rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

គោលជំហររុស្ស៊ី ចំពោះជម្លោះនៅតំបន់ ការ៉ាបាក់ រវាង អារមេនី និង អាស៊ែរបែហ្សង់

ដោយ កែវ ឆាយា

ដោយ​មាន​អន្តរាគមន៍​យ៉ាង​សកម្ម ​របស់​អន្តរការី​រុស្ស៊ី ​ពោល​គឺ​ ពី​ខាង​លោក​ប្រធានាធិបតី ​ លោក​នាយករដ្ឋមន្ត្រី​ លោក​ប្រមុខ​ការទូត ​និង​លោក​រដ្ឋមន្ត្រី​ការពារជាតិ ​ការ​ផ្ទុះ ​អាវុធ​យ៉ាង​ខ្លាំងក្លា ​នៅ​តំបន់​ការ៉ាបាក់ ​លើ​ដែនដី​អាស៊ែរបែហ្សង់ ​ដែល​រស់នៅ​ដោយ​បណ្តាជន ​អាមេនី​ ហើយ ​ដែល​បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​​រដ្ឋ​អាស៊ែរបែហ្សង់ ​ហាក់​បី​ស្ងប់​ទៅ​វិញ ​ដោយ ​កាលពី​ថ្ងៃ​ទី​៥​មេសា ​មាន​ចុះ​បាន​ កិច្ច​ព្រមព្រៀង​ឈប់​បាញ់។ ប៉ុន្តែ​លុះក្រោយ​ពី​ភាគី​ដែល​ជាប់ ​ក្នុង​ជម្លោះ​បាន​ប្តូរ​គ្នា ​កាល​ពី​ថ្ងៃ​១១​មេសា ​គឺ​សព​ទាហាន ​រក​ឃើញ​នៅ​តាម​សមរភូមិ​ ទើប​ម្ខាងៗ​ ប្រកាស​ឲ្យ​ដឹង​ពី ​តួលេខ ​ចុងក្រោយ​នៃ​ការ​បាត់បង់​របស់​ខ្លួន។

អាស៊ែរបែហ្សង់​ ទទួល​ស្គាល់​ថា​ ​មាន​យោធិន​ខ្លួន​ ស្លាប់​អស់​៣១​នាក់​ ​ខាង​អារមេនី​ស្លាប់​ទាហាន​ខ្លួន​ និង​ក្រុម​យុទ្ធជន​ស្ម័គ្រចិត្ត ​អស់​៩២​នាក់​ កង​សេនាជន ​ការ៉ាបាក់ ​ថា​ស្លាប់​អស់​៥៦​នាក់។ ប៉ុន្តែ​មក​ទល់​ឥឡូវ​ គេ​នៅ​តែ​ចោទ ​គ្នា​ទៅ​វិញ​ទៅ​មក​ ថា​ក្នុង​១ថ្ងៃៗ ​មាន ​ការ​រំលោភ​លើ​បទ​ឈប់បាញ់​នោះ ​ពី​ ៩០​ ទៅ ​១២០​ដង។

