អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​អ៊ីតាលី​បោះឆ្នោត​ប្រជាមតិ លើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ តែ​អាច​ឈាន​ទៅ​ទម្លាក់​នាយករដ្ឋមន្ត្រី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អាទិត្យ ទី​៤ ធ្នូ​នេះ ​ប្រជាជន​អ៊ីតាលី​ប្រមាណ​ជា​៤៦​លាន​នាក់​ ត្រូវ​ទៅ​បោះឆ្នោត​ប្រជាមតិ ​ឆ្លើយ​ព្រម​រឺ​មិនព្រម ​ ទៅលើ​ការ​ស្នើ​របស់​រដ្ឋាភិបាល ​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​លើ​រដ្ឋធម្មនុញ្ញ​អ៊ីតាលី។ លោក​ ម៉ាតេអូ ​រ៉េនហ្ស៊ី ​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​ដែល​ជា​អ្នក​លើក​គំរោង​កំណែ​ទម្រង់​នេះ ​បាន​អះអាង​ថា​វា​ជា​រឿង​ចាំបាច់​ ដែល​ប្រជាជន​អ៊ីតាលី ​ត្រូវ​យល់​ព្រម​ទទួល​កំណែ​ទម្រង់​នេះ ​ព្រោះ​វា​នឹង​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​ជាក់ស្តែង ​នៃ​បរិបទ​នយោបាយ ​និង​សេដ្ឋកិច្ច​បច្ចុប្បន្ន។ លោក ​នាយករដ្ឋមន្ត្រី ​អ៊ីតាលី ​បាន​សន្យា​ទៀត​ថា ​បើ​ប្រជាជន​អ៊ីតាលី​មិន​ទទួល​យក​កំណែ​ទម្រង់​នេះទេ​ នោះ​លោក ​នឹង​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង។

លោក  Matteo Renzi នាយករដ្ឋមន្ត្រីអ៊ីតាលី​ ដែលជា​អ្នក​ស្នើ​​កំណែ​ទម្រង់​​រដ្ឋធម្មនុញ្ញ
លោក Matteo Renzi នាយករដ្ឋមន្ត្រីអ៊ីតាលី​ ដែលជា​អ្នក​ស្នើ​​កំណែ​ទម្រង់​​រដ្ឋធម្មនុញ្ញ Reuters/Remo Casilli
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អ៊ីតាលី ​ប្រទេស​ដែល​មាន​វប្បធម៌​ប្រជាធិបតេយ្យ ​យ៉ាង​ចំណាស់​នៅ​អឺរ៉ុប ​ ការ​បោះឆ្នោត​ផ្តល់​យោបល់​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស ​គឺ​ជា​រឿង​មួយ​សំខាន់​ណាស់។ ​ជាង​នេះ​ទៅ​ទៀត​ ​គឺ​វា​ជា​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ។

 
រដ្ឋធម្មនុញ្ញ​អ៊ីតាលី​ត្រូវ​បាន​តាក់តែង​ឡើង​នៅ​រវាង​ឆ្នាំ​១៩៤៨ ​បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទីពីរ​បាន​បញ្ចប់ ​ហើយ​របប​ហ្វាឆីស​អ៊ីតាលី​ក៏​បាន​ដួល​រលំ​ដែរ។ ក្នុង​បរិបទ​ដែល​ទើបតែ​ចេញ​ពី​សង្រ្គាម​បែប​នេះ ​រដ្ឋធម្មនុញ្ញ​អ៊ីតាលី ​គឺ​មាន​លក្ខណៈ​តឹងតែង​ខ្លាំង ​ ពោល​គឺ​អំណាច​នយោបាយ​នៃ​ស្ថាប័ន​រដ្ឋ​មាន​ទំហំ​ធំ​ អាច​ត្រួត​គ្នា​ទៅវិញ​ទៅ​មក ​ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​អំណាច​ផ្តាច់ការ។

