rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី ក្រិក សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកពូទីន​នឹង​ធ្វើ​​ទស្សនកិច្ច នៅក្រិក​ដែល​កាន់​គ្រិស្តសាសនា អ័រថូដុក្ស ដូច​រុស្ស៊ី

media
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន(ស្តាំ) កាលពី​ខែ​កក្កដា នៅក្រៅ​ទីក្រុង​ម៉ូស្គូ AFP/RIA NOVOSTI/ MIKHAIL KLIMENTYEV

ល្ងាចថ្ងៃចន្ទ​ម្សិលមិញ វិមានក្រេមឡាំង បានប្រកាសថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹង អញ្ជើញ​ទៅ បំពេញទស្សនកិច្ច នៅ​ប្រទេស​ក្រិក នៅថ្ងៃ២៧ និង​២៨​ឧសភា ខាងមុខ ដើម្បី​ជួបពិភាក្សា​ជាអាទិ៍ ជាមួយ ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ប្រទេសនេះ។ ក្រិក ជា​ប្រទេស​ទី២ នៃសហភាពអឺរ៉ុប បន្ទាប់ពី​ហុងគ្រី ដែលលោកពូទីន នឹង ធ្វើទស្សនកិច្ច បើគិត តាំងពី ឆ្នាំ២០១៤ ឆ្នាំដែល​បស្ចិមលោក នាំគ្នាដាក់​ទណ្ឌកម្ម​រុស្ស៊ី មកពី វិបត្តិ នៅ​អ៊ុយក្រែន។

 


អង្គភាព​ព័ត៌មាន​វិមានក្រេមឡាំង បានឲ្យដឹងថា ក្នុងជំនួប ជាមួយសមភាគីក្រិក លោក Prokopis Pavlopoulos និង​លោក​នាយករដ្ឋមន្ត្រី​ក្រិក Alexis Tsipras  លោកប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹង​លើកយក​ទៅពិនិត្យ គឺ “ បញ្ហា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និង បញ្ហា​វិនិយោគ បូក​ទាំង ការសមិទ្ធិ​គម្រោងរួម​នានា ក្នុង​វិស័យ​ថាមពល”។

 
ការយកចិត្ត​ទុកដាក់​ពិសេស នឹង​ផ្តោតទៅលើ សហប្រតិបត្តិការ​វិស័យ​វប្បធម៌ និង មនុស្សធម៌ ក្នុងបរិបទ នៃពិធី​ប្រារព្ធ ក្នុងឆ្នាំ២០១៦នេះ គឺ បុណ្យ​ខួបគម្រប់១.០០០ឆ្នាំ នៃ​អត្ថិភាព វិហារ​រុស្ស៊ី នៅលើ​ភ្នំពិសិដ្ឋ Athos នៅប៉ែកខាងត្បូង​ប្រទេសក្រិក ភ្នំនេះ​ដែលមាន​កំពស់ ២.០៣៣ម៉ែត្រ ជាទី​ប្រជុំនៃ វិហារ​គ្រិស្តសាសនាអ័រថូដុក្ស តាំងពី​សតវត្សរ៍ទី ៧ មក។
 
ប្រមុខ​គ្រិស្តសាសនា អ័រថូដុក្ស ទូទាំងប្រទេសរុស្ស៊ី សម្តេចសង្ឃ Kirill ដែលត្រូវគេ​ចាត់ទុក​ថា ជំនិត​នឹង​វិមានក្រេមឡាំង ក៏នឹង​និមន្តទៅបំពេញ​ទស្សនកិច្ច នៅប្រទេសក្រិកដែរ គឺពីថ្ងៃ២៧ដល់ ២៩ឧសភា ដើម្បីចូលរួម ទទួលអំណរអបអរ ខួបសហស្សវត្សរ៍នោះ។ កាលពី​សប្តាហ៍​មុន ព្រះអង្គ បានមាន​សង្ឃដីកា​ថា ៖ ថ្ងៃ២៧​ឧសភា អាត្មា​សង្ឃឹម​ទស្សនា ភ្នំ Athos ហើយនឹង ស្ថិតនៅទីនោះ រហូតដល់ ថ្ងៃ២៩ឧសភា ដោយ​ប្រារព្ធ​ជាមួយ អ្នកស្រុក​នៃ​ភ្នំពិសិដ្ឋ និង ជាមួយ បូជនីយេស​ដ៏ច្រើនរូប ខួប ១.០០០ឆ្នាំ នៃការចាប់ផ្តើម​ចាក់​ឫសវិហារ​រុស្ស៊ី នៅ​លើភ្នំ Athos។
 
ជា​ការកត់សម្គាល់ សម្រាប់​លោក​ប្រធានាធិបតី​ពូទីន បើគិត ក្នុង​រយៈពេល ជាង១ឆ្នាំ​ចុងក្រោយ នេះ​ជាលើក​ទី១ ដែលគាត់​នឹង​ចេញដំណើរ ទៅ​ធ្វើទស្សនកិច្ច នៅក្រិក ជាប្រទេស​សមាជិក សហភាព​អឺរ៉ុប បន្ទាប់ពី​គាត់​បានបំពេញ​ទស្សនកិច្ច ក្នុង​ប្រទេស​មួយទៀត របស់​សហភាព​នេះ គឺ​ប្រទេស​ហុងគ្រី កាលពីខែ​កុម្ភៈឆ្នាំ២០១៥ ដោយ​ផ្តល់​កិត្តយស ដល់​នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ គឺលោក Victor Orban។
 
មិនតែ​ប៉ុណ្ណោះ កាល​ពីចុងឆ្នាំ​ទៅមិញ លោក​ពូទីន ក៏បាន​ចូលរួម ក្នុង សន្និសីទអន្តរជាតិ លើកទី២១ ស្តីអំពីការប្រែប្រួលអាកាសធាតុ  ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ ឯជាយក្រុង​ប៉ារីស៕