អានតួអត្ថបទ
សហភាពអឺរ៉ុប

ប្រទេស​១៧​ជាប់​ក្នុង​ "បញ្ជី​ខ្មៅនៃ​ប្រទេស​ឋានសួគ៌​គេច​ពន្ធ" ​របស់​សហភាព​អឺរ៉ុប

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប បានអនុម័ត កាលពីថ្ងៃអង្គារ ទី៥ធ្នូម្សិលមិញ កំណត់ ប្រទេស និងដែនដី ចំនួន១៧ ឲ្យជាប់ក្នុងបញ្ជីខ្មៅ នៃប្រទេសឋានសួគ៌គេចពន្ធ​។ ការប្រយុទ្ធប្រឆាំង នឹងការគេចវេសមិនបង់ពន្ធ បានក្លាយជាយុទ្ធនាការដ៏សំខាន់ របស់សហភាពអឺរ៉ុប។ តែយ៉ាងណា បញ្ជីខ្មៅនេះ នៅតែមិនអាចគេចផុត ពីពាក្យរិះគន់ទេ ដោយសារតែវាកំណត់ តែប្រទេសដែលស្ថិតនៅក្រៅសហភាពអឺរ៉ុប ខណៈដែលមាន ប្រទេសសមាជិកសហភាពអឺរ៉ុបខ្លះ បានធ្វើបំពាននឹងវិធានរបស់អឺរ៉ុបយ៉ាងចំហរ។

សកម្មជនប្រឆាំងនឹង​ការគេចពន្ធ ​ធ្វើ​សកម្មភាព​​សំដែង និង​បរិហារ ​លើ​បញ្ជី​ខ្មៅ​រ​បស់​​​សហភាព​​អឺរ៉ុប ដែល​មិន​គ្រប់គ្រាន់។
សកម្មជនប្រឆាំងនឹង​ការគេចពន្ធ ​ធ្វើ​សកម្មភាព​​សំដែង និង​បរិហារ ​លើ​បញ្ជី​ខ្មៅ​រ​បស់​​​សហភាព​​អឺរ៉ុប ដែល​មិន​គ្រប់គ្រាន់។ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេលជិត១ឆ្នាំមកហើយ ដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសមាជិកសហភាពអឺរ៉ុប  បានជួបប្រជុំពិភាក្សាគ្នា ដើម្បីកំណត់បញ្ជីឈ្មោះ ប្រទេស ដែលបានប្រព្រឹត្តិ ឬឃុបឃិតក្នុង សកម្មភាពគេចពន្ធ។ អ្នកជំនាញរបស់សហភាពអឺរ៉ុប​ បានធ្វើអង្កេតតាមដាន ទៅលើប្រទេស និងស្ថានប័នចំនួន៩២ ទូទាំងពិភពលោក។

ទីបំផុតទៅនៅក្នុងបញ្ជីខ្មៅ នៃប្រទេសឋានសួគ៌គេចពន្ធ របស់អឺរ៉ុប គឺមានប្រទេស និងដែនដីចំនួន១៧។ ក្នុងនោះមានជាអាថទិ៍៖ បារ៉ែន បារបាដ កូរ៉េខាងត្បូង អេមៀរ៉ាតអារ៉ាប់រួម គ្រឺណាដ កោះហ្គាំ ម៉ាកាវ  កោះម៉ាកហ្សាល់ ម៉ុងហ្គោលី ណាមីប៊ី ប៉ាឡៅ  ប៉ាណាម៉ា សាំងលូស៊ី កោះសាម័រ ទ្រីនីតេអេតូបាហ្គោ  និងទុយណេស៊ី ជាដើម។

បើយោងតាមប្រសាសន៍ លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានឲ្យដឹងថា សម្រាប់ពេលនេះ ប្រទេសទាំង១៧ដែលជាប់ក្នុងបញ្ជីខ្មៅនេះ នឹងលែងមានសិទ្ធិ ទទួលបានមូលធនវិនិយោគ មូលនិធីជំនួយ ពីក្របខណ្ឌអឺរ៉ុបទៀតហើយ។ លោកបន្ថែមថា នៅក្នុងរវាងសប្តាហ៍ខាងមុខ នឹងមានទណ្ឌកម្មថ្មីបន្ថែមទៀត ដែលសហភាពអឺរ៉ុប​ ដាក់ទៅលើប្រទេសឋានសួគ៌គេចពន្ធទាំងនេះ។

ដោយឡែក ក្រៅពីប្រទេសទាំង១៧នេះ  លោករដ្ឋមន្ត្រីបារាំង បានបញ្ជាក់ថា មានប្រទេស និងដែនដីចំនួន៤៧ផ្សេងទៀត ដែលជាប់ក្នុងបញ្ជីមួយទៀត ដែលគេហៅថាបញ្ជីប្រផេះ។ ប្រទេស ឬដែនដីទាំង៤៧នេះ ក៏មានវិធានពន្ធដា មិនស្របនឹងសហភាពអឺរ៉ុបដែរ តែពួកគេបានសន្យាថា នឹងព្យាយាមធ្វើកំណែទំរង់។

គួរកត់សំគាល់ថា ទាំងបញ្ជីខ្មៅ ទាំងបញ្ជីប្រផេះ គឺសុទ្ធតែជាប្រទេស ឬ ដែនដី ដែលនៅក្រៅសហភាពអឺរ៉ុបទាំងអស់។ លោក Markus Ferber អនុប្រធានគណកម្មការសេដ្ឋកិច្ច នៃសភាអឺរ៉ុប បានរិះគន់ថា បញ្ជីទាំងនេះ មិនគ្រប់គ្រាន់ទេ ព្រោះគេបានដាក់កំហិត មិនឲ្យទាក់ទងដល់ប្រទេសសមាជិកសហភាពអឺរ៉ុប។

ដូចគ្នាដែរ អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានលើកឡើង ប្រទេសសមាជិកសហភាពអឺរ៉ុបខ្លះ ដូចជា លុចហ្សំបួរ អៀរឡង់ និងហូឡង់ ជាដើម សុទ្ធតែត្រូវគេដឹងថា មានវិធានច្បាប់ពន្ធដាមិនស្របនឹងគោលការណ៍គ្រិះរបស់សហភាពអឺរ៉ុបទេ។ កន្លងមកប្រទេសទាំងនោះ បានឃុបឃិតជួយមហាសេដ្ឋី និងក្រុមហ៊ុនធំៗ ដូចជា Amazon Appel Google ជាដើម ឲ្យគេចផុត មិនបង់ពន្ធនៅតាមប្រទេសអឺរ៉ុបផ្សេងទៀត។ តែជាការគួរឲ្យសោកស្តាយ លុចហ្សំបួរ អៀរឡង់ និងហូឡង់ បែរជាគ្មានឈ្មោះក្នុងបញ្ជីខ្មៅទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