អានតួអត្ថបទ
ប៉ូឡូញ-សហភាព​អឺរ៉ុប

គណកម្មការ​អឺរ៉ុប​បើក​នីតិវិធី​បទល្មើស ទល់​នឹង​ប្រទេស​ប៉ូឡូញ

នៅថ្ងៃ​សៅរ៍​ទី ​២៩​កក្កដា ​គណកម្មការ​អឺរ៉ុប​ បាន​បើក​នីតិវិធី ​ប្រឆាំង​នឹង​ប្រទេស​ប៉ូឡូញ ​ដែល​បាន​ធ្វើបំពាន​ទៅ​នឹង​គោលការណ៍គ្រិះ​ នៃ​ច្បាប់​សហភាព​អឺរ៉ុប។ ការ​បើក​នីតិវិធី​ ដើម្បី​ដាក់​ពិន័យ​ប៉ូឡូញ​នេះ ​ គឺ​នៅ​ក្រោយ​ពេល​ដែល​សភា​ប៉ូឡូញ ​បាន​ធ្វើ​ច្បាប់​ថ្មី​ ផ្ទួនៗ​គ្នា ​ដែល​សហភាព​អឺរ៉ុប ​ យល់ថា​ ច្បាប់​ទាំង​នោះ​មាន​ខ្លឹមសារ ​ប៉ះពាល់ ​ដល់​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ​ប៉ូឡូញ ​និង​មាន​ការ​រើសអើង។

ប្រជាជនប៉ូឡូញ លើករដ្ធធម្មនុញ្ញ មក​ធ្វើបាតុកម្ម តវ៉ានឹងច្បាប់ថ្មី ដែល​មាន​ខ្លឹមសារប៉ះពាល់​ដល់​ឯករាជ្យ​ភាព​​របស់​​តុលាការ​
ប្រជាជនប៉ូឡូញ លើករដ្ធធម្មនុញ្ញ មក​ធ្វើបាតុកម្ម តវ៉ានឹងច្បាប់ថ្មី ដែល​មាន​ខ្លឹមសារប៉ះពាល់​ដល់​ឯករាជ្យ​ភាព​​របស់​​តុលាការ​ Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ពីពេល​នេះទៅ​ រដ្ឋាភិបាល​ប៉ូឡូញ ​មាន​ពេល​១ខែ ​ដើម្បី​ចាត់​វិធានការ ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​គណកម្មការ​អឺរ៉ុប។ ពុំនោះ​ទេ​គណកម្មការ​អឺរ៉ុប ​នឹង​ដាក់​ពាក្យ​ប្តឹង​ប៉ូឡូញ ​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អឺរ៉ុប។

គណកម្មការ​អឺរ៉ុប ​ ដែល​បាន​បើក​នីតិវិធី​បទ​ល្មើស​នេះ ​បាន​លើក​ឡើង​ថា ​ប៉ូឡូញ ​បាន​បំពាន​គោលការណ៍គ្រិះ​នៃ​សហភាព​អឺរ៉ុប ​ដោយ​បាន​អនុម័ត​ច្បាប់​មួយ​ ស្តីពី​ការ​គ្រប់គ្រង​ចាត់ចែង​ តុលាការ។ យោង​តាម​ខ្លឹមសារ​ច្បាប់​នេះ ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប៉ូឡូញ ​នឹង​​មាន​សិទ្ធិ ​សម្រេច​បន្តតំណែង​របស់​ចៅក្រម ​បើ​ទោះ​បី​ជា​ដល់​អាយុ​ចូល​និវត្តន៍​ក៏ដោយ។ រដ្ឋមន្ត្រី​នេះ ​ក៏​អាច​មាន​សិទ្ធិ​តែង​តាំង ​ឬ​ដកហូត​តំណែង​ចៅក្រម​ប្រធាន​តុលាការ ​ដោយ​ឆន្ទានុសិទ្ធិ​ទៀត​ផង។

