rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង៖ ១ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ម៉ាក្រុង ​កំណែទម្រង់​ក៏ច្រើន ​ការ​តវ៉ា​ក៏ច្រើន

ដោយ ម៉ម ពិសី

គិតមកដល់ថ្ងៃទី៧ ឧសភានេះ លោកអេម៉ានុយអែល ម៉ាក្រុង បានឡើងកាន់តំណែងជាប្រធានាធិបតីបារាំង បានរយៈពេល១ឆ្នាំហើយ។ អាណត្តិឆ្នាំដំបូងរបស់ប្រធានាធិបតីវ័យក្មេង​បារាំងរូបនេះ ត្រូវបានគេមើលឃើញថា ពោរពេញដោយភាពស្វាហាប់ សកម្ម និងម៉ឺងម៉ាត់ ក្នុងការធ្វើកំណែទម្រង់នានា។ ក៏ប៉ុន្តែទន្ទឹមនឹងនោះ លោកប្រធានាធិបតីម៉ាក្រុង ត្រូវបានមតិមហាជនបារាំងខ្លះ យល់ឃើញថា​ជាមនុស្ស រឹងរូស មានះ មិនស្តាប់ហេតុផលអ្នកដ៏ទៃ។ ផ្ទុយពីធ្វើកំណែទម្រង់ ដើម្បីជួយសម្រាលជីវភាពប្រជាជន ដែលមានជីវភាពមធ្យម ឬក្រីក្រ តែលោកម៉ាក្រុង ត្រូវបានអ្នករិះគន់ខ្លះ ចាត់ទុកថា ជាប្រធានាធិបតីរបស់ពួកឈ្មួញអ្នកមានតែប៉ុណ្ណោះ។

ក្នុងចំណោម កម្មវិធីនយោបាយទាំង៨៥ចំណុច ដែលលោកអេម៉ានុយអែល ម៉ាក្រុង បានសន្យា នៅឆ្នាំទីមួយនេះ មាន៨ចំណុចហើយ ដែលត្រូវបានអនុម័ត ដាក់ចុះឲ្យអនុវត្តជាផ្លូវការ។ ក្រៅពីនោះ មាន៤៥ចំណុច ដែលកំពុងស្ថិតក្នុងដំណាក់ការ ជជែកដេញដោល ដើម្បីសម្រេច។ មានការសន្យាចំនួន២៤ចំណុច ដែលកំពុងស្ថិតក្នុងភាពស្ទើស្ទាក់ មិនដឹងថាអាចទៅមុខឬយ៉ាងណាទេ ហើយមានការសន្យាចំនួន៦ចំណុច ដែលបានធ្វើដែរ តែធ្វើបានតែផ្នែកខ្លះប៉ុណ្ណោះ ឯ២ចំណុចផ្សេងទៀត ត្រូវបានផ្អិប​ចោល ដោយសារគ្មានច្រកចេញ។

វិស័យអប់រំ៖​ គាំទ្រកំណែទម្រង់ផ្នែកថ្នាក់កុមារមត្តេយ្យ តែប្រឆាំងផ្នែកឧត្តមសិក្សា

លោកម៉ាក្រុង បានសន្យាជារួម គឺធ្វើកំណែទម្រង់ជាច្រើនចំណុច ក្នុងនោះមានជាពិសេស ក្នុងវិស័យ​ការងារ  វិស័យ​សេដ្ឋកិច្ច ការប្រកួតប្រជែងពាណិជ្ជកម្ម ព្រមទាំងវិស័យអប់រំ។ ទាក់ទងនឹងវិស័យអប់រំ មានវិធានការមួយ ដែលទំនងជាមានការគាំទ្រច្រើននោះ គឺការបង្កើនលទ្ធភាពឲ្យដល់តំបន់ពិសេស ដែល​ស្ថិតជាតំបន់ ត្រូវទទួលការចាប់អារម្មណ៍ខ្ពស់ ក្នុងការអប់រំបណ្តុះបណ្តាល។ តំបន់ពិសេសទាំងនោះ ជាទូទៅ គឺជាតំបន់ដែលប្រជាជនមានជីវភាពក្រីក្រ ឬក៏មានជនជាតិបារាំងដើមកំណើតបរទេសច្រើន ដែលជាទូទៅគឺតំបន់ទាំងនោះ ក្មេងសិស្សសាលារៀនមិនពូកែ ឬបោះបង់ចោលសាលាច្រើន ជាដើម។

