rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេហ្ស៊ីប បារាំង ក្រិក អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យន្តហោះ​អេហ្ស៊ីប​ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ បន្ទាប់ពី​បាត់ខ្លួន​ពីរ៉ាដា ជាច្រើនម៉ោង

media
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អេហ្ស៊ីប Egyptair Reuters

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេហ្ស៊ីប Egyptair ជើង​ហោះហើរ MS804 បាន​ធ្លាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅក្បែរ​កោះ​ក្រិក Karpathos ក្នុងសមុទ្រ​មេឌីទែរ៉ាណេ បន្ទាប់ពី​បាន​បាត់​ខ្លួន​ពី​រ៉ាដា នៅ​ពេល​ហោះ​ចូល​បាន​២​នាទី​ក្នុង​លំហអាកាស​អេហ្ស៊ីប។ នេះ​បើតាម​អាជ្ញាធរ​ក្រិក។ 


យន្តហោះ​អ៊ែប៊ូស A320​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេហ្ស៊ីប ដែល​មាន​ជើងហោះហើរ​ប៉ារីស គែរ បាន​ផ្លាស់ប្តូរ​ខ្សែ​ធ្វើដំណើរ​ជាច្រើនដង និង​បាន​ទម្លាក់​កំពស់​ហោះហើរ​របស់ខ្លួន ពី ១​១៤៧០​ម៉ែត្រ មក​នៅ​៤៦៥០ ម៉ែត្រ មុន​នឹង​បាត់ខ្លួន​ពី​រ៉ាដា នៅ​សមុទ្រ​មេឌីទែរ៉ាណា។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ក្រិក នៅក្នុង​សន្និសីទ​កាសែត នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

 
អាជ្ញាធរ​ក្រិក​ដែល​បាន​ចូលរួម​យ៉ាងសស្រាក់សស្រាំ​ក្នុង​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ​អេហ្ស៊ីប បាន​បញ្ជាក់ដែរថា យន្តហោះរបស់​ក្រុមហ៊ុន​អេហ្ស៊ីបអ៊ែរ​បាន​ធ្លាក់​នៅ​ភាគខាងត្បូង​កោះ Karpathos របស់​ក្រិក ដែល​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​ពី​ឆ្នេរសមុទ្រ​អេហ្ស៊ីប។ ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់​បាន​អះអាង នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ថា យន្តហោះ​អេហ្ស៊ីប​ដែល​ដឹក​មនុស្ស​៦៦នាក់ ក្នុង​នោះ​មាន​បារាំង ១៥​នាក់ បាន​ធ្លាក់​នៅក្នុង​សមុទ្រ។
 
បន្ទាប់ពី​បាន​ដំណឹង​ធ្លាក់​យន្តហោះ បញ្ជាក់​ដោយ​អាជ្ញាធរ​ក្រិក ទាំង​ទីក្រុង​គែរ និង​ប៉ារីស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ រំលែក​ទុក្ខសោក សម្រាប់គ្រួសារ​ជនរងគ្រោះ។
 
នៅថ្ងៃ​ព្រហស្បតិ៍ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ បាត់ខ្លួន និង​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​នៅឡើយទេ។ ក្រុមហ៊ុន​អេហ្ស៊ីបអ៊ែរ​ផ្ទាល់​បាន​និយាយ​ថា ខ្លួន​មិន​បាន​ដឹង​ថា ហេតុអ្វី​បាន​ជា​យន្តហោះ​បាត់ខ្លួន​នោះ​ទេ។ ដើម្បី​ដឹង​មូលហេតុ​ពិតប្រាកដ គេ​ត្រូវ​សិក្សា​ជាមុន​សិន ទៅ​លើ​បំណែក​យន្តហោះ ដែល​គេ​អាច​រកឃើញ​នៅក្នុង​ទឹក​សមុទ្រ ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​កោះ​របស់​ប្រទេស​ក្រិក។
 
