rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាកាសធាតុ ប្រែប្រួល​អាកាសធាតុ បារាំង វិទ្យាសាស្ត្រ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការស្រាវជ្រាវ​ផ្អែក​លើ​ទឹក​កកភ្នំ ​អាច​ដឹង​ពី​អតីតកាល ​កាល​ពី​១៨០០០​ឆ្នាំ​​មុន

media
លោក Jérôme Chapellaz ប្រធានគំរោង Ice Memory បង្ហាញ​ការ៉ុត​ទឹកកក​ដែល​ខួង​បាន​ ​មក​ពី​កំពូល​ភ្នំ​ប្រទេស​បូលីវី​ JEAN-PIERRE CLATOT / AFP

អ្នក​វិទ្យាសាស្ត្រ​នៃ​សកលវិទ្យាល័យ​ហ្ក្រឺណូប ​ប្រទេស​បារាំង​ ទើបតែ​បាន​ដឹក​ជញ្ជូន​ការ៉ុត​ទឹកកក ​ដែល​គេ​បាន​ខួង​យក ​ពី​លើ​កំពូល​ភ្នំ​កំពស់​ជាង​៦ពាន់​ម៉ែត្រ ​នៅ​ប្រទេស​បូលីវី ​ទៅ​ដល់​ទី​ពិសោធន៍​នៅ​ប្រទេស​បារាំង។ នេះ​ជា​តំណាក់កាល​ទី​ពីរ​ ហើយ ​នៃ​គំរោង​ស្រាវជ្រាវ ​ដោយ​ផ្អែក​លើ​ទឹកកក​ភ្នំ ​ដែល​មាន​អាយុ ​រាប់ពាន់​ឆ្នាំ។ ទឹក​កក​ទាំង​នោះ ​នឹង​អនុញ្ញាត​ឲ្យ​ដឹង ​អំពី​ការ​វិវឌ្ឍន៍​ នៃ​សីតុណ្ហភាព ​និង​កត្តា​អាកាសធាតុ​ របស់​ភព​ផែនដី ​ចាប់​តាំង​ពី​១ម៉ឺន​៨ពាន់​ឆ្នាំមុន។


ការ៉ុត​ទឹក​កក​សរុប​ប្រមាណ​៣តោន ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​យក​ពី​ទ្វីប​អាមេរិក​ខាង​ត្បូង ​មក​ដល់​មន្ទីរ​ពិសោធន៍​នៃ​សកលវិទ្យាល័យ​ហ្រ្កឺណូប ​ប្រទេស​បារាំង​ បាន​ដោយ​ជោគជ័យ។ ការ៉ុត​ទឹកកក​ ដែល​មាន​ប្រវែង​មួយម៉ែត្រ ​សរុប​ចំនួន​២៥០​ដើម​នេះ ​ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ ​ខួង​យក ​មក​ពី​កំពូល​ជួរ​ភ្នំ​ Andes​ នៅ​ប្រទេស​បូលីវី ​ ត្រង់​កំរាល​ទឹក​កក​ឈ្មោះ ​Illimani ​ដែល​ស្ថិត​នៅ​កំពស់ ​៦៣០០​ម៉ែត្រ។ ការ​ដឹក​ជញ្ជូន ​បាន​ចំណាយ​ពេល​៥០​ថ្ងៃ​ ដោយ​ត្រូវ​ប្រើ​សម្ភារៈ​បច្ចេកទេស​យ៉ាង​សន្ធឹក​សន្ធាប់ ​ដើម្បី​រក្សា​ការ៉ុត​ទឹក​កក​ទាំងនោះ​កុំ​ឲ្យ​រលាយ។