 
សម្រាប់​រុស្ស៊ី​ ជម្លោះ​រ៉ាំរ៉ៃ​នៅ​តំបន់ ​ការ៉ាបាក់ ​ដែល​ងំ​ជាប់​ជិត​៣​ទសវត្ស​មក​ហើយ ​គឺ ​តាំង​ពី​ឆ្នាំ​១៩៨៨​មក ​នាំឲ្យ​រុស្ស៊ី​ឈឺក្បាល​ជានិច្ច​ ពីព្រោះ​ទាំង​អារមេនី ​ទាំង​អាស៊ែរបែហ្សង់ ​សុទ្ធ​តែ ​ត្រូវ​ក្រុង​ម៉ូស្គូ ​ចាត់ទុក​ជា​​ដៃគូ​យុទ្ធសាស្ត្រ ​ជាមិត្ត ​និង​ សម្ព័ន្ធមិត្ត ​ដោយ​ប្រទេស​ទាំងពីរ​ សុទ្ធតែ​ស្ថិត​នៅ​ក្នុង ​សហគមន៍រដ្ឋឯករាជ្យ  ​CEI ​រួម​ក្តោប​អតីត​សាធារណរដ្ឋ​សូវៀត​ចំនួន​ ១០​ ដោយ​មាន​ រុស្ស៊ី​ជា​ស្នូល។ មិនតែ​ប៉ុណ្ណោះ ​អារមេនី ​ក៏​ជា​សមាជិក​ នៃ​សហគមន៍សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ​ ទន្ទឹម​និង​៤​ប្រទេស​ទៀត ​គឺ​ រុស្ស៊ី ​កាហ្សាក់ស្ថាន​ បេឡារុស ​កៀហ្ស៊ីស៊ីស្ថាន​ និង​ជា​ សមាជិក​ នៃ ​អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម ​ ទន្ទឹម​និង ​រុស្ស៊ី ​បេឡារុស ​កាហ្សាក់ស្ថាន ​កៀហ្ស៊ីស៊ីស្ថាន ​តាហ្ស៊ីគីស្ថាន។ អង្គការ​ទាំងពីរ​នេះ ​សុទ្ធតែ​នាំមុខ ​ដោយ​រុស្ស៊ី។ តាំង​ពី ​ឆ្នាំ​១៩៩៥​មក ​រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ព​ជើង​គោក​ប្រចាំការ ​នៅ​លើ​ដែនដី​អារមេនី ​ដែល​ឈរជើង​ ដោយ​យោធា​ចំនួន​ ៥០០០​នាក់។
 
គួរ​​កត់​សម្គាល់ ​ថា​អារមេនី​ កាន់​គ្រិស្ត​សាសនា​អ័រថូដុក្ស៏ ​ដូច​រុស្ស៊ី ​ចំណែក ​អាស៊ែរបែហ្សង់ ​កាន់​សាសនា​អ៊ីស្លាម ​ស្និទ្ធ​នឹង​តួកគី​ ដែល​មាន​សាសនា​អ៊ីស្លាម​ជា​គ្រឹះ ​ហើយ​មើល​មុខ​គ្នា​លែង​ចំ ​ជាមួយ​រុស្ស៊ី ​តាំង​​ពី​តួកគី​ហ៊ាន​បាញ់ ​កំទេច​យន្តហោះ​យោធា​រុស្ស៊ី ​ធ្លាក់​នៅ​ស៊ីរី​ កាលពី​៥ខែ​មុន។ តួកគី ​បាន​ថ្លែងត្រង់ៗ​កាន់​ជើង ​អាស៊ែរបែហ្សង់ ​ដោយ​សង្កត់​ធ្ងន់​ថា ​ក្រុង​អង់ការ៉ា​ ស្ថិត​នៅ​ខាង​ ក្រុង​បាគូ ​ក្នុង​ការ​ប្រឈមមុខ​ទល់​នឹង ​“ អំពើ​ឈ្លានពាន​ ពី​ខាង​អារមេនី “។ លោក​ប្រធានាធិបតី​​ តួកគី​ អ៊ែរដូហ្កាន់ ​ថែម​ទាំង​ចោទ​រុស្ស៊ីទៅ​ផង ​ថាជា​ “ភាគី​ដែល​ជាប់​ក្នុង​ទំនាស់​នៅ​ការ៉ាបាក់”។
 
