អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

បារាំង​និង​អាល្លឺម៉ង់ ​បើក​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​រួមគ្នា ​លើក​ទីមួយ

ថ្ងៃព្រហស្បតិ៍​ទី​១៣ ​កក្កដា​ នេះ​ ​គឺ​ជា​ថ្ងៃ​មមាញឹក​បំផុត ​សម្រាប់​លោក​ប្រធានាធីបតី​វ័យក្មេង​បារាំង ​ព្រោះ​ក្រៅ​ពី​ត្រូវ​ទទួល​ជួប​លោក ​ ដូណាល់ ត្រាំ​នៅ​ពេល​រសៀល ​លោក​ម៉ាក្រុង ​ត្រូវ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​រួមគ្នា ​បារាំង-​អាល្លឺម៉ង់ ​ជាមួយ​លោក​ស្រី​អង់ហ្គេឡា ​មែរគែល។ ដូច​​អ្វី​ដែល​លោក​ប្រធានាធិបតី​ម៉ាក្រុង​ បាន​សន្យា ​រដ្ឋាភិបាល​បារាំង​ និង​អាល្លឺម៉ង់ ​បាន​បើក​កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី​រួម​គ្នា​នេះ ​ជា​លើក​ទីមួយ ​ នៅ​ទីក្រុង​ប៉ារីស។ កម្មវត្ថុ​នៃ​ការ​ប្រជុំ​រួមគ្នា ​រវាង​រដ្ឋាភិបាល​បារាំង​ និង​អាល្លឺម៉ង់​នេះ ​ គឺ​ដើម្បី​ស្វែងយល់​ពី​គ្នា ​និង​ធ្វើការ​រួម​គ្នា ​ឲ្យមាន​ប្រសិទ្ធិភាព ​ដើម្បី​ធ្វើ​កំណែទម្រង់ ​ជំរុញ​សហភាព​អឺរ៉ុប ​ ឲ្យ​មាន​សន្ទុះ​ឡើង​វិញ។

កិច្ចប្រជុំ​​គណរដ្ឋមន្ត្រី​​រួមគ្នា​ ​រវាង​​រដ្ឋាភិបាល​​អាល្លឺម៉ង់ ​និង​​បារាំង​ ថ្ងៃទី​១៣ ​មិថុនា​ ២០១៧
កិច្ចប្រជុំ​​គណរដ្ឋមន្ត្រី​​រួមគ្នា​ ​រវាង​​រដ្ឋាភិបាល​​អាល្លឺម៉ង់ ​និង​​បារាំង​ ថ្ងៃទី​១៣ ​មិថុនា​ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី​អង់ហ្គេឡា ​មែរគែល ​ បាន​មក​ដល់​ប៉ារីស ដើម្បី​ជួប​និយាយ​គ្នា ​មួយ​ទល់​មួយ​ជាមួយ​លោក​អេម៉ានុយអែល ម៉ាក្រុង ​ នៅ​វេលា​ម៉ោង​៩ព្រឹក។ បន្ទាប់​មក​ទៀត ​អ្នក​ទាំងពីរ ​នឹង​ដឹកនាំ ​ការ​ប្រជុំ​ពិសេស​រួមគ្នា ​ស្តីពី​បញ្ហា​សន្តិសុខ ​និង​ភេរវកម្ម​ ដោយ​មាន​ការ​ចូលរួម​​ ពី​រដ្ឋមន្ត្រី​ការ​បរទេស ​រដ្ឋមន្ត្រី​មហាផ្ទៃ ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ ​នៃ​ប្រទេស​ទាំងពីរ។

បន្ទាប់​មកទៀត ​លោក​ស្រី​មែរគែល​ និង​លោក​ម៉ាក្រុង ​នឹង​ជួប​ពិភាក្សា​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី​បារាំង​។ ស្រប​ពេល​នោះ​ដែរ ​រដ្ឋមន្ត្រី​បារាំង​ និង​អាល្លឺម៉ង់ ​គ្រប់​ក្រសួង​ នឹង​ជួប​គ្នា​ដាច់​ដោយ​ឡែកៗ​ ទៅ​តាម​ជំនាញ​វិស័យ​រៀងៗ​ខ្លួន។ បន្ទាប់​ពី​បាយ​ថ្ងៃ​ជុំ​គ្នា​រួច​ លោក​ស្រី​ មែរគែល ​និងលោក​ម៉ាក្រុង ​នឹង​ធ្វើ​សន្និសីទ​កាសែត ​រួមគ្នា។

