេស​ឋានសួគ៌​ពន្ធដារ​នានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