អាយុក្មេង ចូលសាលាមតេយ្យ បានទំលាក់មកដល់អាយុ៣ឆ្នាំ ហើយថ្នាក់បឋមសិក្សានៅតាមតំបន់ពិសេសទាំងនោះ នឹងត្រូវបំបែកគុណជា២ មានន័យថា មួយថ្នាក់មានសិស្សតែ១២នាក់ទេ ហើយបើកន្លែងខ្លះខ្វះបន្ទប់រៀន នោះគេរក្សាសិស្ស២៤នាក់ក្នុងមួយថ្នាក់ តែត្រូវបន្ថែមគ្រូម្នាក់ទៀត។ ប៉ុន្តែគំរោងកំណែទម្រង់នៅថ្នាក់ឧត្តមសិក្សា កំពុងត្រូវគេរិះគន់ខ្លាំងណាស់។

ច្បាប់ថ្មីចេញកាលពីខែមីនា បានកំណត់បង្កើតឲ្យមាននីតិវិធី ជ្រើសរើសបឋម ដើម្បីត្រៀមបញ្ជូនឈ្មោះបេក្ខជនម្នាក់ៗ ទៅកាន់សកលវិទ្យាល័យ ឬក៏មុខវិជ្ជា ដែលឆ្លើយតបទៅនឹង សមត្ថភាពរបស់បេក្ខជននោះ។ ហើយបេក្ខជនដែលមានសមត្ថភាពមិនដល់ នឹងត្រូវបញ្ជូនឲ្យរៀនបំប៉ន។ ជិត២ខែមកហើយ​ ដែលនិស្សិតសកលវិទ្យាល័យមួយចំនួន បានធ្វើបាតុកម្ម តវ៉ានឹងកំណែទម្រង់ថ្មីនេះ។ សិស្សនិស្ស័យចាត់ទុកច្បាប់នេះ ថាអយុត្តិធម៌ ដែលនីតិវិធីនេះ មានលក្ខណៈជានីតិវិធី ជ្រើសរើស មិនបើកឱកាសឲ្យគ្រប់គ្នា។ តែយ៉ាងណា អ្នកជំនាញអប់រំខ្លះ ក៏បានសម្តែងការគាំទ្រនឹងកំណែទំរង់នេះដែរ។

សេដ្ឋកិច្ចបារាំង ល្អប្រសើរ តែមិនមែនគុណសម្បតិ្តរដ្ឋាភិបាលថ្មី

ទាក់ទិននឹងវិស័យសេដ្ឋកិច្ចវិញ យើងឃើញថា ឆ្នាំទី១នៃអាណត្តិរបស់លោកម៉ាក្រុងនេះ សេដ្ឋកិច្ចបារាំងបានងើបឡើងវិញបានល្អ។ នៅដំនាច់ឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចបារាំង បានកើនដល់៣% ដែលនេះជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ២០១១​មក។ រីឯបំណុលសាធារណៈវិញ បានកាត់បន្ថយ ឲ្យស្ថិតនៅក្រោម៣% នៃផលិតផលដុលក្នុងស្រុក។

តែយ៉ាងណា លោក Patrick Artus អ្នកវិភាគសេដ្ឋកិច្ចម្នាក់​ បានលើកឡើងថា លទ្ធផលវិជ្ជមាននៃសេដ្ឋកិច្ច​បារាំងនេះ មិនមែនដោយសាររដ្ឋាភិបាលលោកម៉ាក្រុងទាំងស្រុងទេ។ លោកពន្យល់ថា សេដ្ឋកិច្ចបារាំង ដើរល្អ ដោយសារវារងឥទ្ធិពលល្អ នៃលំហូររបស់សេដ្ឋកិច្ចសកល។ ឆ្នាំ២០១៧ ការដោះដូរពាណិជ្ជកម្មពិភពលោក បានកើនដល់៥%។​ មិនមែនតែបារាំងម្នាក់ឯងទេ ដែលទទួលផល គឺសេដ្ឋកិច្ចអឺរ៉ុបទាំងមូលតែម្តង ដែលបានទទួល។ គោលនយោបាយរូបិយបណ្ណរបស់ធនាគារកណ្តាល បានសម្រួលដល់ការផ្តល់ប្រាក់កំចី ដែលមានកាប្រាក់ទាប ហើយអនុញ្ញតឲ្យមានវិនិយោគកាន់តែច្រើន។ កំណែទម្រង់សេដ្ឋកិច្ចបារាំង ដែលមានស្រាប់តាំងតែពីជំនាន់លោកហូឡង់ គឺបានដើរត្រូវ ជាមួយលំហូរសកលនេះ ហើយដែលលោកម៉ាក្រុង ឡើងមកថ្មី គ្រាន់តែបានធ្វើបន្ត និងឆក់​ឱកាសល្អនេះតែប៉ុណ្ណោះ។

