rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បុរីវ៉ាទីកង់ ភាពក្រីក្រ ជនភៀសខ្លួន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សម្តេច​ប៉ាប​រៀបចំ​​ការ​​​ពិនិត្យ​​សុខភាព​​​​​ជន​អនាថា​​៤ពាន់នាក់​ ក្នុង​ទិវា​​ពិភពលោក​​នៃ​​ជន​​ក្រីក្រ

media
សម្តេចប៉ាប ជាមួយ​​នឹង​ក្រុម​ការងារ និង​​គ្រូូពេទ្រស្ម័គ្រចិត្ត ​នៅ​ទីលាន​​ Saint​ Pierre​ នៃ​បុរីវ៉ាទីកង់ ​ថ្ងៃទី ១៩ វិច្ឆិកា​ ២០១៧ HO / OSSERVATORE ROMANO / AFP

សម្តេចប៉ាប ហ្វ្រង់ស័រ ប្រមុខ​សង្ឃ​កាតូលិក បាន​រៀបចំ​ពិធី​សូត្រធម៌ នៅថ្ងៃអាទិត្យទី ១៩ វិច្ឆិកា​នេះ​ ដែល​ជា​ទិវា​ពិភពលោក​នៃ​ជនក្រីក្រ។ ស្ថិត​ក្នុង​ឱកាស​នេះ សម្តេចប៉ាប បានអញ្ជើញជនអនាថា ចំនួន៤ពាន់នាក់ ឲ្យចូលរួម នៅទីលានខាងមុខព្រះវិហារសាំងព្យែរ នៃបុរីវ៉ាទីកង់ ដើម្បីធ្វើពិធីសូត្រធម៌ និង បរិភោគចំណីអាហារ។ ក្រុមស្ម័គ្រចិត្ត ក៏ាមានរៀបចំមណ្ឌល់សុខភាពមួយ នៅក្បែរទីនោះ ដើម្បីព្យាបាល និងពិនិត្យ​សុខភាព ដល់ជនអនាថា ដែលសុទ្ធតែ ជាអ្នករស់នៅតាមផ្លូវ គ្មានផ្ទះសំបែង។


លោក Jorge Bergoglio ដែលជាអ្នកផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះ បានបញ្ជាក់ថា ព្រះវិហារកាតូលិក គឺប្រៀបបានជាមន្ទីរពេទ្យស្រុកស្រែ ដែលជាទីកន្លែងព្យាបាលផ្លូវចិត្ត និងផ្លូវកាយឲ្យបានរឹងមាំ ឲ្យដល់ជនដែលគ្មានទីពឹងពំនាក់។ នៅថ្ងៃនេះ ទីលាន Saint Pierre គឺជានិម្មិតរូបនៃការជួយយកអាសារនេះ តាមរយៈការរៀបចំ ឲ្យមានមណ្ឌលពិនិត្យសុខភាព និងព្យាបាលជំងឺ ឲ្យដល់ជនអនាថា ប្រមាណជា៤ពាន់នាក់។

ក្រុមគ្រូពេទ្យ​ និងអ្នកជំនាញសុខភាព ជាច្រើន បានមកចូលរួម ក្នុងថ្ងៃនេះ នៅខាងមុខទីលាន សាំងព្យែរ នៃបុរីវ៉ាទីកង់ មានដូចជាអ្នកជំនាញផ្នែកជួសឈាម ពិនិត្យរកមេរោគ  អ្នកជំនាញរោគបេះដូង គ្រូពេទ្យជំងឺសើរស្បែក គ្រូពេទ្យរោគស្ត្រី និងគ្រូពេទ្យជំនាញជំងឺឆ្លង ជាដើម។ គ្រូពេទ្យជំងឺសើរស្បែកម្នាក់ បានបញ្ជាក់ថា លោកមិនដែលធ្លាប់ជួបនឹងករណីរលាកស្បែក និងមេរោគកន្តួលរមាស់ ច្រើនដូចថ្ងៃនេះទេ។ ក្រុមជនអនាថា ដែលមកពិនិត្យ​ សុទ្ធតែមានបញ្ហាស្បែក ដោយសារតែពួកគេ ពុំមានលទ្ធភាព រស់នៅជាមួយនឹងអនាម័យត្រឹមត្រូវ។

សម្តេចប៉ាប ហ្វ្រង់ស័រ បានអញ្ជើញមកមើលដោយផ្ទាល់ នៅមណ្ឌលសុខភាពបណ្តោះអាសន្ន ដែលបានរៀបចំនៅខាងមុខព្រះវិហារ Saint Pierre ដោយទឹកមុខញញឹម និងបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តទាំងអស់។

ក្នុងសន្ទរកថា របស់សម្តេចប៉ាប ក្រោយពិធីសូត្រធម៌ ដែលត្រូវបានផ្សាយផ្ទាល់ នៅតាមវិហារកាតូលិក ជាច្រើន ទូទាំងពិភពលោក  សម្តេចប៉ាប បានឧទ្ទិសទីវាពិភពលោកនៃជនក្រីក្រនេះ  ឲ្យដល់មនុស្សជាតិទាំងអស់ ឲ្យខិតខំតាំងចិត្តឲ្យមានមេត្តាធម៌ ហុចដៃជួយយកអាសារមនុស្សផងគ្នា ដែលត្រូវការជំនួយទីពឹង។

សាររបស់សម្តេចប៉ាប ក៏បានផ្តោតន័យទៅដល់​ ការអំពាវនាវ ឲ្យអាជ្ញាធរទាំងអស់ បើកចិត្តឲ្យទូលាយ ជួយយកអាសារ សង្គ្រោះជនភៀសខ្លួន ដែលរត់គេចពីសង្រ្គាម ពីភាពក្រីក្រ។ សម្តេចប៉ាប មានប្រសាសន៍​ថា ទោះអ្នកនោះកាន់សាសនាអ្វីក៏ដោយ តែនៅពីក្រោយនេះ គឺមនុស្ស គឺជីវិត គឺសេចក្តីទុក្ខវេទនា ដែលគ្នាបានឆ្លងកាត់។ ដូច្នេះក្នុងនាមជាមនុស្សដូចគ្នា យើងមិនត្រូវធ្វើរបង សង់ជញ្ជាំង បំភ្លេចចោលនូវសេចក្តីមេត្តា ដែលមាននៅក្នុងចិត្ត របស់មនុស្សយើងពីកំណើតមកនោះទេ៕