លែងឲ្យ​ព្រឹទ្ធសភា ​អាច​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល​បាន​ទៀត៖
អ៊ីតាលី ​មាន​របប​ប្រធានាធិបតី​ អាស្រ័យ​រដ្ឋធម្មនុញ្ញ ​ហើយ​ដែល​មាន​សភា​ក្បាលពីរ។ ករណី​ពិសេស​នៃ​រដ្ឋធម្មនុញ្ញ​អ៊ីតាលី ​គឺ​ សភា​ទាំងពីរ​   រដ្ឋសភា ​និង​សភា​ជាន់ខ្ពស់​ រឺ​យើង​ហៅ​ថា​ព្រឹទ្ធសភា​នេះ ​ គឺ​មាន​អំណាច​ខ្លាំង​ស្មើគ្នា ​ហើយ​ជា​ពិសេស ​គឺអាច​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល​ បាន​ដូចគ្នា​ទៀត។ ​គឺត្រង់​ចំណុច​ចុង​ក្រោយ​នេះ ​ដែល​លោក​ម៉ាតេអ៊ូ រ៉េនហ្ស៊ី ​ចង់​ធ្វើ​កំណែ​ទម្រង់។ គម្រោង​ធ្វើ​កំណែ​ទម្រង់​នេះ ​គឺ​គេ​ចង់​កាត់​បន្ថយ​អំណាច​ខ្លះ​របស់​ព្រឹទ្ធសភា ​ពោល​គឺ​កែប្រែ ​លែង​ឲ្យ​ព្រឹទ្ធ​សភា​អាច​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល​បាន​ទៀត។ ជាមួយ​នឹង​កំណែ​ទម្រង់​ថ្មី​នេះ ​គឺ​មាន​តែ​រដ្ឋសភា​មួយ​ទេ ​ដែល​អាច​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល​បាន។

កាត់​បន្ថយ​សមាជិក​ព្រឹទ្ធសភា ​ពី​ ៣១៥ ​មកត្រឹម ​១០០​នាក់៖
ជារួម​ ការ​ធ្វើ​កំណែ​ទម្រង់​នេះ​ គឺ​ទាក់ទង​តែ​ព្រឹទ្ធិសភា​ទេ។ ក្រៅ​ពី​លប់​អំណាច​ខ្លះ​របស់​ព្រឹទ្ធសភា ​កំណែ​ទម្រង់​នេះ ​ បាន​កាត់​បន្ថយ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​ទៀត​ផង។ បច្ចុប្បន្ន​នេះ ​ ព្រឹទ្ធសភា​អ៊ីតាលី ​មាន​សមាជិក​ទាំងអស់​ ៣១៥​នាក់ ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាជន ​ សម្រាប់​អាណត្តិ​តែ​ម្តង​គត់ ​រយៈពេល​៥ឆ្នាំ។ ក៏​ប៉ុន្តែ​ជាមួយ​នឹង​កំណែទម្រង់​ថ្មី​នេះ ​ ​គឺ​សមាជិក​ព្រឹទ្ធសភា​មាន​តែ​១០០​នាក់​ទេ ​ ដែល​កើត​ចេញ​ពី​ការ​តែងតាំង​ សម្រាប់​អាណត្តិ​៧ឆ្នាំ។ ក្នុងនោះ​គឺ​៧៤​នាក់​ គឺ​ជា​អ្នក​តំណាង​នៃ​ក្រុម​ប្រឹក្សា​ខេត្ត​រឺ​តំបន់​នានា ​ទូទាំង​អ៊ីតាលី ​បន្ទាប់​មក​មាន​២១​នាក់ ​ជា​ចៅហ្វាយ​ក្រុង ​ហើយ​នៅ​សល់​៥នាក់​ចុង​ក្រោយ ​គឺ​តែងតាំង​ដោយ​ប្រធានាធិបតី​អ៊ីតាលី។

ជារួម​ ជាមួយ​នឹង​កំណែ​ទម្រង់ថ្មី​ ព្រឹទ្ធសភា​ លែង​មាន​សិទ្ធិ​រំលាយ​រដ្ឋាភិបាល​ ហើយ​ចំពោះ​ការ​តាក់តែង ​និង​អនុម័ត​ច្បាប់​នានា ​គឺ​ព្រឹទ្ធសភា ​មាន​តួនាទី​គ្រាន់​តែ​អម​រដ្ឋសភា​ ប៉ុណ្ណោះ។ តែ​យ៉ាងណា ​ច្បាប់ ​និង​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ចំនួន ​ នៅតែ​ត្រូវ​ឆ្លង​កាត់​ការ​ផ្តល់​យោបល់​ពី​ព្រឹទ្ធ​សភា ​ដែរ។

