អានតួអត្ថបទ
សហភាពអឹរ៉ុប-សហរដ្ឋអាមេរិក

សហភាពអឺរ៉ុប​ទាត់ចោល​ការរិះគន់​របស់​អាមេរិក ដែល​ថា​អឺរ៉ុប​ធ្វើបាប​ក្រុមហ៊ុន​អាមេរិក​រឿង​ពន្ធដារ

មីៗនេះ ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ បាន​រិះគន់​ដោយ​ចំៗ ​ទៅ​លើ​សហភាព​អឺរ៉ុប ​ជុំវិញ​ចំណាត់ការ​ផ្លូវច្បាប់​របស់​អឺរ៉ុប​ ទាក់ទិន​នឹង​វិវាទ​ពន្ធដារ ​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ​ដូចជា​ក្រុមហ៊ុន​Apple ​និង​ក្រុមហ៊ុន ​Mc Donald ​ជាដើម។ នៅថ្ងៃទី​២៥ ​សីហា ​គណកម្មការ​អឺរ៉ុប ​បាន​ធ្វើការ​ឆ្លើយតប​ទៅ​វិញ ​ដោយ​បាន​ទាត់​ចោល​ការ​រិះគន់​នេះ ​ហើយ​បាន​បញ្ជាក់​ថា ​សហភាព​អឺរ៉ុប​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ​ទៅ​លើ​ក្រុមហ៊ុន​ទាំងអស់ ​មិនមែន​តែ​ក្រុមហ៊ុន​អាមេរិក​មួយទេ ​ហើយ​ច្បាប់​នោះ​មាន​ជា​ធរមាន​យូរយា​ណាស់​មក​ហើយ។

លោក Jack Lew រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក (Department of Tresory)
លោក Jack Lew រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក (Department of Tresory) REUTERS/Mike Theiler
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ទី ​២៤​សីហា  ​បាន​ធ្វើការ​រិះគន់ ​ដោយ​ចំហរ​ទៅ​លើ​សហភាព​អឺរ៉ុប​ ថាបាន​ប្រើ​ច្បាប់​ដើម្បី​ធ្វើ​បាប​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​មួយ​ចំនួន​ ដែល​កំពុងតែ​រកស៊ី​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ក្នុង​របាយការណ៍​នេះ ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ស្តី​ពី​ចំណាត់ការ​ផ្លូវច្បាប់​ផ្សេងៗ ​របស់​សហភាព​អឺរ៉ុប​ ដែល​សហរដ្ឋ​អាមេរិក​យល់ថា ​វា​បាន​ឃ្លាតឆ្ងាយ​ពី​នីតិវិធី​ពន្ធដារ​​អន្តរជាតិ ​ ហើយ​ជា​ពិសេស​គឺ​វា​ជ្រុល​ហួសហេតុ​ទៅ​លើ​ក្រុមហ៊ុន​អាមេរិក។

 
ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ ក៏បាន​រិះគន់​ផងដែរ​ថា​ ការ​ដែល​សហភាព​អឺរ៉ុប ​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ ដែល​ខ្លួន​យល់​ថា​មាន​កំហុស ​ឲ្យ​បង់ពន្ធ​បក​ថយ​ក្រោយ​ ចំពោះ​ឆ្នាំ​កន្លង​ទៅ​វិញ​នោះ ​គឺ​ជា​រឿង​មិន​គប្បី​ទេ ​ព្រោះវា​បាន​បង្ក​ជា​បញ្ហា​ដល់​គណនី​ពន្ធ​របស់​ក្រុមហ៊ុន ​និង​របស់​ប្រទេស​ពាក់ព័ន្ធ។ យ៉ាងណាមិញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​លោក​Jack Lew ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ ធ្លាប់បាន​សរសេរ​លិខិត​មួយ​រួច​មក​ហើយ ​ផ្ញើរ​មក​កាន់​លោក​ Jean-Claude-Juncker ​ប្រធាន​គណកម្មការ​អឺរ៉ុប​ ទាក់ទិន​នឹង​បញ្ហានេះ។