យន្តហោះ អេហ្ស៊ីប​ជើងហោះហើរ​ពី​ប៉ារីស ទៅ​ទីក្រុង​គែរ ដែល​មាន​ដឹក​អ្នកដំណើរ ៥៦នាក់ បាន​៣០នាក់ ជាជនជាតិអេហ្ស៊ីប និង​១៥​នាក់ ជា​ជនជាតិ​បារាំង បាន​បាត់​ខ្លួន​ពី​រ៉ាដា នៅ​តែ​៤៥​នាទី មុន​នឹង​ត្រូវ​ចូល​ចត​ក្នុង​ទឹកដី​អេហ្ស៊ីប។ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​អេហ្ស៊ីបអ៊ែរ​និយាយ​ថា កងទ័ព​អេហ្ស៊ីប​បាន​ទទួល​សារ​សុំជំនួយ​ពី​យន្តហោះ​អេហ្ស៊ីប បន្ទាប់​ពី​វា​បាន​បាត់​ខ្លួន ពី​រ៉ាដា ជាង​២ម៉ោង។ ដំណឹង​នេះ​ត្រូវ​បាន​ក្រសួងការពារ​ជាតិ​បដិសេធ​ទាត់ចោល​ទៅវិញ និង​ថា កងទ័ព​អេហ្ស៊ីប​មិន​បាន​ទទួល​សារ​សុំជំនួយ​អ្វី​ទាំងអស់​ពី​ខាង​យន្តហោះ។
 
អាកាសចរណ៍​ស៊ីវិល​ក្រិក​វិញ ដែល​បាន​និយាយ​ទាក់ទង​ជាមួយ​អ្នកបើកបរ​យន្តហោះអេហ្ស៊ីប នៅមុន​ពេល​បាត់ខ្លួន​ពី​រ៉ាដា ក៏​បាន​បញ្ជាក់​ថា អ្វីៗ​គឺ​ធម្មតា ពោល​គឺ ក្រុម​ត្រួតពិនិត្យ​ដែនអាកាស​ក្រិក មិន​បាន​ទទួល​សញ្ញា ឬ​សារ​សុំ​ជំនួយ​ពី​អ្នកបើកបរ​យន្តហោះ​អេហ្ស៊ីប។ ការណ៍​ដែល​អាជ្ញាធរ​ក្រិក និង​អេហ្ស៊ីប​មិន​បាន​ទទួល​សញ្ញា ឬ​សុំ​ជំនួយ អ្វីសោះ ពី​ខាង​យន្តហោះ អាច​ឲ្យ​គេ​ជឿ​ថា យន្តហោះដែល​បាន​បាត់ខ្លួន និង​ធ្លាក់​ទៅក្នុង​សមុទ្រ ទំនងអាច​រង​គ្រោះថ្នាក់​ដែល​កើតឡើង​ភ្លាមៗ រហូតធ្វើ​ឲ្យ​អ្នកបើកបរ​យន្តហោះហ្នឹង គ្មាន​ពេល សម្រាប់​បញ្ជូន​សញ្ញា​អាសន្ន ឬ​និយាយ​ទាក់ទង​ទៅ​សុំ​ជំនួយ​ពី​ខាង​ក្រោម​បាន។
 
គ្រោះថ្នាក់ បច្ចេកទេស ជាសម្មតិកម្ម​ដែល​អាច​ទៅរួច
នាយករដ្ឋមន្រ្តី​បារាំង លោក​ម៉ានុយអ៊ែល វ៉ាលបាន​និយាយ​ថា គេ​មិន​ទាត់ចោល​សម្មតិកម្ម​ណា​ទាំងអស់។ សម្រាប់​អ្នកជំនាញ​បារាំង​ខាង​ផ្នែក​អាកាសចរណ៍ គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដែល​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ ឬ​បច្ចេកទេស វា​អាច​ទៅរួច ប៉ុន្តែ លទ្ធភាព​របស់​វា គឺ​តិចតួច​ណាស់ ជាពិសេស ក្នុង​ករណី​របស់​យន្តហោះ អេហ្ស៊ីប ដែល​បាន​ធ្លាក់​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍។ យន្តហោះ​របស់​អេហ្ស៊ីបអ៊ែរ​ជា​យន្តហោះ​ធុន​អ៊ែរប៊ូស A320​ដែល​ទំនើប និង​ដែល​គេ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០០៣។ A320ជា​ប្រភេទ​យន្តហោះ ដែល​គួរ​ឲ្យ​ជឿជាក់​បំផុត និង​ជា​យន្តហោះ​ដែល​លក់ដាច់​ជាងគេ​ក្នុង​ពិភពលោក។ មួយវិញទៀត ក្រុមហ៊ុន​អាកាសចរណ៍ Egyptair ជា​ក្រុមហ៊ុន​ជាតិ​អេហ្ស៊ីប ដែល​សហភាព​អឺរ៉ុប​ទទួល​ស្គាល់ និង​បើកអនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចុះចត​ក្នុង​ទឹកដី​អឺរ៉ុប។ ពោល​គឺ​វា​មិន​បាន​ស្ថិតនៅក្នុង​បញ្ជី​ខ្មៅនោះទេ។
 