ពិត​ណាស់​ដែល​ម៉ូស្គូ​បាន​ប្រតិកម្ម​ភ្លាម​ភ្លែត។ លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ​ ឲ្យ​សម្ភាសន៍ ​តាម​កាណាល់​ទូរទស្សន៍​ជាតិ​ ហៅ​តួកគី​ថា​ជា​ ”កត្តា​នៅ​ក្រៅ” ​ដែល​ដោយ​ទង្វើ​ខ្លួន​ គឺ​ញុះញង់ ​តាម​ផ្លូវ ​“ចាក់​សាំង​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ឆេះ”។  ម៉ូស្គូ​ក៏​រង​ការ​តវ៉ា ​ពី​ខាង​អារមេនី​ ដែល​រិះគន់​រុស្ស៊ី​ថា​ បន្ត​លក់​អាវុធ​ ទៅ​ឲ្យ​អាស៊ែរបែហ្សង់។ ក្នុង​ បញ្ហា​នេះ ​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ​ពន្យល់​បំភ្លឺ​ថា ៖​ ការ​ដែល​រុស្ស៊ី​លក់​អាវុធ ​ទៅ ​អាស៊ែរបែហ្សង់ ​និង ​អារមេនី ​គឺ​ជា​រឿង​មិន​អាច​ចៀស​ផុត។ បើ​រុស្ស៊ី​មិន​លក់​អាវុធ​ខ្លួន ​នោះ​ប្រទេស​ទាំង​ពីរ​ នឹង​ ទិញ​អាវុធ​ ពី​ប្រទេស​ផ្សេង ​ដ្បិត​កន្លែង​របស់​រុស្ស៊ី ​មុខ​ជា​នឹង​ចូល​ខ្លួន​ជំនួស​ដោយ​ រដ្ឋ​ឯទៀត ​ហើយ​ អាវុធ​របស់​រដ្ឋ​ឯទៀត​នោះ ​មិនមែន​មាន​ន័យ​ថា ​វា​ពាំនាំ​មរណភាព​ក្នុង​កម្រិត​ទាប​ជាង​ អាវុធ​រុស្ស៊ី​ឡើយ។
 
តាម​សម្តី​លោក​មេដវេដេវ​ ៖ ខ្ញុំ​មិន​ជឿ​ឡើយ​ថា ​អាវុធ​ដែល​ជ្រៀត​ចូល​ទៅ​ ទីផ្សារ​អារមេនី​ និង​ អាស៊ែរបែហ្សង់ ​នឹង​ជួយ​ឲ្យ​ស្ថានការណ៍​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ បាន​ធូរ​ ស្រាល​ឡើយ។ អាវុធ ​អាច​ត្រូវ​គេ​ទិញ​ មិន​គ្រាន់តែ ​ដើម្បី​នៅ​ពេល​ណាមួយ ​លើក​វា ​យក​ទៅ​ បាញ់​ឡើយ ​តែ ​គឺ​ដើម្បី​ឲ្យ​វា​ ដើរតួ ​ជា​កត្តា ​សម្រាប់​ទប់ចិត្ត។ ពិត​ជា​កត្តា​សម្រាប់​ទប់ចិត្ត​នេះ​ឯង​ ដែល​ត្រូវតែ​ចេះ​វាយ​តម្លៃ ​ឲ្យ​បាន​ស័ក្តិសម​ ដោយ​គ្រប់​ភាគី​ដែល​ជាប់​ក្នុង​ជម្លោះ។
 
តាម​បស្ចិមលោក​ អាស៊ែរបែហ្សង់​ មាន​សក្តានុពល​យោធា ​១ដង​កន្លះ ​ខ្លាំង​ជាង​ អារមេនី។ ខ្លាំង​ជាង​នេះ ​គឺ​មិន​គ្រាន់​តែ​ខាង​ ទំហំ​សព្វាវុធ​ប៉ុណ្ណោះទេ​ តែ​ក៏​ទាំង​កត្តា​នយោបាយ​និង​ សេដ្ឋកិច្ច​ បូក​ទាំង​អណ្តូង​ជា​កំណប់​ប្រេង ​ដែល ​អារមេនី​គ្មាន​ទេ។ ម៉្លោះហើយ​ បាន​ជា​ដោយ ​ពឹង​ផ្អែក​លើ​ចំណូល ​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​លើ​ទីផ្សារ​ពិភពលោក ​អាស៊ែរបែហ្សង់ ​ចំណាយ ​ផ្នែក​ការពារ​ប្រទេស ​គឺ​ច្រើន​ជាង​អារមេនី។
 