ជាការ​ឆ្លើយតប​ទៅវិញ ​ គណកម្មការ​នៃ​សហភាព​អឺរ៉ុប​ បាន​ទាត់ចោល​រាល់​ពាក្យ​រិះគន់​ទាំង​នោះ ​ ហើយ​បាន​បញ្ជាក់​ថា ​សហភាព​អឺរ៉ុប​ចាត់​ទុក​ក្រុមហ៊ុន​ទាំងអស់​ដោយ​ស្មើភាព​គ្នា ​ ទោះ​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ។ ច្បាប់​របស់​សហភាព​អឺរ៉ុប​ គឺ​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន​ទាំងអស់ ​ដោយ​ឥត​រើសមុខ​ ដែល​រកស៊ី​ប្រមូល​ប្រាក់​ចំណេញ​នៅ​ក្នុង​ទឹកដី​របស់​សហភាព​អឺរ៉ុប។

អ្នកនាំពាក្យ​គណកម្មការ​អឺរ៉ុប​បាន​បន្ថែម​ថា ​ វា​គឺ​ជា​រឿង​ពិត​ឥត​ប្រកែក​បាន ​ បើយើង​ក្រលេក​មកមើល​សកម្មភាព​របស់​សហភាព​អឺរ៉ុប​កន្លង​មក។ ចំណាត់ការ​នានា​ ដែល​សហភាព​អឺរ៉ុប​បាន​ដាក់ចេញ ​ដើម្បី​ដាក់​ពិន័យ​ប្រទេស​សមាជិក​ខ្លួន ​ ដែល​បាន​ឃុបឃិត​កេង​ចំណេញ​ប្រាក់​ពន្ធ ​ គឺបាន​ធ្វើឡើង​ដោយ​ឥត​រើសមុខ ​មិនថា​ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​អឺរ៉ុប ​រឺ​ក្រុមហ៊ុន​បរទេស​ទេ។ ច្បាប់​សហភាព​អឺរ៉ុប​ បាន​ហាមឃាត់​ប្រទេស​សមាជិក​ទាំងអស់ ​មិនឲ្យ​ធ្វើ​សម្បទាន​ពិសេស​ផ្នែក​ពន្ធដា ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​ទាំងអស់​ ហើយ​ច្បាប់​ទាំង​នោះ​មាន​ជា​យូរយា​ណាស់​មក​ហើយ។

សូមបញ្ជាក់ថា​ ក្រុមហ៊ុន​ធំ​ៗ​របស់​អាមេរិក​ដូចជា​ ក្រុមហ៊ុន​Appleនិង​ក្រុមហ៊ុន ​Mc.Donald ជាដើម ​ត្រូវ​បាន​សហភាព​អឺរ៉ុប​សង្ស័យ​ថា ​បាន​រៀបចំ​បន្លំ​តួលេខ ​ប្រាក់​ចំណូល​ដែល​រកបាន ​ ដើម្បី​គេច​វេស ​មិន​បង់​ពន្ធ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ កាលពី​ឆ្នាំ​២០១៤​ គណកម្មការ​អឺរ៉ុប​ បាន​ចោទ​ប្រកាន់​ប្រទេស​អៀរឡង់ ​ថាបាន​ជួយ​បន្លប់​លាក់​ប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​Apple​ នៅតាម​សាខា​នានា​របស់​ក្រុមហ៊ុន​នេះ ​ក្នុង​ប្រទេស​អៀរឡង់ ​ជាថ្នូរ​នឹង​ការសន្យា​រក្សា​ចំនួន​បុគ្គលិគ​បំពេញ​ការងារ​នៅ​អៀរឡង់។ ហើយ​ចាប់​ពី​ខែ​ធ្នូ​​២០១៥​មក ​សហភាព​អឺរ៉ុប​កំពុង​ស៊ើបអង្កេត ​ពី​កិច្ច​ព្រមព្រៀង​ពន្ធដារ​​រវាង​ក្រុមហ៊ុន​ Mc.Donald ​ជាមួយនឹង​ប្រទេស​លុចហ្សំបួរ ​ដែល​អាច​មាន​ភាព​មិន​ប្រក្រតី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