គួរ​បញ្ជាក់​ថា ​លោក ម៉ាក្រុង ​ដែល​ជា​អ្នក​ផ្តើម​គំនិត​ នៃ​កិច្ច​ប្រជុំ​នេះ ​ បាន​លើក​ឡើង​ ​ថា​ អាល្លឺម៉ង់​ ក្នុងនាម​ជា​ប្រទេស ​ដែល​ទទួល​បាន​ផល​វិជ្ជ​មាន​ច្រើន​ជាង​គេ​ ក្នុង​សហភាព​អឺរ៉ុប ​ ត្រូវតែ​ជួយ​ជ្រោមជ្រែង ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ​ការ​វិនិយោគ ​មិន​ថា​ក្នុង​វិស័យ​សាធារណៈ ​ឬ​ឯកជន​ ទូទាំង​សហភាព​អឺរ៉ុប។ បន្ថែម​ពី​នេះ​ អាល្លឺម៉ង់ ​ត្រូវ​តែ​ចូលរួម ​ធ្វើ​កំណែ​ទម្រង់ ​លប់​បំបាត់​នូវ​កង្វះខាត​នានា ​ដែល​ចោទ​ឡើង​ក្នុង​វិស័យ​សេដ្ឋកិច្ច​អឺរ៉ុប ​ ព្រោះថា​មាន​តែ​អាល្លឺម៉ង់​ទេ​ដែល​ទទួល​ផល​ កើត​ចេញ​ពី​​​កង្វះខាត​នេះ ​ ខណៈ​ដែល​ប្រទេស​សមាជិក​ដ៏ទៃ ​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ជាង​អាល្លឺម៉ង់។

ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​កំណែទម្រង់ ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​លោក​ម៉ាក្រុង ​មាន​បំណង​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិការ​រួម​មួយ​ ព្រម​ជាមួយ​នឹង​ យន្តការ​ត្រួតពិនិត្យ​ តាម​បែប​ប្រជាធិបតេយ្យ។ លោក​ម៉ាក្រុង ​ក៏​ធ្លាប់​បាន​លើក​ឡើង​អំពី​ ការ​បង្កើត​ឲ្យមាន ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម្នាក់ ​សម្រាប់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

សម្រាប់​ភាគី​ ​អាល្លឺម៉ង់​វិញ ​ ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​រួមគ្នា ​លើក​ទីមួយ​នេះ​ គឺ​ជា​ឱកាស ​ឲ្យ​រដ្ឋាភិបាលអាល្លឺម៉ង់​ អាច​ស្ទង់ចិត្ត​ និង​គោល​បំណង​របស់​​រដ្ឋាភិបាល​​បារាំង។ លោកស្រី ​អង់ហ្គេឡា មែរគែល ​បាន​បញ្ជាក់​ប្រាប់​ថា ​លោកស្រី ​ចង់​ដឹង​ឲ្យ​បាន​ស៊ីជំរៅ ​ថា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ដែល​លោក​ម៉ាក្រុង​ចង់បាន​នោះ ​ នឹង​ត្រូវ​ធ្វើ​ការ​ររបៀប​ណា ​មាន​តួនាទីអ្វី​ខ្លះ ​មិន​ថា​ក្នុង​ក្របខណ្ឌ​ជាតិ ​ឬ​ក្របខណ្ឌ​អឺរ៉ុប។ ​ដោយឡែក ​លោកស្រី ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ធ្លាប់​បាន​លើក​ឡើង​ពី​បំណង ​ធ្វើ​ឲ្យ​មាន​ការ​កែ​តម្រូវ​ លើ​វិធាន​នានា ​ក្នុង​វិស័យ​ពន្ធដារ​ ឲ្យ​បាន​ប្រហាក់ប្រហែល​គ្នា ​រវាង​បារាំង ​និង​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