ប្រធានាធិបតីបំរើតែពួកអ្នកមាន

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចលនាបាតុកម្មតវ៉ា ទូទាំងប្រទេសបានរីករាលដាលកាន់តែខ្លាំង ប្រឆាំងនឹងកំណែទម្រង់របស់លោកម៉ាក្រុង។ លោកម៉ាក្រុង បានថែមទាំងត្រូវគេចាត់ទុក ថា​ជាប្រធានាធិបតី បំរើតែពួកអ្នកមានទៀតផង។ ជាទូទៅបាតុកម្មទាំងនោះ មានការរៀបចំបំផុសបំផុល ពីក្រុមអ្នកនយោបាយ របស់បក្សឆ្វេងនិយមជ្រុល។ ការតវ៉ា ដែលយើងឃើញប៉ុន្មានសប្តាហ៍នេះ គឺជាការតវ៉ា ទៅនឹងកំណែទម្រង់ លើក្រុមហ៊ុនជាតិដឹកជញ្ជូនផ្លូវដែក SNCF។ ក្រុមហ៊ុននេះ មានបំណុលច្រើនណាស់។ រដ្ឋាភិបាល បានសុខចិត្តទទួលសងបំណុលរបស់ក្រុមហ៊ុននេះ តែរដ្ឋាភិបាល​បានទាមទារ ឲ្យធ្វើកំណែទម្រង់ ប្តូរលក្ខន្តិកៈរបស់ក្រុមហ៊ុននេះ ពីមកជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំរិត។ ហើយរដ្ឋាភិបាល ក៏ទាមទារឲ្យផ្លាស់ប្តូរលក្ខន្តិកៈពិសេស របស់បុគ្គលិកបំរើការផ្លូវដែកដែរ​ ព្រោះលក្ខន្តិកៈរាល់ថ្ងៃនេះ វាផ្តល់ប្រយោជន៍ឲ្យបុគ្គលិកច្រើនជ្រុល ដែលធ្វើឲ្យក្រុមហ៊ុនរត់មិនរួច។

ទន្ទឹមនឹងនេះ លោកម៉ាក្រុង បានចេញច្បាប់កែសម្រួលច្បាប់ការងារបារាំង ដោយបើកសិទ្ធិឲ្យក្រុមហ៊ុននិយោជក ឲ្យមានលទ្ធភាពច្រើនក្នុងការរៀបចំការងារ រើសបុគ្គលិកចូល ឬបណ្តេញបុគ្គលិកចេញ។ បន្ថែមពីនេះ រដ្ឋាភិបាល បានកាត់បន្ថយការកំរិតពន្ធខ្ពស់ហួសហេតុ ដល់ទៅ៧៥% លើអ្នកដែលមានចំណូលចាប់ពីមួយលានអឺរ៉ូឡើងទៅ។ អំណេះតទៅ រដ្ឋយកពន្ធតែទៅលើអចលនទ្រព្យ របស់អ្នកមានធនធានច្រើនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កាលពីចុងឆ្នាំ២០១៧ លោកម៉ាក្រុង បានកាត់បន្ថយប្រាក់ជំនួយ​លើថ្លៃជួលផ្ទះរបស់គ្រួសារអ្នកមានប្រាក់ចំនូលតិច ដោយកាត់៥អឺរ៉ូ ក្នុងមួយខែ។

