rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សេដ្ឋកិច្ច សហរដ្ឋអាមេរិក ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធាន​គណកម្មការ​អឺរ៉ុប ​ចង់ទប់ស្កាត់​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ​មក​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ធំៗ​របស់​អឺរ៉ុប

media
លោកប្រធាន​​គណកម្មការ​អឺរ៉ុប ​Jean-claude Juncker​ នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប ថ្ងៃទី​១៣ កញ្ញា ២០១៧ AFP/Patrick Herzog

លោក ​ហ្សង់ក្លូដ ជុងកឺ ​ប្រធានគណកម្មការ​អឺរ៉ុប​ បាន​ថ្លែង​ថា ​គណកម្មការ​អឺរ៉ុប​ នឹង​ដាក់​ស្នើ​ឲ្យ​អឺរ៉ុប​មាន​វិធានការ ​ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជំរៅ ​នូវ​ រាល់​ការ​វិនិយោគ​ទិញ​ភាគ​ហ៊ុន​ នៅក្នុង​ក្រុមហ៊ុន​អឺរ៉ុប​នៃ​វិស័យ​សំខាន់ៗ​ យុទ្ធសាស្ត្រ​មួយ​ចំនួន ​ពី​សំណាក់​ក្រុម​ហ៊ុន​បរទេស។ ដោយ​មិន​បញ្ចេញ​ឈ្មោះ ​លោក​ប្រធាន​គណកម្មការ​អឺរ៉ុប​ បាន​សំដៅ​ដោយ​ប្រយោល​ ទៅលើ​ក្រុមហ៊ុន​ចិន ​ដែល​បាន​មក​សម្រុក​ទិញ​យក​ភាគហ៊ុន ​នៅតាម​ក្រុមហ៊ុន​ធំៗ​របស់​អឺរ៉ុប​ ហើយ​ដែល​ស្ថានការណ៍​នេះ ​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។


ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ព្រួយ​បារម្ភ​ទូទៅ ​ស្តីពី​គ្រោះថ្នាក់​ នៃ​ការ​បាត់បង់​ក្រុមហ៊ុន​ធំៗ ​របស់​អឺរ៉ុប ​ទៅ​ក្នុង​ដៃ​របស់​ភាគហ៊ុន​បរទេស ​នោះ​ ​សហភាព​អឺរ៉ុប ​កំពុង​តែ​រៀបចំ​ដាក់​ចេញ​ នូវ​វិធានការ​ថ្មីៗ​មួយ​ចំនួន។ លោក​ Jean-Claude Juncker​ ប្រធាន​គណកម្មការ​អឺរ៉ុប ​បាន​ថ្លែង​ថា ​សហភាព​អឺរ៉ុប ​ នឹង​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ ទាក់ទិន​ទៅ​នឹង ​ការ​ត្រួត​ពិនិត្យ ​សិក្សា​ឲ្យ​បាន​ស៊ី​ជំរៅ​បំផុត ​មុន​នឹង​សម្រេច​ ទទួល​យក​ការ​បោះទុន​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​បរទេស ​មក​ក្នុង​ក្រុមហ៊ុន​អឺរ៉ុប​ ក្នុង​វិស័យ​សំខាន់ៗ យុទ្ធសាស្ត្រមួយចំនួន។

លោក ​Juncker ​បាន​លើក​ឧទាហរណ៍​ថា ​បើ​ក្រុមហ៊ុន​សាធារណៈ​របស់​បរទេស​ណា​មួយ ​ចង់​មក​បោះ​ទុន​ ទិញ​យក​ភាគហ៊ុន​របស់​កំពង់ផែ​នៅ​អឺរ៉ុប ​ ឬ​ទិញ​យក​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​អឺរ៉ុប ​ឬ​ទិញ​យក​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ការពារជាតិ​របស់​អឺរ៉ុប ​នោះ​គេ​អាច​ធ្វើ​ទៅ​បាន​ ល្គិកណា​ ទាល់តែ​មាន​ការ​ត្រួត​ពិនិត្យ ​សិក្សា​ប្រកប​ដោយ​តម្លាភាព ​ និង​មាន​ការ​ជជែក​ដេញដោល​ ឲ្យ​ទូលំ​ទូលាយ ​មុន​នឹង​សម្រេច។ លោក ​Juncker​ បន្ថែម​ថា​ វា​គឺ​ជា​កាតព្វកិច្ច​របស់​ថ្នាក់ដឹក​នាំ​នយោបាយ ​នៅ​អឺរ៉ុប​ ដែល​ត្រូវ​ការពារ​ វិស័យ​យុទ្ធសាស្ត្រ​ធំៗ ​និង​ការពារ​សន្តិសុខ​រួម ​របស់​សហភាព​អឺរ៉ុប។

