rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កំណែ​ទម្រង់អឺរ៉ុប៖ ​ម៉ាក្រុង ​និង​មែរគែល​ បង្ហាញ​សុទិដ្ឋិនិយម ​ទោះ​មាន​ចំនុច​មិន​ស្របគ្នា

media
លោកស្រី Angela Merkel និងលោកប្រធានាធិបតី​បារាំងEmmanuel Macron នៅអាគារHumboldt Forum ​ក្រុង​ប៊ែរឡាំង ថ្ងៃទី១៩ មេសា ២០១៨។ Kay Nietfeld/Pool via Reuters

កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី ១៩មេសា  លោកអេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញទៅដល់ទៅក្រុងប៊ែរឡាំង ដើម្បីជួបប្រជុំជាមួយលោកស្រី អង់ហ្គេឡា មែរគែល ស្តីពីគំរោងធ្វើកំណែទម្រង់សហភាពអឺរ៉ុប។ មេដឹកនាំទាំង២ បារាំង អាល្លឺម៉ង់ ដែលជាកម្លាំងចលករដ៏សំខាន់ នៅសហភាពអឺរ៉ុបនោះ បានបង្ហាញអំពីសុទិដ្ឋិនិយម ក្នុងដំណើរការធ្វើកំណែទម្រង់នេះ បើទោះបីជាភាគីម្ខាងៗ ទទួលស្គាល់ថា មានចំណុចមិនស្របគ្នាច្រើនក្តី។


លោកម៉ាក្រុង បានរងចាំថ្ងៃនេះជិតមួយឆ្នាំមកហើយ ដើម្បីជួបនិយាយជាមួយលោកស្រីមែរគែល ស្តីពីផែនការ ធ្វើកំណែទម្រង់សហភាពអឺរ៉ុប។ កម្មវិធីធ្វើកំណែទម្រង់នេះ មានច្រើនចំណុច ដូចជា ការរៀបចំត្រួសត្រាយផ្លូវឲ្យសហភាពអឺរ៉ុប នៅក្រោយពេលអង់គ្លេស ចាក់ចេញពីសហភាពអឺរ៉ុបជាស្ថាពរ  ការធ្វើកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ ការរិតចំណងសហព័ន្ធផ្នែកធនាគារ ព្រ​មទាំងបញ្ហាជនអន្តោប្រវេសន៍ ជាដើម។

នៅចំពោះមុខអ្នកកាសែត លោកស្រីមែរគែល បានប្រកាសថា ភាគីទាំងពីរ បារាំង​និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាថា នៅរវាងខែមិថុនា ក្រុមការងារ នឹងសម្រេចដាក់ស្នើ ផែនការកំណែទម្រង់គ្រប់ចំណុចទាំងអស់ ទៅកាន់ក្រុមប្រឹក្សាអឺរ៉ុប។ លោកស្រីបានឆ្លៀតបន្ថែមថា​ ពួកយើងរៀងៗខ្លួន មានការយល់ឃើញផ្សេងៗគ្នាពីដំបូង ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺពួកយើង មានកម្មវត្ថុចុងក្រោយដូចគ្នា ដើម្បីកសាងស្ថាបនាសហភាព​អឺរ៉ុប ឲ្យរឹងមាំឡើងវិញ។ ដូច្នេះ វិធីមានតែមួយគត់ គឺត្រូវនិយាយ​គ្នា ត្រង់ទៅត្រង់មក ដោយឥតលាក់លៀម។

លោកប្រធានាធិបតីបារាំងវិញ បានថ្លែងថា ការងារនេះជាការលំបាក ក៏ប៉ុន្តែ កាលណាយើង​មានឆន្ទៈ នោះយើងនឹងសម្រេចធ្វើវាឲ្យបាន។ ទាក់ទិនការធ្វើកំណែទម្រង់តំបន់ចាយ​ប្រាក់អឺរ៉ូ លោកម៉ាក្រុង បានប្រកាសថា បារាំងចង់ឃើញប្រទេសសាមជិកទាំងអស់ មិនថាធំមិនថាតូច ចូលរួមសហការគ្នា សាមគ្គីគ្នា ដើម្បីកសាងកម្លាំងឲ្យរឹងមាំ ទប់ទល់ជាមួយនឹងវិបតិ្តសេដ្ឋកិច្ច

ឆ្លើយតបនឹងសំណួររបស់អ្នកសាសែត ដែលសួរអំពីភាពមិនស្របគ្នា រវាងបារាំងនិងអាល្លឺម៉ង់ ក្នុងបញ្ហាធ្វើកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូនេះ លោកស្រីអង់ហ្គេឡា មែរគែល បានឆ្លើយដោយខ្លីថា ​លោកស្រី យល់ឃើញមិនខុសពីលោកម៉ាក្រុងទេ ដែលគិតថា តំបន់ចាយប្រាក់អឺរ៉ូបច្ចុប្បន្ន នៅមានភាពទន់ខ្សោយច្រើន ដែលអាចងាយរងវិបត្តិសេដ្ឋកិច្ច។

គួររំលឹកថា តាំងតែពីដំបូង ​លោក​ម៉ាក្រុង បានតាំងចិត្ត កំណត់ការធ្វើកំណែទំរង់តំបន់ចាយប្រាក់អឺរ៉ូ គឺជាចំណុចចំបង ដើម្បីស្តារសហភាពអឺរ៉ុប។ លោកម៉ាក្រុង បានស្នើឲ្យបង្កើតកញ្ចប់ថវិកាពិសេសមួយ ដើម្បីជំរុញការធ្វើវិនិយោគ រវាងប្រទេសចាយប្រាក់អឺរ៉ូ ព្រមជាមួយការបង្កើត ឲ្យមានរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច-ហិរញ្ញវត្ថុ នៃតំបន់ចាយប្រាក់អឺរ៉ូ។

ប៉ុន្តែផ្ទុយទៅវិញ ការធ្វើកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ មិនមែនជាចំណុចធំជាងគេទេ សម្រាប់អាល្លឺម៉ង់។ រដ្ឋាភិបាលលោកស្រីមែរគែល បានផ្តល់អាទិភាព ដល់ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ព្រមទាំងការកំណត់ទិសដៅនយោបាយការបរទេសរួម ឲ្យបានរឹងមាំ។

ទាក់ទិនបញ្ហាតំបន់ចាយប្រាក់អឺរ៉ូលោកស្រី មែរគែល ធ្លាប់បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលក៏ដូចជាប្រជាជនអាល្លឺម៉ង់ មិនចង់ក្លាយ ជាអ្នកដែល​ត្រូវចំណាយប្រាក់ច្រើនជាងគេ​ ក្នុងកម្មវិធីកំណែទម្រង់នេះ។ អាល្លឺម៉ង់ចង់ឃើញប្រទេសសមាជិកនីមួយៗ ប្រឹងប្រែងរៀងខ្លួន ឲ្យបាន​ច្រើនជាងនេះ ក្នុងការសន្សំសំចៃ ធ្វើកំណែទម្រង់ក្នុងស្រុក ព្រមទាំងលើកកំពស់ការការប្រកួតប្រជែង ឲ្យបានល្អ៕