បើ​និយាយ​ពី​អាកាសធាតុ​វិញ គឺ​រឹត​តែ​មិនមែន​ជា​បញ្ហា​ចោទ។ តាម​អាកាសចរណ៍​ស៊ីវិល​ក្រិក ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកបើកយន្តហោះ អេហ្ស៊ីប នៅមុន​ពេល​ដែល​យន្តហោះ​បាត់ខ្លួន ពីរ៉ាដា​គឺ​ថា អាកាសធាតុ​នៅ​ពេល​នោះ គឺ​អំណោយផល​ល្អ មិន​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​យន្តហោះ ជួប​បញ្ហា ត្រូវ​ធ្លាក់​នោះទេ។
 
ការវាយប្រហារ​ពីក្រុមភេរវនិយម
តាម​ អ្នកឯកទេស​បារាំង​ខាង​ផ្នែក​អាកាសចរណ៍ លោក​Gerard Feldzer គេ​ពិបាក​នឹង​គិត​ថា យន្តហោះ​អេហ្ស៊ីប​អាច​រង​គ្រាប់មីស៊ីល ពីខាងក្រៅ ដូចករណី​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​ផ្ទុះធ្លាក់​នៅ​អ៊ុយក្រែន កាលពី​២​ឆ្នាំមុន។ យន្តហោះ​អេហ្ស៊ីប​ហោះ​នៅ​រយៈ​កំពស់ ខ្ពស់ គឺជាង ១ម៉ឺន​ម៉ែត្រ​ពីដី។ បើមើល​ទៅលើ​សមត្ថភាព​របស់​ក្រុមប្រដាប់​អាវុធ ដែល​កំពុង​ឈ្លោះគ្នា​នៅ​តំបន់​ដើមបូព៌ា គឺ​គ្មាន​ក្រុមណា​ដែល​មាន​មីស៊ីល មាន​សមត្ថភាព អាច​បាញ់​ចេញពី​ដី ដើម្បី​ទៅ​បំផ្លាញ​យន្តហោះ ដែល​ហោះ​នៅ​កំពស់​ជាង​១ម៉ឺន​ម៉ែត្រ​នោះទេ។
 
ម្យ៉ាងទៀត បើសិន​យន្តហោះ អេហ្ស៊ីបអ៊ែរ​ត្រូវ​រងការបាញ់​ប្រហារ​ពី​យន្តហោះ​ចម្បាំង​ផ្សេងទៀត នោះ គឺ​គេ​ត្រូវ​ដឹង​ភ្លាម មិន​អាច​លាក់​បានទេ ព្រោះថា តំបន់​ដើមបូព៌ា រួម​មាន​ទាំង អេហ្ស៊ីប​ផង សំបូរ​មាន​រ៉ាដា ផ្កាយរណប សម្រាប់​ថតតាមដាន គ្រប់ពេល ពោល​គឺ​អ្នកប្រព្រឹត្ត​នឹង​ត្រូវ​គេ​ឃើញ​មុខ ដោយមិន​អាច​ប្រកែកបាន។
 
តាមអ្នកជំនាញ​ខាង​អាកាសចរណ៍ សម្មតិកម្ម​បំផ្ទុះគ្រាប់បែក​ក្នុង​យន្តហោះ​គឺ​អាច​ទៅរួច​ច្រើន​ជាងគេ នេះ​បើគេ​ យោង​ទៅតាម​ការអះអាង​របស់​ក្រសួងការពារ​ជាតិ​អេហ្ស៊ីប ដែល​ថា យន្តហោះ​មិន​បាន​ផ្តល់​សញ្ញា​សុំជំនួយ នៅមុន​ពេល​ធ្លាក់​បាត់​ពី​រ៉ាដា​នោះ។ បើ​សិន​យន្តហោះ​បាន​បាត់​ពី​រ៉ាដា ដោយ​ទាំង​អ្នកបើកបរ យន្តហោះ គ្មាន​ពេល​បញ្ជូន​សារ ឬ​សញ្ញា​សុំ​ជំនួយ នោះមានន័យថា យន្តហោះ​អាចជួប​ឧប្បត្តិហេតុ​មួយ ដែល​ទាន់ហន់​មែនទែន។ ពោល​គឺ​រាល់​ការទាក់ទង​អាចត្រូវ​កាត់ផ្តាច់ ភ្លាម ដោយសារ​កម្លាំង​ផ្ទុះ​អ្វី​មួយ​នៅក្នុង​យន្តហោះ។
 