គឺសរុបចំណុចទាំងអស់នេះហើយ ដែលធ្វើឲ្យគេរិះគន់លោកម៉ាក្រុង ថាជាប្រធានាធិបតី បំរើតែពួកអ្នកមាន។ បន្ថយពន្ធពីពួកអ្នកមាន បែរជាមកកាត់ប្រាក់បន្តិចបន្តួច ពីអ្នកក្រទៅវិញ។ ជាងនេះទៅទៀត លោកម៉ាក្រុង បានចេញមុខផ្តល់បទសម្ភាសន៍ ដល់ទស្សនាវត្តីសេដ្ឋកិច្ចធំៗ ដែលទស្សនាវត្តីទាំងនោះ​ភាគច្រើន ចុះផ្សាយតែពីភាពជោគជ័យ របស់ពួកអ្នកមាន មេជំនួញធំៗជាដើម។ គឺទាំងអស់នេះ ធ្វើឲ្យប្រជាជនដែលមាននិន្នការិះគន់ស្រាប់នោះ កាន់តែមិនពេញចិត្ត។

ក៏ប៉ុន្តែ លោកម៉ាក្រុង​ បានពន្យល់ថា លោកមិនមែនធ្វើកាដូឲ្យអ្នកមានទេ តែលោកត្រូវយកចិត្តអ្នកមាន ព្រោះគឺអ្នកមានអស់នោះហើយ ដែលនឹងបោះទុនវិនិយោគក្នុងសេដ្ឋកិច្ចបារាំង។ គ្មានអ្នកមាន គ្មានពួកថៅកែ គ្មានម្ចាស់ភាគហ៊ុន គឺសេដ្ឋកិច្ចនឹងនៅនឹងថ្កល់ ប្រជាជនគ្មានការងារធ្វើ គ្មានប្រាក់ខែ។ ហើយការធ្វើកំណែទម្រង់ក្នុងច្បាប់ការងារ វិស័យសង្គមកិច្ចទៀតសោត គឺដើម្បីបើកច្រក ឲ្យទីផ្សារការងារបារាំង មានលក្ខណៈទូលំទូលាយ ងាយបត់បែន ធ្វើឲ្យសហគ្រាស ឬក្រុមហ៊ុនអាចសម្រេចធ្វើអ្វីបានលឿន មានភាពស្វាហាប់។ ទាំងអស់នេះ នឹងចូលរួម ធ្វើឲ្យផលិតផលបារាំង អាចប្រកួតប្រជែងលើទីផ្សារបានល្អ។ បំណងរបស់លោកម៉ាក្រុង គឺធ្វើឲ្យបារាំង ក្លាយជាមហាអំណាចសេដ្ឋកិច្ចឡើងវិញ តាមរយៈការបើកទីផ្សារឲ្យសេរី ទូលាយ ទទួលវិនិយោគ នឹងក្រុមហ៊ុនអន្តរជាតិធំៗ។

ប្រធានាធិបតីស្វាហាប់ តែមានះរឹងរូស មិនខ្វល់ពីការយល់ឃើញរបស់អ្នកដ៏ទៃ?

លោកម៉ាក្រុង ដែលមានវ័យក្មេង បានបង្ហាញពីភាពស្វាហាប់ និងសកម្មយ៉ាងខ្លាំង ជាពិសេសនៅលើឆាកអន្តរជាតិ។ តាមរយៈប្រធានាធិបតីថ្មីនេះ មានអ្នកខ្លះលើកឡើងថា បារាំង កំពុងតែវិលមកធ្វើជាមហាអំណាចវិញ។ តែយ៉ាងណា ភាពម៉ឺងម៉ាត មានះ និងស្វាហាប់នេះ ត្រូវអ្នកខ្លះមើលឃើញថា លោកម៉ាក្រុង ជាមនុស្សមានចរិករឹងរូស មិនស្តាប់គេឯងទៅវិញ។