៦០ ឆ្នាំ​ ដូរ​រដ្ឋាភិបាល​៦០​ដង៖
ផលល្អ​ដែល​កើត​ចេញ​ពី ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ​ ​គឺ​មាន​ពីរ​ធំៗ​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ម៉ាតេអូ រ៉េនហ្ស៊ី ​នាយករដ្ឋមន្ត្រី​អ៊ីតាលី។ ទីមួយ​ទាក់ទង​នឹង​សិទ្ធិ​រំលាយ​រដ្ឋាភិបាល ​របស់​ព្រឹទ្ធសភា។ តាម​ធម្មតា ​ រដ្ឋសភា ​និង​ព្រឹទ្ធសភា ​គឺ​ស្ថិត​នៅ​ក្នុង​អំណាច​នីតិ​បញ្ញតិ​តែ​មួយ​ទេ។ យោង​តាម​ទ្រឹស្តី​បែង​ចែក​អំណាច​ក្នុង​របប​ប្រជាធិបតេយ្យ ​វា​ជា​រឿង​ធម្មតា ​ដែល​អំណាច​នីតិបញ្ញត្តិ​ អាច​ត្រួត​ពិនិត្យ​អំណាច​នីតិ​ប្រតិបត្តិ​តាម ​រយៈ​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត ​ រឺ​យើង​ហៅ​ថា ​រំលាយ​រដ្ឋាភិបាល​នេះ​ឯង។ តែ​បើ​ទាំង​រដ្ឋសភា ​ទាំង​ព្រឹទ្ធសភា ​មាន​អំណាច​រំលាយ​រដ្ឋាភិបាល​តែ​រៀងៗ​ខ្លួនៗ​​បែបនេះ​ គឺវា​ហាក់​ដូច​ជា​មាន​ន័យ​ថា ​មាន​នីតិបញ្ញតិ្ត​ដល់​ទៅពីរ​អញ្ចឹង។ ត្រង់នេះ​ហើយ​ ដែល​វា​មិន​យុត្តិធម៌​ សម្រាប់​រដ្ឋាភិបាល។

កន្លង​មក​ជាង​៦០​ឆ្នាំ​មក​នេះ ​រដ្ឋាភិបាល​អ៊ីតាលី ​ដូរ​ដល់​ទៅ ​៦២​ដង។ បើ​និយាយ​ជា​មធ្យម​ គឺ​រដ្ឋាភិបាល​មួយៗ ​មាន​អាយុ​ តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ នេះ​គឺ​ដោយសារ​តែ​ រដ្ឋសភា ​និង​ព្រឹទ្ធសភា ​នាំគ្នា​ រំលាយ​ចោល​ឥត​ប្រណី ​ឲ្យតែ​មិន​ពេញ​ចិត្ត។ ការនេះ ​គឺ​វា​បង្កើត​ជា​អស្ថិរភាព​នយោបាយ។ ធម្មតា​ទេ ​ប្រទេស​មួយ​ដែល​ដូរ​រដ្ឋាភិបាល​ញឹកញ៉ាប់ ​រញ៉េរញ៉ៃ​មិន​ទៀង​ទាត់​បែប​នេះ​ គឺ​មិន​អាច​ដើរ​ទៅ​មុខ​ដោយ​ស្រួល​ទេ។ ដូច្នេះ ​ធ្វើកំណែ​ទម្រង់​កាត់​បន្ថយ​អំណាច​របស់​ព្រឹទ្ធសភា ​ ​គឺ​វា​ជួយ​កាត់​បន្ថយ​អស្ថិរភាព​នយោបាយ​របស់​អ៊ីតាលី។

សន្សំ​លុយ៖
ចំណុចល្អ​ទីពីរ ​គឺ​លុយ។​ កំណែ​ទម្រង់​នេះ ​នឹង​អាច​ធ្វើ​ឲ្យ​រដ្ឋ​អ៊ីតាលី​អាច​សន្សំ​ប្រាក់​បាន​ខ្លះ។ ពោល​គឺ​គេ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ។ បច្ចុប្បន្ន​នេះ ​សមាជិក​ព្រឹទ្ធសភា ​ទាំង​៣១៥​នាក់ ​ បាន​ទទួល​ប្រាក់​ខែ​​ ប្រមាណ​ជា​១៥០០០​អឺរ៉ូ ​ជា​រៀងរាល់​ខែ។ យើង​គុណទៅ​ ថា​៣១៥​នាក់​អស់​ប៉ុន្មាន​ ហើយ​មួយ​ឆ្នាំៗ ​ត្រូវ​ចំណាយ​ប៉ុន្មាន។​ ជាមួយ​នឹង​កំណែ​ទម្រង់​ថ្មី​ គឺ​សមាជិក​ព្រឹទ្ធសភា ​នៅ​សល់​តែ​១០០​នាក់​ទេ ​ហើយ​គេ​កាត់​បន្ថយ​ប្រាក់​ខែ​នេះ ​ដោយ​ឲ្យ​ជា​ប្រាក់​បេសកកម្ម ​និង​ប្រាក់​សំណង​ថ្លៃ​ការ​ចាយវាយ​ជំនួស​វិញ។

នេះគឺ​ជា​ហេតុផល​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់ ​ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​អ៊ីតាលី ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ។ រដ្ឋាភិបាល​មិន​អាច​គិត​តែ​ពី​បន្ត​តំឡើង​ពន្ធ ​ច្របាច់​ក​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​បង់​ពន្ធ​ រហូត​នោះទេ។ សមាជិក​ព្រឹទ្ធសភា ​អ៊ីតាលី ​គឺ​ជា​មន្ត្រី​ដែល​មាន​ប្រាក់ខែ​ច្រើន​ជាងគេ ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត​ នៅ​អឺរ៉ុប។