ចំណុច​មួយទៀត ​គឺ​ច្បាប់​នេះ ​បាន​កំណត់​អាយុ​ចូល​និវត្តន៍​មុន​ពេល​កំណត់ ​ខុស​គ្នា ​រវាង​ចៅក្រម​ភេទ​ប្រុស ​និង​ចៅក្រម​ភេទស្រី។ ចៅក្រម​ភេទ​ប្រុស ​អាច​ធ្វើការ​ដល់​អាយុ​៦៥ឆ្នាំ ​តែ​ចៅក្រម​ភេទ​ស្រី ​ត្រឹមតែ​៦០​ឆ្នាំ។ ចំណុច​នេះ ​គឺ​ជា​ការ​រើសអើស ​ដែល​ផ្ទុយ​ស្រលៈ​ពី​ច្បាប់​​របស់​សហភាព​អឺរ៉ុប។

សូម​បញ្ជាក់​ថា ​សភា​ប៉ូឡូញ ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​អភិរក្ស​និយមជ្រុល ​(PiS) ​ បាន​អនុម័ត​ច្បាប់​ចំនួន​បី ​ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌។ ប៉ុន្តែ​ដោយ​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ ពី​សំណាក់​ ប្រជាជន​ យ៉ាង​សកម្ម​ អស់​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​ទៅនេះ ​ ប្រធានាធិបតី​ប៉ូឡូញ ​​បាន​ចុះ​ហត្ថលេខា​អនុម័ត​យល់ព្រម ​តែ​ទៅ​លើ​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ។ ឯច្បាប់​ពីរ​ទៀត ​ ប្រធានាធិបតី​បាន​ប្រើ​សិទ្ធិ​វេតូ។

ច្បាប់ទាំង​ពីរនោះ ​ទីមួយ ​គឺ​ជា​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល ​អាច​គ្រប់គ្រង​ និង​ប្រើ​ឥទ្ធិពល​ ទៅ​លើ​តុលាការ​កំពូល​ប៉ូឡូញ។ ហើយ​ច្បាប់​ទីពីរ ​ គឺ​អនុញ្ញាត​ឲ្យ​សភា​ អាច​តែងតាំង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម។

ការដែល​ ប្រធានាធិបតី​ប៉ូឡូញ ​បាន​ប្រើ​សិទ្ធិ​វេតូ ​បដិសេធ​ច្បាប់​ដ៏​ចំរូង​ចំរាស​ទាំង​ពីរ​នេះ ​ត្រូវ​បាន​ប្រជាជន​ប៉ូឡូញ ​ក៏ដូច​ជា​សហភាព​អឺរ៉ុប​អបអរ​យ៉ាង​ខ្លាំង។ តែ​យ៉ាង​ណា​ វា​នៅ​មិន​គ្រប់​គ្រាន់​ទេ ​ ព្រោះ​ថា​ច្បាប់​ដែល​មាន​ខ្លឹមសារ​រើសអើង ​និង​បំពាន​លើ​ភាព​ឯករាជ្យ​ របស់​តុលាការ​មួយទៀត ​ ត្រូវ​បាន​អនុម័ត។

គណកម្មការ​អឺរ៉ុប​ ថែម​ទាំង​បាន​គំរាម​ថា ​បើ​សិន​ជា​ប៉ូឡូញ ​នៅ​តែ​បន្ត​ បំពាន​លើ​គោលការណ៍គ្រិះ​នៃ​ការ​បែងចែក​អំណាច ​ព្រម​ទាំង​គោលការណ៍​ច្បាប់​ របស់​សហភាព​អឺរ៉ុប​តទៅ​ទៀត​ នោះ​គេ​នឹង​បើក​នីតិវិធី​ពិសេស ​ដោយ​យោង​ទៅ​តាម​មាត្រា ​៧​ នៃ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប​ ដើម្បី​ព្យួរ​សិទ្ធិ​បោះឆ្នោត​របស់​ប៉ូឡូញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