តាម​តួលេខ​ CIA ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៤​ អាស៊ែរបែហ្សង់ ​បាន​ចំណាយ​សម្រាប់​ វិស័យ​យោធា ​គឺ​ដល់​ទៅ​ ៥,១%​ នៃ​GDP ​ចំណែក​ អារមេនី ​គឺ​តែ​ ៤,៣%​ប៉ុណ្ណោះ។ តួលេខ​នេះ ​នៅខាង​ អាស៊ែរបែហ្សង់ ​កើន​ឡើង​ដោយ​ចង្វាក់​យ៉ាង​សកម្មជាង ​នៅ​ខាង​អារមេនី។ មកពី​មូលហេតុ​នេះ ​បាន​ជា​ ពួក​អ្នក​ជំនាញ​យោធា​យល់ថា ​កងទ័ព​អាស៊ែរបែហ្សង់ ​បំពាក់​អាវុធ ​ក្នុង​កម្រិត​ប្រសើរ ​ជាង​កងទ័ព​អារមេនី។
 
ប៉ុន្តែ​ តាម​ការ​សង្កេត​ឃើញ​នៃ​ពួក​អ្នក​ឯកទេស ​អារមេនី​ចេះ​បង្កើត​បាន​កងទ័ព ​មិន​ជា​ធំ​ទេ ​ប៉ុន្តែ ​ជា​កងទ័ព​ចល័ត ​ហើយ​ដោយសារ​ អាវុធ​ទិញ​ពី​រុស្ស៊ី ​បច្ចុប្បន្ន​មាន​ ប្រព័ន្ធ​កាំជ្រួច​ការពារ​ ដែន ​អាកាស ​ធុន​ S-300​ ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់។ ទាំង ​អាស៊ែរបែហ្សង់​ ក៏​មាន​ប្រព័ន្ធ​ការពារ​ បែប​នេះ​ដែរ។
 
ស្រប​នឹង​ទិន្នន័យ ​ចុះផ្សាយ​ដោយ​កាសែត​ក្រុង​ម៉ូស្គូ ​Komsomolskaya Pravda ៖
 
-កងទ័ព​ អាស៊ែរបែហ្សង់ ​មាន​រថក្រោះ​ក្នុង​ចំនួន​ ៣៣៩​ គ្រឿង​ មាន ​យានយន្ត​ពាសដែក​​ ១១១ ​ គ្រឿង  ​មាន​យន្តហោះ​ចម្បាំង ​៤៤​គ្រឿង​ មាន​ឧទ្ធម្ភាគចក្រ ​៦៦​គ្រឿង ​ មាន​កាំភ្លើង​ធំ ​៤៥៨​ គ្រឿង  ​មាន​ កងទ័ព ​៦៦.០០០​នាក់ ​និង​ យោធា​បម្រុង ​៣០០.០០០​នាក់។
 
-កង​ទ័ព​អារមេនី ​មាន​រថក្រោះ ​១១០ គ្រឿង ​មាន​ យាន​យន្តពាស​ដែក ​១០៤​គ្រឿង ​ ​មាន ​យន្តហោះ​ចម្បាំង ​១៥​គ្រឿង  ​មាន​ឧទ្ធម្ភាគចក្រ ​៣១​គ្រឿង  ​មាន​កាំភ្លើង​ធំ​ ១០៤​ គ្រឿង  ​មាន​កងទ័ព ​៤៥.០០០​នាក់ ​និង​យោធា​បម្រុង ​២០០.០០០​នាក់។
 
-កងទ័ព​ការ៉ាបាក់​ មាន​រថក្រោះ ​១៧៧​គ្រឿង  ​មាន​យានយន្ត​ពាសដែក ​២៥០ ​គ្រឿង  ​មាន​ យន្តហោះ​តែ​ ២​គ្រឿង ​ មាន​ឧទ្ធភាគចក្រ ​តែ​៨​គ្រឿង  ​មាន​ កាំភ្លើង​ធំ ​៣២២​គ្រឿង ​ ​មាន ​យុទ្ធជន​ប្រដាប់​អាវុធ ​២២.០០០​នាក់ ​និង​ យុទ្ធជន​បម្រុង ​៣០.០០០​នាក់។
 
ពាក្យថា​ “ការ៉ាបាក់” ​ ដែល​មាន​ ន័យថា ​“ សួនខ្មៅ” ​ជា​ដែនដី ​រស់នៅ​ដោយ​បណ្តា​ជន​អារមេនី ​ប្រមាណ ​២សែន​នាក់​ ឫ ​២,៣% ​នៃ​បណ្តាជន ​៨​លាន​៥សែន​នាក់​នៅ​ អាស៊ែរបែហ្សង់ ​និង​មាន​ផ្ទៃ​ក្រឡា ​៤.៤០០​គ.ម.2 ឫ ៥%​ នៃ​ដែនដី​ ៨៨.០០០ ​គ.ម.2 ​ ទូទាំង​ អាស៊ែរបែហ្សង់៕

ហេតុអ្វី​ប្រទេស​រុស្ស៊ី​ ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ចិន​ទៅវិញ?​

​អ្នក​នយោបាយ​​បារាំង ប្រមូល​ផ្តុំគ្នា​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​ជ្វីហ្វ

សេដ្ឋកិច្ច និង​ឥទ្ធិពល​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន

ការ​ព្យាករណ៍​សេដ្ឋកិច្ច​សាកល​​​សម្រាប់​​​​ឆ្នាំ​​​២០១៩​​

ហេតអ្វី​បានជា​អូស្ត្រាលី​ ខិតខំ​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លាំងម្ល៉ោះ​?

តើ​ជំនួប​លើក​ទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន​ អាច​បញ្ចប់​សង្គ្រាម​កូរ៉េ​បានទេ​?

អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?

សេដ្ឋវិទូ​បារាំង​ Thomas Piketty ​៖ មូលធន​សតវត្សរ៍​ទី​២១​

តើ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ គឺជា​កំហុស​របស់​ស្ត្រី​ជប៉ុនមែន​ឬទេ​?

Huawei ៖ ​ជម្រើស​ដ៏ស្មុគស្មាញ​សម្រាប់​អឺរ៉ុប

៤០ឆ្នាំ​ក្រោយ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់​បន្ត​ស្ថិ​ត​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​នៅ​មជ្ឈិមបូព៌ា

អេស្តូនី៖​ សង្គម​​បច្ចេកវិទ្យា​ (E-Nation)​ ដំបូង​​គេ​​របស់​​ពិភពលោក​​​

បារាំងឈឺក្បាល ថាតើ​ត្រូវ​យក​ពួក​ជីហាត​ជនជាតិបារាំង​ ពី​​ស៊ីរី​​ចូល​ស្រុក​វិញ ឬ​យ៉ាងណា?

តើភេរវកម្ម​លើ​វិហារ​កាតូលិក​អាច​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នៅ​ខាងត្បូង​ហ្វីលីពីន​ឬទេ?

បារាំង-អេហ្ស៊ីប៖​ហេតុអ្វី​បាន​ជា​លោកម៉ាក្រុង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី?

ទ្រឹស្ដី​របស់​កាល់ម៉ាក្ស៍​ និង​ បច្ចុប្បន្នភាព​សេដ្ឋកិច្ចសាកល​

តើ​ជំនួបពូទីន-អាបេ ​លើក​នេះ​​ ដែល​ជប៉ុន​ថា ​មានន័យ​ជាប្រវត្តិសាស្ត្រ​ បាន​ចប់​ទៅដោយ​លទ្ធផល​យ៉ាងណា?​

តើសន្ធិសញ្ញាបារាំង-អាល្លឺម៉ង់ ចែងអំពីអ្វីខ្លះ ?

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក៖ ​អាស៊ាន​អាច​ក្លាយជា​ចំណុចស្នូល ​តែ​ក៏អាច​ប្រឈម​នឹង​ការ​បែកបាក់

កូឡំប៊ី៖​តើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ពរំដោះជាតិ » ត្រូវ​ចប់​ត្រឹម​នេះ ឬ?