កាលៈទេសៈ អស្ថិរភាព​នៅ​តំបន់​ដើមបូព៌ា ក៏​អាច​ឲ្យ​គេ​ជឿថា យន្តហោះ អេហ្ស៊ីប ដែល​មាន​ដឹកអ្នកដំណើរ​បារាំង និង​អេហ្ស៊ីប​ច្រើន​ជាងគេ អាច​រងការវាយប្រហារ​ភេរវកម្ម​ដែរ។ បច្ចុប្បន្ននេះ ទាំង​បារាំង និង​អេហ្ស៊ីប កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ខ្លាំង​ជាងគេ​ពី​ក្រុមធ្វើ​ភេរវកម្ម។ បារាំង​រងការគំរាម​ធ្វើ​ភេរវកម្ម​ពី​ខាងក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ចំណែក​ឯ​អេហ្ស៊ីប​វិញ ដែល​ដឹកនាំ​ដោយ​ប្រមុខយោធា​ផ្តាច់ការ​ស៊ីស៊ី ជាផ្ទាំងស៊ីប​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​ជា​គ្នីគ្នា របស់​ក្រុមភាតរអ៊ីស្លាម ដែល​រង​ការបង្រ្កាប និង​កាត់ទោស​ប្រហារ​ជីវិត​ពី​រដ្ឋាភិបាល​របស់​អេហ្ស៊ីប។
 
លទ្ធភាព ដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​យន្តហោះ គឺ​អាច​ទៅរួច ព្រោះថា រឿងនេះ ធ្លាប់​កើត​មាន​ម្តងហើយ កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅមិញ។ កាលណោះ យន្តហោះ​របស់​រុស្ស៊ី ដែល​ហោះ​ចេញ​ពី​កន្លែង​លំហែរកាយ​នៅអេហ្ស៊ីប​បានផ្ទុះធ្លាក់​ក្នុ​អាកាស ក្រោយ​ពី​ហោះ​ចេញ​បាន​បន្តិច​ពី​ព្រលាន​យន្តហោះ អេហ្ស៊ីប នៅ Sham el Sheck។
 
ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាន​ចេញ​មុខ​ទទួលខុសត្រូវថា ជា​អ្នកបានដាក់​គ្រាប់បែក​សម្លាប់​អ្នកដំណើរ​រុស្ស៊ី ដើម្បី​សងសឹក​នឹង​រុស្ស៊ី ដែល​បើក​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី។ បើសិន​ជា​ការបំផ្ទុះគ្រាប់​បែក​ក្នុង​យន្តហោះ ជា​សម្មតិកម្ម​ដែល​គួរ​ឲ្យ​ជឿជាក់​ជាងគេ ដូច្នេះ អ្វី​ដែល​គេ​កំពុង​ចោទសួរ​នៅពេល​នេះ គឺ​ថា តើ​ក្រុមភេរវជន​អាច​នាំ​គ្រាប់បែក​ទៅដាក់​ក្នុង​យន្តហោះ​អេហ្ស៊ីបអ៊ែរ​បាន​យ៉ាង​ម៉េច បើ​ប៉ូលិស​ឆែកឆេរ ត្រួតពិនិត្យ​តឹង​ម្លឹងៗ​នៅ​ព្រលាន​យន្តហោះ​ប៉ារីស ស្ហាលឌឺហ្គោល ជាពិសេស ចាប់តាំង​ពី​បារាំង​បាន​រងការវាយប្រហារ​ភេរវកម្ម បង្ក​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តាមអ្នកជំនាញ​មួយចំនួន គ្រាប់បែក​អាច​ដាក់​បង្កប់​ក្នុង​យន្តហោះ អេហ្ស៊ីបអ៊ែរ តាំង​ពី​ក្នុង​ទឹកដី​អេហ្ស៊ីប ជាទី​ដែល​ការត្រួតពិនិត្យ​ត្រូវ​គេ​រិះគន់​ថា មាន​លក្ខណៈ​ធូររលុង រហូត​បណ្តោយ​ឲ្យ​ក្រុមភេរវជន​អាច​នាំ​គ្រាប់បែក​ទៅ​លាក់ និង​បំផ្ទុះ​យន្តហោះ​រុស្ស៊ី កាលពី​ខែ​តុលា​ឆ្នាំ ២០១៥៕