អានតួអត្ថបទ

បារាំងអះអាង​ថា​កំពុង​ធ្វើការ​ជាមួយ​អឺរ៉ុប ដើម្បី​ជួយ​ជនអន្តោប្រវេសន៍​៥០០នាក់​ដែល​ជាប់​នៅ​លើ​នាវា

បញ្ហាជនអន្តោប្រវេសន៍នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅតែបន្តចោទជាជម្លោះ រវាងប្រទេសសហភាពអឺរ៉ុប។ ជនអន្តោប្រវេសន៍សរុប​ចំនួន​៥០០នាក់ កំពុងជាប់គាំងនៅលើនាវាអង្គការមនុស្សធម៌ អណ្តែតតែលតោល​ជាច្រើនថ្ងៃមកហើយ ដោយសារពុំមានប្រទេសណាមួយ អនុញ្ញាតឲ្យចូលចតនៅកំពង់ផែទេ។ រដ្ឋាភិបាលបារាំង បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការយ៉ាងមមាញឹក ជាមួយសហភាពអឺរ៉ុប ដើម្បីស្វែងរកដំណោះស្រាយ​ជូនដល់ជនអន្តោប្រវេសន៍ទាំង៥០០នាក់នោះ។

ជនអន្តោប្រវេសន័៍ នៅ​លើនាវា Ocean​ Viking ​របស់អង្គការ​SOS Mediterranee និង ​Medecins sans Frontieres (MSF)។ ថ្ងៃទី​១៣ សីហា ២០១៩​
ជនអន្តោប្រវេសន័៍ នៅ​លើនាវា Ocean​ Viking ​របស់អង្គការ​SOS Mediterranee និង ​Medecins sans Frontieres (MSF)។ ថ្ងៃទី​១៣ សីហា ២០១៩​ AFP
ផ្សាយពាណិជ្ជកម្ម

នាវារបស់អង្គការ Ocean Viking បានសង្រ្គោះបាន​ជនអន្តោប្រវេសន៍លង់ទូក ក្នុងសមុទ្រមេឌីទែរ៉ាណេ ចំនួន៣៦៥នាក់ កាលពីថ្ងៃទី ១២សីហា។ បច្ចុប្បន្ននាវាអង្គការនេះ កំពុងតែស្វែងរកកំពង់ផែដើម្បីចូលចត។ ជាមួយគ្នានេះដែរ ជាង១សប្តាហ៍មកហើយ ដែលនាវារបស់អង្គការ Open Arms បានព្យាយាមស្វែងរកកំពង់ផែចូលចត ដើម្បី​ផ្ទេរជនអន្តោប្រវេសន៍ប្រមាណ​១៥០នាក់ ទៅកាន់ទីគោកមានសុវត្ថិភាព។

ប្រទេសម៉ាល់ត៍ និងអ៊ីតាលី ដែលនាវាទាំងនោះស្ថិតនៅក្បែរបំផុតនោះ សុទ្ធតែបានបដិសេធ មិនឲ្យនាវា​ចូលចតជាដាច់ខាត ដោយម្នាក់ៗអះអាងថា គេគ្មានលទ្ធភាព​ទទួល​ជនអន្តោប្រវេសន៍ទាំងនោះទេ។ ដោយឡែក អេស្ប៉ាញ បានបដិសេធមិនទទួលពាក្យសុំសិទ្ធិជ្រកកោណ របស់អនីតិជន៣១នាក់ ដែលអង្គការ​Open Arms បានដាក់ពាក្យសុំទៅកាន់ស្ថានទូតនៅក្នុងប្រទេសម៉ាល់ត៍។ ក្រុមការងារលើនាវា Open Arms បានសំដែងការព្រួយបារម្ភខ្លាំង អំពីស្ថានភាពអនាម័យ សុខភាពផ្លូវកាយ និងសតិអារម្មណ៍របស់ជនអន្តោប្រវេសន៍ ដែលជាប់គាំងលើនាវាជាច្រើនថ្ងៃ។ ក្រៅពីកង្វះខាតស្បៀងអាហារ ក្រុមការងារមនុស្សធម៌បានលើកឡើង អំពីករណីប្រើប្រាស់អំពើហិង្សា ប្រវាយប្រតប់គ្នានៅលើនាវា។

នៅថ្ងៃពុធទី១៤ សីហា រដ្ឋាភិបាល​បារាំង បានអះអាងថា លោកប្រធានាធិបតី​កំពុងតែតាមដាន​ស្ថានការណ៍នេះយ៉ាងយក​ចិត្តទុកដាក់ ជាមួយនឹងសហភាពអឺរ៉ុប។ បារាំង រំលឹកថា យោងតាមច្បាប់ដែលមានជាធរមានស្រាប់ ប្រទេសដែលស្ថិតនៅជិតនាវាបំផុត មានកាតព្វកិច្ចទទួល​យកជនអន្តោប្រវេសន៍ ឲ្យ​បចូលសំចតជាបណ្តោះអាសន្នសិន។ បន្ទាប់មកទៀត ប្រទេសសមាជិកសហភាពអឺរ៉ុប នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើល លើករណីសុំសិទ្ធិជ្រកកោណ របស់ជនអន្តោប្រវេសន៍ទាំងនោះ មុននឹងធ្វើការបែងចែកគ្នា។

គួររំលឹកផងដែរថា កាលពី​ថ្ងៃទី​២២កក្កដា លោកប្រធានាធិបតីម៉ាក្រុង បាន​ប្រកាសថាប្រទេស​អឺរ៉ុបចំនួន​១៤ប្រទេស បានសន្យា​រួមគ្នា អនុវត្តនូវយន្តការ​សាមគ្គី ក្នុងទឹសដៅសហការជួយគ្នាទទួលជនអន្តោប្រវេសន៍ដែលឆ្លងសមុទ្រម៉េឌីទែរ៉ាណេ។ តែយ៉ាងណា ប្រទេសដែលសន្យា រួមគ្នានេះ ហាក់មិនទាន់បាន​ធ្វើអ្វីមួយឲ្យជាក់ស្តែង ដើម្បីជួយ​សង្រ្គោះជនអន្តោប្រវេសន៍ទាល់តែសោះ។ អង្គការ UNHCR បានអំពាវម្នាវជាថ្មីទៀត ឲ្យរដ្ឋាភិបាលប្រទេសអឺរ៉ុប ស្វែងរក​ដំណោះស្រាយរួមគ្នាមួយ មិនអាចបន្តរុញច្រាន ទំលាក់ការទទួលខុសត្រូវ​ទៅវិញទៅមក បែបនេះបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