គួរ​បញ្ជាក់​ដែរ​ថា ​ទោះ​បី​លោក ​ប្រធាន​គណកម្មការ​អឺរ៉ុប​ មិន​បាន​លើក​ឡើង​ឲ្យ​ចំ​ឈ្មោះ ​ក៏​គេ​អាច​ស្មាន​ដឹង​ថា ​វិធាន​ថ្មីនេះ​ គឺ​សំដៅ​ទប់ស្កាត់ ​ក្រុមហ៊ុន​ចិន​ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​រដ្ឋ​នោះ ​មិន​ឲ្យ​មក​​សម្រុក​ទិញ​យក​ទៅ​កាន់​កាប់​ នូវ​ក្រុមហ៊ុន​សំខាន់ៗ​របស់​អឺរ៉ុប។ ការ​ជះ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ​មក​លើ​ក្រុមហ៊ុន​អឺរ៉ុប ​ ពី​សំណាក់​ក្រុមហ៊ុន​រដ្ឋ​ចិន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​យុទ្ធសាស្ត្រ​របស់​ចិន​ ដើម្បី​ប្រមូល​យក​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​អឺរ៉ុប​ ទៅ​អភិវឌ្ឍន៍ ​និង​ផលិត​នៅ​ក្នុង​ស្រុក​ចិន ​ ហើយ​លក់​ចេញ​មក​វិញ​ក្នុង​តម្លៃ​ថោក​បំផុត។ ចិន​តែងតែ​ត្រូវ​បាន​គេ​ចោទ​ជា​ញឹកញាប់ ​ថា​បាន​ធ្វើ​ជំនួញ​ ដោយ​គ្មាន​ការ​ប្រកួត​ប្រជែង​ឲ្យ​ស្មោះត្រង់​ទេ។

វិធានការ​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​សំខាន់ៗ​ មិនឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ចិន​នេះ​ គឺ​ជា​គំនិត​ស្នើឡើង​ ដោយ​លោក ​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល ​ម៉ាក្រុង ​ហើយក៏​ត្រូវ​បាន​រដ្ឋាភិបាល​អាល្លឺម៉ង់ ​និង​អ៊ីតាលី​គាំទ្រ​ដែរ។ តែ​យ៉ាងណា ​ប្រទេស​សមាជិក​ផ្សេងទៀត ​ដូច​ជា​អេស្ប៉ាញ ​ព័រទុយហ្គាល់ ​និង​ក្រិក ​មិន​គាំទ្រ​វិធានការ​នេះ​ឡើយ ​ដោយ​ប្រទេស​ពួកគេ ​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ​ហើយ​ត្រូវការ​ការ​បោះទុន​វិនិយោគ​ពី​បរទេស​ជា​ចាំបាច់។ ក្រៅពី​បញ្ហា​នេះ ​សមាជិក​សហភាព​អឺរ៉ុប​ ក៏​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ដែរ​ ជុំវិញ​ការ​ពង្រឹង​មូលដ្ឋាន​ច្បាប់ ​សំដៅ​ទប់ស្កាត់​ការ​ប្រកួត​ប្រជែង​​ដោយ​មិន​ស្មោះត្រង់​​របស់​ចិន ​ដែល​តែងតែ​នាំ​ចេញ​វត្ថុធា​តុដើម ​លក់​ចេញ​ទាំង​ខាត​ ដើម្បី​ដណ្តើម​ទីផ្សារ៕