អានតួអត្ថបទ
អាល្លឺម៉ង់-ជនភៀសខ្លួន

លោកស្រីមែរគែល អំពាវនាវឲ្យប្រជាជនអាល្លឺម៉ង់ ងើបឡើងប្រឆាំងនឹងគំនិតស្អប់សាសន៍ដទៃ

លោកស្រីអង់ហ្គេឡា មែរគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានចេញមុខអំពាវនាវ ឲ្យប្រជាជនអាល្លឺម៉ង់ទាំងអស់ ត្រូវងើបឡើង រួមគ្នាពុះពារ តទល់នឹងចរន្តគំនិតស្អប់ជាតិសាសន៍ដ៍ទៃ ដែលក្រុមគណបក្សស្តាំនិយមជ្រុលអាល្លឺម៉ង់ កំពុងតែធ្វើសកម្មភាពពន្យុះបំផុសបំផុល។ ការអំពាវនាវ របស់លោកស្រីមែរគែលនេះ គឺធ្វើឡើង បន្ទាប់ពីក្រុមគណបក្សស្តាំនិយមជ្រុលនេះ បានរៀបចំប្រមូលមនុស្សធ្វើបាតុកម្ម ដើម្បី​ប្រឆាំង បណ្តេញជនភៀសខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ។

ក្បួនបាតុកម្ម​​ប្រឆាំង​​ជនភៀសខ្លូន របស់​ក្រុម​​ស្តាំនិយម​​ជ្រុល​​អាល្លឺម៉ង់ ​នៅ​ក្រុង Chemnitz ថ្ងៃ​ទី​១​កញ្ញា ២០១៨
ក្បួនបាតុកម្ម​​ប្រឆាំង​​ជនភៀសខ្លូន របស់​ក្រុម​​ស្តាំនិយម​​ជ្រុល​​អាល្លឺម៉ង់ ​នៅ​ក្រុង Chemnitz ថ្ងៃ​ទី​១​កញ្ញា ២០១៨ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

ប្រជាជនអាល្លឺម៉ង់ មិនត្រូវការជាដាច់ខាត នូវគំនិតស្អប់ខ្ពើមជាតិសាសន៍ដ៏ទៃ។ គ្រប់គ្នាត្រូវតែរួមគ្នា ដើម្បី​បង្ហាញ​ពីការចូលរួម​ប្រឆាំង នឹងសកម្មភាពញុះញង់ ពន្យុះឲ្យមនុស្សស្អប់គ្នា ដែលក្រុមស្តាំនិយមជ្រុល កំពុងតែធ្វើ ក្នុងពេលបច្ចុប្បន្ននេះ។ នេះគឺជាខ្លឹមសារ នៃការថ្លែងរបស់លោកស្រីមែរគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់​ កាលពីថ្ងៃចន្ទទី៣កញ្ញា។ ការថ្លែងនេះ គឺជាប្រតិកម្មតបទៅនឹង ការធ្វើបាតុកម្មប្រឆាំងជនភៀសខ្លួន កាលពីថ្ងៃសៅរ៍ទី ១កញ្ញា ដែលរៀបចំឡើង ដោយក្រុមគណបក្សស្តាំនិយមជ្រុល AfD។

លោក Steffen Seibert អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់​ ក៏បានមានប្រតិកម្មផងដែរ ថាក្បួនបាតុកម្មជួបជុំ ដែលដឹកនាំដោយពួកស្តាំនិយមជ្រុល និងក្រុមណាហ្ស៊ីជំនាន់ថ្មី កាលពីថ្ងៃសៅរ៍កន្លងមកនេះ គឺជាក្បួនបាតុកម្ម ដែលពោរពេញ ដោយសារស្អប់ខ្ពើមមនុស្សដូចគ្នា និងញុះញង់ឲ្យមនុស្សស្អប់គ្នា ឲ្យប្រជាជន​អាល្លឺម៉ង់បែកបាក់គ្នា។ លោកបន្ថែមថា ប្រជាជនអាល្លឺម៉ង់ គ្រប់រូប ត្រូវតែចូលរួមផ្ញើសារតបទៅវិញ ដើម្បីប្រាប់ទៅជនជ្រុលនិយមទាំងនោះ ឲ្យដឹងថាអាល្លឺម៉ង់ជាប្រទេសមានសមធម៌ មានការអត់ឱន ហើយមិនត្រូវការគំនិតអន់ថយទាំងនោះទេ។

សូមរំលឹកថា កាលពីថ្ងៃសៅរ៍ទី១កញ្ញា នៅទីក្រុង Chemnitz ភាគខាតកើតអាល្លឺម៉ង់ មានបាតុកម្មមួយបានរៀបចំឡើង ដោយក្រុមបក្សស្តាំនិយមជ្រុល AfD ដោយមានមនុស្សចូលរួមប្រមាណ៨០០០នាក់។ កម្មវត្ថុនៃបាតុកម្មនេះ គឺដើម្បីរំលឹកវិញ្ញាណក្ខន្ធបុរសជនជាតិអាល្លឺម៉ង់ម្នាក់ ដែលត្រូវគេសម្លាប់ ចាក់ដោយកាំបិត កាលពីថ្ងៃទី២៦ ខែសីហា។ ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន ដោយម្នាក់ជាជនភៀសខ្លួនជនជាតិអ៊ីរ៉ាក់ និងម្នាក់ទៀតជនជាតិស៊ីរី។ ក្រោយដំណឹងឃាតកម្មនេះ ក្រុមគណបក្សស្តាំនិយមជ្រុល រួមជាមួយនឹងក្រុមណាហ្ស៊ីជំនាន់ថ្មី បានអំពាវនាវ ឲ្យមានបាតុកម្មបណ្តេញជនភៀសខ្លួនទាំងអស់ចេញពីអាល្លឺម៉ង់។

ប្រជាជនអាល្លឺម៉ង់ដែលប្រឆាំងនឹងការអំពាវនាវប្រកាន់ពូជសាសន៍នេះ ក៏បានធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ដែរ នៅឯក្រុង Chemnitz។ ការប៉ះទង្គិចគ្នា ប្រឈមមុខដាក់គ្នា រវាងក្រុមបាតុកម្មទាំងសងខាង បានបង្ក ឲ្យមានមនុស្សរបួសយ៉ាងហោច២០នាក់។ ដោយឡែក នៅថ្ងៃចន្ទ ទី៣កញ្ញា នៅទីលានកណ្តាលក្រុង មានការប្រគុំតន្ត្រីមួយ ដើម្បីផ្ញើសារ​ពី​ការអត់ឱន មិនប្រកាន់ពូជសាសន៍។ ចំណែកនៅលើបណ្តាញសង្គម ក៏មានការអំពាវនាវ ឲ្យប្រជាជនបើកចំហបង្អួច ចូលរួមបង្ហាញសារនានា សំដៅប្រឆាំងនឹងគំនិតស្អប់ខ្ពើមជនបរទេស ដែលក្រុមស្តាំនិយមជ្រុល កំពុងតែដុតបញ្ឆេះសង្គមអាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