អានតួអត្ថបទ

កតិកាសញ្ញាអន្តរ​ជាតិ​ស្តីពី​អន្តោប្រវេសន៍ បង្ក​ជាវិបត្តិ​នយោបាយ​នៅ​បែលហ្ស៊ិក

ប្រទេសសមាជិកអង្គការសហប្រជាជាតិ កំពុងតែត្រៀមខ្លួន បោះឆ្នោតសម្រេច លើអត្ថបទកតិកាសញ្ញាមួយ ស្តីពីអន្តោប្រវេសន៍។ ក៏ប៉ុន្តែកតិកាសញ្ញានេះ កំពុងធ្វើឲ្យប្រទេសបែលហ្ស៊ិក ជួបនឹងវិបត្តិនយោបាយ ដោយសារតែ គណបក្សជាតិនិយមហ្វ្លាម៉ង់ បានសម្រេចដើរចេញពីរដ្ឋាភិបាលចម្រុះ ព្រោះតែមិនចង់ឲ្យបែលហ្ស៊ិក បោះឆ្នោតគាំទ្រកតិកាសញ្ញានេះ។ លោក ហ្សាល មីឈែល នាយករដ្ឋមន្ត្រីបែលហ្សិក បានលើកឡើងថា លោកត្រៀមចំនួនរដ្ឋមន្រ្តីដែលចង់ដើរចេញរួចហើយ ហើយប៊ែលហ្ស៊ិក និងបោះឆ្នោតគាំទ្រ កតិកាសញ្ញាអន្តរជាតិដ៏សំខាន់នេះ។

លោក Bart De Wever ប្រធានបក្ស N-VA ដែល​ជាបក្សស្អប់ជនអន្តោប្រវេសន៍​បែលហ្ស៊ិក។
លោក Bart De Wever ប្រធានបក្ស N-VA ដែល​ជាបក្សស្អប់ជនអន្តោប្រវេសន៍​បែលហ្ស៊ិក។ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

កតិកាសញ្ញាអង្គការសហប្រជាជាតិស្តីពីអន្តោប្រវេសន៍ កំពុងក្លាយជាមូលហេតុ នៃវិបត្តិនយោបាយនៅបែលហ្ស៊ិក។ លោក Bart De Wever ប្រធានគណបក្ស N-VA ដែលជាគណបក្សជាតិនិយមហ្លាម៉ង់ បាននិយាយថា បើគេមិនស្តាប់យោបល់យើង យើងបន្តនៅទៀតក៏គ្មានន័យដែរ។ សម្តីនេះ មានន័យថា គណបក្ស N-VA នឹងដើរចេញពីរដ្ឋាភិបាលចម្រុះបែលហ្ស៊ិក ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ្សាល មីឈែន។

នៅព្រឹកថ្ងៃអាទិត្យ ទី៩ ធ្នូ មុននឹងចេញដំណើរទៅទីក្រុងម៉ារ៉ាកែច្ឆ ប្រទេសម៉ារ៉ុក ជាទីដែលប្រទេសសមាជិកអង្គការសហប្រជាជាតិជួបជុំគ្នា ដើម្បីពិភាក្សាស្តីពីកតិកាសញ្ញាអន្តោប្រវេសន៍ លោក ហ្សាល មីឈែល នាយករដ្ឋមន្ត្រីបែលហ្សិក បាននិយាយថា លោកបានទទួលដឹងឮហើយ ថាគណបក្ស N-VA នឹងដើរចេញពីរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា លោកនឹងតែងតាំងរដ្ឋលេខាធិកា ២រូប ឲ្យមកជំនួសការងាររដ្ឋមន្ត្រីទាំង៣រូប របស់គណបក្ស N-VA នេះ  ជាបណ្តោះអាសន្នសិន។ លោក ហ្សាល មីឈែល អះអាងថា កតិកាសញ្ញនេះ គឺជាការខំប្រឹងប្រែងរបស់បែលហ្ស៊ិក លើឆាកអន្តរជាតិ ដើម្បីចូលរួមដោះស្រាយបញ្ហាអន្តោប្រវេសន៍ដែលកំពុងតែបង្កបញ្ហានៅទូទាំងពិភពលោក។

សូមរំលឹកថា ក្នុងចំណោមគណបក្សទាំង៤ ដែលចូលរួមក្នុងរដ្ឋាភិបាលចម្រុះ គឺមានតែគណបក្ស N-VA មួយទេ ដែលមិនគាំទ្រកតិកាសញ្ញាស្តីពីអន្តោប្រវេសន៍នេះ។ វិបត្តិនយោបាយ ភាពមិនចុះសម្រុងគ្នា ទាក់ទិននឹងការទទួលយកកាតិកាសញ្ញានេះ បាន​ចោទឡើង ជាច្រើនសប្តាហ៍មកហើយ។ ដើម្បីបិទបញ្ចប់ភាពតានតឹង លោកហ្សាល មីឆែល បានសម្រេច ស្នើទៅរដ្ឋសភាបែលហ្សិក ឲ្យបោះឆ្នោតសម្រេ​ច ថាតើរដ្ឋាភិបាលគួរទទួល ឬមិនទទួលយកកតិកាសញ្ញានេះ។ ឆ្លងកាត់២ថ្ងៃនៃការជជែកដេញដោល យ៉ាងតឹងសរសៃកនៅក្នុងសភា ទីបំផុតសមាជិកសភាសម្លេងភាគច្រើន បានបោះឆ្នោតគាំទ្រ កតិកាសញ្ញានេះ។

គួរកត់សំគាល់ថា អត្ថបទកតិកាសញ្ញាស្តីពីអន្តោប្រវេសន៍នេះ បានចូលមកពន្លិចឲ្យភាពផុយស្រួយផ្នែកនយោបាយបែលហ្ស៊ិក រវាងក្រុមបក្សស្អប់ជនអន្តោប្រវេសន៍ និងក្រុមផ្តល់តំលៃដល់សិទ្ធិមនុស្សជាចំបង ឲ្យចេញ​ជារូបរាង្គ​។ ដោយឡែក ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត ដែលដឹកនាំដោយរដ្ឋាភិបាលប្រឆាំងជនអន្តោប្រវេសន៍ បានសម្រេចមិនគាំទ្រកតិកាសញ្ញានេះ រួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