ជាការពិត មនុស្សម្នាក់ ដែលកាន់មុខតំណែងធំដល់ថ្នាក់នេះ បើមិនមានភាពម៉ឺងម៉ាត់ មានះ ជំនះរាល់ឧបសគ្គទេនោះ គឺមិនអាចបំពេញការងារបានទេ។ កម្មវិធីកំណែទម្រង់ទាំងអស់ របស់លោកម៉ាក្រុង គឺគាត់បានប្តេជ្ញា ​ថានឹងធ្វើឲ្យបាន។ ទន្ទឹមនឹងនេះ ដូចសោភ័ណ លើកឡើង ថានៅលើឆាកអន្តរជាតិ លោកម៉ាក្រុង បានធ្វើឲ្យបារាំង មានមុខ មានកំលាំង ឡើងវិញ តាមរយៈភាពស្វាហាប់ វាងវៃរបស់គាត់។ ត្រង់នេះ សូម្បីតែមតិសាធារណៈបារាំង ទូទៅក៏យល់ឃើញដូច្នេះដែរ ថាលោក ម៉ាក្រុង បំពេញការងារជាប្រធានាធិបតីបារាំង នៅលើឆាកអន្តរជាតិបានល្អ។ ប្រតិបត្តិការ ឬអន្តរាគមន៍របស់កងទ័ពបារាំង ដើម្បីរក្សាសន្តិសុខ សន្តិភាព ត្រូវបានគេអបអរច្រើន។ ចំណែកនៅអង្គការសហប្រជាជាតិវិញ លោកម៉ាក្រុង ក៏បានធ្វើឲ្យមេដឹកនាំទូទាំងពិភពលោក កោតសរសើរដែរ ថាជាមនុស្សមានទស្សនវិស័យទូលំទូលាយ សកលនិយម ពហុវប្បធម៌និយម ដែលវាផ្ទុយស្រលះពីលោកដូណាល់ ត្រាំ។

តែយ៉ាងណា បើយោងតាមការធ្វើស្ថិតិចុងក្រោយនេះ ក្នុងក្រសែរ​ភ្នែក ជនជាតិបារាំងមួយភាគធំ ថ្វីបើអ្នកខ្លះសរសើរថាលោកម៉ាក្រុងស្វាហាប់ តែគេនៅតែមិនទាន់ពេញចិត្ត ស្រលាញ់លោកម៉ាក្រុងដែរ។ ទន្ទឹមដែលមានអ្នកគិត ថាគាត់ចង់ធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដ តែក៏មានអ្នកខ្លះគិតថា គាត់មានះជ្រុល ចង់កែប្រែផ្លាស់ប្តូរដោយកំរោល មិនស្តាប់ការតវ៉ារបស់ប្រជាជន។ ហើយមិនត្រឹមតែប៉ុណ្ណោះ មានមតិប្រមាណជា៣៩% ដែលគិតថា គាត់ជាមនុស្សក្រអឺតក្រទម មើលងាយអ្នកផ្សេង។ ហើយ១៥%ផ្សេងទៀត គិតថា គាត់ជាមនុស្សមិនខ្វល់ពីការលំបាក ឬជីវភាពរស់នៅរបស់ប្រជាជនប៉ុន្មានទេ។

ប៉ុន្តែជាសរុបមក គ្មានប្រធានាធិបតីណាម្នាក់ ដែលធ្វើឲ្យប្រជាជនពេញចិត្ត បានទាំងស្រុងទេ។ លោកម៉ាក្រុង ជាមនុស្សថ្មីស្រឡាង ហើយដែលមានរបៀបធ្វើនយោបាយ ដឹកនាំប្រទេសបែបថ្មី បែបទំនើប ខុសពីអ្នកនយោបាយចាស់ៗរបស់បារាំង។ ប្រជាជនបារាំង បោះឆ្នោតឲ្យគាត់ ក៏ដោយសារតែពួកគេនឿយណាយ និងអ្នកនយោបាយចាស់ឆ្នាំ ដដែលៗរាប់សិបឆ្នាំមកហើយ  តែស្រុកទេសកាន់ចុះអន់ទៅ។ ភាពស្វាហាប់ របស់លោកម៉ាក្រុង បានផ្តល់ក្តីសង្ឃឹមច្រើន ដល់ប្រជាជន។ ទោះយ៉ាងណា នេះទើបតែឆ្នាំទីមួយនៃអាណត្តិគាត់ប៉ុណ្ណោះ ពេលវេលានៅវែងទៀត យើងមិនអាច​ កាត់សេចក្តីថាគាត់ល្អ ឬមិនល្អបាននៅពេលនេះទេ៕

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC

អាមេរិក​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​បងធំ​ទេ តែ​ចង់​រួមសហការណ៍​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព

សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

លោកស៊ី ជីនពីង៖ ១៥​ឆ្នាំទៅមុខ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម

លោក​Mattis ថា​​ឃាតកម្ម​​លើ​​រូប​លោក​​ខាស្ហូហ្ស៊ី បាន​ធ្វើ​​ឲ្យ​ស្ថានភាព​​ដើមបូព៌ា កាន់តែ​វឹកវរ

អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?