rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជនភៀសខ្លួន អន្តោប្រវេសន៍ អង់គ្លេស សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រកឃើញ​សាកសព​មនុស្ស​៣៩​នាក់ ក្នុង​រថយន្ត​មួយ នៅ​៣៥​គីឡូម៉ែត្រ​ពី​ទីក្រុងឡុងដ៍

media
នគរបាលជំនាញ​កំពុងពិនិត្យ​រថយន្ត ដែលគេប្រទះឃើញ​​សាកសព​មនុស្ស​ចំនួន​​៣៩​នាក់។ ​តំបន់​Grays ​ប្រទេស​អង់គ្លេស​ ថ្ងៃទី​២៣ តុលា ២០១៩​ REUTERS/Peter Nicholls

មានហេតុការណ៍តក់ស្លុតមួយ បានកើតឡើងនៅប្រទេសអង់គ្លេស ខាងកើតទីក្រុងឡុងដ៍ ដោយ​គេបាន​ប្រទះឃើញ សាកសពមនុស្ស​ចំនួន​៣៩នាក់ ស្លាប់គគ្នានៅក្នុងរថយន្តដឹកទំនិញ​មួយគ្រឿង។ អ្នកបើកបររថយន្តនោះ ត្រូវបានសមត្ថកិច្ចអង់គ្លេស ចាប់ឃាត់ខ្លួន។ សម្រាប់ពេលនេះ គេនៅមិនទាន់ដឹងពីអត្តសញ្ញាណរបស់​អ្នកស្លាប់ទាំង​៣៩នាក់នោះទេ។ តែបើតាមការស្មាន ពួកគេប្រហែលជាជនភៀសខ្លួន ដែលបន្លំធ្វើដំណើរ​ចូលមកក្នុងទឹកដីអង់គ្លេស។


ក្នុងវេលាយប់ ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​២៣តុលា នគរបាលអង់គ្លេស បានប្រទះឃើញសាកសពមនុស្សចំនួន​៣៩នាក់ នៅ​ក្នុងរថយន្តដឹកទំនិញមួយគ្រឿង នៅឯតំបន់ឧស្សាហកម្មមួយកន្លែង ក្នុង​សង្កាត់Grays ចំងាយប្រមាណ​៣៥គីឡូម៉ែត្រ ខាងកើតទីក្រុងឡុងដ៍។ អ្នកបើកបររថយន្ត ភេទប្រុសអាយុ២៥ឆ្នាំ មានសញ្ជាតិ​អៀរឡង់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាម​ៗ។

បណ្តាញទូរទស្សន៍អង់គ្លេស​ បានផ្សាយរូបភាព ដែលគេឃើញសមត្ថកិច្ចនគរបាលជំនាញ ស្លៀកសម្លៀកបំពាក់ការពារ ពណ៌ស ជាច្រើននាក់ ចុះទៅត្រួតពិនិត្យរថយន្តដែលមានផ្ទុកសាកសព។ បើផ្អែកតាមការសន្និដ្ឋានបឋម ពីសមត្ថកិច្ច គឺរថយន្តនោះ ធ្វើដំណើរមកពីប្រទេសប៊ុលហ្ការី ហើយចូលមកដល់ទឹកដីអង់គ្លេស នៅរវាងថ្ងៃទី ១៩តុលា តាមរយៈកំពង់ផែ Holyhead ភាគខាងលិចអង់គ្លេស។

គេនៅមិនទាន់ដឹង អំពីអត្តសញ្ញាណរបស់អ្នកស្លាប់ទាំង៣៩នាក់នៅឡើយទេ។ សម្រាប់ពេលនេះ គេគ្រាន់តែដឹងថា ក្នុងចំណោមសាកសពទាំង៣៩ គឺមានម្នាក់ជាក្មេងជំទង់។ សមត្ថកិច្ចអង់គ្លេស បានអះអាងថា ការពិនិត្យ​ស្វែងរកអត្តសញ្ញាណជនរងគ្រោះទាំង៣៩នាក់ គឺជាអ្វីដែលត្រូវធ្វើដំបូងបង្អស់ ក៏ប៉ុន្តែ​នីតិវិធីនេះ អាចត្រូវការពេលវេលាយូរបន្តិច។ ដោយឡែក លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស បានបញ្ជាក់ថា ក្រុមការងារអន្តោប្រវេសន៍ កំពុងសហការធ្វើការជាមួយសមត្ថកិច្ចនគរបាលជំនាញ​។

គួរបញ្ជាក់ថា ដំណឹងអកុសលនេះ បានធ្វើឲ្យមតិសាធារណៈនឹកភ្នកដល់ភ្លាមថា ជនរងគ្រោះទាំងនោះ អាចទំនងជាជនអន្តោប្រវេសន៍ ឬជនភៀសខ្លួន ដែលត្រូវបាន​ឈ្មួញទុច្ចរិត រកស៊ីដឹកជញ្ជូនចូលមកកាន់​ទឹកដីអង់គ្លេសដោយខុសច្បាប់។ លោក Seamus Leheny សមាជិកសហព័ន្ធអ្នកដឹកជញ្ជូននៅតំបន់អៀរឡង់ខាងជើង ​បានលើកឡើងថា ប៉ុន្មានខែចុងក្រោយនេះសមត្ថកិច្ចអង់គ្លេស បានរិត​បន្តិងសន្តិសុខ នៅមាត់ច្រក​ Calais ក្នុងប្រទេសបារាំង ដែលពីមុនតែងតែមាន​ករណីជនអន្តោប្រវេសន៍ លួចបន្លំឆ្លងតាមរថយន្តដឹកទំនិញ។ ដោយសារតែប្រការនេះ ទើបក្រុមជនអន្តោប្រវេសន៍ បានងាកទៅ​កំពង់ផែ Cherbourg នៅបារាំង ដើម្បីឆ្លងមកកាន់កំពង់ផែRosslare នៅប្រទេសអៀរ​ឡង់​ ហើយបន្ទាប់មកទៀត ពួកគេអាចធ្វើដំណើរមកដល់ទីក្រុងឌុបប្លាំង មុននឹងឡើង​កប៉ាល់ ឆ្លងមកកាន់កំពង់ផែ​Holyhead ក្នុងប្រទេសអង់គ្លេស។

គួររំលឹកដែរថា ដំណឹង​ដ៏អកុសលនេះ បានធ្វើឲ្យគេនឹកឃើញ ទៅដល់ករណី​ជាច្រើនផ្សេងទៀត។ កាលពីឆ្នាំ២០០០ សាកសព​ជនជាតិ​ចិនចំនួន​៥៨នាក់ ត្រូវបាន​គេប្រទះឃើញ ក្នុងរថយន្តកាមីញ៉ុងមួយ នៅកំពង់ផែDouvres ប្រទេសអង់គ្លេសដែរ​។ អ្នកបើកបររថយន្តនោះ ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារ​១៤ឆ្នាំ។ ចំណែកនៅខែ​សីហា ឆ្នាំ២០១៥ សាកសពជនភៀសខ្លួន​ចំនួន​៧១នាក់ ត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយ បោះបង់ចោល​នៅតាមផ្លូវ ក្នុងប្រទេសអូទ្រីស មិនឆ្ងាយប៉ុន្មានពី​ព្រំដែនហុងគ្រី។ មនុស្ស៤នាក់ ត្រូវបានតុលាការហុងគ្រីកាត់ទោស​ឲ្យជាប់គុកមួយជីវិត ពាក់ព័ន្ធនឹងករណីនេះ៕