បើ ”មិនព្រម” ឈ្នះ ​អាច​មាន​វិបត្តិ​នយោបាយ៖
បើ​លទ្ធផល​ប្រជាមតិ​បង្ហាញ​ថា ​“មិនព្រម” ​ គឺមាន​ន័យ​ថា​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​ត្រូវ​លាលែង​ពី​តំណែង​តាម​ការ​សន្យា ​ហើយ​គេ​អាច​ត្រូវ​រៀបចំ ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ។ តែ​ចំណុច​នេះ ​នៅ​មិនទាន់​ប្រាកដ​ទេ​ ព្រោះ​រដ្ឋសភា​កំពុង​តែ​ពិភាក្សា​គ្នា ​លើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​ទៀត។ យើង​ឃើញ​ថា ​បើខាង​”មិនព្រម”​ឈ្នះ ​ក្នុង​ឱកាស​ប្រជា​មតិ​ថ្ងៃ​នេះ ​ គឺ​ថា​វា​នឹង​មាន​ភាព​រញ៉េរញ៉ៃ​ច្រើន ​ ប្រទាក់​​ប្រទាញ​គ្នា។ អញ្ចឹង​មាន​ន័យ​ថា អ៊ីតាលី​ប្រាកដ​ជា​ជាប់គាំង ​នឹង​វិបត្តិន​យោបាយ​មិនខាន​ទេ។

ផលប៉ះ​ពាល់​នេះ ​ មិន​មែន​មាន​ត្រឹម​តែ​អ៊ីតាលី​ទេ ​ ​​តែ​វា​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប​ និង​តំបន់​ចាយលុយ​អឺរ៉ូ​ទាំង​មូល​តែ​ម្តង។ អ៊ីតាលី​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៣ ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ ​ តែ​សេដ្ឋកិច្ច​អ៊ីតាលី ​នៅ​មិន​ទាន់​ប្រសើរ​ទេ។ បើ​មាន​វិបត្តិ​ ដោះស្រាយ​មិន​ចេញ ​ អ្នក​វិភាគ​មួយ​ចំនួន​ជឿថា​ អ៊ីតាលី​អាច​ត្រូវ​ដើរ​ចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ។ ដូច្នេះ​សម្រាប់​សហភាព​អឺរ៉ុប ​វា​គឺ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់ ​ព្រោះ​អង់គ្លេស​ទើបតែ​ដក​ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​ ហើយ​នៅ​មិន​ទាន់​ដោះស្រាយ​ស្រួលបួល​ផង ​ បើ​​អ៊ីតាលី​ទៅមួយ​ទៀត​ នោះ​គឺ​កាន់​តែ​វីរវ​តែម្តង។

លោកម៉ាតេអូ រ៉េនហ្ស៊ី ​ដើរខុស​មួយ​ជំហាន ​ដែល​ជ្រុល​សន្យា​ថា​ចុះចេញ​ពី​តំណែង ​បើ​ខាង​”មិនព្រម”​ឈ្នះ៖
តាម​ការ​ស្ទាបស្ទង់​មតិ ​លទ្ធផល​ប្រជាមតិ​ថ្ងៃនេះ​ពិបាក​ស្មាន​ណាស់។ ក្រុម​គណបក្ស​ប្រឆាំង ​ដែល​សុទ្ធ​តែ​ជា​គណបក្ស​ស្តាំ​និយម​ជ្រុល ​និង​ឆ្វេង​និយម​ជ្រុល ​ បាន​ឆ្លៀត​ឱកាស​នេះ​ ធ្វើការ​ឃោសនា​រិះគន់​លោក​ម៉ាតេអូ រ៉េនហ្ស៊ី។ អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​ដើរ​ខុស​មួយ​ជំហាន ​ដែល​ជ្រុល​សន្យា​ថា​នឹង​ចុះចេញ​ពី​តំណែង ​បើ​ខាង​​”មិនព្រម”​ឈ្នះ។  ​ដោយសារ​តែ​ការ​សន្យា​បែប​នេះ ​​ក្រុម​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​មិន​ព្រម ​ ដែល​​តាម​ពិត​ពួក​គេ​គ្មាន​អី​ទំទាស់​នឹង​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​ទេ ​ តែ​​គឺ​គេចង់​ឲ្យ​ខាង​មិនព្រម​ឈ្នះ ​នឹង​អាល​លោក​ម៉ាតេអូ រ៉េនហ្ស៊ី​ ចុះចេញ​ពី​តំណែង។ កន្លែង​នេះហើយ ​ ដែល​ជា​គ្រោះថ្នាក់​ធំ ​ ព្រោះ​អ្នក​បោះ ​អាច​គ្រាន់តែ​ចង់​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ ​អ្នក​ខ្លះ​មិន​បាន​គិត​វែងឆ្ងាយ ​ រឿង​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​អ្វីទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