គម្រោង​នេះ ​មាន​ឈ្មោះថា​ Ice Memory ​ឬ​ "ការ​ចងចាំ​នៅ​ក្នុង​ទឹក​កក" ​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​សកល​វិទ្យាល័យ​ទីក្រុង​ហ្រ្កឺណូប ​និង​អ្នក​វិទ្យាសាស្ត្រ​បរទេស​មួយ​ចំនួន​ទៀត។ លោក ​Jérôme Chapellaz​ ប្រធាន​គំរោង​ស្រាវជ្រាវ​នេះ ​បាន​លើកឡើង​ថា ​ការ៉ុត​ទឹក​កក ​មក​ពី​តំបន់​ Illimani ​ប្រទេស​បូលីវី​នេះ ​នឹងនាំ​អ្នក​ស្រាវជ្រាវ ​ឲ្យ​ត្រលប់​ទៅ​កាន់​១៨០០០​ឆ្នាំ​មុន។ គេនឹង​ស្រាវជ្រាវ​អំពី​ការ​វិវឌ្ឍន៍​នៃ​អាកាសធាតុ ​ សីតុណ្ហភាព​របស់​ផែនដី។ បន្ថែម​ពី​នេះ ​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ចាប់​អារម្មណ៍​បំផុត ​គឺ​ការ​វិវឌ្ឍន៍​នៃ​បាតុភូត ​El Niño ​ ដែល​បាន​កើតឡើង​កាន់​តែ​ញឹកញាប់ ​និង​កាន់​តែ​ធ្ងន់ធ្ងរ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សូម​បញ្ជាក់​ថា ​នេះ​គឺ​ជា​ដំណាក់កាល​ទីពីរ​ ​នៃ​គម្រោង ​Ice Memory។ កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦​ អ្នក​វិទ្យាសាស្ត្រ​បាន​ខួង​យក​ទឹក​កក​ ពី​តំបន់​ជួរភ្នំ​Alpes​ នៅ​ប្រទេស​បារាំង ​ដែល​ស្ថិត​នៅ​កំពស់ ​៤៣០០​ម៉ែត្រ។ ដំណាក់​កាល​បន្ទាប់​ទៅ​ទៀត ​គឺ​នៅ​ឆ្នាំ​២០១៨ ​គេមាន​គំរោង​ខួង​យក​ទឹកកក ​ពី​កំពូល​ភ្នំ ​Elbrouz ​ ដែល​ស្ថិត​ក្នុង​តំបន់​កូកាស​រុស្ស៊ី។ ក្រុម​អ្នក​ស្រាវជ្រាវ ​មាន​គំរោង​មួយ​ទៀត​ ​គឺ​កសាង​តំបន់​ស្តុក​ការ៉ុត​ទឹក​កក​នេះ​ទុក​ នៅ​មហាសមុទ្រ​ទឹក​កក​អង់​តាក់ទិក ​ ព្រោះ​ទីនោះ​អាច​មាន​សីតុណ្ហភាព​ថេរ​ក្នុង​កំរិត ​-៥០°c ​ដែល​អាច​រក្សា​ការ៉ុត​ទឹក​កក​បាន​យូរ​អង្វែង។ តែយ៉ាង​ណា ​លោក​ប្រធាន​គំរោង​នេះ ​បាន​លើក​ឡើង​ថា​ វា​អាស្រ័យ​ថា ​តើ​គេ​អាច​ទទួល​បាន​ជំនួយ​ថវិកា​ គ្រប់គ្រាន់​ដែរ​រឺ​ទេ។

ប្រធាន​គំរោង​នេះ ​ក៏បាន​ឆ្លៀត​បន្ថែម​ថា ​វិស័យ​ស្រាវជ្រាវ​ដោយ​ផ្អែក​លើ​ទឹក​កក​ភ្នំ​នេះ ​ទើបតែ​ចាប់​បដិសន្ធិ​នៅ​ទសវត្ស​ទី​៦០​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ការ​ស្រាងជ្រាវ​ ផ្តោត​សំខាន់​ទៅ​លើ​កត្តា​អាកាស​ធាតុ។ តែ​ទៅ​ថ្ងៃ​ខាង​មុខ​ ការ​ស្រាវជ្រាវ​នេះ ​អាច​វិវឌ្ឍន៍​ទៅរក​វិស័យ​វិជ្ជសាស្ត្រ​សុខាភិបាល ​ព្រោះ​ថា​នៅក្នុង​ការ៉ុត​ទឹក​កក​ទាំង​នោះ ​មាន​ផ្ទុក​ទៅ​ដោយ​ បាក់តេរី ​និង​មេរោគ ​កាល​ពី​រាប់​ពាន់​ឆ្នាំមុន ​ រាប់​លាន​ប្រភេទ​ឯណោះ។ គេ​នៅ​ចាំតែ ​ស្រាវជ្រាវ​រក​វិធី ​យក​វា​ចេញ​មក​វិភាគ ​តែ​ប៉ុណ្ណោះ៕