rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជនភៀសខ្លួន អន្តោប្រវេសន៍ សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រទេសអឺរ៉ុប៦ ត្រូវគ្នា​ជួយ​រំលែក​ទទួល​ជនអន្តោប្រវេសន៍ ​ពី​នាវា ​Open Arms

media
នាវាអង្គការ​Open Arms arriving នៅក្បែរកោះ Lampedusa របស់អ៊ីតាលី តែត្រុវ​អ៊ីតាលី ហាម​មិន​ឲ្​យចូលចត។ AFP

ជនអន្តោប្រវេសន៍ប្រមាណ​១៥០នាក់ ដែលជាប់នៅលើនាវារបស់អង្គការOpen Arms ក្នុងសមុទ្រម៉េឌីទែរ៉ាណេ ប្រមាណ១៥ថ្ងៃមកនេះ អាចមានក្តីសង្ឃឹមហើយ បន្ទាប់ពីប្រទេសអឺរ៉ុបចំនួន៦ បានយល់ព្រមគ្នា ទទួលសង្រ្គោះពួកគេ។​ សូមរំលឹកថា រដ្ឋាភិបាល​អ៊ីតាលី បាន​បដិសេធម្តងហើយម្តងទៀត មិនឲ្យនាវាសង្រ្គោះជនអន្តោប្រវេសន៍ក្នុងសមុទ្រនេះ ចូលចតនៅកំពង់ផែខ្លួនទេ។


ក្រោមការជ្រោមជ្រែងពីសហភាពអឺរ៉ុប ប្រទេសចំនួន​៦ មាន​បារាំង អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ លុចហ្សំបួរ និងរូម៉ានី បានសុខចិត្តសហការគ្នា ដើម្បីជួយសង្រ្គោះជនអន្តោប្រវេសន៍ចំនួន​១៥០ ដែលជាប់នៅលើ​នាវារបស់អង្គការ Open Arms។ ប្រទេសទាំង៦ អាចនឹងធ្វើការបែងចែកទទួលជនភៀសខ្លួនទាំងនោះ ទៅតាមលទ្ធភាព។

សូមរំលឹកថា អស់រយៈពេល​១៥ថ្ងៃមកហើយ ដែលនាវាអង្គការOpen Arms ដែលសង្រ្គោះជនអន្តោប្រវេសន៍ឆ្លងទូក ចំនួន​១៥០នាក់ បានអណ្តែតតែលតោលក្នុងសមុទ្រ ដោយសារតែអ៊ីតាលីនិងម៉ាល់ត៍ បដិសេធមិនឲ្យចូលចត។ អង្គការមនុស្សធម៌ បាន​លើកឡើង ស្ថានភាព​នៅលើនាវា ដែល​កាន់តែមានភាពអាសន្ន ដោយសារ​ខ្វះស្បៀងអាហារ ខ្វះអនាម័យ និងកក្តាសុខភាពផ្លូវចិត្តរបស់ជនអន្តោប្រវេសន៍។ ផ្ទុយពី​រដ្ឋាភិបាលអ៊ីតាលី ដែលរុញនាវាចេញ កាលពីថ្ងៃពុធ ទី​១៤សីហា តុលាការអ៊ីតាលីមួយ បានចេញសាលក្រំ សម្រេចថាអាជ្ញាធរអ៊ីតាលី ត្រូវ​តែ​អនុញ្ញាតឲ្យនាវា Open Arms បើកចូលក្នុងដែនទឹករបស់ខ្លួន ហើយត្រូវផ្តល់នូវ​ជំនួយឧបត្ថម្ភចាំបាច់ ជាបន្ទាន់ ដើម្បីសង្រ្គោះជនអន្តោប្រវេសន៍។

គួរកត់សំគាល់ដែរថា ថ្វីត្បិតតែពេលនេះ មានប្រទេសអឺរ៉ុបចំនួន ៦ បានស្ម័គ្រចិត្ត ជួយទទួលយក​ជនអន្តោប្រវេសន៍ ដែលនៅលើនាវាអង្គការ Open Arms ក៏ដោយ​ តែវាមិនបានដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នេះបាន​នៅឡើយទេ។ បច្ចុប្បន្ននៅមានជនអន្តោប្រវេសជាង​៣៥០នាក់ផ្សេងទៀត ដែលកំពុងតែនៅជាប់គាំងលើនាវា Ocean Viking ដោយគ្មានប្រទេសណាទទួលឲ្យចូលចតទេ។ ករណីរបៀបនេះ​ តែងតែកើតឡើងជារឿយ។

សូមបញ្ជាក់ថា ក្រៅពីរារាំងមិនឲ្យចូលចត អាជ្ញាធរអ៊ីតាលី និងម៉ាល់ត៍ ធ្លាប់បានចាប់ឃាត់នាវាមនុស្សធម៌ មិនឲ្យធ្វើសកម្មភា​ពសង្រ្គោះជនអន្តោប្រវេសន៍ទៀតផង។​ ការជួយសង្រ្គោះ​ជនអន្តោប្រវេសន៍ឆ្លងសមុទ្រ ត្រូវបានអាជ្ញាធរប្រទេស២នេះ ចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។ តែទោះយ៉ាងនេះក្តី អង្គការមនុស្សធម៌នៅតែបន្តធ្វើសកម្មភាព ប្រឈមនឹងការចាប់ពិន័យ។ ក្នុងក្របខណ្ឌអឺរ៉ុប ប្រទេសសមាជិកទាំងអស់ ពុំទាន់មានដំណោះស្រាយណាមួយជាក់លាក់ យូរអង្វែងសាមគ្គីគ្នា បែកចែកជនភៀសខ្លួន​ឡើយ។ ស្ថានភាពបែបនេះ មិនអាចបន្តបានទៀតទេ ដោយអឺរ៉ុបត្រូវតែមានយន្តការរួម ដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ឆ្លងសមុទ្រម៉េឌីទែរ៉ាណេនេះ៕