អានតួអត្ថបទ

ប្រជាជនបារាំង ធ្វើបាតុកម្ម បរិហារ​ក្រុមហ៊ុន​ថ្នាំ​សម្លាប់​សត្វល្អិត ​Bayer-Monsanto

កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ឧសភា នៅតាមទីក្រុងធំៗមួយចំនួននៅប្រទេសបារាំង មានប្រជាជនជាច្រើនពាន់នាក់ ដែលបានរួមគ្នា ចុះផ្លូវធ្វើបាតុកម្ម ដើម្បីបរិហារក្រុមហ៊ុមផលិតថ្នាំសម្លាប់សត្វល្អិតដ៏ធំ ឈ្មោះក្រុមហ៊ុន Bayer-Monsanto។ ផលិតផលថ្នាំសម្រាប់សត្វល្អិតរបស់ក្រុមហ៊ុននេះ ត្រូវបានអ្នកជំនាញរកឃើញថាជាប្រភពនៃជំងឺមហារីកធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះវាបានបំផ្លាញគុណភាពដី ព្រមទាំងសម្លាប់ផ្តាច់ពូជ សត្វល្អិត ដូចជាឃ្មុំជាដើម ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការវិវឌ្ឍន៍នៃរុក្ខជាតិ។

បាតុការបារាំង នៅទីលាន Place de la République ក្រុងបារីស លើក​បដា ​បរិហារ​គ្រោះថ្នាក់​ នៃ​ផលិតផល​គីមី របស់​ក្រុមហ៊ុន Bayer Monsanto។ ថ្ងៃទី​១៨ ឧសភា ២០១៩​
បាតុការបារាំង នៅទីលាន Place de la République ក្រុងបារីស លើក​បដា ​បរិហារ​គ្រោះថ្នាក់​ នៃ​ផលិតផល​គីមី របស់​ក្រុមហ៊ុន Bayer Monsanto។ ថ្ងៃទី​១៨ ឧសភា ២០១៩​ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ប្រជាជនបារាំង អ្នកស្រលាញ់បរិស្ថាន ធម្មជាតិ រាប់ពាន់នាក់ បានរួមគ្នា ដើរសម្តែងមតិ នៅតាមទីក្រុងធំៗ ដូចជា ប័រដូ ទូលូហ្ស និងប៉ារីសជាដើម។ កម្មវត្ថុនៃការជួបជុំនៅតាមទីសាធារណៈនេះ គឺដើម្បីបរិហារ ក្រុមហ៊ុន​ផលិតថ្នាំសម្លាប់សត្វល្អិតទាំងអស់ ដែលក្នុងនោះ គឺមានក្រុមហ៊ុន Bayer-Monsanto ដែលជាអាណាចក្រផលិតថ្នាំគីមី សម្រាប់ផលិតផល​កសិកម្ម ទូទាំងពិភពលោក។

ក្រៅពីបរិហារក្រុមហ៊ុនផលិតថ្នាំគីមីទាំងនេះ បាតុករបានអំពាវនាវ ឲ្យប្រជាជនក៏ដូចជាថ្នាក់ដឹកនាំនយោបាយ រួមគ្នា គិតគូរ រិះរកគំរូថ្មីនៃការធ្វើកសិកម្មប្រមូលផល ដោយមិនប្រើប្រាស់ថ្នាំគីមី។ នៅទីលាន Place de la République ក្នុងក្រុងបារីស សកម្មជនរបស់អង្គការ Greenpeace បានលើកបដា ដែលមានសរសេរថា “បង្ករបង្កើនផលជាមួយនឹងធម្មជាតិ មិនមែនប្រឆាំងនឹងធម្មជាតិទេ”។ បាតុករខ្លះ បានលើកបដាតូចៗ ដែលមានសរសេរ ថា “ត្រូវឈប់បំផ្លាញធម្មជាតិ ជាមួយនឹងថ្នាំសម្លាប់សត្វល្អិត”។

សូមរំលឹកថា នៅបារាំង ក្រុមហ៊ុន Bayer-Monsanto ក៏កំពុងជាប់រឿងអាស្រូវមួយដ៏ធំ បន្ទាប់ពីមានការបែកធ្លាយ​ឯកសារសំងាត់ របស់ក្រុមហ៊ុននេះ។ ក្នុងឯកសារនោះ គឺក្រុមហ៊ុនយក្សនេះ បានធ្វើបញ្ជីរាយឈ្មោះ មនុស្សនិងអង្គការសមាគមណា ដែលមានជំហរប្រឆាំងនិងផលិតផល OGMGlyphosate របស់ខ្លួន។

សូមបញ្ជាក់ថា ផលិតផលថ្នាំគីមីសម្លាប់សត្វល្អិត ព្រមទាំងពូជដំណាំកែច្នៃ OGM ផលិតដោយ ក្រុមហ៊ុន Bayer-Monsanto ត្រូវបាន​អ្នកជំនាញរកឃើញថា  ជាប្រភពនៃជំងឺមហារីកកាចសាហាវជាច្រើន។ ក្រៅពីបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស ផលិតផលទាំងនោះ បានបំផ្លាញធម្មជាតិ ឲ្យហិនហោច។ របាយការណ៍ខ្លះបានលើកឡើង ពីគុណភាព​ដី ដែលចុះអន់ថយរហូតខ្សោះគ្មានជីជាតិ ដោយសារតែការប្រើ​ផលិតផលថ្នាំសម្លាប់សត្វល្អិត ប្រភេទ Glyphosate។ មិនត្រឹមតែប៉ុណ្ណោះ សារធាតុថ្នាំគីមី បានសម្លាប់សត្វល្អិតដោយឥតរើសមុខ សូម្បីតែសត្វឃ្មុំ ដែលមានតួនាទីដ៏ចម្បង ក្នុងការនាំលំអងផ្កា។ ការផុតពូជសត្វឃ្មុំ គឺជាគ្រោះថ្នាក់ធំ សម្រាប់វិស័យកសិកម្ម និងអាយុជីវិតមនុស្ស​ទាំងមូល។

គួរកត់សំគាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានពាក្យបណ្តឹងជាច្រើន នៅមុខតុលាការ​ ដែលគេប្តឹងក្រុមហ៊ុនBayer-Montsanto។ ដើមឡើយ Bayer គឺជាក្រុមហ៊ុនផលិតសារធាតុគីមី និងឱសថ របស់អាល្លឺម៉ង់ រីឯក្រុមហ៊ុន​Monsanto គឺជាក្រុមហ៊ុនផលិតសារធាតុគីមី ដ៏ធំរបស់អាមេរិក ហើយដែលក្រុមហ៊ុននេះហើយ ដែលជាអ្នកផលិតសារធាតុពណ៌ទឹកក្រូច ដែលទាហានអាមេរិក យកមកបាចនៅតំបន់ឥណ្ឌូចិន ក្នុងជំនាន់សង្រ្គាមវៀតណាម។ ក្រុមហ៊ុន Bayer បានទិញយក​ ក្រុមហ៊ុន Monsanto នៅឆ្នាំ​២០១៨។ ក៏ប៉ុន្តែជាមួយនឹងរឿងក្តីក្តាំ នៅតាមបណ្តាប្រទេសជាច្រើន​ ក្រុមហ៊ុនយក្សនេះ កំពុងតែ​ខាតបង់ប្រាក់ជាច្រើន ដោយសារតែការ​ធ្លាក់ថ្លៃភាគហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