rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី អាល្លឺម៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ និង​តួកគី​ជួបគ្នា ​ដើម្បី​ស្តារ​ទំនាក់ទំនង​ ផ្សះផ្សា​គ្នាវិញ​

media
លោក Sigmar Gabriel (ស្តាំ) ​និង​លោក ​Mevlut Cavusoglu ពេលធ្វើ​សន្និសីទកាសែត ថ្ងៃទី​៦ ​មករា ២០១៨​ REUTERS/Ralph Orlowski

នៅថ្ងៃសុក្រ ទី៦មករានេះ លោករដ្ឋមន្ត្រីការបរទេសតួកគី បានធ្វើដំណើរទៅជួប ជាមួយលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅក្បែរទីក្រុងប៊ែរឡាំង។ នេះគឺជាជំនួប ដែលមានកម្មវត្ថុ ស្វែងរកច្រក ដើម្បីផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យបានល្អឡើងវិញ។ គួរបញ្ជាក់ថា ពេញមួយឆ្នាំ២០១៧កន្លងទៅនេះ អាល្លឺម៉ង់ និងតួកគី បានឈ្លោះប្រកែក ប្លោងពាក្យសំដីដាក់គ្នាទៅវិញទៅមក ជារើយៗ ទាក់ទិនទៅនឹងស្ថានភាពនយោបាយ និងការធ្វើទុកបុកម្នេញទៅលើសកម្មជននយោបាយ ឬអ្នកសារព័ត៌មាននៅតួកគី។


លោក Mevlüt Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី កំពុងស្ថិតនៅ ទីក្រុង Goslar ខាងលិចក្រុងប៊ែរឡាំង ជាទីដែលលោកត្រូវជួបជាមួយនឹងលោក Sigmar Gabriel រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់។ ថ្នាក់ដឹកនាំទាំងសងខាង ត្រូវនិយាយគ្នា ដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំង២ឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ខ្យល់ព្យុះសង្ឃរាពេញមួយឆ្នាំកន្លងមកនេះ។ នេះគឺជាជំហានដំបូងនៃការប្រឹងប្រែង ពីសំណាក់រដ្ឋាភិបាលប្រទេសទាំង២ ជាពិសេស គឺពីសំណាក់រដ្ឋាភិបាលតួកគី ដែលកាន់តែឯកោទៅៗ នៅលើឆាកអន្តរជាតិ ក្រោយការចោទប្រកាន់រិះគន់ ពីសំណាក់ប្រទេសអឺរ៉ុបជាច្រើន ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

មុននឹងចេញដំណើរទៅអាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេសតួកគី បានលើកឡើងថា តួកគី ចង់ធ្វើជាមិត្តនិង​ជាដៃគូយុទ្ធសាស្ត្ររបស់អាល្លឺម៉ង់។ ដូច្នេះ វាជារឿងល្អសម្រាប់ប្រទេសទាំងពីរ ដែលត្រូវចាប់ដៃគ្នាសារជាថ្មី។ ចំណែកភាគីអាល្លឺម៉ង់ ក៏បានបន្ទន់ឥរិយបថច្រើនដែរ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ថា បន្តិចម្តងៗប្រទេសទាំងពីរគួរតែជានាគ្នាឡើងវិញ បើទោះបីជានៅមានបញ្ហាមួយចំនួន នៅតែមិនទាន់ដោះស្រាយចេញនៅឡើយ។

សូមបញ្ជាក់ថា នៅអាល្លឺម៉ង់ មានប្រជាជនដើមកំណើតតួកគី ប្រមាណជា៣លាននាក់រស់នៅ ដែលអ្នកខ្លះ មានទាំងសញ្ជាតិតួកគីផង សញ្ជាតិអាល្លឺម៉ង់ផង។ ក្រោយរដ្ឋប្រហារមិនបានសម្រេច កាលពី​ខែ​កក្កដា​ ឆ្នាំ២០១៦នៅតួកគី  រដ្ឋាភិបាលអាល្លឺម៉ង់បានចេញមុខ រិះគន់ជាចំហរ ទៅលើចំណាត់ការ របស់រដ្ឋាភិបាលតួកគី ដែលបានចាប់អ្នកកាសែត អ្នកនយោបាយ និងមនុស្សជាច្រើននាក់ដាក់ឃុំ ដោយគ្មានការជំនំជំរះ ហើយក្នុងនោះ គឺមានជនជាតិអាល្លឺម៉ង់ ដើមកំណើតតួកគីផងដែរ។ រដ្ឋាភិបាលអាល្លឺម៉ង់ បានទាំងហាមឃាត់ មិនឲ្យអ្នកនយោបាយស្និទនឹងលោកអ៊ែរដូហ្កាន់ ទៅធ្វើការឃោសនាគណបក្ស នៅលើទឹកដីអាល្លឺម៉ង់ទៀតងផង។ ការនេះ បានធ្វើឲ្យប្រធានាធិបតីតួកគី ខឹងច្រឡោត ហើយចោទរដ្ឋាភិបាលអាល្លឺម៉ង់វិញថា បានប្រើប្រាស់របៀបធ្វើការដូចពួកណាហ្ស៊ីសអ៊ីទ្លែរ។

ដើម្បីផ្ញើរសញ្ញា ថាខ្លួនចង់ជានាគ្នាវិញជាមួយអាល្លឺម៉ង់​ នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលតួកគី បានសម្រេចដោះលែងឲ្យនៅក្រៅឃុំ និងព្យួរទោសមនុស្សមួយចំនួន ដែលមានសញ្ជាតិអាល្លឺម៉ង់។ ប៉ុន្តែទោះយ៉ាងនេះក្តី បច្ចុប្បន្ន នៅមានជនជាតិអាល្លឺម៉ង់៧នាក់ផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងឃុំនៅឡើយ ដែលក្នុងនោះ គឺមានអ្នកកាសែតអាល្លឺម៉ង់ម្នាក់ ឈ្មោះ Denis Yücel ដែលជាប់ឃុំជិត១ឆ្នាំហើយ ទាំងដោយគ្មានសាលដីកា សម្រេចទោសអ្វីទាំងអស់៕